backup og meta

Hydrocortisone​ (ឱសថ Hydrocortisone)

ស្វែងយល់ពីការប្រើប្រាស់

១–​ថ្នាំ​ Hydrocortisone​​ ព្យាបាល​ជំងឺ​​អ្វីខ្លះ?

Hydrocortisone ជា​សមាសធាតុ​មួយ (អ័រម៉ូនកតទី​កូ​អ៊ីត​) ​ផលិត​ដោយ​ក្រពេញ​លើ​តម្រង់​នោម (Adrenal gland)។ គេ​ច្រើន​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សន្លាក់ បញ្ហា​មិន​ប្រក្រតីរបស់​​ឈាម អ័រម៉ូន បញ្ហា​ស្បែក និង​ភ្នែក ដង្ហើម មហារីក ​និង​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ។ ថ្នាំនេះ ជួយ​ទៅ​​បន្ថយ​រោគសញ្ញា​ដូចជា​ការ​ឈឺ​ចាប់​ហើម​​ និង​ប្រតិកម្ម​អាលែកហ្ស៊ី។

គេ​ក៏​ប្រើ​ Hydrocortisone​ សម្រាប់​ព្យាបាល​ការ​ចុះ​ទាបកម្រិត​អ័រម៉ូន បណ្តាល​មក​ពី ជំងឺ​នៃ​ក្រពេញ​លើ​តម្រង​នោម (Adrenal gland) ដូចជា​ ជំងឺ Addison’s disease ឬ​ជំងឺ​​ចុះ​ខ្សោយ​នៃ​អា​ត្រេ​ណូ​កកត​ទិក​ (Adrenocortical Insufficiency)។ អ័រម៉ូន​កតទីកូអ៊ីត ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​ក្នុង​រាង​កាយមនុស្ស​ ជាពិសេស​លំនឹង​ជាតិ​ទឹក ​និង​អំបិល​ ក៏ដូច​ជា​​ទប់​សម្ពាធ​ឈាម​ឲ្យ​ប្រក្រតី។​

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

​​អាច​លេបជាមួយ​អាហារ​ ឬទឹក​ដោះ​គោ​ ដើម្បីកុំ​ឲ្យ​ឈឺ​ពោះ​ ត្រូវ​ធ្វើ​ទៅ​តាម​អ្វី​ដែល​គ្រូ​ពេទ្យ​ណែ​នាំ​។ ត្រូវ​លេប​ជាមួយ​ទឹក​មួយ​កែវ (ចំណុះ ២៤០ មិលី្លលីត្រ) លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​ឲ្យ​​លេប​របៀប​ផ្សេង​ទៀត។ អ្នកជំងឺ​​ត្រូវ​ធ្វើ​តាម​កាល​បរិច្ឆេទ​​ប្រើ​​​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន។ កម្រិត​ និង​រយៈពេល​ប្រើ​អាច​ផ្អែក​ទៅ​តាម​ស្ថានភាពជំងឺផ្ទាល់​។ គ្រូ​ពេទ្យ​អាច​ឲ្យ​​​ផឹក​មួយ​ថ្ងៃ​ ចន្លោះ​ពី ១-៤ ​ដង​ ឬ​​ផឹក​តែ​ម្តង​នៅ​ពេលណាមួយ។​ កុំ​​ប្រើ​​ដោយ​គ្មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​​​ ព្រោះ​​ករណីខ្លះ​អាច​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ ពេល​ឈប់​ប្រើ​ភ្លាម​ៗ។

ប្រសិន​អ្នក​ប្រើ​យូរក្នុង​កម្រិត​ខ្ពស់​​ ​អាច​លេច​ចេញរោគសញ្ញា​ប្រតិកម្ម​​ថ្នាំ​ (Withdrawal ​Symptoms) នៅពេល​យើង​​​​ឈប់​ភ្លាម​ៗ។ គ្រូពេទ្យ​អាច​ប្រាប់​អ្នកជំងឺ​​ឲ្យ​ឈប់​ប្រើ​បន្តិច​ម្តង​ៗ ដើម្បី​កុំ​ឲ្យ​មាន​សញ្ញា​ ដូច​ជា ​ខ្សោយ ចុះ​ទម្ងន់ ចង្អោរ​ ឈឺ​សាច់​ដុំ ឈឺក្បាល​ ហត់​ ឬ​វិលមុខ។ ​​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​បន្ថែម ​បើ​បញ្ហា​​​នៅ​តែ​មាន ឬកាន់​តែ​ធ្ងន់។​

៣- រក្សា​ទុកដោយ​វិធី​ណា?

កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ទុក​ថ្នាំ​​ Hydrocortisone គឺទូ​ទឹក​កក ប៉ុន្តែ​កុំ​ទុក​កន្លែង​កក ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​គុណ​ភាព​ថ្នាំ។ ជាការពិត​ណាស់​ ថ្នាំនេះ​​អាច​មាន​ប្រភេទខុស​ៗ​គ្នា ដូច​​នេះ​​របៀប​ក្នុង​រក្សាទុកខុស​គ្នា​ដែរ។​ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤– ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ប្រាប់​គ្រូ​ពេទ្យ ឬ​ឱសថការី​ ប្រសិន​បើ​អ្នក​មាន​អាលែក្ស៊ី​ជាមួយ​ថ្នាំ Hydrocortisone​), Aspirin, Tartrazine ឬថ្នាំ​ដទៃ​ទៀត។​

– ប្រាប់​គ្រូ​ពេទ្យ ឬ​ឱសថការី​ ពី​ថ្នាំ​យើងកំពុង​ប្រើ​ប្រាស់ ​ពិសេសក្រុម​ថ្នាំ​ធ្វើ​កុំ​ឲ្យ​មាន​កំណក​ឈាម​ ដូចជាថ្នាំ​ Warfarin (Coumadin) ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ Aspirin Cyclosporine (Neoral, Sandimmune), Digoxin (Lanoxin) ក្រុមថ្នាំ​បញ្ចុះ​ទឹក​នោម​ Estrogen (Premarin), ketoconazole (Nizoral) ថ្នាំ​ពន្យារកំណើត​ Phenobarbital Phenytoin (Dilantin), Rifampin (Rifadin), Theophylline (Theo-Dur) និង​វីតាមីន។

– ​មិន​ត្រូវ​ប្រើ​ថ្នាំ Hydrocortisone​ គ្មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​​ ប្រសិន​បើមាន​ការ​បង្ក​រោគ​ដោយ​ផ្សិត។

– ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​មាន​បញ្ហា​ថ្លើម​ តម្រង​នោម​ ពោះវៀន​ បេះ​ដូង​ ទឹក​នោម​ផ្អែម ក្រពេញ​ទីរ៉ូអ៊ីត លើស​ឈាម​ ជំងឺ​ផ្លូវចិត្ត​ ពុក​ឆ្អឹង​ ការ​បង្ក​រោគ​នៅ​ភ្នែក​ ប្រកាច់​ របេង ឬ​ដំបៅ។

– ប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​មាន​ផ្ទៃ​ពោះ គម្រោង​មាន​ផ្ទៃ​ពោះ​ ឬកំពុង​បំបៅដោះ​កូន។

– ប្រាប់​គ្រូ​ពេទ្យ​ ឬ​ពេទ្យ​ធ្មេញ​ប្រសិន​បើ​អ្នក​ត្រូវ​ធ្វើ​ការ​វះកាត់​ រួមទាំង​ការវះ​កាត់​ធ្មេញ​ផង​ដែរ។​​

– ​ត្រូវ​កាត់បន្ថយ​គ្រឿង​ស្រវឹង ពេល​ប្រើ​ថ្នាំ​នេះ​ បើ​ធ្លាប់​មាន​ប្រវត្តិ​មាន​ដំបៅ ឬ​ប្រើ​ថ្នាំ​ Aspirine ​ថ្នាំ​រលាក​សន្លាក់​ដទៃ​ទៀត​រយៈពេល​យូរ។ ​ថ្នាំពពួកនេះ អាច​ធ្វើ​ឲ្យ​ក្រពះ ​ពោះវៀន​​ងាយ​រង​ផល​ប៉ះពាល់​ដោផយ​សារ​​ជាតិ​ស្រវឹង ថ្នាំ Aspirine និង​ថ្នាំ រលាក​សន្លាក់​មួយ​ចំនួន​ទៀត​ ​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ធ្វើ​ឲ្យ​កើត​មាន​​​ដំបៅ​ក្រពះ។​

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

​គួរ​ស្វែង​​រក​​ជំនួយ​​សង្គ្រោះ​បន្ទាន់​ បើ​សិន​​មាន​​សញ្ញា​​​ប្រតិកម្ម​​អាលែកហ្ស៊ី​​ ដូចជា​ កន្ទួល​ក្រហម ​ពិបាក​ដក​ដង្ហើម ​ហើម​​មុខ​មាត់​ ​អណ្តាត​​ ឬ​បំពង់​ក។

ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ បើ​​​មាន​បញ្ហា​ខាង​ក្រោម៖

– ហត់ពេលធ្វើការតិចតួច

– ហើមជើង

– សាច់ដុំ​ចុះ​ខ្សោយ

– ការ​ឡើង​ទម្ងន់​លឿន ជាពិសេស​នៅ​លើ​មុខ​និង​ដងខ្លួន​

– ការ​ឈឺ​ចាប់​រន្ធគូទ ធ្ងន់​ធ្ងរ​ ឬ​មាន​អារម្មណ៍​ក្រហាយ​

– ហូរ​ឈាម​ចេញ​ពី​រន្ធគូទ

– ឈឺ​ពោះ​ខ្លាំង​

– ឈឺក្បាល​ភ្លាម​ៗ​ ឬឈឺចាប់​​ផ្នែក​ខាង​ក្រោយ​ភ្នែក

– ការប្រកាច់។

ផលរំខាន​ដែល​មិន​សូវ​ធ្ងន់ធ្ងរ​​រួមមាន៖

– ការឈឺចាប់រន្ធគូទ​ ឬមាន​អារម្មណ៍​ក្រហាយ តិច​តួច

– ឡើង​មុន

– ប្រែប្រួល​​រដូវ​

– បែកញើសខ្លាំង​

– ដុះ​រោម​ លើ​មុខ​ និង​រាង​កាយ​ខ្លាំង។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​​​​អាច​មាន​អន្តរ​ជាមួយ Hydrocortisone​ រួមមាន៖

– Aspirin (ប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ​ ឬ​កម្រិត​ខ្ពស់)

– Diuretic

– Warfarin (coumadin)

– Cyclosporine (gengraf, neoral, sandimmune)

– Insulin ឬថ្នាំ​ទឹក​នោម​ផ្អែម​ដទៃទៀត​

– Ketoconazole (nizoral)

– Rifampin (rifadin, rifater, rifamate, rimactane)

– ថ្នាំ​សម្រាប់​ការ​ប្រកាច់​ដូច​ជា Phenytoin (Dilantin) ឬ Phenobarbital (Luminal, Solfoton)។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

– ជំងឺភ្នែកឡើងបាយ

– ជំងឺខ្សោយបេះដូង

– ជំងឺ Cushing (បញ្ហា​ក្រពេញលើ​តម្រង​នោម​)

– ជំងឺទឹកនោមផ្អែម

– ការឆ្លងមេរោគនៅ​ភ្នែក

– ជំងឺដក់​ទឹក​ក្នុង​ភ្នែក​

– ជំងឺលើសជាតិ​ស្ករ (ជាតិស្ករក្នុងឈាមខ្ពស់)

– លើសឈាម (សម្ពាធឈាមខ្ពស់)

– ការឆ្លងមេរោគ (បាក់តេរី វីរុស ឬផ្សិត)

– ការ​ប្តូរ​អារម្មណ៍​លឿន​ រួមទាំងការបាក់ទឹកចិត្ត

– ខ្សោយ​សាច់​ដុំធ្ងន់ធ្ងរ

– ជំងឺពុកឆ្អឹង (ឆ្អឹងខ្សោយ)

– មាន​ប្រវិត្ត​ ឬ​កំពុង​មាន​ដំបៅក្រពះ

– ផ្លាស់​ប្តូរ​បុគ្គលិក​លក្ខណៈ

– បញ្ហាក្រពះ ​ពោះវៀន

– ជំងឺរបេង៖ ប្រើ​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​វា​អាច​ធ្វើឱ្យ​ស្ថានភាព​ទាំងនេះ​កាន់​តែ​អាក្រក់

– ការឆ្លងមេរោគផ្សិត (មិន​ត្រូវប្រើ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​នេះទេ)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

កម្រិត​ដំបូង​អាច​ចន្លោះ​ពី ២០-២៤០​ មិល្លី​ក្រាម/ថ្ងៃ ​ផ្អែក​ទៅតាម​ស្ថាន​ភាព​ជំងឺ។

​ព្យាបាល​ ជំងឺ​ក្រិន​ច្រើន​កន្លែង (Multiple sclerosis)​ អាច​ប្រើ​ប្រចាំ​ថ្ងៃ​ជាមួយ​កម្រិត ​​២០០មិល្លី​​ក្រាម នៃ​ថ្នាំ Prednisone ​សម្រាប់​មួយ​អាទិត្យ​ បន្ទាប់​មក​ ៨០មិល្លី​​ក្រាម ​​រាល់​ថ្ងៃ​ រយៈពេល​ ១ខែ (២០មិល្លី​​ក្រាម​​នៃ​ថ្នាំ Hydrocortisone​) ស្មើ​​ ៥មិល្លី​​ក្រាម នៃថ្នាំ Prednisolone)។​

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

​រលាក​ធ្ងន់​ធ្ងរ ហើយខូច​ក្រពេញ​លើ​តម្រង​នោម​

ព្យាបាល​ចំពោះ​ក្មេងៗ៖ ផឹក ២-៨ មិល្លីក្រាម/​គីឡូ ឬ ១៦-២៤០ មិល្លី​ក្រាម/ម៉ែត្រការេ ​ចែក​ជា ៣-៤ ដង​/​ថ្ងៃ។​

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

– សូលុយស្យុង​ សម្រាប់​ចាក់​ ជា​សូដ្យូម​ សូស៊ី​ណាត​ (Sodium succinate)៖ ១០០មិល្លីក្រាម​

– ថ្នាំ​គ្រាប់​សម្រាប់​លេប​៖ ៥មិល្លី​ក្រាម ១០មិល្លី​ក្រាម និង​ ២០មិល្លី​ក្រាម។

១៣–ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤–ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ ត្រូវ​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello​​ Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hydrocortisone injection http://www.webmd.com/drugs/2/drug-722/hydrocortisone- acetate-injection/details. Accessed July 16, 2016.

Hydrocortisone https://www.drugs.com/mtm/hydrocortisone-topical.html. Accessed July 16, 2016.

Hydrocortisone http://www.mayoclinic.org/drugs-supplements/hydrocortisone- topical-application-route/description/drg-20073814. Accessed July 16, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម