ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Hyoscine ព្យាបាលដើម្បីអីខ្លះ?
Hyoscine ជាប្រភេទថ្នាំ Anticholinergic មានមុខងារជួយបន្ថយការបញ្ចេញជាតិទឹក បន្ថយចលនាក្រពះ ពោះវៀន និងធ្វើឲ្យប្រស្រីភ្នែករីកធំ។
គ្រូពេទ្យប្រើប្រាស់ថ្នាំនេះ ដើម្បីបន្ថយអាការៈក្អួតចង្អោរ វិលមុខដោយសារពុលឡាន និងប្រើនៅពេលអ្នកជំងឺដឹងខ្លួន បន្ទាប់ពីប្រើថ្នាំសន្លប់ ឬវះកាត់។ លើសពីនេះទៀតគេ ប្រើវាព្យាបាលជំងឺ Parkinsonism សាច់ដុំកន្ត្រាក់ជាប់ (spastic muscle states) មានបញ្ហាពោះវៀន រលាកពោះវៀន (Diverticulitis) និងជំងឺមួយចំនួនទៀត។
ថ្នាំនេះអាចប្រើក្នុងករណីផ្សេងទៀតមិនបានរៀបរាប់ខាងលើ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេបថ្នាំជាមួយទឹក ១ កែវពេញតាមការណែនាំពីគ្រូពេទ្យ ហើយប្រសិនបើមិនយល់ត្រង់ចំណុចណែនាំណាមួយត្រូវសួរទៅកាន់ឱសថការី ឬគ្រូពេទ្យឲ្យបានច្បាស់។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Hyoscine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤-មុនប្រើគួរដឹងអីខ្លះ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– បើមានប្រតិកម្មជាមួយថ្នាំ Hyoscine ឬថ្នាំផ្សេងទៀត
– ថ្នាំទាំងអស់យើងកំពុងប្រើប្រាស់ ជាពិសេសថ្នាំធ្វើឲ្យងងុយគេង ក្អក ផ្ដាសាយ ថ្នាំប្រឆាំងអាលែក្ស៊ី បាយភ្នែក និងពពួកវីតាមីន
– បើមានជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) បេះដូង ថ្លើម តម្រងនោម ជំងឺស្ទះក្រពះ ពោះវៀន ឬពិបាកបត់ជើងតូច
– បើមានផ្ទៃពោះ មានគម្រោងយកកូន ឬត្រូវបំបៅដោះកូន។ បើច្រឡំប្រើថ្នាំនេះពេលពពោះឆាប់ទៅជួបគ្រូពេទ្យភ្លាម
– ត្រូវធ្វើការវះកាត់ រាប់បញ្ចូលទាំងវះកាត់ធ្មេញផងដែរ។
ថ្នាំនេះអាចធ្វើឲ្យងងុយគេង ជាពិសេសនៅពេលប្រើបាន ៣-៥ ថ្ងៃដំបូង ឬនៅពេលមានការដំឡើងកម្រិតប្រើ ហេតុនេះ មិនត្រូវបើកបរ ឬប្រើប្រាស់គ្រឿងម៉ាស៊ីនអ្វីទាំងអស់។ ភេសជ្ជៈមានជាតិអាល់កុល អាចធ្វើឲ្យផលរំខានរបស់ថ្នាំកើតឡើង ដូចនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ក្រោយប្រើប្រាស់ថ្នាំនេះ ហើយថាមានផលរំខានមួយចំនួន សូមឈប់ប្រើថ្នាំ ប្រញាប់ទៅរកពេទ្យជាបន្ទាន់ក្នុងករណី៖
– មានប្រតិកម្មអាលែកហ្ស៊ី (ពិបាកដកដង្ហើម ស្ទះបំពង់ក ហើមបបូរមាត់ អណ្ដាត មាត់ ឬមានចេញរមាស់)
– បេះដូងលោតញាប់ខុសធម្មតា
– រវើរវាយ ឬមានអាកប្បកិរិយាខុសធម្មតា (ជាពិសេសចំពោះក្មេងៗ)
– ហើម ឬតឹងក្នុងពោះ (ចំពោះទារក)។
ផលរំខានបន្តិចបន្តូចមានដូចជា៖
– ស្រវាំងភ្នែក
– ចាញ់ពន្លឺថ្ងៃ
– មានអារម្មណ៍ថាក្រហាយស្បែក
– ហើមត្របកភ្នែក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ជាទូទៅ ពេទ្យគ្មានណែនាំឲ្យប្រើថ្នាំនេះ ជាមួយថ្នាំរៀបរាប់ខាងក្រោមនេះទេ ប៉ុន្តែមានករណីខ្លះតម្រូវឲ្យប្រើនេះរួមគ្នា ក្រោយកែកម្រិត និងពេលវេលាប្រើ។ ថ្នាំទាំងនោះ មានដូចជា Acrivastine, Bupropion, Morphine, Morphine Sulfate Liposome, Oxymorphone និង Umeclidinium។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ទឹកដក់ក្នុងភ្នែកទម្រង់ Open-Angle
– ស្ទះពោះវៀន ឬក្រពះ
– ប្រវត្តិមានជំងឺវិកលចរិក
– ប្រវត្តិធ្លាប់ប្រកាច់
– ជំងឺថ្លើម
– ជំងឺតម្រងនោម
– ជំងឺទឹកដក់ក្នុងភ្នែកទម្រង់ចង្អៀត (Glaucoma, narrow-angle) មិនគួរប្រើថ្នាំនេះចំពោះអ្នកជំងឺនេះឡើយ
-មានបញ្ហាបត់ជើងតូច (បំពង់បង្ហួរនោមស្ទះ ឬពិបាកនោម) ដូចនេះត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះស្ថានភាពជំងឺនេះអាចធ្ងន់ធ្ងរ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើនៅពេលក្អួត
– ករណីក្អួតធម្មតា៖ ០,៣-០,៦៥ មិល្លីក្រាម ដោយចាក់តាមសរសៃឈាម សាច់ដុំ ឬចាក់នៅក្រោមស្បែក រៀងរាល់ ៦-៨ ម៉ោង។
– ករណីក្អួតមុនពេលការវះកាត់៖ បិទបន្ទះ Hyoscine កម្រិត ១,៥ មិល្លីក្រាម ពីក្រោយត្រចៀកនៅពេលល្ងាចមុនថ្ងៃវះកាត់។ ក្រោយវះកាត់រយៈពេល ២៤ម៉ោង ទើបគួរតែបកចោល។
– ប្រសិនបើប្រើបន្ទះ Hyoscine នេះចំពោះស្រ្តីសម្រាលកូនដោយការវះកាត់ គួរប្រើ ១ ម៉ោងមុនពេលវះកាត់ ដើម្បីបន្ថយការប៉ះពាល់ទៅដល់កូន។
– កម្រិតសម្រាប់ប្រើពេលពុលឡាន៖ បិទបន្ទះ Hyoscine ១,៥ មិល្លីក្រាម នៅពីក្រោយត្រចៀក យ៉ាងតិច ៤ ម៉ោងមុនពេលធ្វើដំណើរ។
– កម្រិតប្រើចំពោះអ្នកជំងឺ Parkinsonian (ជំងឺញ័រលើមនុស្សចាស់)៖ ០,៤-០,៨ មិល្លីក្រាម លេបរៀងរាល់ ៨ ម៉ោងម្ដង។
១១- ក្មេងត្រូវប្រើកម្រិតណា?
– កម្រិតប្រើពេលក្អួត( ១-១២ឆ្នាំ)៖ ៦ មីក្រូក្រាម/គីឡូ/ដង ដោយការចាក់តាមសរសៃឈាម សាច់ដុំ ឬចាក់ក្រោមស្បែក រៀងរាល់ ៦-៨ ម៉ោង។
– កម្រិតប្រើពេលពុលឡាន អាយុ ១២ ឆ្នាំឡើង៖ បិទបន្ទះ Hyoscine ១,៥មិល្លីក្រាម ក្រោយត្រចៀក យ៉ាងតិច ៤ ម៉ោងមុនពេលធ្វើដំណើរ។
១២- មានទម្រង់បែបណាខ្លះ?
ទម្រង់ និងកម្រិតបរិមាណថ្នាំ Hyoscine មានដូចខាងក្រោម៖
– បន្ទះបិទ ៧២ ម៉ោង៖ ១,៥មីលីក្រាម
– ថ្នាំទឹកសម្រាប់ចាក់៖ ០,៤មិល្លីក្រាម/លីត្រ
– ថ្នាំគ្រាប់៖ ១០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ ត្រូវប្រើវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]