ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Hydralazine ព្យាបាលជំងឺអ្វីខ្លះ?
គេប្រើថ្នាំ Hydralazine ជាមួយថ្នាំផ្សេង ឬប្រើវាតែឯង សម្រាប់ព្យាបាលជំងឺលើសសម្ពាធឈាម។ ការបញ្ចុះសម្ពាធឈាម អាចជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺតម្រងនោម។ ថ្នាំ Hydralazine គេអាចហៅថា ថ្នាំសម្រាប់ពង្រីកសរសៃឈាម (Vasodilators) មានសកម្មភាពទៅធ្វើឲ្យសរសៃឈាមរីក ដូចនេះឈាមអាចហូរទៅកាន់ផ្នែកផ្សេងៗនៃរាងកាយបានគ្រប់គ្រាន់។
គេក៏ប្រើ Hydralazine ជាមួយថ្នាំដទៃសម្រាប់ព្យាបាលជំងឺខ្សោយការកន្ត្រាក់បេះដូង(heart failure)។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
Hydralazine ជាថ្នាំប្រភេទចាក់ គេប្រើវានៅក្នុងមន្ទីពេទ្យ ឬតាមគ្លីនិក។ បើចង់យកវាមកចាក់ដោយខ្លួនឯងនៅផ្ទះ នោះគ្រូពេទ្យប្រាប់ពីរបៀបប្រើប្រាស់ តែត្រូវប្រាកដថាយើងយល់ច្បាស់ពីរបៀបចាក់ថ្នាំ។ ក្នុងករណីមានចម្ងល់ គួរទាក់ទង ឬសួរពេទ្យបន្ថែម។
មិនត្រូវយកថ្នាំនេះមកប្រើក្នុងករណី ឃើញមានកម្ទេចល្អិតកករក្នុងថ្នាំ ទឹកថ្នាំខាប់ ប្តូរពណ៌ គម្របដបបែក ឬរបើកជាដាច់ខាត។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Hydralazine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Hydralazine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤– ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន មិនអាចប្រើថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជាពីពេទ្យនោះទេ។
- កំពុងប្រើ ថ្នាំផ្សេងៗ ទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាថ្នាំឱសថបុរាណផ្សេងៗ។
- មានប្រតិកម្មជាមួយសារធាតុផ្សំនក្នុងថ្នាំអ៊ី Hydralazine ឬមានប្រតិកម្មជាមួយថ្នាំអ្វីផ្សេងទៀត។
- មានជំងឺដទៃផ្សេង។
- មានបញ្ហាឈាម សរសៃឈាម បេះដូង សម្ពាធឈាមទាប កង្វះវីតាមីន បេ៦ ក្នុងឈាម បញ្ហាតម្រងនោម ឬជំងឺ Lupus។
– ធ្លាប់មានបញ្ហាដាច់សរសៃឈាមខួរក្បាលពីមុន។
– មានបញ្ហាសរសៃឈាមបេះដូង ជំងឺខូចប្រឺសបេះដូង (Rheumatic heart disease) មានបញ្ហាថ្លើម តម្រងនោម ឬគាំងបេះដូង។
– ត្រូវទទួលការវះកាត់ សូម្បីតែការវះដកធ្មេញ។ ត្រូវប្រាប់គ្រូពេទ្យ ឬពេទ្យធ្មេញថាអ្នកកំពុងប្រើថ្នាំ Hydralazine។
ត្រូវសួរអំពីការផឹកគ្រឿងស្រវឹងពេលអ្នកត្រូវប្រើថ្នាំ Hydralazine ព្រោះគ្រឿងស្រវឹងអាចធ្វើឲ្យផលរំខានថ្នាំ កាន់តែធ្ងន់ធ្ងរ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មកដល់ពេលនេះនៅមិនទាន់មានការបង្ហាញអំពីសុវត្ថិភាពរបស់ថ្នាំ Hydralazine ពេលជំងឺកំពុងពពោះ ឬបំបៅដោះនៅឡើយទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យធ្វើការថ្លឹងថ្លែងផលវិជ្ជមាន និងផលប៉ះពាល់មុនប្រើថ្នាំនេះ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវពិភាក្សាជាមួយគ្រូពេទ្យ បើផលរំខានទាំងនេះនៅតែមាន ឬកាន់តែធ្ងន់ធ្ងរដូចជា៖
– រាក
– ឈឺក្បាល
– មិនឃ្លានអាហារ
– ចង្អោរ
– ក្អួត
ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់បើផលប៉ះពាល់ថ្នាំកាន់តែធ្ងន់ធ្ងរដូចជា៖
– ឈឺទ្រូង
– ឈឺ ឬពិបាកនោម
– បាក់ទឹកចិត្ត
– អស់កម្លាំង
– បេះដូងលោតញាប់ ឬលោតមិនត្រូវចង្វាក់
– ក្តៅ រងា ឬឈឺបំពង់ក
– ឈឺតាមសន្លាក់
– អារម្មណ៍មិននឹងន
– ស្ពឹកដៃជើង
– ស្ពឹក និងមានអារម្មណ៍ចាក់ៗតាមស្បែក
– អស់កម្លាំងមិនបាត់
– ឈឺក្បាល ឬងងឹតមុខមិនបាត់
– មានឡើងជាំ និងហូរឈាមដោយគ្មានមូលហេតុ
– ភ្នែកចាប់ផ្តើមស្រវាំង
– ភ្នែក និងស្បែកឡើងលឿង
– មានប្រតិកម្មខ្លាំង (កន្ទួល ហើម រមាស់ ពិបាកដកដង្ហើម ថប់ទ្រូង ហើមមាត់ មុខ បបូរមាត់ ឬអណ្តាត)។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរអំពើជាមួយ Hydralazine រួមមាន៖
– ថ្នាំទាំងឡាយណាធ្វើឲ្យប៉ះពាល់ដល់សរសៃឈាម ថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម (ឧ. Diazoxide) ឬថ្នាំពង្រីកសរសៃឈាមដទៃទៀត ដូចជា Isosorbide, Nitroglycerin ដោយសារតែថ្នាំទាំងនេះអាចធ្វើឲ្យផលរំខានថ្នាំ Hydralazine កើតមានកាន់តែច្រើន។ ពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី បើយើងចង់ដឹងថា មានថ្នាំអ្វីខ្លះធ្វើឲ្យប៉ះពាល់ដល់សម្ពាធឈាម។
-ថ្នាំពពួក Monoamine oxidase (MAO) inhibitors (ឧ.phenelzine) ដោយសារអាចធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ កើតឡើងច្រើន។
– ថ្នាំ Beta-blockers (Propranolol) ដោយសារអាចបង្កផលប៉ះពាល់ច្រើន ពេលចាក់ថ្នាំ Hydralazine។
– ថ្នាំ Epinephrine អាចធ្លាក់ចុះគុណភាព ពេលប្រើជាមួយថ្នាំ Hydralazine។
៨– អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារនិងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Hydralazine មានការប្រែប្រួល។ វាអាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផ្តល់ផលប៉ះពាល់របស់ថ្នាំកាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះមុនពេលចាប់ផ្តើមប្រើថ្នាំ។
៩– អន្តរកម្មជាមួយសុខភាព
ថ្នាំអ៊ីដ្រាឡាហ្ស៊ីន (Hydralazine) អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ ដូចនេះត្រូវឲ្យគ្រូពេទ្យ ឬឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលយើងផ្តល់នេះ មិនបានចាត់ទុកជាដំបូន្មានរបស់គ្រូពេទ្យទេ។អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុនពេលអ្នកប្រើប្រាស់ថ្នាំនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតថ្នាំព្យាបាលលើសសម្ពាធឈាមលើមនុស្សពេញវ័យ
– កម្រិតដំបូង៖ លេប ១០មិល្លីក្រាម ៤ ដង/ថ្ងៃ សម្រាប់ ២-៤ ថ្ងៃដំបូង។ ដំឡើងកម្រិតថ្នាំដល់ ២៥មិល្លីក្រាម លេប ៤ ដង/ថ្ងៃ សម្រាប់សប្តាហ៍ដំបូង ហើយសប្តាហ៍បន្ទាប់ លេប ៤០មិល្លីក្រាម ៤ ដង/ថ្ងៃ។
– កម្រិតបន្ទាប់៖ តម្រូវកម្រិតថ្នាំមកនៅក្នុងប្រសិទ្ធភាពទាប។
កម្រិតថ្នាំព្យាបាលលើសសម្ពាធឈាមបន្ទាន់លើមនុស្សពេញវ័យ
– ប្រើកម្រិត៖ ចាក់ ២០-៤០ មិល្លីក្រាម ចាក់ចូលសរសៃឈាម ឬចាក់ក្នុងសាច់ដុំ។
– ចំពោះអ្នកជំងឺមានបញ្ហាតម្រងនោម ត្រូវប្រើថ្នាំនៅក្នុងកម្រិតទាបជាងនេះ។
កម្រិតថ្នាំសម្រាប់ព្យាបាល Congestive Heart Failure (ខ្សោយបេះដូង) មនុស្សពេញវ័យ
– កម្រិតដំបូង៖ ១០មិល្លីក្រាម លេប ៤ ដង/ថ្ងៃ។
– កម្រិតបន្ទាប់៖ ៨០០មិល្លីក្រាម ៣ ដង/ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
សុវត្ថិភាព និងប្រសិទ្ធភាពរបស់ អ៊ីដ្រាឡាហ្ស៊ីន (Hydralazine) មិនទាន់មានការកំណត់ឲ្យបានច្បាស់នៅពេលធ្វើការសាកល្បងនៅឡើយទេ ទោះបីជាក្មេងធ្លាប់ប្រើថ្នាំ Hydralazine (hydrochloride) ហើយក៏ដោយ។ គ្រូពេទ្យបានណែនាំឲ្យប្រើ ថ្នាំនេះក្នុងកម្រិត ១,៧-៣,៥ មិល្លីក្រាម/គីឡូ រៀងរាល់ថ្ងៃ ដោយចែកជា ៤-៦ ដង/ថ្ងៃ។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Hydralazine មានជាទម្រង់ និងកម្រិតដូចជា
– ថ្នាំទឹកសម្រាប់ចាក់ ជាពពួក Hydrochloride៖ ២០មិល្លីក្រាម ក្នុង ១មិល្លីលីត្រ
– ថ្នាំគ្រាប់សម្រាប់លេប ជាពពួក Hydrochloride៖ ១០មិល្លីក្រាម ២៥មិល្លីក្រាម ៥០មិល្លីក្រាម និង ១០០ មិល្លីក្រាម។
១៣–ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤–ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ ត្រូវលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]