ស្វែងយល់ពីការប្រើប្រាស់
១– ថ្នាំ Cephalexin ព្យាបាលជំងឺអីខ្លះ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១– ថ្នាំ Cephalexin ព្យាបាលជំងឺអីខ្លះ?
Cephalexin ឬយើងហៅថា Cefalexin ជាថ្នាំផ្សះប្រើប្រាស់សម្រាប់ព្យាបាលការឆ្លងរោគ បង្កដោយពពួកបាក់តេរី។ ថ្នាំនេះស្ថិតក្នុងក្រុមថ្នាំផ្សះ Cephalosporins សកម្មភាពរបស់វាបញ្ឈប់ការលូតលាស់បាក់តេរី។ថ្នាំផ្សះប្រភេទនេះពុំមានប្រសិទ្ធិភាពជាមួយរោគដែលបង្កដោយពពួកវីរុស ដូចជាជំងឺផ្តាសាយធម្មតាទេ។ បើយើងប្រើថ្នាំផ្សះពេលមិនចាំបាច់ អាចស៊ាំថ្នាំបាន ដូចនេះយើងគួរតែប្រើពេលគ្រូពេទ្យណែនាំប៉ុណ្ណោះ។
Cefalexin អាចប្រើមុនពេលធ្វើធ្មេញសម្រាប់អ្នកមានបញ្ហាបេះដូង (ដាក់វ៉ាល់បេះដូងសិប្បនិមិត្ត) និងបង្ការកុំឲ្យមានជំងឺឆ្លងបេះដូង។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ធ្វើតាមការណែនាំរបស់គ្រូពេទ្យ ឬឱសថការីមុនពេលប្រើ ។ យើងត្រូវលេបថ្នាំនេះជាមួយអាហារ ឬពោះទទេ ចន្លោះពី ៦-១២ ម៉ោង។ ប្រើប្រភេទថ្នាំទឹក សូមក្រឡុកវាឲ្យបានសព្វមុននឹងប្រើ។ វាស់កម្រិតថ្នាំឲ្យបានច្បាស់លាស់ជាមួយស្លាព្រា ឬគម្របដែលភ្ជាប់មកជាមួយថ្នាំ។ ចៀសវាងប្រើស្លាបព្រាធម្មតា នាំឲ្យខុសកម្រិតត្រូវប្រើប្រាស់។ កម្រិតប្រើអាស្រ័យទៅតាមស្ថានភាពជំងឺ និងការការព្យាបាល ចំពោះ កូនក្មេងវិញគិតទៅតាមគីឡូក្រាម។
ថ្នាំផ្សះបែបនេះមានប្រសិទ្ធិភាពខ្ពស់នៅពេលយើងលេបវាបានទៀងពេលល្អ។ ព្យាយាមបន្តលេបថ្នាំនេះឲ្យបានគ្រប់កម្រិតដែលគ្រូពេទ្យបានដាក់ឲ្យ ទោះបីជារោគសញ្ញាបាត់ក៏ដោយ។ ការឆាប់ឈប់ពេកអាចធ្វើឲ្យមេរោគនៅតែលូតលាស់ បណ្តាលឆ្លងរោគឡើងវិញម្តងទៀត។ យើងត្រូវឆាប់ប្រាប់គ្រូពេទ្យភ្លាមៗ ប្រសិនបើលេបហើយជំងឺមិនបានធូរ ឬធ្ងន់ជាងមុន។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Cephalexin អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក ថ្នាំ Cephalexin ផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
យើងមិនគួរប្រើថ្នាំនេះទេ ប្រសិនបើមានប្រតិកម្មជាមួយ Cephalexin ឬក្រុម Cephalosporin ផ្សេងទៀតដូចជា Cefaclor (Ceclor), Cefadroxil (Duricef), Cefdinir (Omnicef), Cefditoren (Spectracef), Cefixime (Suprax), Cefprozil (Cefzil), Ceftazidime (Fortaz), Cefuroxime (Ceftin)។
មុនប្រើប្រាស់ថ្នាំនេះ យើងគួរប្រាប់គ្រូពេទ្យពីប្រភេទថ្នាំផ្សេងៗដែលយើងមានប្រតិកម្មជាមួយឮពិសេសថ្នាំ Penicillins ឬពេលដែលយើងមាន៖
– ជំងឺតម្រងនោម
– ជំងឺថ្លើម
– បញ្ហាក្រពះ ឬពោះវៀនខុសប្រក្រតី
– ជំងឺទឹកនោមផ្អែម
– កង្វះអាហាររូបត្ថម្ភ
បើយើងមានបញ្ហាណាមួយខាងលើ គ្រូពេទ្យអាចកែប្រែកម្រិតថ្នាំត្រូវប្រើ ឬធ្វើតេស្តសាកល្បងមួយចំនួនមុនប្រើ។ ថ្នាំ Cephalexin ប្រភេទទឹកមានជាតិស្ករ ដូចនេះអាចប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែម។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
រហូតមកដល់ពេលនេះនៅមិនទាន់មានការសិក្សាណាមួយ ទៅលើស្ត្រីដែលអាចបញ្ជាក់បានពីគ្រោះថ្នាក់នៃការប្រើថ្នាំ Cephalexin នៅអំឡុងមានផ្ទៃពោះ ឬពេលបំបៅដោះកូននៅឡើយទេ។ គួរតែពិភាក្សាជាមួយគ្រួពេទ្យជំនាញ ដើម្បីបានដឹងពីគុណសម្បត្តិ ឬផលប៉ះពាល់ផ្សេងៗ មុនពេលប្រើថ្នាំនេះ។ ថ្នាំនេះស្ថិតនៅក្នុងគ្រោះថ្នាក់កម្រិត C ដោយយោងតាមរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក(FDA)។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យបើ ប្រើហើយអ្នកជំងឺមានបញ្ហាប្រតិកម្មដូចជា ចេញកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត និងងបំពង់ក ។
ឈប់ប្រើថ្នាំ Cephalexin ភ្លាម ហើយទាក់ទងទៅគ្រូពេទ្យ បើមានបញ្ហាប្រតិកម្មធ្ងន់ធ្ងរដូចជា៖
– រាក (រាកទឹក ឬមានឈាម)
– ប្រកាច់
– ក្តៅខ្លួន ឈឺក និងឈឺក្បាល មានពងបែក របកស្បែក និងចេញកន្ទួលក្រហមលើស្បែក។
– ស្បែកស្លេក ឬចេញពណ៌លឿង ទឹកនោមពណ៌ខ្មៅ ក្តៅខ្លួន វង្វេងវង្វាន់ ឬអស់កម្លាំង
– ងាយជាំ ឬហូរឈាម កម្លាំងចុះខ្សោយខុសធម្មតា
– ឆេវឆាវ ស្រមើស្រមៃផ្តេសផ្តាស
– បត់ជើងតូចតិចជាងធម្មតា ឬមិនបត់ជើងសោះ។
ផលរំខានដែលមិនសូវធ្ងន់ធ្ងរមួយចំនួនទៀតដូចជា៖
– ក្អួត រាក
– វិលមុខ ល្ហិតល្ហៃ
– ឈឺសន្លាក់
– រមាស់ទ្វារមាស ឬមានធ្លាក់ស។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
៧– អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាព Cefalexin ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
យើងមិនគួរប្រើថ្នាំនេះជាមួយ Cholestyramine ឬ Metformin ទេ ព្រោះកាន់តែងាយមានផលរំខាននៃថ្នាំ។ បើមានករណីចាំបាច់ណាមួយ នោះគ្រូពេទ្យនឹងដូរនូវកម្រិតថ្នាំ ឬពេលត្រូវប្រើថ្នាំទាំង២មុខនេះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនប្រើថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
Cefalexin អាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– រលាកពោះវៀនធំ
– រាកធ្ងន់ធ្ងរ (ត្រូវប្រើថ្នាំនេះដោយប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើឲ្យអ្នកមានស្ថានភាពធ្ងន់ធ្ងរបាន)
– ជំងឺតម្រងនោម (ប្រើដោយប្រុងប្រយ័ត្ន ព្រោះឥទ្ធិពលថ្នាំអាចខ្លាំងជាងធម្មតាដោយសារជាតិថ្នាំបញ្ចេញចោលតាមតម្រងនោមយឺតជាងធម្មតា)។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនប្រើថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
បង្ការរលាកសាច់ដុំបេះដូងបង្កដោយពួកបាក់តេរី (Bacterial Endocarditis prophylaxis)៖ លេប ២ក្រាម ១ ម៉ោងមុនពេលចាប់ផ្តើមការព្យាបាល។
– ព្យាបាលជំងឺរលាកតម្រងនោម (Cystitis)៖ លេប ២៥០មិល្លីក្រាម រៀងរាល់ ៦ម៉ោង ឬ ៥០០មិល្លីក្រាម រៀងរាល ១២ម៉ោង រយៈពេលពី ៧-១៤ ថ្ងៃ។
- ជំងឺរលាកត្រចៀកកណ្តាល (Otitis Media)៖ លេប ៥០០មិល្លីក្រាម រៀងរាល់ ៦ម៉ោង រយៈពេល១០-១៤ថ្ងៃ
– ជំងឺរលាកបំពង់ក (Pharyngitis)៖ លេប ២៥០មិល្លីក្រាម រៀងរាល់ ៦ម៉ោង ឬ ៥០០មិល្លីក្រាម រៀងរាល់ ១២ម៉ោង។
– ការឆ្លងរោគនៅស្បែក៖ លេប ២៥០មិល្លីក្រាម រៀងរាល់ ៦ម៉ោង ឬ៥០០មិល្លីក្រាម រៀងរាល់ ១២ ម៉ោង។
- ជំងឺរលាកឆ្អឹង (Osteomyelitis)៖ លេប ៥០០មិល្លីក្រាម រៀងរាល់ ៦ ម៉ោង។
ការព្យាបាលគួរបន្តដល់ ៤-៦ សប្តាហ៍ អាស្រ័យលើមូលហេតុ និងភាពធ្ងន់ធ្ងរនៃការឆ្លងរោគ។ ព្យាបាលជំងឺរលាកឆ្អឹងរ៉ាំរ៉ៃ ត្រូវបន្តប្រើថ្នាំរហូតដល់ ១-២ ខែថែមទៀត ហើយយកល្អគួរតែវះកាត់លាងសម្អាតរបួសចេញ។
- រលាកក្រពេញប្រូស្តាត៖ លេប ៥០០មិល្លីក្រាម រៀងរាល់ ៦ម៉ោង រយៈពេល ១៤ ថ្ងៃ។
– ជំងឺរលាកតម្រងនោម (Pyelonephritis)៖ លេប ៥០០មិល្លីក្រាម រៀងរាល់ ៦ម៉ោង រយៈពេល ១៤ ថ្ងៃ។
- ការឆ្លងរោគផ្លូវដង្ហើមផ្នែកខាងលើ៖ លេប ២៥០-៥០០ មិល្លីក្រាម រៀងរាល់ ៦ម៉ោង រយៈពេល ៧-១០ ថ្ងៃ។
- ការបង្ករោគដោយពួកបាក់តេរី៖ លេប ២៥០-៥០០ មិល្លីក្រាម រៀងរាល់ ៦ម៉ោង ហើយការព្យាបាលនេះគួរបន្តដល់ ៧-២១ ថ្ងៃ អាស្រ័យលើមូលហេតុ និងភាពធ្ងន់ធ្ងរនៃការឆ្លងរោគ។
១១- ក្មេងត្រូវប្រើកម្រិតណា?
- ជំងឺអំបៅអំបែក៖ លេប ១២,៥-២៥ មិល្លីក្រាម/គីឡូ រៀងរាល់ ៦ ម៉ោង។
– រលាកបំពង់ក៖ អាយុលើសពី ១ឆ្នាំ រលាកបំពង់ក បង្កដោយមេរោគ Streptococcal លេប ១២,៥-២៥ មិល្លីក្រាម/គីឡូ រៀងរាល់ ១២ ម៉ោង។
- ការឆ្លងរោគលើស្បែក៖ លេប ១២,៥-២៥មិល្លីក្រាម/គីឡូ រៀងរាល់ ១២ ម៉ោង។
– រលាកសាច់ដុំបេះដូងបង្កដោយពួកបាក់តេរី (Bacterial Endocarditis prophylaxis) សម្រាប់អ្នកជំងឺមានប្រតិកម្មជាមួយថ្នាំ penicillin៖ លេប ៥០ មិល្លីក្រាម/គីឡូ (អតិបរមា ២ក្រាម) តែម្ដងគត់ ឲ្យបាន ១ម៉ោងមុនពេលចាប់ផ្តើមការព្យាបាល។
១២- មានទម្រង់បែបណាខ្លះ?
Cefalexin មានទម្រង់ និងកម្រិតថ្នាំដូចខាងក្រោម៖
– ថ្នាំគ្រាប់លេប៖ ២៥០មិល្លីក្រាម ៥០០ មិល្លីក្រាម
– ថ្នាំគ្រាប់លេបមានសំបក (ខេបស៊ុល)៖ ២៥០មិល្លីក្រាម ៥០០មិល្លីក្រាម និង ៧៥០ មិល្លីក្រាម
– ថ្នាំម្សៅសម្រាប់លាយទឹក (Powder for suspension)៖ ១២៥មិល្លីក្រាម/៥ មិល្លីលីត្រ ២៥០មិល្លីក្រាម/៥មិល្លីលីត្រ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Cephalexin https://www.nlm.nih.gov/medlineplus/druginfo/meds/a682733.html. Accessed July 8, 2016.
Cefalexin https://www.drugs.com/international/cefalexin.html. Accessed July 8, 2016.
Cephalexin https://www.drugs.com/cephalexin.html. Accessed July 8, 2016.