ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Tetracycline ព្យាបាលអីខ្លះ?
Tetracycline ប្រើសម្រាប់ព្យាបាលការបង្ករោគ រួមទាំងជំងឺមុនផងដែរ។ វាជាប្រភេទថ្នាំផ្សះ ប្រឆាំងការលូតលាស់របស់បាក់តេរី។ គេប្រើថ្នាំផ្សះប្រឆាំងការបង្ករោគដោយបាក់តេរី តែមិនមែនសម្រាប់ការពារការបង្ករោគពីវីរុស ពិសេសជំងឺផ្តាសាយធម្មតា ឬផ្តាសាយធំនោះទេ។ ការប្រើប្រាស់មិនត្រឹមត្រូវ អាចធ្វើប្រសិទ្ធភាពថ្នាំថយចុះ។
Tetracycline អាចប្រើជាមួយថ្នាំប្រឆាំងដំបៅ (Anti-Ulcer) ដើម្បីព្យាបាលជំងឺដំបៅក្រពះផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ដើម្បីឲ្យថ្នាំ Tetracycline មានប្រសិទ្ធភាពល្អបំផុត ត្រូវប្រើមុនពេលអាហារ ១ម៉ោង ឬក្រោយ ២ ម៉ោង។ បើមានជំងឺឈឺក្រពះ ត្រូវសួរគ្រូពេទ្យពីវិធីប្រើថ្នាំនេះជាមួយអាហារ។ ត្រូវផឹកទឹកមួយកែវពេញ (២៤០មិល្លីលីត្រ) លើកលែងតែគ្រូពេទ្យណែនាំឲ្យផឹករបៀបផ្សេងវិញ។ ហាមដេករយៈពេល ១០ នាទីក្រោយលេបថ្នាំ ហេតុនេះមិនត្រូវលេបថ្នាំនេះមុនពេលចូលគេងនោះទេ។
ថ្នាំប្រភេទនេះ អាចប្រើ ២-៣ ម៉ោងមុន ឬក្រោយ ប្រើប្រើថ្នាំផ្សេងមានផ្ទុកសារធាតុម៉ាញ៉េស្យូម អាលុយមីញ៉ូម ឬកាល់ស្យូម មានដូចជា ថ្នាំប្រឆាំងអាស៊ីដក្រពះ Antacid ថ្នាំ Quinapril ថ្នាំ មានទម្រង់ Didanosine (ថ្នាំទំពា ដាក់ទឹកពុះ ឬថ្នាំទឹកសម្រាប់កុមារ) វីតាមីន សារធាតុរ៉ែ និង សារធាតុ Sucralfate ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ មានទឹកដោះគោ ទឹកដោះគោជូរ ទឹកផ្លែឈើសម្បូរកាល់ស្យូម ថ្នាំ Bismuth Subsalicylate សារជាតិដែក និងស័ង្កសី។ ព្រោះផលិតផលទាំងនេះ មានប្រតិកម្មជាមួយថ្នាំ Tetracycline ធ្វើឲ្យថ្នាំនេះមិនអាចស្រូបចូលរាងកាយពេញលេញ។
កម្រិតប្រើថ្នាំ អាស្រ័យលើស្ថានភាពសុខភាព និងការឆ្លើយតបវិធីព្យាបាល។ ចំពោះក្មេងអាយុច្រើនជាង ៨ឆ្នាំ កម្រិតថ្នាំ អាស្រ័យលើទម្ងន់។
ថ្នាំផ្សះមានប្រសិទ្ធភាពបំផុតនៅពេលបរិមាណថ្នាំក្នុងខ្លួននៅថេរ ដូចនេះត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវចន្លោះពេល និងតាមកាលកំណត់។
បន្តប្រើថ្នាំឲ្យគ្រប់កម្រតិ និងដល់ថ្ងៃកំណត់របស់គ្រូពេទ្យ ទោះបីរោគសញ្ញាជំងឺបាត់ទៅវិញក៏ដោយ ព្រោះករណីឈប់ប្រើថ្នាំលឿនពេកអាចបណ្ដាលឲ្យបាក់តេរី បន្តលូតលាស់ឡើងវិញ ជាហេតុបង្ករោគសារជាថ្មី។ ប្រាប់គ្រូពេទ្យបើស្ថានភាពជំងឺនៅដដែល ឬកាន់តែធ្ងន់ធ្ងរ។
៣- រក្សាទុកថ្នាំនេះដោយវិធីណា?
ថ្នាំ Tetracycline អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Tetracycline ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Tetracycline ត្រូវប្រាប់គ្រូពេទ្យប្រសិនបើបញ្ហាប្រតិកម្មជាមួយថ្នាំដូចជា៖
– ប្រតិកម្មអាលែកហ្ស៊ី៖ ត្រូវប្រាប់គ្រូពេទ្យបើធ្លាប់មានអាការៈមិនស្រួល ឬធ្លាប់មានប្រតិកម្មជាមួយថ្នាំនេះ ឬថ្នាំដទៃ។ ប្រាប់គ្រូពេទ្យបើមានប្រតិកម្មផ្សេងៗ ដូចជា ប្រតិកម្មជាមួយអាហារ ជាតិពណ៌ សាធាតុរក្សាគុណភាពអាហារបានយូរ ឬមានប្រតិកម្មជាមួយសត្វ។ សម្រាប់ថ្នាំ គ្មានវេជ្ជបញ្ជាត្រូវអានក្រដាសណែនាំ ឬពិនិត្យរកមើលគ្រឿងផ្សំរបស់ថ្នាំជាមុន។
– សម្រាប់ក្មេង៖ ថ្នាំ Tetracyclines អាចបណ្តាលឲ្យធ្មេញប្តូរពណ៌ និងធ្វើឲ្យឆ្អឹងលូតលាស់យឺត។ ថ្នាំនេះ ជាធម្មតាមិនអនុញ្ញាតឲ្យប្រើលើក្មេងៗអាយុក្រោម ៨ ឆ្នាំទេ លុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យឯកទេសជំងឺកុមារ។
– សម្រាប់មនុស្សចាស់៖ មិនមានព័ត៌មានជាក់លាក់ណាមួយ ពាក់ព័ន្ធផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ Tetracyclines ចំពោះមនុស្សចាស់ ឬមនុស្សវ័យជំទង់នៅឡើយទេ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភា្លមៗ បើប្រទះផលរំខាន រោគសញ្ញាប្រតិកម្ម ដូចជា កើតកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ មាត់ អណ្តាត ឬបំពង់ក។
ត្រូវឈប់ប្រើថ្នាំ Tetracycline និងប្រញាប់ទៅរកពេទ្យជាបន្ទាន់ បើមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា៖
– ឈឺក្បាលខ្លាំង វិលមុខ ស្រវាំងភ្នែក
– ក្តៅខ្លួន ញ័រញាក់ ឈឺខ្លួន មានរោគសញ្ញាផ្តាសាយធំ
– មានពងបែកធ្ងន់ធ្ងរ របកស្បែក កន្ទួលលើស្បែក
– នោមតិច ឬអត់នោម
– ស្លេក ឬស្បែកឡើងលឿង ទឹកនោមពណ៌លឿងចាស់ ក្តៅខ្លួន វង្វេង អស់កម្លាំង
– ឈឺពោះខ្លាំងចាក់ទៅដល់ខ្នង ចង្អោរ ក្អួត បេះដូងដើរញាប់
– មិនឃ្លានអាហារ ឡើងលឿងស្បែក និងភ្នែក
– ងាយជាំ ឬហូរឈាម ខ្សោយកម្លាំងខុសធម្មតា។
ផលប៉ះពាល់មាន៖
– ឈឺ ឬហើមនៅគូទ និងប្រដាប់ភេទ
– ចង្អោតិចតួច ក្អួត រាគ ឬឈឺក្រពះ
– ឡើងបន្ទះពណ៌ស ឬឈឺនៅក្នុងមាត់ ឬបបូរមាត់ខាងលើ
– ហើមអណ្តាត ពិបាកលេប
– រមាស់នៅប្រដាប់ភេទ ឬធ្លាក់ស។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរអំពើថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Tetracyclines អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ប្រើថ្នាំ Tetracyclines ជាមួយថ្នាំ Acitretin (ថ្នាំព្យាបាលជំងឺសើស្បែក) និង Methoxyflurane (ថ្នាំសណ្តំ) ជាទូទៅ មិនត្រូវបានណែនាំឲ្យប្រើទេ។ គ្រូពេទ្យអាចនឹងសម្រេចមិនប្រើថ្នាំទាំងនេះដើម្បីព្យាបាលជំងឺយើង ឬកែតម្រូវថ្នាំខ្លះ។
ដោយឡែក សម្រាប់ថ្នាំមួយចំនួនទៀត ជាទូទៅក៏មិនត្រូវបានណែនាំឲ្យប្រើដូចគ្នា ប៉ុន្តែក្នុងករណីខ្លះចាំបាច់ត្រូវប្រើរួមគ្នា ហើយបើគ្រូពេទ្យចេញវេជ្ជបញ្ជាប្រើថ្នាំទាំងនេះរួមគ្នា កម្រិតថ្នាំ ឬចំនួនពេលប្រើ នឹងត្រូវកែប្រែឡើងវិញ ខណៈថ្នាំទាំងនោះ មានដូចជាថ្នាំ Amoxicillin, Ampicillin, Atazanavir, Bacampicillin, Bexarotene, Cloxacillin, Dicloxacillin, Digoxin, Etretinate, Isotretinoin, Methicillin, Methotrexate, Nafcillin, Oxacillin, Penicillin G, Penicillin G Benzathine, Penicillin G Procaine, Penicillin V, Piperacillin, Pivampicillin, Sultamicillin, Temocillin និងថ្នាំ Tretinoin។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Tetracyclines អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន ពិសេសបើយើងមានបញ្ហាសុខភាពដូចជា៖
– រោគសញ្ញាទឹកនោមផ្អែម (Diabetes Insipidus)៖ ព្រោះថ្នាំ Demeclocycline អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
– ជំងឺតម្រងនោម៖ ហាមប្រើថ្នាំ Doxycycline ឬ Minocycline ធ្វើឲ្យផលប៉ះបាល់កាន់តែធ្ងន់។
– ជំងឺថ្លើម៖ មានផលប៉ះពាល់កាន់តែធ្ងន់ពេលប្រើជាមួយថ្នាំ Doxycycline ឬ Minocycline។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
ជំងឺមុនលើមនុស្សពេញវ័យ
– កម្រិតថ្នាំ ៥០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេលយ៉ាងតិច ២សប្តាហ៍ អាស្រ័យលើការបង្ករោគ។
ជំងឺរលាកទងសួត (Bronchitis) លើមនុស្សពេញវ័យ
– កម្រិតថ្នាំ ៥០០មិល្លីក្រាម រៀងរាល់ ៦ម៉ោង រយៈពេល ៧-១០ ថ្ងៃ អាស្រ័យលើការបង្ករោគ អាចប្រើពី ៤-៥ ថ្ងៃ/សប្តាហ៍ សម្រាប់ការពារជំងឺរលាកសួតរ៉ាំរ៉ៃ។
ជំងឺបង្កដោយបាក់តេរី Brucellosis លើមនុស្សពេញវ័យ
– កម្រិតថ្នាំ ៥០០មិល្លីក្រាម លេប ៤ ដង/ថ្ងៃ រយៈពេល ៣ សប្តាហ៍ រួមនឹងចាក់ Streptomycin ១ក្រាម តាមសាច់ដុំ ២ ដង/ថ្ងៃ នៅសប្តាហ៍ទី ១ និង ១ ដង/ថ្ងៃ នៅសប្តាហ៍ទី ២។
ជំងឺកាមរោគប្រមេះទឹកបាយ (Chlamydia Infection)
– បង្ករោគដោយមិនមានផលវិបាកលើបង្ហួរនោម ស្រទាប់ខាងក្នុងស្បូន ឬរន្ធគូទ៖ ៥០០មិល្លីក្រាម លេប ៤ ដង/ថ្ងៃ យ៉ាងតិច ៧ ថ្ងៃ។
ដៃគូរួមភេទអ្នកជំងឺ ត្រូវធ្វើការតាមដាន និងព្យាបាលដូចគ្នា។
ការព្យាបាលដោយថ្នាំ Doxycycline ត្រូវបានណែនាំពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ នៅអាមេរិក (CDC) ដើម្បីព្យាបាលការបង្ករោគដោយពពួកបាក់តេរី Chlamydia លើអ្នកជំងឺមិនមានផ្ទៃពោះ។
ជំងឺមេរោគក្នុងក្រពះ (Helicobacter pylori Infection) លើមនុស្សពេញវ័យ
– កម្រិត ៥០០មិល្លីក្រាម លេបរៀងរាល់ ៦ ម៉ោង រយៈពេល ១៤ ថ្ងៃ ជាមួយថ្នាំ Bismuth Metronidazole និងថ្នាំក្រពះប្រភេទ H2 blocker។
ជំងឺ Lyme Disease (បង្កដោយបាក់តេរី Borrelia burgdorferi) លើមនុស្សពេញវ័យ
– រលាកសន្លាក់ (Arthritis) ដោយសារបង្ករោគ៖ កម្រិត ៥០០មិល្លីក្រាម លេបរៀងរាល់ ៦ ម៉ោងម្ដង រយៈពេល ១៤-៣០ ថ្ងៃ អាស្រ័យលើកម្រិតការបង្ករោគ។
– រលាកបេះដូង (Carditis) ដោយសារបង្ករោគ៖ កម្រិត ៥០០មិល្លីក្រាម លេបរៀងរាល់ ៦ ម៉ោងម្ដង រយៈពេល ១៤-៣០ ថ្ងៃ អាស្រ័យលើកម្រិតការបង្ករោគ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
– អាយុលើ ៨ ឆ្នាំ៖ ២៥-៥០ មិល្លីក្រាម ក្នុងមួយគីឡូ លេប ៤ ដងក្នុងមួយថ្ងៃ។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Tetracycline អាចប្រើបានតាមទម្រង់ និងកម្រិតដូចខាងក្រោម៖
– ថ្នាំគ្រាប់ ២៥០មិល្លីក្រាម និង ៥០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]