ស្វែងយល់ពីការប្រើប្រាស់
១- តើថ្នាំ Panadol ប្រើដើម្បីអ្វី?
Panadol ជាថ្នាំបំបាត់ការឈឺចាប់ និងបញ្ចុះកម្ដៅ ប្រើសម្រាប់ព្យាបាលអាការៈឈឺក្បាល ឈឺសាច់ដុំ រលាកសន្លាក់ ឈឺចង្កេះ ឈឺធ្មេញ ផ្ដាសាយ និងគ្រុនក្ដៅ។ ថ្នាំ Panadol មានច្រើនប្រភេទ អាចជាថ្នាំគ្រាប់សម្រាប់លេប ថ្នាំសុលតាមរន្ធគូទ និងថ្នាំដាក់ទឹកពុះ។
២- តើគេប្រើថ្នាំ Panadol របៀបម៉េច?
– ថ្នាំគ្រាប់៖
- លេបថ្នាំនេះតាមការណែនាំរបស់គ្រូពេទ្យ ឬតាមក្រដាសណែនាំក្នុងប្រអប់ថ្នាំ
- បើមិនច្បាស់ពីព័ត៌មានទាំងនោះ សូមពិគ្រោះជាមួយឱសថការី ឬគ្រូពេទ្យ។
– ថ្នាំសុល៖
- ហែកសម្បកថ្នាំ និងយកថ្នាំសុលចេញមកក្រៅ
- ដើម្បីងាយស្រួលសុល សូមផ្សើមថ្នាំបន្តិចសិន មុននឹងសុល
- សូមសុលទៅតាមកម្រិតណែនាំ។
– ថ្នាំដាក់ទឹកពុះ៖
- ទម្លាក់គ្រាប់ថ្នាំចូលក្នុងទឹកមួយកែវ នៅក្នុងសីតុណ្ហភាពបន្ទប់ធម្មតា
- ត្រូវចាំរហូតដល់ថ្នាំរលាយអស់
- ត្រូវផឹកទឹកក្នុងកែវឲ្យអស់។
៣- គួររក្សាទុកយ៉ាងម៉េច?
– Panadol អាចរក្សាទុកបានល្អនៅក្នុងសីតុណ្ហភាពល្មម ឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។
– មិនត្រូវទុក Panadol នៅក្នុងបន្ទប់ទឹក ឬនៅក្នុងទូទឹកកកទេ។
– វិធីរក្សាទុកអាចខុសគ្នាទៅតាមរោងចក្រផលិត ដូចនេះត្រូវពិនិត្យមើលក្រដាសណែនាំ និងសាកសួរព័ត៌មានពីឱសថការី។
– គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
– មិនត្រូវចោលថ្នាំ Panadol តាមបង្គន់ ឬក៏តាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំឲ្យធ្វើបែបនេះ។
– ត្រូវកម្ទេចផលិតផលប្រភេទនេះឲ្យត្រឹមត្រូវនៅពេលដល់កាលកំណត់ ឬលែងត្រូវការប្រើ។ សូមពិភាក្សាជាមួយឱសថការីសម្រាប់ព័ត៌មានលម្អិតរបៀបកម្ទេចថ្នាំ។
អត្ថបទពាក់ព័ន្ធ៖
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើប្រាស់ថ្នាំ Panadol?
មុនពេលប្រើថ្នាំ Panadol យើងត្រូវប្រាប់គ្រូពេទ្យ ឬឱសថការីក្នុងករណី៖
– ធ្លាប់ប្រតិកម្មជាមួយថ្នាំប្រភេទនេះ ឬថ្នាំផ្សេងទៀត
– មានជំងឺបញ្ហាសុខភាព ពិសេសជំងឺថ្លើម ការផឹក ឬញៀនស្រា
– មានជំងឺ Phenylketonuria (ជំងឺតពូជត្រូវការរបបអាហារត្រឹមត្រូវដើម្បីបង្ការករណីវិកលចរិត) ឬជំងឺទឹកនោមផ្អែម ព្រោះថ្នាំគ្រាប់ Panadol របស់ក្រុមហ៊ុនខ្លះ មានជាតិផ្អែម និងសារធាតុផ្អែម Aspartame ។
៥- Panadol មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនដែរទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត B សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ថ្នាំ Panadol មានផលរំខានអ្វីខ្លះ?
ជាធម្មតា ថ្នាំនេះមិនធ្វើឲ្យប៉ះពាល់អ្វីទេ តែបើមានប្រតិកម្មជាមួយថ្នាំ Panadol (កម្រ) នឹងធ្វើឲ្យលេចចេញរោគសញ្ញាដូចជា៖
– លាមកខ្មៅ ឬលាមកមានឈាម
– ទឹកនោមល្អក់ ឬនោមឈាម
– ក្ដៅខ្លួន ឬក្ដៅញាក់ (មុនប្រើថ្នាំមិនមានអាការៈក្ដៅញាក់)
– ឈឺខ្នង ឈឺចង្កេះខ្លាំង
– ចេញអុចៗក្រហមលើស្បែក
– ស្បែកចេញកន្ទួល ឬរមាស់ កន្ទាលត្រអាក
– ឈឺក (មុនប្រើថ្នាំមិនមានឈឺកទេ)
– ឈឺដំបៅ ឬចំណុចស នៅលើបបូរមាត់ ឬនៅក្នុងមាត់
– ចំណុះទឹកនោមថយចុះភ្លាមៗ
– ហូរឈាម ឬចេញស្នាមជាំ
– នឿយហត់ អស់កម្លាំង
– ភ្នែក ឬស្បែកឡើងលឿង។
មនុស្សគ្រប់គ្នាមិនប្រាកដថា មានផលរំខានទាំងអស់គ្នានោះទេ។ មានផលរំខានជាច្រើនទៀត ដែលមិនបានរៀបរាប់នៅខាងលើ ដូចនេះយើងគួរពិភាក្សាជាមួយគ្រូពេទ្យ បើនៅមានកង្វល់ជុំវិញផលរំខានរបស់ថ្នាំ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ Panadol និងថ្នាំដទៃ
ថ្នាំអ្នកកំពុងប្រើមួយចំនួន អាចមានអន្តរកម្មជាមួយថ្នាំ Panadol ធ្វើឲ្យប្រសិទ្ធិភាពថ្នាំថយចុះ ឬកើនឡើង បង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។
ខាងក្រោមនេះជាឥទ្ធិពលរបស់ថ្នាំ Panadol ទៅលើឱសថដទៃទៀត៖
– អាចបន្ថយកម្រិតពពួកថ្នាំប្រឆាំងអាការៈប្រកាច់ ដូចជាថ្នាំ Phenytoin, Barbiturates និងថ្នាំ Carbamazepine
– អាចបង្កើនប្រសិទ្ធិភាពថ្នាំពង្រាវឈាម ដូចជាថ្នាំ Warfarin និងពពួកថ្នាំ Coumarins
– បង្កើនការស្រូបរបស់ថ្នាំបំបាត់ក្អួត ដូចជាថ្នាំ Metoclopramide និងថ្នាំ Domperidone
– អាចបង្កើនកម្រិតថ្នាំ Probenecid និងថ្នាំ Chloramphenicol
– បន្ថយការសមត្ថភាពរាងកាយស្រូបថ្នាំ Cholestyramine
– អាចបណ្ដាលឲ្យចុះកម្ដៅត្រជាក់ជ្រុល បើប្រើជាមួយថ្នាំ Phenothiazine។
ដើម្បីចៀសវាងប្រតិកម្មទាំងអស់នេះ គួរតែធ្វើការកត់ចំណាំរាល់ថ្នាំទាំងអស់យើងកំពុងប្រើ រាប់បញ្ចូលទាំងថ្នាំមានវេជ្ជបញ្ជា ថ្នាំគ្មានវេជ្ជបញ្ជា និងឱសថបុរាណ ហើយយកថ្នាំទាំងអស់នោះ ទៅពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។ ដើម្បីមានសុវត្ថិភាពក្នុងការប្រើប្រាស់ មិនត្រូវចាប់ផ្ដើម បញ្ឈប់ ឬប្ដូរកម្រិតថ្នាំដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យឡើយ។
៨- អន្តរកម្មរវាងថ្នាំ Panadol ជាមួយអាហារ និងគ្រឿងស្រវឹង
អាហារនិងគ្រឿងស្រវឹង អាចធ្វើឲ្យដំណើរការរបស់ថ្នាំ Panadolប្រែប្រួល ឬផ្តល់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។ អ្នកមិនគួរប្រើ Panadol នៅពេលអ្នកផឹកគ្រឿងស្រវឹងទេ ព្រោះងាយធ្វើឲ្យពុលថ្លើម។
៩- អន្តរកម្មរវាងថ្នាំ Panadol និងបញ្ហាសុខភាព
បើមានជំងឺថ្លើម និងញៀនស្រា ការប្រើ Panadol នឹងធ្វើឲ្យថ្លើមកាន់តែចុះខ្សោយ ថ្នាំក៏មិនសូវមានប្រសិទ្ធិភាពដូចគ្នា។ បើមានជំងឺថ្លើម ឬញៀនស្រា គួរតែជួបគ្រូពេទ្យសិន មុននឹងប្រើថ្នាំនេះ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំ Panadol កម្រិតណា?
កម្រិតធម្មតាសម្រាប់គ្រុនក្ដៅ និងការឈឺចុកចាប់៖
– ថ្នាំគ្រាប់សម្រាប់លេប៖
- Panadol®៖ ១-២ គ្រាប់ រៀងរាល់ ៤-៦ ម៉ោងម្ដង មួយថ្ងៃអាចលេបច្រើនបំផុតត្រឹម ៨គ្រាប់
- Panadol® Extra៖ ១-២ គ្រាប់ រៀងរាល់ ៤-៦ ម៉ោងម្ដង មួយថ្ងៃ អាចលេបច្រើនបំផុតត្រឹម ៤០០០មិល្លីក្រាម នៃជាតិអាសេតាមីណូហ្វេន និងជាតិកាហ្វេអ៊ីន ៥២០មិល្លីក្រាម។
– សុលតាមរន្ធគូទ៖ ៦៥០មិល្លីក្រាម រៀងរាល់ ៤-៦ ម៉ោងម្ដង មួយថ្ងៃ អាចសុលច្រើនបំផុត ៣៩០០ មិល្លីក្រាម ។
១១- ថ្នាំ Panadol ត្រូវប្រើលើក្មេងក្នុងកម្រិតណា?
កម្រិតធម្មតាសម្រាប់គ្រុនក្ដៅ និងការឈឺចុកចាប់៖
– ក្មេង ១២ ឆ្នាំឡើង៖ ១០-១៥ មិល្លីក្រាម/គីឡូ/ថ្ងៃ រៀងរាល់ ៤-៦ ម៉ោង កម្រិតអតិបរមា ៦០ មិល្លីក្រាម/គីឡូ/ថ្ងៃ
– ក្មេងអាយុក្រោម ១២ឆ្នាំ មិនគួរឲ្យថ្នាំ Panadol Extra ទេ។
១២- ទម្រង់ថ្នាំ Panadol លើទីផ្សារយ៉ាងម៉េចខ្លះ?
– ទម្រង់ថ្នាំចំពោះមនុស្សធំមានដូចជា៖
- Panadol គ្រាប់ ៥០០មិល្លីក្រាម
- Panadol extra គ្រាប់ ផ្សំពី Paracetamol ៥០០មិល្លីក្រាម និងកាហ្វេអ៊ីន ៦៥មិល្លីក្រាម
- Panadol ដាក់ទឹកពុះ ៥០០មិល្លីក្រាម
- Panadol សុលគូទ ៥០០មិល្លីក្រាម
– ទម្រង់ថ្នាំចំពោះក្មេងៗមានដូចជា៖
- Panadol គ្រាប់ទំពា ១២០មិល្លីក្រាម នៃប៉ារ៉ាសេតាម៉ុល
- Panadol ទឹកបន្តក់ ២០មិល្លីលីត្រ
- Panadol សេរ៉ូម ២០០មិល្លីលីត្រ
- Panadol សុលគូទ ១២៥មិល្លីលីត្រ
- Panadol® Elixir ១០០មិល្លីលីត្រ
- Panadol® Soluble
- Panadol ដាក់ទឹកពុះ
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]