ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Nevirapine ព្យាបាលអីខ្លះ?
គេប្រើថ្នាំ Nevirapine រួមជាមួយថ្នាំព្យាបាល និងបង្ការ (ពន្យារ) ជំងឺអេដស៍ដទៃទៀត ដើម្បីជួយគ្រប់គ្រងការឆ្លងរបស់មេរោគអេដស៍។ ថ្នាំនេះ អាចជួយកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ធ្វើឲ្យប្រព័ន្ធការពារដំណើរការបានល្អ។ អាចជួយកាត់បន្ថយអត្រាកើតឡើងផលវិបាកដោយសារជំងឺអេដស៍ ដូចជា មានការឆ្លងរោគថ្មីៗ ឬជំងឺមហារីក ហើយអាចជួយឲ្យយើងបន្តរស់នៅបានស្រួលផងដែរ។ ថ្នាំ Nevirapine ស្ថិតនៅក្នុងក្រុមថ្នាំម្យ៉ាងមានឈ្មោះថា Non-nucleoside reverse transcriptase inhibitors (NNRTIs)។
យ៉ាងណា ថ្នាំនេះមិនមែនសម្រាប់ព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយនោះទេ។ ហើយដើម្បីកាត់បន្ថយអត្រាចម្លងមេរោគនេះទៅអ្នកដទៃទៀត យើងត្រូវញ៉ាំថ្នាំមេរោគអេដស៍ឲ្យបានគ្រប់ចំនួនតាមវេជ្ជបញ្ជាគ្រូពេទ្យ ត្រូវប្រើវិធីការពារគ្រប់រួមភេទម្តងៗ មិនត្រូវប្រើរបស់រួមគ្នា ដូចជាម្ជុល សឺរ៉ាំង ច្រាស់ដុសធ្មេញ និងប្រដាប់កោរពុកមាត់ជាដើម ព្រោះរបស់ទាំងអស់នោះអាចមានផ្ទុកឈាម ឬសារធាតុរាវក្នុងខ្លួនយើង។ សាកសួរជាមួយគ្រូពេទ្យ ឬឱសថការីពីពត៌មានបន្ថែមបាន។
ត្រូវប្រើ Nevirapine ការពារមេរោគអេដស៍ ក្រោយយើងប៉ះពាល់ជាមួយមេរោគនោះ ដូចជាមុតម្ជុល ឬប៉ះសារធាតុរាវរបស់អ្នកផ្តុកមេរោគអេដស៍ ជាដើម។ មានថ្នាំផ្សេងៗទៀត សម្រាប់ការពារពីមេរោគអេដស៍ បន្ទាប់យើងបានប៉ះពាល់ជាមួយមេរោគ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
អាចលេបថ្នាំតាមមាត់ មួយអាហារ ឬលេបទាំងពោះទទេក៏បាន ហើយជាទូទៅត្រូវញ៉ាំថ្នាំនេះមួយថ្ងៃមួយគ្រាប់ ពេលចាប់ផ្តើមលេប ១៤ ថ្ងៃដំបូង បន្ទាប់មកត្រូវលេប មួយថ្ងៃ ២គ្រាប់ ឬលេបតាមការណែនាំរបស់គ្រូពេទ្យ។ បើមានបញ្ហាថ្លើម ឬអាលែកហ្ស៊ីស្បែក នៅពេលលេបថ្នាំនេះមួយថ្ងៃមួយគ្រាប់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ហើយមិនអាចបង្កើនទៅលេបមួយថ្ងៃ ២គ្រាប់ បានឡើយ។
បើប្រើថ្នាំនេះជាប្រភេទថ្នាំទឹក ត្រូវក្រឡុកដបថ្នាំថ្នមៗមុនពេលប្រើម្តងៗ។ ត្រូវវាល់កម្រិតថ្នាំឲ្យបានត្រឹមត្រូវ ដោយប្រើប្រដាប់វាល់ ឬប្រើស្លាបព្រា។ មិនត្រូវយកស្លាបព្រាបាយមកវាល់ថ្នាំឡើយ ព្រោះអាចធ្វើឲ្យខុសកម្រិតថ្នាំ។ បើប្រើកែវសម្រាប់វាល់កម្រិតថ្នាំ ត្រូវក្រឡុកកែវជាមួយទឹកបន្ទាប់ពីផឹក ត្រូវផឹកទឹកក្នុងកែវថ្នាំចូលទាំងអស់ ដើម្បីប្រាកដថាយើងបានផឹកថ្នាំចូលទាំងអស់។
កម្រិតថ្នាំត្រូវផ្អែកលើស្ថានភាពសុខភាព និងការព្យាបាល។ សម្រាប់ក្មេង កម្រិតប្រើថ្នាំ គឺត្រូវមើលតាមគីឡូ។
មិនត្រូវបន្តញ៉ាំថ្នាំ មួយថ្ងៃ ១គ្រាប់លើសពី ២៨ថ្ងៃ បានឡើយ។ បើជ្រុលជាប្រើរហូតដល់រយៈពេលនោះ គ្រូពេទ្យអាចសម្រេចចិត្តប្តូរប្រើថ្នាំថ្មី។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពត៌មានបន្ថែម។
ករណីឈប់ប្រើថ្នាំនេះលើសពី ៧ថ្ងៃ ដោយសារមូលហេតុមានប្រតិកម្ម ត្រូវសួរគ្រូពេទ្យពីវិធីប្រើថ្នាំជាថ្មី។ យើងប្រហែលជាត្រូវលេបថ្នាំនេះ មួយថ្ងៃ ១គ្រាប់ ម្តងទៀត រយៈពេល ១៤ ថ្ងៃដំបូង ដើម្បីកាត់បន្ថយផលរំខានរបស់ថ្នាំ។
ត្រូវតែបន្តលេបថ្នាំនេះ ជាមួយថ្នាំមេរោគអេដស៍ដទៃទៀត ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ មិនត្រូវភ្លេចលេបថ្នាំពេលណាមួយនោះទេ មិនត្រូវបង្កើនកម្រិតថ្នាំ ក៏មិនត្រូវលេបថ្នាំញឹកញាប់ពេកលើសពីការណែនាំរបស់គ្រូពេទ្យ ឬឈប់ប្រើថ្នាំមុនពេលកំណត់ ប្រសិនបើមិនមានការអនុញ្ញាតពីគ្រូពេទ្យទេនោះ។ ពេលមិនញ៉ាំថ្នាំ ឬប្តូរកម្រិតថ្នាំដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យ អាចបណ្តាលឲ្យចំនួនមេរោគកើនឡើង បង្កផលវិបាកក្នុងការព្យាបាល ព្រោះបានមេរោគស៊ាំជាមួយថ្នាំ ឬធ្វើឲ្យផលរំខានរបស់ថ្នាំកើតឡើងកាន់តែធ្ងន់ធ្ងរ។
ថ្នាំនេះមានប្រសិទ្ធភាព បើយើងរក្សាកម្រិតរបស់វាឲ្យមានស្ថិរភាពនៅក្នុងខ្លួន។ ត្រូវលេបថ្នាំនេះឲ្យទៀងទាត់ នៅរាល់ម៉ោងធ្លាប់លេប។
៣- គួររក្សាទុករបៀបណា?
ថ្នាំ Nevirapine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក ថ្នាំខ្មៅផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
មុនពេលប្រើថ្នាំនេះ យើងត្រូវប្រាប់គ្រូពេទ្យ ឬឱសថការី បើយើងមានប្រតិកម្មជាមួយថ្នាំនេះ ឬជាមួយអ្វីផ្សេង។ ថ្នាំប្រភេទនេះ មានផ្ទុកគ្រឿងផ្សំ Excepients ផ្សេងទៀត អាចបណ្តាលឲ្យអាលែកហ្ស៊ី ឬបញ្ហាផ្សេងៗ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងអំពីពត៌មានបន្ថែម។
មុនពេលប្រើថ្នាំនេះ ត្រូវប្រាប់គ្រូពេទ្យ ឬឱសថការីពីប្រវត្តិជំងឺ ជាពិសេសបើយើងមានបញ្ហាថ្លើម ដូចជា រលាកថ្លើមប្រភេទ B ឬ C និងជំងឺក្រិនថ្លើម បញ្ហាតម្រងនោម (ត្រូវការលាងឈាម) បញ្ហា Galactose ឬ Lactose intolerance (ប្រព័ន្ធរំលាយអាហារមិនអាចរំលាយជាតិ ស្ករ Galactose ឬ Lactose បាន)។
ថ្នាំនេះអាចធ្វើឲ្យងងុយគេង ហើយបើចូលចិត្តស្រា ឬប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យយើងកាន់តែងងុយគេង។ ហេតុនេះមិនត្រូវបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន ឬធ្វើការងារទាមទារឲ្យអ្នកផ្តោតអារម្មណ៍ខ្ពស់បានឡើយ។ ត្រូវផឹកស្រាក្នុងកម្រិតសមស្រប និងពិភាក្សាជាមួយគ្រូពេទ្យ បើយើងមានប្រើគ្រឿងញៀន។
សម្រាប់ស្រ្តីមានផ្ទៃពោះ អាចប្រើថ្នាំនេះបានក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ការព្យាបាល អាចជួយកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅទារកបាន ហើយថ្នាំ Nevirapine ក៏ស្ថិតក្នុងក្រុមថ្នាំព្យាបាលទាំងនោះ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងអំពីផលល្អ និងផលអាក្រក់របស់ថ្នាំ។
ថ្នាំ Nevirapine ក៏អាចឆ្លងចូលទៅក្នុងទឹកដោះម៉ាក់ៗបានដែរ ហើយដោយសារទឹកដោះអាចចម្លងមេរោគអេដស៍ ហេតុនេះមិនត្រូវឲ្យកូនបៅដោះឡើយ។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត B សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- អន្តរថ្នាំ
ថ្នាំមួយចំនួន អាចមានអន្តរអំពើជាមួយថ្នាំ Nevirapine ដូចជា ថ្នាំ Orlistat, Rifabutin និងថ្នាំ Warfarin។
មានថ្នាំមួយចំនួនផ្សេងទៀត អាចរំខានដល់ការបញ្ចេញចោលសារធាតុក្នុងថ្នាំ Nevirapine ចេញពីខ្លួន នាំឲ្យរំខានដល់ដំណើរការរបស់ថ្នាំ មានដូចជាក្រុមថ្នាំ Rifamycins (Rifampin), St. John’s wort (ថ្នាំបុរាណពីរុក្ខជាតិឈ្មោះ Hypericum perforatum មានដុះនៅដំបន់អឺរ៉ុប ហើយប្រើព្យាបាលជំងឺបាក់ទឹកចិត្ត) និងថ្នាំមួយចំនួនទៀត។
ថ្នាំ Nevirapine អាចធ្វើឲ្យការបញ្ចេញចោលថ្នាំផ្សេងៗចេញពីក្នុងខ្លួនបានកាន់តែលឿន វានឹងរំខានដល់ប្រសិទ្ធភាពថ្នាំទាំងនោះ ដូចជា ប្រសិទ្ធភាពថ្នាំ Antiarrhythmics (Amiodarone), Asunaprevir, Boceprevir, Cobicistat, Elvitegravir និងថ្នាំសម្រប់ព្យាបាលជំងឺប្រកាច់ មានClonazepam ថ្នាំប្រឆាំងផ្សិត Azole (Azole antifungals) ដូចជា Itraconazole, ketoconazole ថ្នាំផ្សះពពួក Macrolide ដូចជា Clarithromycin Methadone Telaprevir និងថ្នាំដទៃមួយចំនួនទៀត។
ថ្នាំព្យាបាលជំងឺអេដស៍ដទៃទៀត ឧទាហរណ៍ ក្រុមថ្នាំ Protease Inhibitors មានថ្នាំ Atazanavir, Ritonavir អាចមានអន្តរអំពើជាមួយថ្នាំ Nevirapine ។ គ្រូពេទ្យនឹងប្តូរកម្រិតថ្នាំ តាមដានការព្យាបាល ដើម្បីការពារកុំឲ្យមានផលរំខានធ្ងន់ធ្ងរណាមួយកើតឡើង។
មិនត្រូវប្រើថ្នាំ Prednisone សម្រាប់ការពារកន្ទួលរមាស់ទេ ដោយសារថ្នាំនេះអាចធ្វើឲ្យមានកើតកន្ទួលរមាស់កាន់តែច្រើន អំឡុងពេលកំពុងប្រើថ្នាំ Nevirapine រយៈពេល ៦ សប្តាហ៍ដំបូង។ ហេតុនេះត្រូវសួរគ្រូពេទ្យពីពត៌មានបន្ថែម។
ថ្នាំនេះអាចធ្វើឲ្យថ្នាំ និងវិធីពន្យារកំណើតផ្សេងទៀត ដូចជា ថ្នាំគ្រាប់ បន្ទះបិទ ឬកងពន្យារកំណើត ធ្លាក់ចុះប្រសិទ្ធភាព អាចបណ្តាលឲ្យមានផ្ទៃពោះដោយមិនដឹងខ្លួន។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យអំពីរបៀបពន្យារកំណើតផ្សេងៗ មានប្រសិទ្ធភាពខ្ពស់ ដូចជា ប្រើស្រោមអនាម័យពេលរួមភេទ ពិសេសអាចការពារកុំឲ្យមេរោគអេដស៍ឆ្លងទៅអ្នកដទៃ។
ត្រូវប្រាប់គ្រូពេទ្យ បើប្រទះឃើញមានស្នាមអ៊ុចៗក្រហម ឬហូរឈាម ព្រោះអាចជាសញ្ញា ការពន្យារកំណើតមិនមានប្រសិទ្ធភាព។
ថ្នាំ Nevirapine អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៧- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹង អាចប៉ះពាល់អំពើរបស់ថ្នាំ Nevirapine អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬ ប៉ះពាល់ប្រសិទ្ធភាព នាំឲ្យមានផលកាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីរបស់ដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះមុនពេល ចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៨- អន្តរកម្មជាមួយសុខភាព
Nevirapine អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៩- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតប្រើប្រាស់លើមនុស្សពេញវ័យឆ្លងមេរោគអេដស៍
កម្រិតដំបូង
– ប្រសិទ្ធភាពលឿន៖ ២០០មិល្លីក្រាម លេបមួយថ្ងៃ ១ដង រយៈពេល ១៤ ថ្ងៃ។
កម្រិតថេរ
– ថ្នាំមានប្រសិទ្ធភាពលឿន៖ ២០០មិល្លីក្រាម លេបមួយថ្ងៃ ២ ដង។
– ថ្នាំមានប្រសិទ្ធភាពយយឺត៖ ៤០០មិល្លីក្រាម លេបមួយថ្ងៃ ១ ដង។
– ការប្រើប្រាស់៖ ត្រូវប្រើរួមជាមួយថ្នាំអង់ទីរ៉េត្រូវីរុស (ថ្នាំប្រឆាំងជំងឺអេដស៍) ព្យាបាលការឆ្លងមេរោគ HIV-1។
កម្រិតថ្នាំតម្រូវតាមស្ថានភាពតម្រងនោម
– CrCl (Creatinine Clearance ជាតេស្តសម្រាប់ពិនិត្យមុខងារតម្រងនោម) យ៉ាងតិច ២០ មិល្លីលីត្រក្នុង/នាទី (មិនតម្រូវឲ្យលាងឈាម) មិនចាំបាច់តម្រូវឲ្យប្តូរកម្រិតថ្នាំឡើយ។
– CrCl តិចជាង ២០ មិល្លីលីត្រ/នាទី៖ មិនមានទិន្នន័យបញ្ជាក់បាននៅឡើយ។
មតិណែនាំ៖ ថ្នាំមានប្រសិទ្ធភាពយឺត (Extended-release) មិនបានសិក្សាលើអ្នកជំងឺខូចតម្រងនោមនៅឡើយទេ។
កម្រិតថ្នាំតម្រូវតាមស្ថានភាពថ្លើម
– ថ្លើមខូចមុខងារមធ្យម ឬធ្ងន់ធ្ងរ (ពិន្ទុ Child-Pugh B ឬ C)៖ ហាមប្រើប្រាស់។
មតិណែនាំ៖ ថ្នាំមានប្រសិទ្ធភាពយឺត (Extended-release) មិនបានសិក្សាលើអ្នកជំងឺថ្លើមនៅឡើយទេ។
ការប្រើកម្រិតថ្នាំ
– សម្រាប់អ្នកជំងឺមិនបានលេបថ្នាំគ្រប់ចំនួន៖ បើប្រើថ្នាំនេះមិនគ្រប់កម្រិត លើសពី ៧ថ្ងៃ គួរតែចាប់ផ្តើមលេបថ្នាំក្នុងកម្រិតដំបូងឡើងវិញ (ប្រើថ្នាំមានប្រសិទ្ធភាពលឿន) សម្រាប់រយៈពេល ១៤ ថ្ងៃដំបូង។
សម្រាប់អ្នកជំងឺមានបញ្ហាថ្លើម
– មិនត្រូវបន្តប្រើថ្នាំមួយនេះ បើមានរោគសញ្ញារបស់បញ្ហាថ្លើម
– មិនត្រូវប្រើថ្នាំនេះម្តងទៀតឡើយ ក្រោយបញ្ហាថ្លើមជាសះស្បើយ។
អ្នកជំងឺមានឡើងកន្ទួលរមាស់
– មិនត្រូវបន្តប្រើថ្នាំនេះនៅពេល មានកន្ទួលរមាស់ធ្ងន់ធ្ងរ។
– បើឡើងកន្ទួលរមាស់ ប៉ុន្តែមិនមានរោគសញ្ញាធ្ងន់ធ្ងរ អំឡុងពេល ១៤ ថ្ងៃយើងកំពុងប្រើថ្នាំប្រសិទ្ធភាពលឿន
-កម្រិតដំបូង៖- មិនត្រូវដំឡើងកម្រិតថ្នាំ និងមិនត្រូវចាប់ផ្តើមប្រើថ្នាំមានប្រសិទ្ធភាពយឺត ត្រូវរងចាំឲ្យកន្ទួលរមាស់ទាំងនោះបាត់ទៅវិញសិន។
– មិនត្រូវប្រើថ្នាំកម្រិតដំបូងលើសពី ២៨ ថ្ងៃ។
អ្នកជំងឺលាងឈាម
– ថ្នាំមានប្រសិទ្ធភាពលឿន៖ គួរតែញ៉ាំថ្នាំជំនួយ ២០០មិល្លីក្រាម ក្រោយពេលលាងឈាមម្តងៗ។
– ថ្នាំមានប្រសិទ្ធភាពយឺត៖ មិនមានទិន្នន័យគ្រប់គ្រាន់អំពីថ្នាំប្រភេទនេះនៅឡើយទេ។
ការណែនាំ៖ មេតាប៉ូលីសរបស់ថ្នាំមួយនេះ អាចចាល់សម្រាប់អ្នកជំងឺលាងឈាម។
មតិណែនាំផ្សេងៗ
ដំបូន្មានការប្រើប្រាស់ថ្នាំ៖
– ដោយសារឃើញមានករណីពុលថ្លើមគម្រាមកំហែងអាយុជីវិត នៅក្នុងការធ្វើតេស្តសាកល្បង ដូចនេះមិនត្រូវចាប់ផ្តើមប្រើថ្នាំនេះ (បើមិនទាន់ថ្លឹងថ្លែងអំពីគុណប្រយោជន៍ និងគុណវិបត្តិរបស់វាទេនោះ) លើស្រ្តីមាន CD4+ លើសពី ២៥០ កោសិកា/មិល្លីម៉ែត្រគូប ឬក្នុងមនុស្សបុរសមានលើសពី ៤០០ កោសិកា/មិល្លីម៉ែត្រគូប។
– មិនត្រូវប្រើថ្នាំតែមួយមុខព្យាបាលមេរោគHIV-1 ឬប្រើជាមួយថ្នាំមួយណាមិនមានប្រសិទ្ធភាព។
– អាចលេបថ្នាំនេះ ដោយមិនចាំបាច់មានអាហារ។
– បើប្រើថ្នាំប្រភេទទឹក ត្រូវក្រឡុកថ្នាំថ្នមៗនៅពេលផឹកម្តងៗ ហើយត្រូវមានសឺរ៉ាំង ដើម្បីវាស់កម្រិតថ្នាំឲ្យបានត្រឹមត្រូវ។
– ត្រូវលេបថ្នាំមានប្រសិទ្ធភាពយឺត ចូលទាំងមូល មិនត្រូវទំពា កិន ឬបំបែកថ្នាំឡើយ។ ត្រូវដឹងមុនថា អាចលេបថ្នាំគ្រាប់បាន ឬអត់ មុនពេលសម្រេចចិត្តប្រើថ្នាំគ្រាប់មានប្រសិទ្ធភាពយឺត។
– មិនត្រូវលេបថ្នាំមានប្រសិទ្ធភាពលឿន និងថ្នាំមានប្រសិទ្ធភាពយឺត ក្នុងពេលជាមួយគ្នាឡើយ។
ការតាមដាន៖
– ចំណុចទូទៅ៖ ត្រូវតាមដានរោគសញ្ញា ជាមួយលទ្ធផលមន្ទីរពិសោធន៍ (ចំណុចមូលដ្ឋាន និងនៅអំឡុងពេលប្រើប្រាស់ ១៨សប្តាហ៍។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យពីព័ត៌មានពាក់ព័ន្ធផលិតផលថ្នាំ និងត្រូវតាមដានថ្នាំធ្វើឲ្យពុល ចំពោះអ្នកជំងឺមានបញ្ហាក្រិនថ្លើម។
– ស្ថានភាពថ្លើម៖ ត្រូវពិនិត្យអង់ស៊ីមថ្លើម (ចំណុចមូលដ្ឋាន និងនៅអំឡុងពេលប្រើប្រាស់ ១៨សប្តាហ៍ និងពិភាក្សាជាមួយមួយគ្រូពេទ្យ ពីព័ត៌មានពាក់ព័ន្ធផលិតផលថ្នាំ។
ដំបូន្មានសម្រាប់អ្នកជំងឺ៖
– ត្រូវអានក្រដាសណែនាំ ចេញដោយរដ្ឋបាលចំណីអាហារ និងឱសថ អាមេរិក FDA។
– ត្រូវបញ្ឈប់លេបថ្នាំនេះ និងប្រញាប់ទៅជួបពេទ្យ បើមានរោគសញ្ញាជំងឺថ្លើម ឬមានប្រតិកម្មស្បែកធ្ងន់ធ្ងរ។
– ត្រូវបញ្ឈប់លេបថ្នាំនេះ ហើយប្រញាប់ទៅជួបពេទ្យ បើអ្នកមានរោគសញ្ញារបស់ជំងឺរលាកថ្លើមកើតឡើង
– ប្រសិនបើមានកន្ទួលរមាស់កើតឡើងនៅអំឡុងពេលប្រើប្រាស់ថ្នាំ ២ សប្តាហ៍ដំបូង មិនត្រូវដំឡើងកម្រិតថ្នាំមានប្រសិទ្ធភាពលឿន ឬលេបថ្នាំមានប្រសិទ្ធភាពយឺតឡើយ ត្រូវផ្អាកលេបថ្នាំ ដោយពិភាក្សាជាមួយគ្រូពេទ្យជាមុន បើមានឡើងកន្ទួល ឬមានប្រតិកម្មស្បែកកើតឡើង។
– ពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើមានរោគសញ្ញារលាកកើតឡើង។
១០- កូនក្មេងត្រូវប្រើកម្រិតណា?
កម្រិតប្រើប្រាស់ថ្នាំសម្រាប់ឆ្លងមេរោគអេដស៍លើកូនក្មេង
កម្រិតដំបូង
ថ្នាំមានប្រសិទ្ធភាពលឿន៖
– ក្មេងអាយុ ១៥ ឆ្នាំឡើង៖ ១៥០ មិល្លីក្រាម/ម៉ែត្រការ៉េ (ផ្ទៃរបស់ស្បែក) លេបមួយថ្ងៃ ១ដង រយៈពេល ១៤ ថ្ងៃ។
-កម្រិតថ្នាំអតិបរិមាក្នុងកម្រិតប្រើដំបូង៖ ២០០ មិល្លីក្រាម/មួយថ្ងៃ។
កម្រិតថ្នាំថេរ (បន្ទាប់ពីប្រើកម្រិតដំបូងរួច)
ថ្នាំមានប្រសិទ្ធភាពលឿន៖
-ក្មេងអាយុ ១៥ ឆ្នាំឡើង៖ ១៥០ មិល្លីក្រាម/ម៉ែត្រការ៉េ លេបមួយថ្ងៃ ២ ដង។
ថ្នាំមានប្រសិទ្ធភាពយឺត៖
អាយុ ៦ ឆ្នាំឡើង
– BSA (Body surface area) នៅចន្លោះពី ០,៥៨-០,៨៣ ម៉ែត្រការ៉េ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃ ១ ដង។
– BSA (Body surface area) នៅចន្លោះពី ០,៨៤-១,១៦ ម៉ែត្រការ៉េ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃ ១ ដង។
– BSA (Body surface area) យ៉ាងតិច ១,១៧ ម៉ែត្រការ៉េ៖ លេប ៤០០មិល្លីក្រាម មួយថ្ងៃ ១ ដង។
កម្រិតថ្នាំអតិបរិមាគឺ ៤០០ មិល្លីក្រាម/មួយថ្ងៃ។
-ការប្រើប្រាស់៖ ត្រូវប្រើរួមជាមួយថ្នាំអង់ទីរ៉េត្រូវីរុស (ថ្នាំប្រឆាំងជំងឺអេដស៍) ដទៃ សម្រាប់ព្យាបាលការឆ្លងមេរោគ HIV-1។
ការណែនាំពីគណៈកម្មការនៃក្រុមគ្រូពេទ្យព្យាបាលស្រ្តីមានផ្ទៃពោះផ្ទុកមេរោគ HIV និងបង្ការការឆ្លងទៅទារក៖
ថ្នាំមានប្រសិទ្ធភាពលឿន
– គភ៌មានអាយុ ៣៤-៣៧ សប្តាហ៍ និងទារកអាយុតិចជាង ១ ខែ៖ លេប ៤ មិល្លីក្រាម/គីឡូ ២ ដងក្នុងមួយថ្ងៃ សម្រាប់សប្តាហ៍ដំបូង បន្ទាប់មកលេប ៦ មិល្លីក្រាម/គីឡូ ២ ដងក្នុងមួយថ្ងៃ។
– គភ៌មានអាយុលើសពី ៣៧សប្តាហ៍ និងទារកអាយុតិចជាង ១ ខែ៖ លេប ៦ មិល្លីក្រាម/គីឡូ ២ ដងក្នុងមួយថ្ងៃ។
ទារកអាយុតិចជាង ១ខែ ដល់ក្រោម ៨ឆ្នាំ៖
– កម្រិតដំបូង៖ លេប ២០០ មិល្លីក្រាម/ម៉ែត្រការ៉េ ២ ដងក្នុងមួយថ្ងៃ រយៈពេល ១៤ ថ្ងៃ។
– កម្រិតថេរ៖ លេប ២០០ មិល្លីក្រាម/ម៉ែត្រការ៉េ ២ ដងក្នុងមួយថ្ងៃ។
អាយុលើសពី ៨ឆ្នាំ៖
– កម្រិតដំបូង៖ លេប ១២០-១៥០ មិល្លីក្រាម/ម៉ែត្រការ៉េ ២ ដងក្នុងមួយថ្ងៃ រយៈពេល ១៤ ថ្ងៃ។
– កម្រិតថេរ៖ លេប ១២០-១៥០ មិល្លីក្រាម/ម៉ែត្រការ៉េ ២ ដងក្នុងមួយថ្ងៃ។
– កម្រិតថ្នាំអតិបរិមា៖ ២០០មិល្លីក្រាម រាល់ពេលលេបម្តងៗ។
ថ្នាំមានប្រសិទ្ធភាពលឿន (៦ ឆ្នាំឡើង)
– BSA នៅចន្លោះពី ០,៥៨-០,៨៣ ម៉ែត្រការ៉េ៖ លេប ២០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
– BSA នៅចន្លោះពី ០,៨៤-១,១៦ ម៉ែត្រការ៉េ៖ លេប ៣០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
– BSA យ៉ាងតិច ១,១៧ ម៉ែត្រការ៉េ៖ លេប ៤០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
ការណែនាំ៖
– សម្រាប់ក្មេងអាយុ ២ឆ្នាំ គ្រូពេទ្យជំនាញខ្លះ ចាប់ផ្តើមប្រើថ្នាំដោយមិនចាំបាច់ប្រើក្នុងកម្រិតដំបូងឡើយ។
– កម្រិតថ្នាំអតិបរិមាក្នុងមួយថ្ងៃ មិនត្រូវឲ្យលើសពី ៤០០ មិល្លីក្រាមឡើយ។
– ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ពីការណែនាំឲ្យប្រើប្រាស់ថ្នាំក្នុងពេលបច្ចុប្បន្ន។
– ដោយសារតែគ្មានផលរំខាន មិនចាំបាច់បន្ថយកម្រិតមិល្លីក្រាមរបស់ថ្នាំ នៅពេលក្មេងមានអាយុ ៨ ឆ្នាំ។ កម្រិតមិល្លីក្រាមរបស់ថ្នាំ ត្រូវទុកនៅដដែល ដូចការប្រើថ្នាំដែលសមស្រម មិល្លីក្រាម/ម៉ែត្រការ៉េ នៅពេលក្មេងធំឡើង។
ការប្រើប្រាស់ថ្នាំលើក្មេងដើម្បីកាត់បន្ថយការចម្លងមេរោគអេដស៍ពេលទើបកើត
ការណែនាំពីគណៈកម្មការនៃក្រុមគ្រូពេទ្យព្យាបាលស្រ្តីមានផ្ទៃពោះផ្ទុកមេរោគ HIV និងបង្ការ
ការឆ្លងទៅទារក
កម្រិតថ្នាំសម្រាប់ការពារ៖
– ទារកកើតមកមានទម្ងន់ ១,៥-២ គីឡូក្រាម៖ លេប ៨មិល្លីក្រាម លេបមួយថ្ងៃម្តង ប្រើ ៣ ដង។
– ទារកកើតមកមានទម្ងន់លើសពី ២គីឡូក្រាម៖ លេប ១២មិល្លីក្រាម លេបមួយថ្ងៃម្តង ប្រើ ៣ ដង។
កម្រិតថ្នាំសម្រាប់ព្យាបាល៖
– គភ៌មានអាយុ ៣៤-៣៧ សប្តាហ៍ រហូតដល់ទារកមានអាយុ ១ សប្តាហ៍៖ លេប ៤ មិល្លីក្រាម/គីឡូ ២ដង/ថ្ងៃ ។
– គភ៌មានអាយុ ៣៤-៣៧ សប្តាហ៍ រហូតដល់ទារកមានអាយុ ៦ សប្តាហ៍៖ លេប ៦ មិល្លីក្រាម/គីឡូ ២ដង/ថ្ងៃ ។
– គភ៌មានអាយុយ៉ាងតិច ៣៧សប្តាហ៍ រហូតដល់ទារកមានអាយុ ៦សប្តាហ៍៖ លេប ៦ មិល្លីក្រាម/គីឡូ ២ដង/ថ្ងៃ ។
មតិណែនាំ៖
– ទារកគួរតែប្រើថ្នាំប្រសិទ្ធភាពលឿន។
– អាចបូកថ្នាំអង់ទីរ៉េត្រូវីរុសប្រភេទការពារ ជាមួយថ្នាំនេះ ៣ដង ប្រើសម្រាប់ការពារ បូកជាមួយថ្នាំ Zidovudine ៦សប្តាហ៍ ឬប្រើសម្រាប់ព្យាបាល បូកជាមួយ Zidovudine និង Lamivudine គឺត្រូវណែនាំឲ្យប្រើ លើក្មេងងាយឆ្លងមេរោគអេដស៍ពេលកើត និងក្មេងសន្មត់ថាបានឆ្លងមេរោគអេដស៍ពេលកើត។
– ថ្នាំនេះសម្រាប់ព្យាបាល បូកជាមួយថ្នាំ Zidovudine និង Lamivudine ប្រើលើទារកបានរកឃើញមានផ្ទុកមេរោគអេដស៍។
– រយៈពេលព្យាបាលមេរោគអេដស៍លើទារក ងាយឆ្លងពេលកើត គេមិនទាន់ដឹងបានទេ។ គ្រូពេទ្យជំនាញជាច្រើនតែងប្រើប្រាស់ការព្យាបាលរួមគ្នារយៈពេល ៦សប្តាហ៍ រហូតធ្វើតេស្តរកឃើញថាក្មេងមានលទ្ធផលអវិជ្ជមាន។
– ត្រូវឆាប់ព្យាបាលឲ្យលឿន បន្ទាប់ពីក្មេងកើតមកភ្លាម ក្នុងរយៈពេលពី ៦-១២ម៉ោង ក្រោយ សម្រាល។
– ពិភាក្សាជាមួយគ្រូពេទ្យ ពីការណែនាំប្រើប្រាស់ថ្នាំក្នុងពេលបច្ចុប្បន្ន។
កត្តាប្រុងប្រយ័ត្ន
ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ថ្នាំមានប្រសិទ្ធភាពយឺត នៅមិនទាន់រកឃើញឡើយ សម្រាប់ក្មេងមានអាយុតិចជាង ៦ ឆ្នាំ។
១១- ទម្រង់ថ្នាំ Nevirapine ដូចម្ដេចខ្លះ?
ថ្នាំ Nevirapine មានក្នុងកម្រិត និងប្រភេទដូចខាងក្រោម៖
– ថ្នាំទឹកសម្រាប់ផឹក
– ថ្នាំគ្រាប់
– ថ្នាំគ្រាប់មានប្រសិទ្ធភាពយឺត។
១២- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៣- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]