ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Pantoprazol ព្យាបាលជំងឺអីខ្លះ?
គេប្រើថ្នាំ Pantoprazol សម្រាប់ព្យាបាលបញ្ហាក្រពះ និងបំពង់អាហារ (ច្រាលអាស៊ីដក្រពះ Acid Reflux)។ ថ្នាំនេះ មានប្រសិទ្ធភាពធ្វើឲ្យការផលិតអាស៊ីដក្នុងក្រពះថយចុះ អាចជួយកាត់បន្ថយរោគសញ្ញាដូចជា ក្រហាយក្នុងទ្រូង (Heartburn) ពិបាកលេបអាហារ និងក្អកមិនបាត់។ ថ្នាំ Pantoprazol អាចជួយព្យាបាលសាច់ក្រពះ និងបំពង់អាហារ ដែលខូចខាតដោយសារតែទឹកអាស៊ីដក្រពះ ការពារហានិភ័យកើតជំងឺមហារីកបំពង់អាហារបានទៀតផង។ Pantoprazol ស្ថិតនៅក្នុងក្រុមថ្នាំ Proton pump inhibitors (PPIs)។
ការប្រើប្រាស់ផ្សេងទៀត៖ ថ្នាំនេះមិនបានរាប់បញ្ចូលក្នុងក្រុមថ្នាំសម្រាប់ព្យាបាលជាផ្លូវការទេ ប៉ុន្តែគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើបាន មានន័យថា លក្ខខណ្ឌប្រើប្រាស់ថ្នាំប្រភេទនេះ មានតែគ្រូពេទ្យដែលពិនិត្យ និងព្យាបាលជំងឺយើងប៉ុណ្ណោះ អាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះបាន។
គេអាចប្រើថ្នាំ មកប្រើ Pantoprazol ដើម្បីព្យាបាល ការពារជំងឺដំបៅក្រពះ និងពោះវៀនបានដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
អ្នកត្រូវលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ ជាទូទៅត្រូវលេបម្តង ក្នុងមួយថ្ងៃ។ កម្រិតថ្នាំ និងរយៈពេលប្រើថ្នាំ គឺអាស្រ័យលើស្ថានភាពជំងឺ និងការឆ្លើយតបរបស់រាងកាយ។
គួរលេបថ្នាំនេះជាមួយអាហារ ឬពោះទទេក៏បាន។ ត្រូវលេបថ្នាំនេះចូលទាំងមូល មិនត្រូវកាច់ជាពីរ បំបែកថ្នាំ ឬទំពាឡើយ ព្រោះអាចធ្វើឲ្យប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។
បើយើងកំពុងប្រើគ្រាប់ថ្នាំល្អិតតូចៗ (Granules) ត្រូវលេប Pantoprazol ឲ្យបាន ៣០នាទី មុនញ៉ាំអាហារ។ ពេលលេប ត្រូវបើកកញ្ចប់ថ្នាំ ហើយយកគ្រាប់ថ្នាំល្អិតតូចៗ (Granules) នោះមកលាយជាមួយទឹកជ្រលក់រសជាតិប៉ម (Applesauce) ឬទឹកផ្លែប៉ម មិនត្រូវលាយជាមួយអាហារ ឬសារធាតុរាវដទៃទេ ក៏មិនត្រូវយកគ្រាប់ថ្នាំល្អិតតូចៗមកកិន ឬទំពាដែរ។ ចាំថា ត្រូវយកគ្រាប់ថ្នាំល្អិតតូចៗ (Granules) រោយក្នុងទឹកជ្រលក់រសជាតិផ្លែប៉មមួយស្លាបព្រាបាយ (៥មិល្លីលិត្រ) រួច ១០ នាទីក្រោយចាំផឹក ឬអាចយកគ្រាប់ថ្នាំល្អិតតូចៗកលាយជាមួយ ទឹកផ្លែប៉មមួយស្លាបព្រាបាយ (៥មិល្លីលីត្រ) កូរឲ្យសព្វ ៥វិនាទី មុនពេលផឹក។ ដើម្បីប្រាកដថាយើងបានផឹកគ្រប់កម្រិតថ្នាំ អាចយកទឹកប៉មមកក្រឡុកក្នុងកែវ ១-២ ដងទៀតដើម្បីឲ្យអស់គ្រាប់ថ្នាំពីក្នុងកែវ។ មិនត្រូវលាយថ្នាំទុកសម្រាប់លេបនៅពេលក្រោយឡើយ។
បើលេបគ្រាប់ថ្នាំល្អិតតូចៗ តាមបំពង់បន្តចូលក្នុងក្រពះ គួរសួរគ្រូពេទ្យដើម្បីដឹងព័ត៌មានបន្ថែមអំពីរបៀបលាយ និងប្រើប្រាស់ថ្នាំ។
ករណីចាំបាច់ ថ្នាំនេះអាចលេបជាមួយថ្នាំទប់អាស៊ីតក្រពះបាន។ បើប្រើថ្នាំ Sucralfate គួរលេប Pantoprazol ឲ្យបានយ៉ាងតិច ៣០នាទី មុនប្រើប្រាស់។
ត្រូវប្រើថ្នាំឲ្យទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលខ្ពស់។ ត្រូវបន្តលេបថ្នាំនេះឲ្យគ្រប់តាមវេជ្ជបញ្ជា ទោះបីជាអាការៈជំងឺបានធូរសា្រលក្តី។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Pantoprazol អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Pantoprazol ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
– ប្រតិកម្មអាលែក្ស៊ី៖ ត្រូវប្រាប់គ្រូពេទ្យបើធ្លាប់មានអាការៈមិនស្រួល ឬធ្លាប់មានប្រតិកម្មជាមួយថ្នាំនេះ ឬថ្នាំដទៃ។ ប្រាប់គ្រូពេទ្យបើមានប្រតិកម្មផ្សេងៗ ដូចជា ប្រតិកម្មជាមួយអាហារ ជាតិពណ៌ សាធាតុរក្សាគុណភាពអាហារបានយូរ ឬមានប្រតិកម្មជាមួយសត្វ។ សម្រាប់ថ្នាំ គ្មានវេជ្ជបញ្ជាត្រូវអានក្រដាសណែនាំ ឬពិនិត្យរកមើលគ្រឿងផ្សំរបស់ថ្នាំជាមុន។
– សម្រាប់ក្មេង៖ រហូតមកដល់ពេលនេះនៅមិនទាន់មានការសិក្សាណាមួយ អាចបញ្ជាក់បាន ផលប៉ះពាល់របស់ថ្នាំលើក្មេងៗនៅឡើយទេ។ ប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំមួយនេះ នៅមិនទាន់បានកំណត់ច្បាស់ដូចគ្នា។
– សម្រាប់មនុស្សចាស់៖ ការសិក្សាមិនទាន់រកឃើញបញ្ហាទាក់ទងជាមួយមនុស្សចាស់ ដែលអាចឈប់ប្រើប្រាស់ថ្នាំ Pantoprazol ដូចគ្នា។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនប្រើ ជារឿងចាំបាច់។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើប្រទះរោគសញ្ញាប្រតិកម្មថ្នាំ ដូចជា ហើមកន្ទួល ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក។
ត្រូវឈប់ប្រើ និងប្រញាប់ទៅជួបគ្រូពេទ្យ បើយើងមានរោគសញ្ញាបង្ហាញថា ខ្វះជាតិម៉ាញ៉េស្យូម ដូចជា៖
– បេះដូងលោតញាប់ ឬលោតខុសចង្វាក់
– កន្រ្តាក់សាច់ដុំដៃ ជើង
– មានអារម្មណ៍នៅមិនសុខ
– រាកមានសំបោរ ឬមានឈាម
– រមួលក្រពើ ខ្សោយសាច់ដុំ ឬស្ពឹក
– ក្អក ឬមានអារម្មណ៍ឆ្លាក់
– ឈឺក្បាល ពិបាកប្រមូលអារម្មណ៍ បាត់បង់ការចងចាំ មិនឃ្លានអាហារ វង្វេងរង្វាន់ ដួលសន្លប់ ប្រកាច់ ឬដកដង្ហើមមិនដល់គ្នា។
ផលរំខានបន្ទាប់បន្សំមានដូចជា៖
– ស្រកទម្ងន់
– ចង្អោរ ក្អួត ឬរាករូសតិចតួច
– មានខ្យល់ក្នុងពោះ ឬឈឺពោះ
– វិលមុខ ងងុយគេង ឬអស់កម្លាំង
– ឈឺតាមសន្លាក់
– គេងមិនលក់។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំដទៃដែរទេ?
មិនគួរប្រើថ្នាំ Pantoprazol ជាមួយថ្នាំ Rilpivirine (ថ្នាំព្យាបាលជំងឺអេដស៍) ទេ។ គ្រូពេទ្យអាចឲ្យយើងឈប់ប្រើថ្នាំទាំងនោះ ឬប្តូរថ្នាំមួយចំនួនយើងកំពុងប្រើ។
មិនអាចប្រើថ្នាំ Pantoprazol ជាមួយថ្នាំខាងក្រោមបានមែន ប៉ុន្តែករណីខ្លះ តម្រូវឲ្យយើងប្រើថ្នាំទាំងរួមគ្នា។ គ្រូពេទ្យអាចប្តូរកម្រិតថ្នាំឲ្យទាប ឬប្រាប់មិនអនុញ្ញាឲ្យលេបថ្នាំញឹកញាប់ពេក។ ហើយថ្នាំទាំងនោះមាន ដូចជា ថ្នាំ Atazanavir, Bosutinib, Citalopram, Dabrafenib, Dasatinib, Erlotinib, Eslicarbazepine Acetate, Ketoconazole, Ledipasvir, Methotrexate, Mycophenolate Mofetil, Nelfinavir, Nilotinib, Pazopanib, Saquinavir, Topotecan និងថ្នាំ Vismodegib។
ពេលប្រើថ្នាំ Pantoprazol ជាមួយថ្នាំខាងក្រោម អាចធ្វើឲ្យផលប៉ះពាល់ថ្នាំកាន់ខ្លាំង។ ក្នុងករណីយើងចាំបាច់ត្រូវប្រើថ្នាំនេះជាមួយគ្នា គ្រូឬប្រាប់មិនអនុញ្ញាឲ្យលេបថ្នាំញឹកញាប់ពេក ខណៈថ្នាំទាំងនោះមាន ដូចជាថ្នាំ Cranberry, Levothyroxine និង Warfarin ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Pantoprazol អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខយើងភាពបច្ចុប្បន្ន ពិសេសបើធ្លាប់មានបញ្ហាសុខភាពដូចជា៖
– រាករូស
– មានកម្រិតម៉ាញ៉េស្យូមក្នុងឈាមចុះទាប
– មានបញ្ហាពុកឆ្អឹង
– ធ្លាប់មានជំងឺប្រកាច់៖ ត្រូវប្រើថ្នាំនេះដោយប្រុងប្រយ័ត្ន ព្រោះអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតប្រើព្យាបាលរលាកបំពង់អាហារ (Erosive Esophagitis) លើមនុស្សពេញវ័យ
– ព្យាបាលបញ្ហារលាកបំពង់អាហារ៖ លេប ៤០ មិល្លីក្រាម/គ្រាប់/ថ្ងៃ រយៈពេល ៨ សប្តាហ៍។ ក្នុងលក្ខខណ្ឌអ្នកជំងឺនៅតែមិនទាន់ជាសះស្បើយ អាចបន្តប្រើ ៨ សប្តាហ៍បន្ថែមទៀត។ យ៉ាងណា នៅមិនទាន់ដឹងច្បាស់ពី សុវត្ថិភាព និងប្រសិទ្ធភាពថ្នាំ ក្នុងករណីប្រើលើ ១៦ សប្តាហ៍។
– សម្រាប់បន្តព្យាបាលរលាកសាច់បំពង់អាហារ៖ លេប ៤០ មិល្លីក្រាម/គ្រាប់/ថ្ងៃ។ ការសិក្សាបង្ហាញថា រយៈពេលប្រើប្រាស់អតិបរិមារបស់ថ្នាំ Pantoprazol មិនត្រូវលើស ១២ ខែ។
កម្រិតប្រើព្យាបាលបញ្ហាច្រាលអាស៊ីដក្រពះលើមនុស្សពេញវ័យ
– ថ្នាំចាក់៖ ចាក់ ៤០មិល្លីក្រាម ចាក់មួយថ្ងៃម្តង រយៈពេល ៧-១០ ថ្ងៃ ត្រូវចាក់តាមសរសៃ និងបង្ហូរយឺតៗ (Intravenous Infusion) រយៈពេល ១៥ នាទី។ ពេលអ្នកជំងឺអាចលេបថ្នាំវិញបាន មិនត្រូវបន្តចាក់ថ្នាំនេះទៀតទេ។
– ថ្នាំលេប៖ លេប ៤០មិល្លីក្រាម លេបមួយថ្ងៃម្តង ប្រើរយៈពេលខ្លី (ប្រហែល ៨ សប្តាហ៍) ប៉ុន្តែជំងឺមិនទាន់ជាសះស្បើយ អាចលេបបន្ថែមដល់ ៨ សប្តាហ៍ទៀត។ យ៉ាងណា នៅមិនទាន់ដឹងច្បាស់ពី សុវត្ថិភាព និងប្រសិទ្ធភាពថ្នាំ ក្នុងករណីប្រើលើ ១៦ សប្តាហ៍។
កម្រិតប្រើព្យាបាលដំបៅដើមពោះវៀនតូចលើមនុស្សពេញវ័យ
– ការសិក្សា (n=54)៖ លេប ៤០មិល្លីក្រាម មួយថ្ងៃម្តង ត្រូវដំឡើងកម្រិតថ្នាំបន្ថែម ៤០មិល្លីក្រាម រៀងរាល់ ១២ សប្ដាហ៍ រហូតដល់កម្រិតអតិបរមា ១២០ មិល្លីក្រាម/ថ្ងៃ ប្រើរយៈពេល ២៨ ថ្ងៃ។ សិក្សាបង្ហាញថា ពេលព្យាបាលដោយប្រើថ្នាំតែមួយមុខក្នុងកម្រិត ៤០ មិល្លីក្រាម/ថ្ងៃ ករណីជាសះស្បើយពីជំងឺដំបៅពោះវៀន មានដល់ ៨៧ភាគរយ និង ៩៤ភាគរយ សម្រាប់អ្នកប្រើថ្នាំត្រឹមត្រូវតាមការណែនាំ រយៈពេល ៤-៨ សប្តាហ៍។
កម្រិតប្រើព្យាបាលដំបៅក្រពះលើមនុស្សពេញវ័យ
– លេប ៤០មិល្លីក្រាម មួយថ្ងៃម្តង ហើយទិន្នន័យបានបង្ហាញថា ការព្យាបាលដោយថ្នាំនេះតែមួយមុខ អាចធ្វើអោយដំបៅក្រពះជាសះខ្ពស់មានដល់ ៨៧ភាគរយ និង ៩៤ភាគរយ សម្រាប់អ្នកប្រើថ្នាំត្រឹមត្រូវតាមការណែនាំ រយៈពេល ៤-៨ សប្តាហ៍។
កម្រិតប្រើព្យាបាលមេរោគ (Helicobacter Pylori) ក្នុងក្រពះលើមនុស្សពេញវ័យ
– ការសិក្សា (n=242) ព្យាបាលថ្នាំ ៣ មុខរួមគ្នា៖ លេប ៤០មិល្លីក្រាម ២ ដង/ថ្ងៃ ជាទូទៅ ប្រើជាមួយថ្នាំ Clarithromycin និង Amoxicillin ឬថ្នាំ Metronidazole ដើម្បីកម្ចាស់មេរោគ Helicobacter Pylorik ក្នុងរយៈពេល ៧ថ្ងៃ និងបន្តលេបថ្នាំ Pantoprazol ៤០មិល្លីក្រាម មួយថ្ងៃរហូតដល់ ២៨ ថ្ងៃ។ ប្រើថ្នាំ ៣មុខ រួមគ្នា មានប្រសិទ្ធភាពសម្លាប់មេរោគរហូតទៅដល់ ៩៥ ភាគរយ។
– ការសិក្សា (n=405) ព្យាបាលថ្នាំ ៤ មុខរួមគ្នា៖ លេប ៤០មិល្លីក្រាម ២ ដង/ថ្ងៃ ជាទូទៅ ប្រើជាមួយថ្នាំ Bismuth Subcitrate និង Tetracycline ទាំងពីរមុខនេះលេប ៤ ដង/ថ្ងៃ និងលេប Metronidazole ២០០មិល្លីក្រាម ៣ ដង/ថ្ងៃ (លេប ៤០០មិល្លីក្រាម នៅពេលយប់)។ ជាលទ្ធផល អាចសម្លាប់មេរោគរហូតទៅដល់ ៨២ ភាគរយ។
កម្រិតប្រើព្យាបាលជំងឺ Zollinger-Ellison Syndrome លើមនុស្សពេញវ័យ
– ថ្នាំចាក់៖ ចាក់ ៨០មិល្លីក្រាម រៀងរាល់ ១២ ម៉ោងម្តង ដោយចាក់បង្ហូរយឺតៗ (Infusion) រយៈពេល ១៥ នាទី។ កម្រិតប្រើថ្នាំប្រចាំថ្ងៃអតិបរមា ២៤០មិល្លីក្រាម ចាក់បង្ហូររយៈពេល ១៥នាទី។ ប៉ុន្តែករណីចាក់រយៈពេល ៦ថ្ងៃ មិនទាន់មានការសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាពច្បាស់នៅឡើយ។
– ថ្នាំលេប៖ លេប ៤០មិល្លីក្រាម ២ដង ក្នុងមួយថ្ងៃ កម្រិតអតិបរិមា ២៤០ មិល្លីក្រាម/ថ្ងៃ។ យ៉ាងណា មានអ្នកជំងឺខ្លះត្រូវព្យាបាលជាមួយថ្នាំ Pantoprazol រហូតដល់ទៅ ២ ឆ្នាំ។
កម្រិតប្រើការពារជំងឺដំបៅក្រពះបណ្តាលមកពីស្រ្តេសលើមនុស្សពេញវ័យ
– ការសិក្សា (n=21) ការពារករណីហូរឈាមបណ្តាលមកពីដំបៅ៖ ចាក់ ៨០មិល្លីក្រាម ២ ដង/ថ្ងៃ ចាក់បង្ហូររយៈពេល ១៥នាទី កម្រិតអតិបរិមា ២៤០ មិល្លីក្រាម/ថ្ងៃ ត្រូវចែកជា ៣ ដង។
– ការសិក្សា (n=20 ) ការពារក្រោយមានការហូរឈាមបណ្តាលមកពីដំបៅ៖ ចាក់ ៨០មិល្លីក្រាម តាមសរសៃ ហើយបន្តចាក់ ៨ មិល្លីក្រាម/ម៉ោង រយៈពេល ៣ថ្ងៃ បន្ទាប់មកអាចប្តូរមកលេបថ្នាំ PPI (ថ្នាំក្រពះ) តាមមាត់វិញ។
កម្រិតប្រើការពារជំងឺដំបៅក្រពះលើមនុស្សពេញវ័យ
– ការសិក្សា (n=21) ការពារករណីហូរឈាមបណ្តាលមកពីដំបៅ៖ ចាក់ ៨០មិល្លីក្រាម ២ ដង/ថ្ងៃ ចាក់បង្ហូររយៈពេល ១៥នាទី កម្រិតអតិបរិមា ២៤០ មិល្លីក្រាម/ថ្ងៃ ត្រូវចែកជា ៣ ដង។
– ការសិក្សា (n=20 ) ការពារក្រោយមានការហូរឈាមបណ្តាលមកពីដំបៅ៖ ចាក់ ៨០មិល្លីក្រាម តាមសរសៃ ហើយបន្តចាក់ ៨ មិល្លីក្រាម/ម៉ោង រយៈពេល ៣ថ្ងៃ បន្ទាប់មកអាចប្តូរមកលេបថ្នាំ PPI (ថ្នាំក្រពះ) តាមមាត់វិញ។
១១- កូនក្មេងត្រូវប្រើថ្នាំនេះក្នុងកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនពេលប្រើប្រាស់។ ដើម្បីដឹងពត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យបាន។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
ថ្នាំ Pantoprazol លើទីផ្សារ មានក្នុងកម្រិត និងប្រភេទជាថ្នាំគ្រាប់ ២០មិល្លីក្រាម និង ៤០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]