ស្វែងយល់ពីការប្រើប្រាស់
១– ថ្នាំ Isotretinoin ព្យាបាលជំងឺអី្វខ្លះ?
ថ្នាំ Isotretinoin ប្រើសម្រាប់ព្យាបាលជំងឺមុនគ្រាប់ធំៗ (Cystic acne) ដែលការព្យាបាលមុនៗមិនទទួលបានលទ្ធផល (ឧទាហរណ៍-benzoyl peroxide ឬ clindamycin លាបលើស្បែក ឬលេបថ្នាំ Tetracycline, Minocycline)។ Isotretinoin ស្ថិតក្នុងក្រុមថ្នាំ retinoids មានប្រសិទ្ធភាព ជួយកាត់បន្ថយ ការផលិតជាតិខ្លាញ់នៅលើផ្ទៃមុខ (Sebum)។ ពេលជាតិខ្លាញ់លើផ្ទៃមុខ (sebum) កើនឡើងច្រើន វាបណ្ដាលឲ្យកើតមានបញ្ហាមុនធ្ងន់ធ្ងរ។ បើមិនព្យាបាលមុនទាំងនោះទេ វាអាចបន្សល់ស្លាកស្នាមទៅថ្ងៃក្រោយ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
សូមលេបថ្នាំចូលទាំងមូល មិនត្រូវកាច់បំបាក់ ឬទំពាឡើយ។ ថ្នាំ isotretinoin ត្រូវលេប ២ ដង/ថ្ងៃ រយៈពេលពី ១៥–២០ សប្ដាហ៍ ឬតាមការណែនាំរបស់គ្រូពេទ្យ។
ថ្នាំ isotretinoin ភាគច្រើនគេណែនាំឲ្យលេបក្រោយពេលបាយរួច។ ប៉ុន្តែ រដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) បានណែនាំថាពពួកថ្នាំ Absorica អាចលេបមុន ឬក្រោយអាហារក៏បាន។ ចំណីអាហារអាចជួយឲ្យការបឺតស្រូបជាតិថ្នាំចូលក្នុងឈាមបានល្អ។ ត្រូវចាំ កុំភ្លេចសាកសួរព័ត៌មានបន្ថែមពីគ្រូពេទ្យឬឱសថការី និងលេបថ្នាំជាមួយទឹកមួយកែវពេញ កុំទាន់គេងអំឡុងពេល ១០ នាទីក្រោយលេបថ្នាំ។
កម្រិតប្រើប្រាស់ថ្នាំ គឺអាស្រ័យទៅតាមស្ថានភាពជំងឺ ទម្ងន់ និងលទ្ធផលក្រោយការព្យាបាល។ ពេលលេបថ្នាំបាន ២-៣ ថ្ងៃដំបូង មុនលើមុខអាចមានសភាពធ្ងន់ធ្ងរ ប៉ុន្តែក្នុងរយៈពេលពី ១–២ ខែក្រោយ អាចឃើញពីប្រសិទ្ធភាពព្យាបាលរបស់ថ្នាំនេះ។
ប្រសិនបើមុខឡើងមុនធ្ងន់ធ្ងរម្ដងទៀត ត្រូវព្យាបាលដោយថ្នាំនេះសារជាថ្មី បន្ទាប់ពីឈប់ប្រើបានរយៈពេល ២ ខែ។ រោងចក្រផលិតមិនណែនាំឲ្យប្រើថ្នាំនេះរយៈពេលវែងទេ ដូចនេះសូមកុំប្រើថ្នាំនេះលើសពីកម្រិតណែនាំពីគ្រូពេទ្យ។ ថ្នាំនេះអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូចនេះស្រ្តីមានផ្ទៃពោះមិនត្រូវប្រើទេ។
៣- រក្សាទុកដោយវិធីណា?
Isotretinoin អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម (២០-២៥ អង្សា) ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Isotretinoin ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– ប្រាប់គ្រូពេទ្យ ឬឱសថការី បើអ្នកមានប្រតិកម្មជាមួយ Isotretinoin វីតាមីន A ថ្នាំដទៃ ឬសារធាតុផ្សំណាមួយរបស់ថ្នាំ។ ត្រូវសួរទៅកាន់ឱសថការីដើម្បីដឹងពីសារធាតុផ្សំរបស់ថ្នាំនេះ។
– ប្រាប់គ្រូពេទ្យ ឬឱសថការី អំពីគ្រប់ប្រភេទថ្នាំ (រួមទាំងឱសថបូរាណ) ទាំងអស់ ដែលអ្នក កំពុងប្រើប្រាស់ ជាពិសេស ពពួកថ្នាំប្រកាច់ ដូចជា Phenytoin (Dilantin) ថ្នាំព្យាបាលជំងឺផ្លូវចិត្ត ពពួកថ្នាំស្តេរ៉ូអ៊ីត (Steroids) ដូចជា Dexamethasone (Decadron, Dexone), Methylprednisolone (Medrol) និងថ្នាំ Prednisone (Deltasone) ក្រុមថ្នាំផ្សះ Tetracycline ដូចជា Demeclocycline (Declomycin), Doxycycline (Monodox, Vibramycin ថ្នាំដទៃទៀត), Minocycline (Minocin, Vectrin), Oxytetracycline (Terramycin) និងថ្នាំ Tetracycline (Sumycin, Tetrex រួមនឹងថ្នាំដទៃ) ក៏ដូចជាពពួកថ្នាំបំប៉នវីតាមីន A ។ គ្រូពេទ្យប្រហែលអាចប្ដូរកម្រិតថ្នាំ ឬតាមដានដោយប្រុងប្រយ័ត្នពីផលរំខាន។
– ប្រាប់គ្រូពេទ្យប្រសិនបើអ្នក ឬសមាជិកគ្រួសារធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន ធ្លាប់មានជំងឺបាក់ទឹកចិត្ត ជំងឺផ្លូវចិត្ត ជំងឺទឹកនោមផ្អែម ជំងឺហឺត ជំងឺពុកឆ្អឹង (Osteoporosis) ជំងឺឆ្អឹងទន់ដោយខ្វះវីតាមីន D (Osteomalacia) ឬស្ថានភាពសុខភាពផ្សេងទៀតនាំឲ្យឆ្អឹងខ្សោយ កម្រិតខ្លាញ់ Triglyceride ក្នុងឈាមខ្ពស់ បញ្ហាមេតាប៉ូលីស សារជាតិខ្លាញ់ (រាងកាយមិនអាចផលិតជាតិខ្លាញ់បាន) មិនឃ្លានអាហារ (Anorexia nervosa) ជំងឺថ្លើម ឬជំងឺបេះដូង។ ត្រូវប្រាប់គ្រូពេទ្យដូចគ្នា ប្រសិនបើយើងលើសទម្ងន់ ឬ ពិសាស្រាច្រើន។
– មិនត្រូវបំបៅដោះកូនពេលអ្នកកំពុងប្រើថ្នាំ Isotretinoin និងនៅពេល ១ខែ ក្រោយឈប់ប្រើថ្នាំ Isotretinoin។
–ថ្នាំ isotretinoin អាចធ្វើឲ្យស្បែករងប៉ះពាល់ដោយសារពន្លឺថ្ងៃខ្លាំង ដូចនេះមិនត្រូវនៅក្រោមពន្លឺថ្ងៃរយៈពេលយូរ ឬពេលចេញក្រៅត្រូវស្លៀកពាក់ការពារពន្លឺថ្ងៃឲ្យបានត្រឹមត្រូវ។
– ត្រូវដឹងថាថ្នាំ Isotretinoin អាចធ្វើឲ្យផ្លូវចិត្ត ការគិត និងអត្តចរិតអាចប្រែប្រួលបាន។ អ្នកជំងឺខ្លះក្រោយពេលប្រើថ្នាំ Isotretinoin បានក្លាយទៅជាបាក់ទឹកចិត្ត ឬមានជំងឺសរសៃប្រសាទ ឬក្លាយជាមនុស្សឆេវឆាវ អាចចង់សម្លាប់អ្នកដទៃ ឬសម្លាប់ខ្លួនឯងជាដើម។ អ្នក និងក្រុមគ្រួសារ ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យឲ្យបានលឿន បើមានរោគសញ្ញាដូចជា៖ គិតច្រើន ពិបាកចិត្ត ចង់យំ មិនចង់ធ្វើអ្វី ធ្វើការមិនល្អនៅកន្លែងធ្វើការ ឬនៅសាលារៀន គេងច្រើនជាងធម្មតា ពិបាកចូលគេង ឬគេងមិនក្រោក ឆាប់ខឹង មួមៅ មិនឃ្លាន ស្រកគីឡូ ពិបាកផ្ដោតអារម្មណ៍ ចង់នៅឆ្ងាយពីមិត្តភក្ដិ ឬក្រុមគ្រួសារ មិនមានកម្លាំងក្នុងខ្លួន គិតថាខ្លួនឯងមិនមានតម្លៃ ចង់ធ្វើបាបខ្លួនឯង គិតរឿងគ្រោះថ្នាក់ ឬស្រមើស្រមៃឃើញអ្វីផ្សេងៗ។ ត្រូវប្រាកដថាក្រុមគ្រួសារបានដឹង រឿងធ្ងន់ធ្ងរនៃអាការៈខាងលើ ហើយអាចទាក់ទងទៅគ្រូពេទ្យជំនួសយើងបាន។
– គួរដឹងថាថ្នាំនេះ អាចធ្វើឲ្យភ្នែកអ្នកស្ងួត និងមានអារម្មណ៍មិនស្រួលពេលពាក់ឡែនភ្នែក (Contact Lens) នៅអំឡុងពេលប្រើថ្នាំ និងក្រោយពេលប្រើថ្នាំ។
– ថ្នាំ isotretinoin អាចធ្វើឲ្យមើលឃើញនៅក្នុងទីងងឹតមានកម្រិត។ បញ្ហានេះអាចកើតមានភ្លាមៗ ពេលចាប់ផ្តើមប្រើថ្នាំ ហើយបន្តកើតឡើងក្រោយការព្យាបាល។ ត្រូវប្រយ័ត្នពេលបើកបរនៅពេលយប់។
– ពេលកំពុងប្រើថ្នាំ Isotretinoin និង ៦ ខែបន្ទាប់ពីការព្យាបាល មិនត្រូវដករោមនៅលើដងខ្លួន ប្រើកាំរស្មីព្យាបាលស្បែក ឬធ្វើការវះកាត់ដើម្បីឲ្យស្បែករលោង (Dermabrasion) ឡើយ ព្រោះវាអាចបណ្ដាលឲ្យមានសល់ស្លាកស្នាមក្រោយការព្យាបាល។ គួរពិភាក្សាជាមួយគ្រូពេទ្យអំពីបញ្ហាមួយនេះ។
– ត្រូវប្រាប់គ្រូពេទ្យបើអ្នក មានសកម្មភាពខ្លាំង ឬកីឡាច្រើន។ Isotretinoin អាចធ្វើឲ្យឆ្អឹងចុះខ្សោយ ដូចនេះវាអាចបណ្ដាលឲ្យអ្នកមានរបួសលើឆ្អឹងបាន។ បើមានរបួសឆ្អឹងនៅពេលកំពុងប្រើថ្នាំ ត្រូវប្រាប់គ្រូពេទ្យឲ្យ ថាយើងកំពុងប្រើថ្នាំ Isotretinoin។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ហេតុនេះយើងត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថនៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត X សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវរកជំនួយសង្គ្រោះបន្ទាន់ភ្លាមបើអ្នកជំងឺមានអាការៈដូចជា៖ ឡើងកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ មាត់ អណ្ដាត ឬបំពង់ក។
ត្រូវឈប់ប្រើថ្នាំ Isotretinoin ភ្លាមហើយទាក់ទងទៅគ្រូពេទ្យ បើអ្នកជំងឺរងផលរំខានធ្ងន់ធ្ងរដូចជា៖
– បាក់ទឹកចិត្ត ពិបាកផ្ចង់អារម្មណ៍ បញ្ហាគេងមិនលក់ ឬគេងច្រើនពេក មួមៅឆាប់ខឹង អាកប្បកិរិយាប្រែប្រួល ស្រមើស្រមៃ ចង់សម្លាប់ខ្លួន ឬសម្លាប់អ្នកដទៃ។
– ស្ពឹក និងខ្សោយតាមដងខ្លួន ជាពិសេសម្ខាងណាមួយនៃខ្លួន
– ស្រវាំងភ្នែក ឈឺក្បាលខ្លាំង ឬឈឺក្រោយភ្នែក និងអាចមានក្អួតមកជាមួយ
– បញ្ហាស្ដាប់ ស្ដាប់លែងឮ ឬហ៊ឹងត្រចៀក
– ប្រកាច់
– ឈឺពោះផ្នែកខាងលើចាក់ទៅខ្នង ក្អួតចង្អោរ និងបេះដូងលោតញាប់
– លែងឃ្លានអាហារ ទឹកនោមខ្មៅ លាមកពណ៌ស ឡើងលឿងលើស្បែក (លើភ្នែក ឬស្បែក)
– រាករូសខ្លាំង ហូរឈាម ឬលាមកខ្មៅ
– ក្តៅ រងា ឈឹខ្លួន រោគសញ្ញាផ្ដាសាយ ឡើងកន្ទួលក្រហមក្រោមស្បែក ស្បែកងាយជាំ និងហូរឈាម
– ពងបែក របកស្បែក និងឡើងក្រហមរមាស់លើស្បែក
– រឹងសន្លាក់ ឈឺឆ្អឹង ឬបាក់ឆ្អឹង
ផលរំខានមិនធ្ងន់ធ្ងរមានដូចជា៖
– ឈឺសន្លាក់ ឈឺខ្នង
– វិលមុខ ងងុយគេង ឬគិតច្រើននៅមិនស្ងៀម
– ស្ងួតបបូរមាត់ ស្ងួតមាត់ ច្រមុះ និងស្បែក
– ប្រេះ ឬរបកស្បែក រមាស់ស្បែក ឬក្រចកដៃជើងប្រែប្រួល។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំមិនគួរប្រើជាមួយ Isotretinoin រួមមាន៖ Chlortetracycline, Demeclocycline, Desogestrel, Dienogest, Doxycycline, Drospirenone, Estradiol Cypionate, Estradiol Valerate, Ethinyl Estradiol, Ethynodiol Diacetate, Etonogestrel, Levonorgestrel, Lymecycline, Meclocycline, Medroxyprogesterone Acetate, Mestranol, Methacycline, Minocycline, Norelgestromin, Norethindrone, Norgestimate, Norgestrel, Oxytetracycline, Rolitetracycline និង Tetracycline ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Isotretinoin មានការប្រែប្រួល ឬធ្វើឲ្យមានគ្រោះថ្នាក់ ឬផ្ដល់ផលប៉ះពាល់របស់ថ្នាំកាន់តែធ្ងន់ធ្ងរ។ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះមុន ចាប់ផ្តើមប្រើថ្នាំ។ អ្នកមិនអាចប្រើ Isotretinoin ពេលប្រើសារធាតុ Ethanol (ស្រា) បានទេ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ញៀនស្រាខ្លាំង (Alcoholism)
– មានជំងឺទឹកនោមផ្អែម
– វិបត្តិមេតាបូលិក (Metabolism disorder)
– បញ្ហាឆ្អឹងអាចឲ្យមានវិបត្តិធ្ងន់ធ្ងរ
– មិនឃ្លានអាហារ
– បញ្ហាឆ្អឹងពីកំណើត (Epiphyseal closure)
– បញ្ហាឆ្អឹងទន់ (Osteomalacia)
– មានជំងឺហឺត
– បាក់ទឹកចិត្ត
– មានបញ្ហាភ្នែកស្រវាំង
– មានបញ្ហាក្នុងការស្ដាប់
– ជំងឺបេះដូង
– រលាកថ្លើម
– លើសជាតិខ្លាញ់ (Hypertriglyceridemia)
– បញ្ហាពោះវៀន
– រលាកលំពែង
– ហើមសាច់ខួរក្បាល (Pseudotumor Cerebri)
– មានជំងឺវិកលចរិក
– លើសជាតិវីតាមីន A ក្នុងខ្លួន
– ជំងឺតម្រងនោម
– ជំងឺថ្លើម
– ពុកឆ្អឹង (Osteoporosis) ទោះធ្លាប់មានបញ្ហាឆ្អឹងកាលនៅក្មេង ឬក្នុងគ្រួសារមានជំងឺនេះ
– លើសទម្ងន់ ត្រូវប្រើដោយមានការប្រុងប្រយ័ត្ន ព្រោះវាអាចបណ្ដាលឲ្យបញ្ហានេះកាន់តែអាក្រក់
– ជំងឺ ឬវិបត្តិផ្សេងទៀតកើតនៅលើឆ្អឹង ត្រូវប្រើដោយប្រុងប្រយ័ត្នខ្ពស់ ព្រោះថ្នាំនេះអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹង។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
សម្រាប់ព្យាបាលមុខមុន
– ព្យាបាលមុខគ្រាប់ធំៗ៖ ប្រើ ០,៥-១ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកជា ២ ដង។ សម្រាប់អ្នកជំងឺមានស្លាកស្នាមធ្ងន់ធ្ងរ ឬបញ្ហាច្រើន គួរលេប ២ មិល្លីក្រាម/គីឡូ/ថ្ងៃ។
ព្យាបាលដុំខ្មៅរាលដាលលើស្បែក (Melanoma – Metastatic)
– ប្រើវាលាយជាមួយថ្នាំ Interferon Alfa៖ ៦០ មិល្លីក្រាម/ថ្ងៃ ចែកជា ៣ដង រយៈពេល ៦ ខែ។
ព្យាបាល Granuloma Annulare លើមនុស្សពេញវ័យ
– ប្រើ ០,៥-១ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកចេញជា ២ ដង។
១១- ក្មេងត្រូវប្រើកម្រិតណា?
សម្រាប់ព្យាបាលមុនលើក្មេង
– សម្រាប់ព្យាបាលមុខគ្រាប់ធំៗ ក្មេងអាយុ ១២ ឆ្នាំឡើង៖ ០,៥-១ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកចេញជា ២ ដង។
ព្យាបាល Acute Nonlymphocytic Leukemia លើក្មេង
– ក្មេងអាយុ ១ខែឡើង៖ លេប ១០០មិល្លីក្រាម/ម៉ែត្រការេស្បែក/ថ្ងៃ លេបតែម្ដងគត់ សម្រាប់រយៈពេល ៤ សប្ដាហ៍។
១២- មានទម្រង់បែបណាខ្លះ?
Isotretinoin មានក្នុងកម្រិត និងទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់ខេបស៊ុល៖ ១០មិល្លីក្រាម ២០មិល្លីក្រាម ៣០មិល្លីក្រាម និង ៤០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
រោគសញ្ញាពេលអ្នកប្រើលើសកម្រិតមានដូចជា៖
-ក្អួត
– ក្តៅក្រហមស្បែក
– ប្រេះបបូរមាត់
– ឈឺក្រពះ
– ឈឺក្បាល
– វិលមុខ
– ពិបាកគ្រប់គ្រងខ្លួនឯងបាន។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេច សូមចាក់ថ្នាំភ្លាម ប៉ុន្តែបើកៀកពេលត្រូវចាក់ថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវចាក់បន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]