ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Aerius® (Desloratadine) ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Aerius® ប្រើដើម្បីបន្ថយរោគសញ្ញារលាកច្រមុះ ដោយអាលែកហ្ស៊ី (រលាកផ្លូវដង្ហើមបណ្តាលមកពី គ្រុនក្តៅ អាលែកហ្ស៊ីជាមួយធូលី) ឬឡើងកន្ទាលត្រអាក (បញ្ហាស្បែកបណ្តាលមកពីអាលែកហ្ស៊ី មានរោគសញ្ញារមាស់ និងឡើងកន្ទួលលើស្បែក)។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវប្រើថ្នាំ Aerius® តាមការណែនាំរបស់គ្រូពេទ្យ និងតាមការណែនាំលើសំបកថ្នាំ ហើយមិនត្រូវលេបលើសកម្រិត ឬយូរជាងការណែនាំ។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Aerius® ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ
– មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ
– កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនប្រើ ជារឿងចាំបាច់។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ថ្នាំ Aerius® អាចបង្កឲ្យមានផលរំខានមួយចំនួនដូចជា៖
– ហើម
– រមាស់ស្បែក
– រោល
– បេះដូងដើរលឿន ឬចង្វាក់បេះដូងមិនប្រក្រតី ជីពចរអត់ស្មើ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាព Aerius® ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានអន្តរកម្មជាមួយឱសថនេះដូចជា៖ Atorvastatin, Augmentin (amoxicillin / clavulanate), Celebrex (celecoxib), Cetirizine, Crestor (rosuvastatin), Cymbalta (duloxetine), Escitalopram, Ibuprofen, Metformin និង Naproxen ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតត្រូវប្រើ សម្រាប់មនុស្សពេញវ័យ និងវ័យជំទង់ (១២ ឆ្នាំឡើង) ៥មិល្លីក្រាម ម្តងក្នុងមួយថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
– សម្រាប់ក្មេង អាយុពី ១-៥ ឆ្នាំ៖ កម្រិតថ្នាំត្រូវប្រើ ១,២៥មិល្លីក្រាម ម្តងក្នុងមួយថ្ងៃ ប្រើជាសេរ៉ូ ឬសូលុស្យុងលាយសម្រាប់ផឹក។
– សម្រាប់ក្មេង អាយុពី ៦-១១ ឆ្នាំ៖ កម្រិតថ្នាំត្រូវប្រើ ២,៥មិល្លីលីត្រ ម្តងក្នុងមួយថ្ងៃ ប្រើជា ៥មិល្លីលីត្រ ប្រើជាសេរ៉ូ ឬសូលុស្យុងលាយសម្រាប់ផឹក ឬ ២,៥មិល្លីក្រាម (ថ្នាំគ្រាប់រលាយក្នុងមាត់)។
១២- មានទម្រង់បែបណាខ្លះ?
Aerius® អាចមានទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់
– សូលុយស្យុងសម្រាប់ផឹក។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
[embed-health-tool-bmi]