ប្រើថ្នាំ Tetracyclines ជាមួយថ្នាំ Acitretin (ថ្នាំព្យាបាលជំងឺសើស្បែក) និង Methoxyflurane (ថ្នាំសណ្តំ) ជាទូទៅ មិនត្រូវបានណែនាំឲ្យប្រើទេ។ គ្រូពេទ្យអាចនឹងសម្រេចមិនប្រើថ្នាំទាំងនេះដើម្បីព្យាបាលជំងឺយើង ឬកែតម្រូវថ្នាំខ្លះ។
ដោយឡែក សម្រាប់ថ្នាំមួយចំនួនទៀត ជាទូទៅក៏មិនត្រូវបានណែនាំឲ្យប្រើដូចគ្នា ប៉ុន្តែក្នុងករណីខ្លះចាំបាច់ត្រូវប្រើរួមគ្នា ហើយបើគ្រូពេទ្យចេញវេជ្ជបញ្ជាប្រើថ្នាំទាំងនេះរួមគ្នា កម្រិតថ្នាំ ឬចំនួនពេលប្រើ នឹងត្រូវកែប្រែឡើងវិញ ខណៈថ្នាំទាំងនោះ មានដូចជាថ្នាំ Amoxicillin, Ampicillin, Atazanavir, Bacampicillin, Bexarotene, Cloxacillin, Dicloxacillin, Digoxin, Etretinate, Isotretinoin, Methicillin, Methotrexate, Nafcillin, Oxacillin, Penicillin G, Penicillin G Benzathine, Penicillin G Procaine, Penicillin V, Piperacillin, Pivampicillin, Sultamicillin, Temocillin និងថ្នាំ Tretinoin។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Tetracyclines អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន ពិសេសបើយើងមានបញ្ហាសុខភាពដូចជា៖
– រោគសញ្ញាទឹកនោមផ្អែម (Diabetes Insipidus)៖ ព្រោះថ្នាំ Demeclocycline អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
– ជំងឺតម្រងនោម៖ ហាមប្រើថ្នាំ Doxycycline ឬ Minocycline ធ្វើឲ្យផលប៉ះបាល់កាន់តែធ្ងន់។
– ជំងឺថ្លើម៖ មានផលប៉ះពាល់កាន់តែធ្ងន់ពេលប្រើជាមួយថ្នាំ Doxycycline ឬ Minocycline។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
ជំងឺមុនលើមនុស្សពេញវ័យ
– កម្រិតថ្នាំ ៥០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេលយ៉ាងតិច ២សប្តាហ៍ អាស្រ័យលើការបង្ករោគ។
ជំងឺរលាកទងសួត (Bronchitis) លើមនុស្សពេញវ័យ
– កម្រិតថ្នាំ ៥០០មិល្លីក្រាម រៀងរាល់ ៦ម៉ោង រយៈពេល ៧-១០ ថ្ងៃ អាស្រ័យលើការបង្ករោគ អាចប្រើពី ៤-៥ ថ្ងៃ/សប្តាហ៍ សម្រាប់ការពារជំងឺរលាកសួតរ៉ាំរ៉ៃ។
ជំងឺបង្កដោយបាក់តេរី Brucellosis លើមនុស្សពេញវ័យ
– កម្រិតថ្នាំ ៥០០មិល្លីក្រាម លេប ៤ ដង/ថ្ងៃ រយៈពេល ៣ សប្តាហ៍ រួមនឹងចាក់ Streptomycin ១ក្រាម តាមសាច់ដុំ ២ ដង/ថ្ងៃ នៅសប្តាហ៍ទី ១ និង ១ ដង/ថ្ងៃ នៅសប្តាហ៍ទី ២។
ជំងឺកាមរោគប្រមេះទឹកបាយ (Chlamydia Infection)
– បង្ករោគដោយមិនមានផលវិបាកលើបង្ហួរនោម ស្រទាប់ខាងក្នុងស្បូន ឬរន្ធគូទ៖ ៥០០មិល្លីក្រាម លេប ៤ ដង/ថ្ងៃ យ៉ាងតិច ៧ ថ្ងៃ។
ដៃគូរួមភេទអ្នកជំងឺ ត្រូវធ្វើការតាមដាន និងព្យាបាលដូចគ្នា។
ការព្យាបាលដោយថ្នាំ Doxycycline ត្រូវបានណែនាំពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ នៅអាមេរិក (CDC) ដើម្បីព្យាបាលការបង្ករោគដោយពពួកបាក់តេរី Chlamydia លើអ្នកជំងឺមិនមានផ្ទៃពោះ។
ជំងឺមេរោគក្នុងក្រពះ (Helicobacter pylori Infection) លើមនុស្សពេញវ័យ
– កម្រិត ៥០០មិល្លីក្រាម លេបរៀងរាល់ ៦ ម៉ោង រយៈពេល ១៤ ថ្ងៃ ជាមួយថ្នាំ Bismuth Metronidazole និងថ្នាំក្រពះប្រភេទ H2 blocker។
ជំងឺ Lyme Disease (បង្កដោយបាក់តេរី Borrelia burgdorferi) លើមនុស្សពេញវ័យ
– រលាកសន្លាក់ (Arthritis) ដោយសារបង្ករោគ៖ កម្រិត ៥០០មិល្លីក្រាម លេបរៀងរាល់ ៦ ម៉ោងម្ដង រយៈពេល ១៤-៣០ ថ្ងៃ អាស្រ័យលើកម្រិតការបង្ករោគ។
– រលាកបេះដូង (Carditis) ដោយសារបង្ករោគ៖ កម្រិត ៥០០មិល្លីក្រាម លេបរៀងរាល់ ៦ ម៉ោងម្ដង រយៈពេល ១៤-៣០ ថ្ងៃ អាស្រ័យលើកម្រិតការបង្ករោគ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
– អាយុលើ ៨ ឆ្នាំ៖ ២៥-៥០ មិល្លីក្រាម ក្នុងមួយគីឡូ លេប ៤ ដងក្នុងមួយថ្ងៃ។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Tetracycline អាចប្រើបានតាមទម្រង់ និងកម្រិតដូចខាងក្រោម៖
– ថ្នាំគ្រាប់ ២៥០មិល្លីក្រាម និង ៥០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕