ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Ketoconazole ព្យាបាលជំងឺអីខ្លះ?
ថ្នាំ Ketoconazole ប្រើសម្រាប់ព្យាបាលជំងឺឆ្លង បណ្តាលមកពីមេរោគផ្សិតនៅលើខ្លួន។ ថ្នាំនេះស្ថិតក្នុងក្រុមថ្នាំប្រឆាំងពពួកផ្សិត (Antifungals) មួយប្រភេទមាន ហៅថា Azole មានប្រសិទ្ធភាព ថ្នាំនេះមាននាទីទៅទប់ស្កាត់ មិនឲ្យផ្សិតរីកលូតលាស់បាន។
មិនគួរយក Ketoconazole ទៅព្យាបាលមេរោគផ្សិតឆ្លងនៅក្នុងខួរក្បាល ឬស្បែក និងក្រចកនោះទេ។
ការប្រើប្រាស់ផ្សេងទៀត៖ ថ្នាំនេះមិនបានរាប់បញ្ចូលក្នុងក្រុមថ្នាំសម្រាប់ព្យាបាលជាផ្លូវការទេ ប៉ុន្តែគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើបាន មានន័យថា លក្ខខណ្ឌប្រើប្រាស់ថ្នាំប្រភេទនេះ មានតែគ្រូពេទ្យដែលពិនិត្យ និងព្យាបាលជំងឺយើងប៉ុណ្ណោះ អាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះបាន។
គេអាចប្រើថ្នាំ Ketoconazole សម្រាប់ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតក្នុងដំណាក់ធ្ងន់ធ្ងរបានផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ជាទូទៅអាចលេប Ketoconazole តាមការណែនាំរបស់គ្រូពេទ្យ។ អាចលេបជាមួយអាហារ ឬពោះទទេ ប៉ុន្តែគួរលេបវាជាមួយអាហារ ដើម្បីកាត់បន្ថយអាការៈធ្វើទុក្ខក្រពះបាន។
បើយើងកំពុងលេបថ្នាំកាត់បន្ថយអាស៊ីដក្នុងក្រពះ យើងត្រូវលេបថ្នាំនេះយ៉ាងតិច ២ ម៉ោងមុន ឬ ១ ម៉ោងក្រោយពេលលេបថ្នាំក្រពះ។ បើលេបវាទាំងពីរក្នុងពេលតែមួយ ប្រសិទ្ធភាពថ្នាំKetoconazole ប្រហែលជាមិនអាចជ្រៀបចូលក្នុងខ្លួនយើងបានទេ។
កម្រិតថ្នាំ និងរយៈពេលប្រើប្រាស់ថ្នាំ អាស្រ័យលើស្ថានភាពជំងឺ និងការឆ្លើយតបជាមួយថ្នាំរបស់រាងកាយយើង ។ សម្រាប់ក្មេងវិញ កម្រិតប្រើប្រាស់ថ្នាំ អាស្រ័យលើទម្ងន់។ រយៈពេលប្រើថ្នាំអាចចាប់ពី ៤-៥ ថ្ងៃ រហូតទៅដល់ ៤-៥ ខែ។
Ketoconazole មានប្រសិទ្ធភាពល្អបំផុតនៅពេលកម្រិតថ្នាំក្នុងខ្លួនមានស្ថិរភាព។ ដូចនេះត្រូវលេបថ្នាំឲ្យបានទៀងទាត់។ ដើម្បីងាយចងចាំពេលវេលាត្រូវលេប គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។
ត្រូវលេបថ្នាំឲ្យបានគ្រប់តាមវេជ្ជបញ្ជា ទោះបីជារោគសញ្ញាបានធូរស្រាលហើយក្តី។ ករណីឈប់ប្រើថ្នាំលឿនពេក ការឆ្លងរោគនឹងអាចកើតឡើងវិញ ហើយត្រូវប្រាប់គ្រូពេទ្យ បើអាការៈនៅតែដដែល ឬកាន់តែធ្ងន់ធ្ងរ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Ketoconazole អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Ketoconazole ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើប្រាស់ថ្នាំនេះ យើងត្រូវដឹងកត្តាមួយចំនួនដូចជា៖
– ប្រាប់គ្រូពេទ្យ ឬឱសថការី បើអ្នកមានប្រតិកម្មជាមួយថ្នាំ Ketoconazole ឬថ្នាំដទៃទៀត។ អាចសាកសួរឱសថការី ឬពិនិត្យមើលក្រដាសពត៌មាន ដើម្បីបានដឹងអំពីសារធាតុផ្សំរបស់ថ្នាំ។
– ប្រាប់គ្រូពេទ្យ បើកំពុងប្រើប្រាស់ថ្នាំ Alprazolam (Niravam, Xanax) ថ្នាំ Eplerenone (Inspra) ពពួកថ្នាំ Ergot Alkaloids មាន Ergotamine (Ergomar, In Cafergot, In Migergot), Dihydroergotamine (D.H.E 45, Migranal) និង Methylergonovine (Methergine) ថ្នាំ Felodipine (Plendil) ថ្នាំ Irinotecan (Camptosar) ថ្នាំ lovastatin (Mevacor) ថ្នាំ lurasidone (Latuda) ថ្នាំ Midazolam (Versed) ថ្នាំ Nisoldipine (Sular) ថ្នាំ Simvastatin (Zocor) ថ្នាំ Tolvaptan (Samsca) និងថ្នាំ Triazolam (Halcion)។ គ្រូពេទ្យ អាចមិនឲ្យយើងប្រើថ្នាំ Ketoconazole បើកំពុងប្រើថ្នាំណាមួយក្នុងចំណោមថ្នាំខាងលើ។
– ប្រាប់គ្រូពេទ្យបើកំពុងប្រើថ្នាំទាំងមាន ឬគ្មានវេជ្ជបញ្ជា វីតាមីន អាហារបំប៉នសុខភាព ឬឱសថបុរាណណាមួយ។ មានថ្នាំជាច្រើនផ្សេងទៀតអាចមានអន្តរកម្មជាមួយថ្នាំ Ketoconazole ហេតុនេះ យើងប្រាប់ឈ្មោះថ្នាំទាំងអស់ទៅគ្រូពេទ្យ ទោះបីថ្នាំនោះមិនមាននៅក្នុងបញ្ជីខាងលើក្តី។
– បើកំពុងប្រើប្រាស់ថ្នាំក្រពះ មានផ្ទុកជាតិ អាលុយមីញ៉ូម កាល់ស្យូម ឬម៉ាញ៉េស្យូម (Maalox, Mylanta, Tums និងថ្នាំផ្សេងទៀត) ត្រូវលេបថ្នាំទាំងនេះ ១ ម៉ោងមុន ឬ ២ ម៉ោងក្រោយអ្នកលេបថ្នាំ Ketoconazole។
– ប្រាប់គ្រូពេទ្យ បើពុងមានជំងឺប្រចាំកាយ។
– ប្រាប់គ្រូពេទ្យបើកំពុងមានផ្ទៃពោះ ចង់មានកូន ឬកំពុងបំបៅដោះកូន។ បើមានផ្ទៃពោះពេលកំពុងប្រើ Ketoconazole ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ។
– បើត្រូវវះកាត់ រាប់ទាំងការវះកាត់ធ្មេញផងដែរ ត្រូវប្រាប់គ្រូពេទ្យវះកាត់ យើងកំពុងប្រើប្រាស់ ថ្នាំ Ketoconazole។
– ត្រូវដឹងថា ប្រើថ្នាំ Ketoconazole និងផឹកគ្រឿងស្រវឹង (ស្រាក្រហម ស្រាបៀរ និងថ្នាំមានជាតិអាកុល ដូចជាថ្នាំក្អកជាដើម) ក្នុងពេលតែមួយ អាចបណ្តាលឲ្យមានបញ្ហាថ្លើម ធ្វើឲ្យមានរោគសញ្ញាដូចជា មានអារម្មណ៍ក្តៅ ឡើងកន្ទួលរមាស់ ចង្អោរ ឈឺក្បាល ហើមដៃជើង។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រាប់គ្រូពេទ្យជាបន្ទាប់ បើប្រទះផលរំខានបង្កជារោគសញ្ញាដូចជា កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត ឬបំពង់ក និងរោគសញ្ញាមួយចំនួនទៀតមាន៖
– វិលមុខ សន្លប់ បេះដូងលោតញាប់
– ងាយជាំ ឬហូរឈាម ខ្សោយអស់កម្លាំង
– មានអារម្មណ៍ស្ពឹកដៃ ជើង
– បាក់ទឹកចិត្តធ្ងន់ធ្ងរ វង្វេងវង្វាន់ ឬមានចេតនាចង់ធ្វើបាបខ្លួនឯង
– ចង្អោរ ឈឺក្នុងពោះ ក្តៅខ្លួនតិចៗ លែងឃ្លានបាយ ខ្សោយ ទឹកនោមខ្មៅ លាមកពណ៌លឿងចាស់ និងឡើងលឿងលើស្បែក។
ផលរំខានបន្ទាប់បន្សំមានដូចជា៖
– មានអារម្មណ៍ចង្អោរ ក្អួត ឬឈឺពោះតិចតួច
– រមាស់ និងកន្ទួលលើស្បែកតិចតួច
– ឈឺក្បាល
– វិលមុខ
– ហើមដោះ
– អសមត្ថភាពផ្លូវភេទ ឬមិនមានចំណង់ផ្លូវភេទ។
គ្រប់គ្នាមិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំ Ketoconazole ធ្វើឲ្យប្រសិទ្ធភាពថ្នាំថយចុះ ឬបង្កើតផលប៉ះពាល់ដោយសារថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Ketoconazole មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់របស់ថ្នាំកាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
Ketoconazole អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពបច្ចុប្បន្ន ពិសេសបើធ្លាប់មានប្រវត្តិប្រតិកម្ម ឬមានបញ្ហាសុខភាពមួយចំនួនដូចជា៖
– ធ្លាប់មានបញ្ហាឈឺថ្លើមពីមុនមក
– ធ្លាប់មានបញ្ហាក្រពេញលើតម្រងនោម (ក្រពេញ អាដ្រេណាល់ (Adrenal gland))
– ធ្លាប់មានបញ្ហា Long QT syndrome (បញ្ហាបេះដូង នាំឲ្យចង្វាក់បេះដូងមិនប្រក្រតី)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ព្យាបាលជំងឺបង្កដោយពពួកផ្សិត Blastomycosis លើមនុស្សពេញវ័យ
– កម្រិតថ្នាំ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
ព្យាបាលជំងឺបង្កដោយពពួកផ្សិត Chromomycosis លើមនុស្សពេញវ័យ
– កម្រិតថ្នាំ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
ព្យាបាលជំងឺបង្កដោយពពួកផ្សិត Coccidioidomycosis លើមនុស្សពេញវ័យ
– កម្រិតថ្នាំ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
ព្យាបាលជំងឺបង្កដោយពពួកផ្សិត Histoplasmosis លើមនុស្សពេញវ័យ
– កម្រិតថ្នាំ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
ព្យាបាលជំងឺបង្កដោយពពួកផ្សិត Paracoccidioidomycosis លើមនុស្សពេញវ័យ
– កម្រិតថ្នាំ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
១១- ក្មេងត្រូវប្រើកម្រិតណា?
– ព្យាបាលជំងឺបង្កដោយពពួកផ្សិត Blastomycosis លើក្មេងអាយុ ២ ឆ្នាំឡើង៖ លេប ៣,៣-៦,៦ មិល្លីក្រាម/គីឡូ លេបមួយថ្ងៃម្តង។
– ព្យាបាលជំងឺបង្កដោយពពួកផ្សិត Chromomycosis លើក្មេងអាយុ ២ ឆ្នាំឡើង៖ លេប ៣,៣-៦,៦ មិល្លីក្រាម/គីឡូ លេបមួយថ្ងៃម្តង។
– ព្យាបាលជំងឺបង្កដោយពពួកផ្សិត Coccidioidomycosis ក្មេងអាយុ ២ ឆ្នាំឡើង៖ លេប ៣,៣-៦,៦ មិល្លីក្រាម/គីឡូ លេបមួយថ្ងៃម្តង។
– ព្យាបាលជំងឺបង្កដោយពពួកផ្សិត Histoplasmosis ក្មេងអាយុ ២ ឆ្នាំឡើង៖ លេប ៣,៣-៦,៦ មិល្លីក្រាម/គីឡូ លេបមួយថ្ងៃម្តង។
– ព្យាបាលជំងឺបង្កដោយពពួកផ្សិត Paracoccidioidomycosis ក្មេងអាយុ ២ ឆ្នាំឡើង៖ លេប ៣,៣-៦,៦ មិល្លីក្រាម/គីឡូ លេបមួយថ្ងៃម្តង។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Ketoconazole ជាទូទៅមានលើទីផ្សារ ជាប្រភេទ ថ្នាំគ្រាប់សម្រាប់លេប មានកម្រិត ២០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]