backup og meta

Ceftriaxone (ឱសថ Ceftriaxone)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Ceftriaxone ព្យាបាលជំងឺអីខ្លះ?

ថ្នាំ Ceftriaxone ប្រើ​សម្រាប់​ព្យាបាល​​បង្ក​រោគ​ដោយ​បាក់តេរី ជា​ថ្នាំ​ស្ថិត​នៅ​ក្រុម​ថ្នាំ​ផ្សះ Cephalosporins អាច​បញ្ឈប់​​ការ​លូតលាស់បាក់តេរី។ ថ្នាំ​ផ្សះនេះ មិន​មាន​ប្រសិទ្ធិភាព​ព្យាបាល​ទៅ​លើ​ការ​បង្ក​រោគដោយ​ពពួកវីរុស ដូចជាផ្ដាសាយ​ឡើយ ហេតុនេះ​ត្រូវ​ចៀសវាង​ ប្រើថ្នាំ​ផ្សះ​មិន​ចាំបាច់ ព្រោះ​វា​អាច​បណ្ដាល​អោយ​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំ។ ចាំបាច់ត្រូវ​ប្រើ​ថ្នាំ​នេះ​តាម​តែ​វេជ្ជបញ្ជា​​គ្រូពេទ្យ​ប៉ុណ្ណោះ។

Ceftriaxone អាច​ប្រើ​មុន​ពេល​ធ្វើ​ធ្មេញ​ ចំពោះ​អ្នក​ជំងឺ​បេះដូង ​ដូចជា​ប្តូរប្រឹស​បេះដូង ដើម្បី​ការពារ​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរលើ​បេះដូង (រលាក​សាច់ដុំ​បេះដូង​ដោយ​សារ​បាក់តេរី)។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

Ceftriaxone ប្រើ​ដោយ​​ចាក់​នៅសាច់​ដុំ ឬ​សរសៃ​វ៉ែន​តាម​គ្រូពេទ្យ​បញ្ជា។ កម្រិត​ថ្នាំ​ផ្អែកលើ​ស្ថានភាព​ជំងឺ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល។ ថ្នាំ​នេះ​ ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​ប្រើ​នៅ​ផ្ទះ ហេតុនេះ​ត្រូវ​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ។

បន្ត​ប្រើ​រហូត​ដល់​គ្រប់​តាម​រយៈពេល​​គ្រូពេទ្យ​បាន​កំណត់ ទោះបី​ជា​រោគ​សញ្ញា​ខ្លះ​បាន​ជា​ក្រោយ​ពេល​ព្យាបាល​ប៉ុន្មាន​ថ្ងៃក្តី។ ករណី​ឈប់​ប្រើ​ថ្នាំ​លឿន​ពេក​ អាច​បណ្ដាល​ឲ្យ​បាក់តេរី ​បន្ត​លូតលាស់​ ជាហេតុ​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​ជាថ្មី។ ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​រោគ​សញ្ញា​​នៅ​ដដែល​ ឬ​ធ្ងន់​ធ្ងរ​ជាង​មុន។

៣- រក្សា​ទុកដោយ​វិធី​ណា?

Ceftriaxone អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Alaxan® (Alaxan and Ibuprofen) ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

កុំ​ប្រើ​ថ្នាំ​នេះ​ ​បើ​មាន​ប្រតិកម្ម​ជា​មួយ Ceftriaxone ឬ​ក្រុម​ថ្នាំ Cephalosporin ​ដូច​ជា៖

ថ្នាំ Cefaclor (Raniclor), Cefadroxil (Duricef), Cefazolin (Ancef), Cefdinir Omnicef), Cefditoren (Spectracef), Cefpodoxime (Vantin), Cefprozil (Cefzil), Ceftibuten (Cedax), Cefuroxime (Ceftin), Cephalexin (Keflex) និងថ្នាំ Cephradine (Velosef) ជាដើម។

ដើម្បី​សុវត្ថិភាព​ សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​មុន​សម្រេច​ចិត្តប្រើ​ថ្នាំ​នេះ​ក្នុង​ករណី​យើង​មាន​ជំងឺដូចជា៖

– ជំងឺ​តម្រង​នោម (បើត្រូវ​លាង​ឈាម)

– ជំងឺ​ថ្លើម

– ជំងឺ​ទឹក​នោម​ផ្អែម

– ជំងឺថង់​ទឹក​ប្រម៉ាត់

– ជំងឺ​ក្រពះ ឬ​ពោះវៀន ​ពិសេស​រលាក​ពោះវៀនធំ

– កង្វះ​អាហារូបត្ថម្ភ

– មាន​ប្រតិកម្ម​ជាមួយ Penicillin។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

គ្មាន​ការ​សិក្សា​គ្រប់គ្រាន់​នៅឡើយ​ បញ្ជាក់​​ពី​ហានិភ័យ​នៃ​ការ​ប្រើ​ថ្នាំ​នេះ អំឡុង​ពេល​មាន​ផ្ទៃពោះ ​ឬ​ពេល​បំបៅ​ដោះ​កូន​ទេ។ ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ដើម្បី​ដឹង​ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ថ្នាំនេះ។ រដ្ឋបាល​ចំណី​អាហារ​ និងឱសថ នៅអាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​ថ្នាំ​គ្រោះថ្នាក់​កម្រិត​ B ចំពោះ​​មនុស្ស​ស្រី​មាន​ផ្ទៃពោះ។

ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖

– A = គ្មានគ្រោះថ្នាក់

– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន

– C = អាចមានគ្រោះថ្នាក់ខ្លះៗ

– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់

– X = ហាមប្រើ

– N = មិនមានព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ប្រសិន​បើ​មាន​រោគ​សញ្ញា​នៃ​ប្រតិកម្ម​ថ្នាំ ​ដូច​ជាឡើង​កន្ទួល​រមាស់​ ពិបាក​ដក​ដង្ហើម​ ហើមមុខ​ ហើមបបូរ​មាត់ អណ្តាត ឬ​បំពង់​ក ត្រូវ​សុំ​ជំនួយ​សង្គ្រោះ​បន្ទាន់​ភ្លាម។

ប្រញាប់​ហៅគ្រូ​ពេទ្យ​ប្រសិន​លេច​ចេញ​ផល​រំខាន​ធ្ងន់ធ្ងរ​​ដូច​ជា៖

– រាកជា​ទឹក ឬ​ឈាម

– ក្តៅ រងារ ហើម​ក្រពេញ កន្តួល​រមាស់ ឈឺ​សន្លាក់ ឬ​មាន​អារម្មណ៍​ថា​ឈឺ​គ្រប់​កន្លែង

– ឡើង​ច្រាំង​អណ្ដាត​ពណ៌ស ដំបៅ​​ក្នុង​មាត់ ឬ​បបូរ​មាត់

– ហូរ​ឈាម (ច្រមុះ មាត់ ទ្វារ​មាស ឬ​រន្ធ​គូទ) មានចំណុចពណ៍​ស្វាយ ឬ​ក្រហម​ក្រោម​ស្បែក

– កន្ទួល​រមាស់​ ​ជាំ ​មាន​អារម្មណ៍​ចាក់ៗ ​ស្ពឹក ​ឈឺ​ចាប់ និង​ឈឺ​សាច់​ដុំ

– ស្បែក​ស្លេក ឬ​លឿង ទឹក​នោម​លឿង វង្វេងវង្វាន់ ឬខ្សោយ

– នោម​តិច​ជាង​ធម្មតា ឬ​មិន​នោម​ទាល់​តែ​សោះ

– ប្រ​កាច់

– ហើម ឈឺ ឬ​ក្រហាយ​កន្លែង​ចាក់​ថ្នាំ

– លាមក​ស្លេក ចុកពោះ​បន្ទាប់​ពី​ញ៉ាំ​អាហារ ចង់ក្អួត ក្រហាយ​ទ្រូង (Heartburn) ហើម​ពោះ និង​ចុក​ពោះ​ផ្នែកខាង​លើ​ ​ចាក់​ទៅ​ដល់​ខ្នង។

– ប្រតិកម្ម​ស្បែក​ធ្ងន់​ធ្ងរ ដូចជាក្តៅ​ខ្លួន​ ឈឺ​ករ ហើយ​មុខ ​ឬ​អណ្តាត​ ក្រហាយ​ភ្នែក ឈឺ​ស្បែក​ ហើយ​មាន​កន្ទួល​ពណ៍​ក្រហម​ស្វាយ ​(នៅ​ពេញ​មុខ ​និង​រាងកាយ​ខាង​លើ) ​ធ្វើ​ឲ្យ​មានពង​ទឹក​ ឬ​របក។

ផល​ប៉ះ​ពាល់​តិច​តួច​រួម​មាន​៖

– ឡើង​ដុំ​រឹង​នៅ​កន្លែង​ចាក់​ថ្នាំ

– ចង្អោរ ក្អួត មិន​ស្រួល​ក្នុង​​ក្រពះ

– ឈឺ​ក្បាល​ វិល​មុខ​ ភ្ញាក់ៗ

– ឈឺ​ និង​ហើម​អណ្តាត

– បែក​ញើស

– រមាស​ទ្វា​រមាស​ ឬ​ធ្លាក់​ស។

មនុស្ស​គ្រប់​គ្ នា​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

ថ្នាំ Ceftriaxone អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត ​នាំ​ឲ្យផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ឬបង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខាន​របស់​ថ្នាំ​ទៅ​ដល់យើង។ ដើម្បី​ចៀស​វាង​អន្តរកម្មពី​ថ្នាំប្រភេទនេះ​​ គួរ​ប្រាប់​ឈ្មោះ​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ ទាំង​មាន ឬគ្មាន​វេជ្ជបញ្ជា និង​ផលិតផល​ពី​រុក្ខជាតិ ទៅ​វេជ្ជបណ្ឌិត​ ឬ​ឱសថការីពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព​ សូម​កុំ​ចាប់ផ្ដើម​ប្រើ​ ឈប់​ប្រើ ឬផ្លាស់ប្ដូរ​កម្រិត​ប្រើ​ថ្នាំ​ ​ដោយគ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត។

ឱសថមួយ​ចំនូន​មិន​គួរ​ប្រើ​រួម​គ្នា ប៉ុន្តែ​ករណី​ខ្លះ​ថ្នាំ​ពីរ​មុខ​ផ្សេង​គ្នា ​ត្រូវ​ប្រើ​ជា​មួយ​គ្នា​ទោះ​បី​ជា​មាន​អន្តរកម្ម​រវាង​ឱសថ​ទាំង​ពីរ​ក៏ដោយ។ ករណី​បែប​នេះ​គ្រូពេទ្យ​អាច​ប្តូរ​កម្រិត​ប្រើ​ថ្នាំ​ និង​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ចាំ​បាច់​ផ្សេង​ទៀត​។ សូម​ប្រាប់​គ្រូពេទ្យ​ប្រសិនពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងទៀត។

ត្រូវចៀសវាងប្រើ​ថ្នាំ​នេះ​ ជាមួយ​ថ្នាំ​មាន​រៀបរាប់​ខាង​ក្រោម៖

ថ្នាំ Calcium Acetate, Calcium Chloride, Calcium Gluceptate, Calcium Gluconate ថ្នាំ Lactated Ringer’s Solution និងថ្នាំ Ringer’s Solution ជាដើម។ គ្រូពេទ្យ​អាច​នឹង​មិន​ប្រើ​ថ្នាំ​ទាំងនេះ​ព្យាបាល​យើង​ទេ ឬ​ប្តូរ​ថ្នាំ​មួយ​ចំនួនយើង​កំពុង​ប្រើ។

​ប្រើ​ប្រាស់​ថ្នាំ Ceftriaxone ជា​មួយ​ថ្នាំ​ខាង​លើ ​អាច​នឹង​មានផល​ប៉ះ​ពាល់​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​ទាំង​ពីរ​អាចជួយ​ការ​ព្យាបាល​ វិវត្ត​កាន់​ល្អ​ប្រសើរ។ ​បើ​វេជ្ជ​បញ្ជា​អោយ​ប្រើ​ថ្នាំ​ទាំង​ពីរ​រួម​គ្នា ​គ្រូពេទ្យ​នឹង​ប្តូរ​កម្រិត​ប្រើ ​ក៏ដូចជាពេល​វេលាត្រូវប្រើប្រាស់​ថ្នាំ​ទាំង​ពីរតែម្តង។

៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង

ថ្នាំ Ceftriaxone អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរអំពើរបស់​ថ្នាំ ឬ​នាំឲ្យកើន​ឡើង​ហានិភ័យ​ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​ប្រើថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​​ ឬ​ឱសថការី​ បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ ​ឬ​ស្រា​ពី​មុន​មក។

៩- អន្តរកម្មជាមួយសុខភាព

ថ្នាំ Ceftriaxone​ អាចន​អន្តរកម្ម​លើ​បញ្ហា​សុខភាព​យើង។ អន្តរកម្ម​នេះ​អាច​​ធ្វើឲ្យ​សុខភាព​ ​កាន់តែ​ដុនដាប ឬ​អាច​ប្រែប្រួល​អំពើ​របស់​ថ្នាំ។ សំខាន់​ត្រូវប្រាប់​ស្ថានភាព​សុខភាព​យើង​បច្ចុប្បន្ន ទៅ​វេជ្ជបណ្ឌិត​ និង​ឱសថការី។ ជា​ពិសេស​បើ​មាន​ជំងឺ​ដូចជា៖

– ជំងឺ​ស្លេក (Anemia)

– រាគ

– ជំងឺថង់​ទឹក​ប្រម៉ាត់

– រលាក​លំពែង

– ជំងឺ​ក្រពះ​ពោះវៀន ​(លាក​ពោះ​វៀនធំ) សូម​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​បណ្ដាលឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

– ឡើង​ជាតិ ​ប៊ីលីរ៉ូបីន​ នៅ​ក្នុង​ឈាម (Hyperbilirubinemia) ​គួរ​ប្រើ​ថ្នាំ​នេះ​ជាមួយ​បេប៊ី​ទើប​នឹង​កើត( អាយុ​តិច​ជាង ២៨ថ្ងៃ) និង​បេប៊ី​កើត​មិន​គ្រប់​ខែ និង​មាន​បញ្ហា​នេះ។

– ជំងឺ​តម្រង​នោម

– ជំងឺ​ថ្លើម ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន ប្រសិទ្ធិភាព​ថ្នាំ​អាច​កើន​ខ្ពស់ ​ព្រោះ​ការ​បញ្ចេញ​ចោល​របស់​រាង​កាយ​មានសភាព​យឺតយ៉ាវ។

– ជំងឺ​ថ្លើម​ធ្ងន់​ធ្ងរ

– កង្វះ​អាហារូបត្ថម្ភ ​កាន់​តែ​ធ្ងន់ធ្ងរ​ពេល​ប្រើ​ថ្នាំ​ Ceftriaxone ធ្វើឲ្យយើងប្រហែល​ត្រូវ​លេប​វីតាមីន K ជំនួយ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

– កម្រិត​ថ្នាំ​សម្រាប់​ការ​បង្ករោគ​ដោយ​បាក់​តេរី៖ ១-២ ក្រាម​/​ថ្ងៃ ចាក់​តាម​សរសៃ ឬ​សាច់ដុំ ចែក​ជា ១-២​ ដង អាស្រ័យ​តាម​ប្រភេទ​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​បង្ក​រោគ។

ចំពោះ​ការ​បង្ក​រោគ​ដោយ Staphylococcus aureus (methicillin-susceptible,MSSA) ត្រូវ​ប្រើ​កម្រិត​ថ្នាំ​ ២-៤ ក្រាម/ថ្ងៃ ដើម្បី​បាន​ផល​ច្រើន​ជាង ៩០ ភាគរយ។ កម្រិត​ថ្នាំ​​ប្រចាំ​ថ្ងៃ​ត្រូវក្រោម ​៤ ក្រាម។

– កម្រិត​ថ្នាំ​សម្រាប់​ការ​បង្ក​រោគដោយ​បាក់តេរី​ក្នុង​ឈាម៖ ២ក្រាម ចាក់​តាម​សរសៃ​រាល់​ ២៤​ម៉ោង រយះ​ពេល ​១៤​ថ្ងៃ អាស្រ័យ​លើ​ប្រភេទ និង​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​បង្ក​រោគ។

– កម្រិត​ថ្នាំ​សម្រាប់​ជំងឺ Chancroid៖ ២៥០មិល្លីក្រាម ​ចាក់​សាច់​ដុំ ​១ដង ប្រឆាំងភ្នាក់​ងារ​បង្ក​រោគគឺ Haemophilus ducreyi។ ចំពោះ​អ្នក​ជំងឺ​អេដស៍​ត្រូវ​ការ​ព្យាបាល​រយះ​ពេល​យូរ​ជាង​ធម្មតា។ ​ចាក់ Ceftriaxone បាន​ លុះ​ត្រា​តែ​អ្នក​ជំងឺ​បាន​​តាម​ដាន​ត្រឹម​ត្រូវ។ អ្នក​ជំងឺ​គួរ​ធ្វើ​តេស្ត​រក​មេរោគ​ស្វាយ និង​អេដស៍​​រាល់​ ៣​ ខែ​ម្ដង​ បន្ទាប់​ពី​​តេស្ត​ដំបូង​អវិជ្ជមាន។ ដៃ​គូរួមភេទ​អ្នក​ជំងឺ ​គួរតែ​ពិនិត្យ និង​ព្យាបាល​ដូចគ្នា។

– កម្រិត​ថ្នាំ​សម្រាប់​ជំងឺ​ក្រហម​ភ្នែក (Conjunctivitis)៖ ក្រហម​ភ្នែក ​(Conjunctivitis) បង្កឡើងដោយ​សារ​មេរោគ​ប្រមេះ (Gonococcal) ១​ក្រាម​ ចាក់​លើសាច់​ដុំ ​១ ដង​។ ព្យាបាល​ដោយ​ប្រើ ​Doxycycline ​រយៈ​ពេល ​៧​ថ្ងៃ (ករណី​គ្មាន​ផ្ទៃពោះ) ឬ​ប្រើ Azithromycin តែ​ម្ដង​គត់ ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​ដោយ Chlamydia។ ដៃ​គូរួមភេទ​អ្នក​ជំងឺ ​គួរតែ​ពិនិត្យ និង​ព្យាបាល​ដូចគ្នា។

– កម្រិត​ថ្នាំ​សម្រាប់​ជំងឺ​រលាក​បំពង់​ទឹកកាម (Epididymitis) ​ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ៖ ជំងឺរលាកបំពង់ទឹកកាម (Epididymitis) បង្កដោយមេរោគ​ប្រមេះ (Gonococcal)៖ ២៥០​មិល្លីក្រាម​ ចាក់លើ​សាច់​ដុំ ១ ​ដង។ Doxycycline ១០០មិល្លីក្រាម ផឹក ​២ ដង​/ថ្ងៃ រយះ​ពេល១០​ថ្ងៃ ដើម្បី​ព្យាបាល​ការ​កើត Chlamydia។ ដៃ​គូរួមភេទ​អ្នក​ជំងឺ ​គួរតែ​ពិនិត្យ និង​ព្យាបាល​ដូចគ្នា។

– កម្រិត​ថ្នាំ​សម្រាប់ រលាក​កន្លើត (Epiglottitis)៖ ២ក្រាម ​ចាក់​សរសៃ​រាល់ ២៤​ ម៉ោង​ម្ដង រយះ​ពេល​ ៧-១០ ​ថ្ងៃ អាស្រ័យ​លើ​ប្រភេទ ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​បង្ក​រោគ។

– កម្រិត​ថ្នាំ​សម្រាប់ ជំងឺ​រលាក​ពោះវៀន​ក្រពះ ២ក្រាម​ ចាក់​តាម​សរសៃ​រាល់ ​២៤ម៉ោងម្ដង រយៈពេល ៧-១០​ ថ្ងៃ​​ចំពោះ​អ្នក​ជំងឺ​មាន​ប្រព័ន្ធភាពស៊ាំ​​ចុះខ្សោយ​។

១១- ក្មេងត្រូវប្រើកម្រិតណា?

កម្រិត​ថ្នាំ​សម្រាប់​ការ​បង្ក​រោគ​ដោយ​បាក់​តេរី៖

– អាយុ​តិច​ជាង​ ១សប្តាហ៍ ៥០ មិល្លីក្រាម៖ ​ចាក់​តាម​សរសៃ ឬ​សាច់​ដុំ​ រៀង​រាល់​ ២៤ ​ម៉ោង។

– អាយុពី ១-​៤​ សប្តាហ៍​ ទម្ងន់ ​២ ​គីឡូក្រាម​ចុះ៖ ចាក់​តាម​សរសៃ ​ឬ​សាច់ដុំ ៥០ មិល្លីក្រាម/​គីឡូ ​រយៈពេល ​២៤​ម៉ោង។

– អាយុពី ១-​៤ សប្តាហ៍ ទម្ងន់​ធ្ងន់​ជាង​ ២ ​គីឡូក្រាម៖ ចាក់​តាម​សរសៃ ឬ​សាច់​ដុំ ៥០-៧៥ មិល្លីក្រាម រៀង​រាល់ ​២៤ ​ម៉ោង។

Ceftriaxone មិន​គួរ​ប្រើ​សម្រាប់​ទារក​លើស​ជាតិ​ប៊ីលីរ៉ូបីន​នៅ​ក្នុង​ឈាម​ទេ។

អាយុ ១ខែ​ឡើង​ទៅ

-ករណី​ធ្ងន់​ធ្ងរ៖ ចាក់​តាម​សរសៃ ៥០-៧៥ មិល្លីក្រាម/គីឡូ ចែក​កម្រិត​ថ្នាំ ១២-២៤ ម៉ោង (ខ្ពស់​បំផុត ២ក្រាម/២៤ម៉ោង)។

– ករណី​គ្រោះថ្នាក់​ដល់​ជីវិត៖ ចាក់​តាម​សរសៃ ៨០-១០០ មិល្លីក្រាម ចែក​កម្រិត​ថ្នាំ ១-២ កម្រិត (កម្រិត​ថ្នាំ​ខ្ពស់​បំផុត ៤ក្រាម/២៤ម៉ោង)។

កម្រិត​ថ្នាំ​សម្រាប់​ជំងឺ​រលាក​ស្រោម​ខួរ៖

– អាយុ ០-៤ សប្តាហ៍៖ ៥០-៧៥ មិល្លីក្រាម/គីឡូ រាល់ ២៤ ម៉ោង។

Ceftriaxone មិន​គួរ​ប្រើ​សម្រាប់​ទារក​​ដែល​លើស​ជាតិ​ប៊ីលីរ៉ូបីន​នៅ​ក្នុង​ឈាម។

១ ​ខែ​ឡើង​ទៅ

– កម្រិត​ថ្នាំ​ដំបូង៖ ១០០ មិល្លីក្រាម/គីឡូ ចាក់​តាម​សរសៃ​ នៅ​ពេល​ព្យាបាល​ដំបូង ​(អាច​ប្រើ​ត្រឹម ៤ ក្រាម)។

– កម្រិត​ថែទាំ៖ ១០០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចាក់​តាម​សរសៃ ១ ថ្ងៃ​ម្តង ឬ​បែង​ចែករាល់ ១២​ ម៉ោង​ម្តង ​រយៈពេល ៧-១៤ ថ្ងៃ (អាច​ប្រើ​ត្រឹម ៤ ក្រាម/២៤ម៉ោង)។

កម្រិត​ថ្នាំ​សម្រាប់​ការ​បង្ក​រោគ​ដោយ​មេរោគ​ប្រមេះ (Gonococcal)៖

– ៤៥ ​គីឡូក្រាម​ចុះ៖ ៥០​ មិល្លីក្រាម/គីឡូ/ថ្ងៃ​ ចាក់​តាម​សរសៃ ​ឬ​សាច់​ដុំ បែង​ចែក​រៀង​រាល់ ១២ ម៉ោង​ម្តង (អាច​ប្រើ​ត្រឹម ២ ក្រាម/ថ្ងៃ)។

– ៤៥ គីឡូ​ក្រាម​ឡើង៖ ១-២ ក្រាម ​ចាក់​សរសៃ ឬ​សាច់ដុំ រៀង​រាល់ ​១២ ​ម៉ោង​ម្ដង រយៈ​ពេល១០-១៤ ថ្ងៃ។

កម្រិត​ថ្នាំ​ប្រើ​សម្រាប់​ការពារ​រលាក​ស្រោម​ខួរ (Meningococcal Meningitis Prophylaxis)៖

– អាយុ​តិច​ជាង ​១៥ ឆ្នាំ៖ ១២៥​មិល្លីក្រាម ចាក់​សាច់​ដុំ ១ ដង។

– ១៥ ឆ្នាំ​ឡើង​ទៅ៖ ២៥០​មិល្លីក្រាម ចាក់​សាច់​ដុំ ១ ដង។

កម្រិត​សម្រាប់​រលាក​សាច់​ដុំ​បេះដូង (Endocarditis) បង្ក​ដោយ ​មេរោគ​ប្រមេះ (Gonococcal)៖

– ៤៥ ​គីឡូក្រាម​ចុះ​៖ ៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ​ ចាក់​សរសៃ ​ឬ​សាច់ដុំ​ បែង​ចែក​រៀងរាល់ ​១២ ម៉ោង​ម្តង ​រយៈពេល​ ២៨ ថ្ងៃយ៉ាង​តិច (កម្រិត​ប្រើ​អតិបរមា ២ ក្រាម/ថ្ងៃ)។

– ៤៥ គីឡូក្រាម​ឡើង៖ ១-២ ក្រាម​ ចាក់​សរសៃ ឬ​សាច់ដុំ រាល់​ ១២ ​ម៉ោង​ម្ដង រយៈពេល ២៨ ថ្ងៃ​យ៉ាង​តិច។

កម្រិត​ថ្នាំ​ប្រើ​សម្រាប់​ការពារ​រលាក​សាច់​ដុំ​បេះដូង (Bacterial Endocarditis Prophylaxis)៖

– អ្នក​ជំងឺ​​មិន​អាច​ផឹក​ថ្នាំ ដោយ​មាន ​ឬ​គ្មាន​ប្រតិកម្ម​ជា​មួយ Penicillin (non-anaphylactoid type)៖ ត្រូវចាក់​តាម​សរសៃ ឬ​សាច់ដុំ ៥០ មិល្លីក្រាមគីឡូ (កម្រិត​ប្រើ​អតិបរមា ១ ក្រាម) ១ដង​ មុន​ពេល​ដំណើរ​ការ ៣០-៦០ ​នាទី។

កម្រិត​ថ្នាំ​សម្រាប់​ជំងឺ​អំបៅ​អំបែក (Otitis Media)៖

– ជំងឺ​អំបៅ​អំបែក​ដោយ​បាក់តេរី៖ ៥០ មិល្លីក្រាម/គីឡូ ​ចាក់​សាច់​ដុំ ​១ ដង (កម្រិត​ប្រើ​អតិបរមា ១ ក្រាម)។

– មិន​ជា​សះ ឬ​កើត​ឡើង​វិញ​នៃ​ជំងឺ​អំបៅ​អំបែក៖ ៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ​ ចាក់​សរសៃ​ឬសាច់​ដុំ ១ ដង/ថ្ងៃ រយៈពេល ​៣ថ្ងៃ (កម្រិត​ប្រើ​អតិបរមា ១ ក្រាម/ថ្ងៃ)។

Ceftriaxone មិន​គួរ​ប្រើ​សម្រាប់​ទារក​​លើស​ជាតិ​ប៊ីលីរ៉ូបីន​នៅ​ក្នុង​ឈាម​ទេ។

១២- មានទម្រង់បែបណាខ្លះ?

Ceftriaxone មាន​ជា​ទម្រង់​ និង​កម្រិត​ដូច​ខាង​ក្រោម៖

– សូលុយស្យុង ចាក់​តាម​សរសៃ (Intravenous)៖ ២០ មិលី្លក្រាម/មិលី្លលីត្រ​ និង ៤០ មិលី្លក្រាម/មិលី្លលីត្រ។

– សូលុយស្យុងចាក់៖ ២៥០មិលី្លក្រាម ៥០០មីលី្លក្រាម ១ក្រាម  និង ២ ក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​​នៅ​ជិត​អ្នក​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

ប្រសិន​បើ​ភ្លេចចាក់ថ្នាំ Ceftriaxone សូម​ប្រើ​វា​ភ្លាម។ ប៉ុន្តែបើ​កៀក​ពេល​ប្រើ​ថ្នាំ​បន្ទាប់​ហើយ​សូម​រំលង​ថ្នាំភ្លេច​នោះ​ ​ប្រើថ្នាំ​តាម​ពេល​ត្រូវ​ប្រើ​បន្ត​។ សូម​កុំប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ceftriaxone (injection) https://www.drugs.com/mtm/ceftriaxone-injection.html. Accessed July 8, 2016.

Ceftriaxone Injection http://www.webmd.com/drugs/2/drug-7013/ceftriaxone-injection/details. Accessed July 8, 2016.

Ceftriaxone Injection https://www.nlm.nih.gov/medlineplus/druginfo/meds/a685032.html. Accessed July 8, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម