ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Intrazoline ព្យាបាលអ្វី?
ថ្នាំ Intrazoline ប្រើដើម្បីព្យាបាលជំងឺឆ្លងរោគបាក់តេរីជាច្រើនប្រភេទ រួមមាន ការឆ្លងរោគធ្ងន់ធ្ងររហូតគំរាមកំហែងអាយុជីវិត ជំងឺសួត ឆ្អឹង សន្លាក់ ក្រពះ ពោះវៀន ក្នុងឈាម ប្រឹសបេះដូង និងជំងឺនៅផ្លូវទឹកនោម។ ថ្នាំនេះមិនអាចព្យាបាលជំងឺឆ្លងដោយវីរុស ដូចជាផ្តាសាយ ឬផ្តាសាយធំបានទេ។
Intrazoline ក៏អាចយកទៅព្យាបាលជំងឺអ្វីផ្សេងដែរ ដូចនេះយើងអាចសួរគ្រូពេទ្យដើម្បីដឹងព័ត៌មានបន្ថែម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
Intrazoline អាចចាក់ចូលក្នុងសាច់ដុំ ឬក្នុងសរសៃឈាម។ គ្រូពេទ្យអាចប្រាប់ពីរបៀបចាក់ថ្នាំដោយខ្លួនឯងនៅផ្ទះ តែបើមិនទាន់យល់ច្បាស់ពីរបៀបប្រើប្រាស់សឺរ៉ាំង ម្ជុល សម្រាប់ចាក់ថ្នាំនេះយើងមិនត្រូវចាក់ថ្នាំដោយខ្លួនឯងទេ។
គេយក Intrazoline លាយជាមួយទឹកសេរ៉ូម មុនពេលយកទៅចាក់។ បើយើងយកថ្នាំនេះទៅចាក់នៅផ្ទះដោយខ្លួនឯង ត្រូវយល់ច្បាស់ពីរបៀបលាយថ្នាំ។ យើងត្រូវក្រឡុកថ្នាំជាមួយទឹកសេរ៉ូមឲ្យបានសព្វមុនពេលចាក់។ បើថ្នាំមានការប្រែប្រួលពណ៌ មិនត្រូវយកវាមកចាក់ទេ ទាក់ទងទៅគ្រូពេទ្យ ដើម្បីបានវេជ្ជបញ្ជាថ្មី។ ប្រើសឺរ៉ាំង និងម្ជុលតែម្តងបានហើយ ប្រើរួចត្រូវបោះម្ជុល និងសឺរ៉ាំងទៅកន្លែងដែលមានសុវត្ថិភាព។ មិនត្រូវទុករបស់ទាំងនោះនៅជិតក្មេង ឬសត្វចិញ្ចឹមឡើយ។
ត្រូវប្រើថ្នាំ Intrazoline ឲ្យគ្រប់តាមវេជ្ជបញ្ជាគ្រូពេទ្យ។ អាការៈយើងអាចប្រសើរឡើង មុនពេលសម្លាប់មេរោគអស់។ ការឈប់ប្រើថ្នាំមុនពេលកំណត់ អាចបណ្តាលឲ្យមេរោគស៊ាំជាមួយថ្នាំ ហើយលូតលាស់វិញបាន។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Intrazoline មិនទាន់លាយ
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Intrazoline ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
ថ្នាំ Intrazoline លាយរួច
- យកល្បាយនេះទុកក្នុងទូរទឹកកក អាចប្រើបាន ១០ថ្ងៃ
– មិនត្រូវដាក់ឲ្យកក
- ទុកល្បាយថ្នាំនៅក្រៅទូរទឹកកកបាន ២៤ម៉ោង។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
Intrazoline អាចធ្វើឲ្យលទ្ធផលពិនិត្យជាតិស្ករក្នុងទឹកនោមប្រែប្រួល។ ដូចនេះយើង ត្រូវប្រាប់គ្រូពេទ្យមុនពេលពិនិត្យ បើកំពុងប្រើថ្នាំនេះ។
មិនអាចប្រើ Intrazoline បានទេ បើយើងមានបញ្ហាមួយចំនួនដូចជា៖
– មានបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរ ជាមួយពពួកថ្នាំ Cephalosporin Antibiotic (Omnicef, Cefzil, Ceftin, Keflex និងថ្នាំដទៃទៀត)
– ទទួលសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់
– មានប្រតិកម្មជាមួយពពួកថ្នាំ Penicillin។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ហេតុនេះយើងត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថនៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត B សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ផលរំខានដែលគេច្រើនឃើញកើតឡើងរួមមាន៖
– ឈឺពោះ
– មិនឃ្លានអាហារ
– រមាស់នៅរន្ធគូទ
– រមាស់ក្នុងទ្វារមាស ឬមានធ្លាក់ស
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើមានបញ្ហា៖
– រាក (រាកទឹក ឬមានឈាម)
– បបូរមាត់ឡើងពណ៌ស ឬឈឺក្នុងមាត់លើបបូរមាត់
– ហើម នៅតាមក្រពេញ
– ឈឺសន្លាក់
– ឈឺពេញរាងកាយ
– ប្រកាច់
– មានបញ្ហាថ្លើម ដូចជា ឈឺក្នុងពោះខាងលើ មិនឃ្លានអាហារ ទឹកនោមខ្មៅ លាមកពណ៌ដីឥដ្ឋ ឡើងលឿងលើស្បែក ឬភ្នែក
– មានប្រតិកម្មស្បែកធ្ងន់ធ្ងរ ដូចជា ឈឺបំពង់ក ហើមមុខ ឬអណ្តាត ក្តៅក្នុងភ្នែក ឈឺក្នុងស្បែក មានឡើងពងបែកក្រហម (ពិសេសនៅមុខ ឬដងខ្លួនផ្នែកខាងលើ)
យើងត្រូវប្រញាប់ទៅមន្ទីរពេទ្យ បើមានសញ្ញាប្រតិកម្មដូចជា៖ ប៉ោងកន្ទួលរមាស់ពិបាកដកដង្ហើម ហើមមុខ មាត់ អណ្តាត ឬបំពង់ក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
Intrazoline អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានទៅដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
បើធ្លាប់មានប្រតិកម្មជាមួយ Cefazolin ឬ Cephalosporin Antibiotic ដទៃដូចជា ថ្នាំ Cefaclor (Raniclor), Cefadroxil (Duricef), Cefdinir (Omnicef), Cefazolin (Ancef), Cefditoren (Spectracef), Cefpodoxime (Vantin), Cefprozil (Cefzil), Ceftibuten (Cedax), Cefuroxime (Ceftin), Cephalexin (Keflex)
និងថ្នាំ Cephradine (Velosef)។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Intrazolineអាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយបញ្ហាសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ជំងឺតម្រងនោម
– ជំងឺថ្លើម
– ជំងឺក្រពះពោះវៀន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំនេះក្នុងកម្រិតណា?
– ការឆ្លងរោគកម្រិតស្រាលរហូតដល់ធ្ងន់ធ្ងរ៖ ចាក់ ០,៥-១ ក្រាម រៀងរាល់ ៦-៨ ម៉ោងម្តង។
– ការឆ្លងរោគកម្រិតមធ្យមដោយសារ Gram-Positive Cocci៖ ២៥០-៥០០ មិល្លីក្រាម ចាក់តាមសរសៃ រៀងរាល់ ៨ ម៉ោងម្តង។
– ព្យាបាលរលាកថង់ទឹកប្រមាត់ ពីកម្រិតស្រាលទៅមធ្យម៖ ចាក់ ១-២ ក្រាម តាមសរសៃ រៀងរាល់ ៨ ម៉ោងម្តង រយៈពេល ៤-៧ ថ្ងៃ។
– ព្យាបាលរលាកផ្លូវទឹកនោមកម្រិតដំបូង៖ ចាក់តាមសរសៃ ១ក្រាម រៀងរាល់ ១២ ម៉ោងម្តង។
បង្ការការឆ្លងរោគមុនវះកាត់
– មុនវះកាត់៖ ចាក់តាមសាច់ដុំ ឬតាមសរសៃ ១-២ក្រាម ១ ម៉ោងមុនការវះកាត់ចាប់ផ្តើម និងអាចចាក់ម្តងទៀតនៅ ២-៥ ម៉ោងក្រោយ អំឡុងពេលកំពុងវះកាត់។
– ក្រោយវះកាត់៖ ចាក់ ០,៥-១ ក្រាម តាមសរសៃ រៀងរាល់ ៦-៨ ម៉ោងម្តង រយៈពេល ២៤ ម៉ោង។
– ការវះកាត់៖ សម្រាប់ការវះកាត់បេះដូង ស្បូន មាត់ ឬផ្លូវអាហារ ចោះឆ្អឹងក្បាល ប្តូរសន្លាក់ វះកាត់ទ្រូង សរសៃឈាម កាត់ដៃ ឬជើង របួសធំៗ វះកាត់ក្រពះពោះវៀន ឬវះកាត់ថង់ទឹកប្រមាត់ កម្រិតថ្នាំត្រូវប្រើ គឺចាក់តាមសរសៃ ១-២ ក្រាម។
– សម្រាប់ការវះកាត់ពោះវៀនធំ និងផ្លូវលាមក៖ កម្រិតថ្នាំត្រូវប្រើ គឺចាក់តាមសរសៃ ១-២ ក្រាម បូកជាមួយ Metronidazole ០,៥ក្រាម ចាក់តាមសរសៃ។
– វះកាត់កើតកូនដែលមានគ្រោះថ្នាក់ខ្ពស់ ឬកូនរលូតនៅត្រីមាសទី ២៖ កម្រិតថ្នាំដែលត្រូវប្រើ គឺចាក់តាមសរសៃ ១ ក្រាម។
– វះកាត់ភ្នែក៖ ចាក់ ១០០មិល្លីក្រាម តាមសរសៃនៅភ្នែក (Subconjunctivally)។
- ជំងឺរលាកសាច់ដុំខាងក្នុងបេះដូង (Endocarditis)៖ ចាក់ ១ក្រាម តាមសរសៃឈាម ឬក្នុងសាច់ដុំ ៣០-៦០ នាទី មុនពេលវះកាត់។
សមាគមបេះដូងរបស់អាមេរិក (American Heart Association) បានណែនាំឲ្យចាក់ការពារសម្រាប់តែអ្នកជំងឺរលាកក្នុងបេះដូង ដែលងាយរងគ្រោះថ្នាក់ប៉ុណ្ណោះ។
– ព្យាបាល Bacterial Keratitis (Off-label)៖ បន្តក់ថ្នាំ ១ តំណក់ចូលក្នុងភ្នែកឈឺ បន្តក់រាល់ ១-២ ម៉ោងម្តង។ វាអាចបាត់បង់ប្រសិទ្ធភាព បើយើងកំពុងប្រើថ្នាំផ្សះដទៃ ជាពិសេសថ្នាំសម្រាប់សម្លាប់មេរោគ Gram-negative (ឧ.Tobramycin)។
– របៀបលាយថ្នាំ Cefazolin ៥០ មិល្លីក្រាម/មិល្លីលីត្រ ដើម្បីប្រើបណ្ដោះអាសន្ន
– រំលាយម្សៅថ្នាំចាក់ Cefazolin ៥០០ មិល្លីក្រាម ជាមួយទឹកសេរ៉ូម (Steril water) ១០ មិល្លីលីត្រ។ រក្សាទុកក្នុងទូរទឹកកក ថ្នាំលាយនេះប្រើបានត្រឹម ៧ ថ្ងៃប៉ុណ្ណោះ។
ការកែតម្រូវកម្រិតថ្នាំ
អ្នកខ្សោយតម្រងនោម៖
– CrCl ៣៥ ទៅ ៥៤ មិល្លីលីត្រ/នាទី ប្រើកម្រិតថ្នាំពេញ រៀងរាល់ ៨ម៉ោង
– CrCl ១០ ទៅ ៣៥ មិល្លីលីត្រ/នាទី ប្រើកម្រិតថ្នាំព្យាបាល រៀងរាល់ ១២ម៉ោង
– CrCl តិចជាង ១០ មិល្លីលីត្រ/នាទី ប្រើកម្រិតថ្នាំព្យាបាល រៀងរាល់ ២៤ ម៉ោង។
១១- ក្មេងត្រូវប្រើកម្រិតណា?
ព្យាបាលឆ្លងរោគដោយសារមេរោគ Gram-Positive Cocci
ក្មេងទើបកើតអាយុតិចជាង ២៨ថ្ងៃ
– តិចជាង ៧ ថ្ងៃ៖ ចាក់តាមសាច់ដុំ ឬសរសៃ ៤០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែករៀងរាល់ ១២ ម៉ោងម្តង
– ច្រើនជាង ៧ថ្ងៃ តិចជាង ២ គីឡូ៖ ចាក់តាមសាច់ដុំ ឬសរសៃ ៤០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែករៀងរាល់ ១២ ម៉ោងម្តង។
– ច្រើនជាង ៧ថ្ងៃ ច្រើនជាង ២ គីឡូ៖ ចាក់តាមសាច់ដុំ ឬសរសៃ ៦០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែករៀងរាល់ ៨ម៉ោងម្តង។
– ក្មេង៖ ចាក់តាមសាច់ដុំ ឬសរសៃ ២៥-១០០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកជា ៦-៨ ម៉ោងម្តង។ មិនត្រូវចាក់លើសពី ៦ ក្រាម/ថ្ងៃ នោះទេ។
– ការពារការរលាកបេះដូង៖ កម្រិតថ្នាំត្រូវប្រើ គឺចាក់ ៥០មិល្លីក្រាម/គីឡូ ចាក់តាមសរសៃឈាម ឬសាច់ដុំ ៣០-៦០ នាទីមុនពេលវះកាត់។ មិនត្រូវប្រើលើសពី ១ ក្រាមឡើយ។
ការណែនាំរបស់ (AHA)៖ ចាក់ការពារសម្រាប់តែអ្នកជំងឺរលាកបេះដូង ដែលងាយរងគ្រោះថ្នាក់តែប៉ុណ្ណោះ។
ជំងឺ Community-Acquired Pneumonia
– ក្មេងមានអាយុច្រើនជាង ៣ខែ៖ កម្រិតថ្នាំគឺចាក់ ១៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ តាមសាច់ដុំ ឬសរសៃ ចែកជា ៨ម៉ោងម្តង (សម្រាប់ការឆ្លងរោគពីកម្រិតស្រាលទៅធ្ងន់របស់មេរោគ S. Aureus ដែលស៊ាំជាមួយថ្នាំ Methicillin (Methicillin susceptible)។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំចាក់ Intrazoline (Cefazoline Sodium) ១ក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេច សូមចាក់ថ្នាំភ្លាម ប៉ុន្តែបើកៀកពេលត្រូវចាក់ថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវចាក់បន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
[embed-health-tool-bmi]