ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Mebendazole ប្រើព្យាបាលអីខ្លះ?
Mebendazole ជាថ្នាំគេប្រើសម្រាប់ព្យាបាលការចម្លងរោគដោយសារពពួកព្រូននៅក្នុងខ្លួន ដូចជា អៀន (Pinworm) ព្រូនមូល (Roundworm) និងព្រូនតម្ពក់ (Hookworm)។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ថ្នាំនេះត្រូវលេប អាចលេបជាមួយអាហារ ឬមិនចាំបាច់អាហារក៏បាន អាចលេបកិនលាយជាមួយអាហារកាន់តែល្អ។
កម្រិតថ្នាំត្រូវផ្អែកលើស្ថានភាពសុខភាព និងការព្យាបាល។
ព្យាបាលបញ្ហាអៀន ត្រូវលេបតែមួយដង តែបើចាំបាច់ ត្រូវលេបម្តងទៀតនៅ ២-៣ សប្តាហ៍ក្រោយ។
ចំពោះការបង្ករោគបណ្តាលមកពីពពួកព្រូនផ្សេងទៀត មាន ព្រូនមូល ព្រូនតម្ពក់ ត្រូវលេបថ្នាំ Mebendazole រយៈពេល ៣ថ្ងៃ ធម្មតាលេប ២ ដង/ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច តាមការណែនាំរបស់គ្រូពេទ្យ។ បើចាំបាច់ ព្យាបាលលើកទី ២ ត្រូវលេប ២-៣ សប្តាហ៍ក្រោយ។
ចំពោះប្រភេទចម្លងរោគផ្សេងទៀត ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ គ្រូពេទ្យអាចឲ្យយើងលេបថ្នាំនេះ ច្រើនជាង ២ ដង/ថ្ងៃ និងអាចលេបលើស ៣ ថ្ងៃ។
បន្តប្រើថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យជារឿងសំខាន់ និងមិនត្រូវរំលងការលេបថ្នាំនោះឡើយ ត្រូវបន្តប្រើថ្នាំនេះ រហូតទាល់តែមានវេជ្ជបញ្ជាពីគ្រួពេទ្យ ឲ្យឈប់ប្រើ ទោះបីបាត់រោគសញ្ញាក៏ដោយ។ ឈប់លេបថ្នាំលឿនពេកអាចឲ្យមេរោគកកើតឡើងវិញ។
ពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើស្ថានភាពជំងឺនៅតែបន្តឈឺ ឬកាន់តែធ្ងន់ធ្ងរ។
៣- គួររក្សាទុករបៀបណា?
ថ្នាំ Mebendazole អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក Mebendazole ផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ Mebendazole?
ប្រាប់គ្រូពេទ្យពីប្រវត្តិជំងឺធ្លាប់មាន ពិសេសបើមាន ចំនួនឈាមក្រហមថយចុះ (ជំងឺស្លេកស្លាំង) ជំងឺថ្លើម បញ្ហាពោះវៀន (ជំងឺ Crohn ជំងឺរលាកពោះវៀនធំ)។
អំឡុងពេលមានផ្ទៃពោះ ថ្នាំនេះអាចប្រើតែនៅពេលចាំបាច់ប៉ុណ្ណោះ។ សូមពិភាក្សាពីហានិភ័យ និងអត្ថប្រយោជន៍របស់ថ្នាំជាមួយគ្រូពេទ្យជាមុន។
ថ្នាំនេះអាចជ្រាបចូលទៅក្នុងទឹកដោះបាន ហេតុនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យមុនបំបៅដោះកូន។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត C សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអីខ្លះ?
ផលរំខានពីថ្នាំ Mebendazole អាចមានដូចជា ឈឺក្រពះ ឈឺពោះ ក្អួត រាក ឈឺក្បាល វិលមុខ ឬងងុយគេង។ បើនៅតែមានផលរំខាន ឬកាន់តែធ្ងន់ធ្ងរ ត្រូវប្រាប់គ្រូពេទ្យ ឬឱសថការីឱ្យបានឆាប់។
ចាំថា គ្រូពេទ្យអនុញ្ញាតឲ្យប្រើថ្នាំនេះ ដោយសារមើលឃើញពីសារៈប្រយោជន៍ព្យាបាល ច្រើនជាងហានិភ័យ ហើយមនុស្សជាច្រើនប្រើថ្នាំនេះ មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។
ទោះជាករណីកម្រ ប៉ុន្តែថ្នាំ Mebendazole អាចបង្កជារោគសញ្ញាធ្ងន់ធ្ងរមួយចំនួន ទាមទារប្រាប់គ្រូពេទ្យពេលយើងប្រទះរោគសញ្ញាទាំងនេះ ដូចជា ឈឺពោះធ្ងន់ធ្ងរ ងាយហូរឈាមងាយជាំ មានសញ្ញាឆ្លងរោគធ្ងន់ធ្ងរ (ក្តៅខ្លួន ឈឺកជាប់) នឿយហត់ខុសធម្មតា ហត់ខ្លាំង ប្រកាច់ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមក្រមៅ ឬផ្កាឈូក ភ្នែក ស្បែកឡើងលឿង។
ប្រតិកម្មធ្ងន់ធ្ងររបស់ថ្នាំនេះ កម្រកើតមានណាស់។ យ៉ាងណា ត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តភ្លាម បើសម្គាល់ឃើញថាមានសញ្ញាអាល្លែហ្ស៊ីធ្ងន់ធ្ងរណាមួយកើតឡើង ដូចជា កន្ទួល រមាស់ រមាស់ស្បែក ហើម ជាពិសេស លើមុខ អណ្ដាត បំពង់ក ងងុយខ្លាំងជ្រុល និងពិបាកដកដង្ហើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ជាធម្មតា ថ្នាំអាចមានអន្តរកម្មជាមួយថ្នាំនេះ មានតែ Metronidazol ប៉ុណ្ណោះ។
ករណីខ្លះ ថ្នាំ Mebendazole អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំ Mebendazole អាចមានការប្រែប្រួលប្រសិទ្ធភាព ឬអំពើរបស់ថ្នាំ ដោយសារមានអន្តរកម្មជាមួយអាហារ ឬជាតិអាល់កុល នាំឲ្យបង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរជាច្រើន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីពីបញ្ហានេះ។
៩- អន្តរកម្មជាមួយសុខភាព
Mebendazole អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំនេះក្នុងកម្រិតណា?
លើមនុស្សធំដែលកើត Angiostrongylosis
ប្រើ ១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ប្រើរយៈពេល ៥ ថ្ងៃ។
លើមនុស្សធំកើត Ascariasis (ព្រូនចង្កឹះ)
១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ប្រើរយៈពេល ៣ ថ្ងៃ។ បើមានករណីស្ទះផ្លូវទឹកប្រមាត់ ត្រូវប្រើថ្នាំ Piperazine Citrate ១៥០ មិល្លីក្រាម/គីឡូ នៅពេលដំបូង បន្ទាប់មកប្រើ ៦៥ មិល្លីក្រាម/គីឡូ ត្រូវប្រើ ៦ ដង រៀងរាល់ ១២ ម៉ោងម្តង តាមបំពង់សុងអាហារ។
លើមនុស្សធំដែលកើត Capillariasis
២០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេល ២០ ថ្ងៃ។ បើលាប់ឡើងវិញត្រូវព្យាបាលយូរជាងនេះទៀត។
លើមនុស្សធំដែលកើត Trichostrongylosis
១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ប្រើរយៈពេល ៣ ថ្ងៃ។
លើមនុស្សធំដែលកើត Filariasis
១០០មិល្លីក្រាម លេបតែម្តងប៉ុណ្ណោះ និងលេបម្តងទៀតនៅ ២ សប្តាហ៍ក្រោយ។ សមាជិកក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ដែលស្និតស្នាលជាមួយអ្នកជំងឺ ត្រូវធ្វើការពិនិត្យរាងកាយដូចគ្នា។
ការបង្ករោគដោយ Mansonella perstans
១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ប្រើរយៈពេល ៣០ ថ្ងៃ។
លើមនុស្សធំឆ្លងរោគពីព្រូនតម្ពក់ (Necator ឬ Ancylostoma)
១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ប្រើរយៈពេល ៣ ថ្ងៃ។
លើមនុស្សធំចម្លងរោគពីព្រូនរំពាត់ (Whipworm,Trichuris trichiura)
១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ប្រើរយៈពេល ៣ ថ្ងៃ។
លើមនុស្សធំឆ្លងមេរោគពីអៀន (Enterobius vermicularis)
១០០មិល្លីក្រាម លេបតែម្តង និងលេបម្តងទៀតនៅ ២ សប្តាហ៍ក្រោយ។ សមាជិកក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ដែលស្និតស្នាលជាមួយអ្នកជំងឺ ត្រូវធ្វើការពិនិត្យរាងកាយដូចគ្នា។
លើមនុស្សធំកើត Trichinosis
២០០-៤០០ មិល្លីក្រាម លេប ៣ ដង/ថ្ងៃ ប្រើរយៈពេល ៣ ថ្ងៃ។ បន្ទាប់មកបង្កើនពី ៤០០-៥០០ មិល្លីក្រាម លេប ៣ ដង/ថ្ងៃ ប្រើ រយៈពេល ១០ ថ្ងៃ។ បើអ្នកជំងឺនៅបន្តមានរោគសញ្ញា ត្រូវលេបជាមួយថ្នាំស្តេរ៉ូអ៊ីត (ថ្នាំប្រឆាំងរលាក)។
លើមនុស្សធំកើត Visceral Larva Migrans (Toxicariasis)
១០០-២០០ មិល្លីក្រាម លេប ២ ដង/ថ្ងៃ ប្រើរយៈពេល ៥ ថ្ងៃ។ អាចប្រើជាមួយថ្នាំប្រឆាំងការរលាក។
លើមនុស្សធំកើត Echinococcus Infection
ការសិក្សាលើមនុស្ស ៧៦៩នាក់ មានការបង្ករោគដោយព្រូននៅថ្លើម (Hepatic Cystic infection) ព្រូន លើជាលិកា ប្រើ ៤០-៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកជា ៣ដង អមជាមួយបច្ចេកទេស Percutaneous aspiration-injection-reaspiration (PAIR) drainage ត្រូវលេបមុនធ្វើការព្យាបាល ១សប្តាហ៍ និងក្រោយការធ្វើព្យាបាល PAIR drainage ៤សប្តាហ៍។
លើមនុស្សធំដែលមានជំងឺ Hydatid Disease
ការសិក្សាលើមនុស្ស ៧៦៩នាក់ មានការបង្ករោគដោយព្រូននៅថ្លើម (Hepatic Cystic infection) ព្រូន លើជាលិកា ប្រើ ៤០-៥០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកជា ៣ដង អមជាមួយបច្ចេកទេស Percutaneousaspiration-injection-reaspiration (PAIR) drainage ត្រូវលេបមុនធ្វើការព្យាបាល ១សប្តាហ៍ និងក្រោយការធ្វើព្យាបាល PAIR drainage ៤សប្តាហ៍។
លើមនុស្សធំដែលកើត Dracunculiasis
៤០០-៨០០ មិល្លីក្រាម រៀងរាល់ថ្ងៃ រយៈពេល ៦ ថ្ងៃ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
លើក្មេងកើត Angiostrongylosis
ក្មេងមានអាយុ ២ ឆ្នាំឡើង ១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេល ៥ ថ្ងៃ។
លើក្មេងកើត Ascariasis (ព្រូនចង្កឹះ)
ក្មេងមានអាយុ ២ ឆ្នាំឡើង ១០០មិល្លីក្រាម លេប ២ ដងក្នុងមួយថ្ងៃ រយៈពេល ៣ ថ្ងៃ។ បើមានការស្ទះផ្លូវទឹកប្រមាត់ត្រូវប្រើថ្នាំ Piperazine citrate ១៥០ មិល្លីក្រាម/គីឡូ សម្រាប់ពេលដំបូង បន្ទាប់មកប្រើ ៦៥ មិល្លីក្រាម/គីឡូ ត្រូវប្រើ ៦ កម្រិត រៀងរាល់ ១២ម៉ោង តាមបំពង់សុងអាហារ។
លើក្មេងកើត Capillariasis
ក្មេងមានអាយុ ២ ឆ្នាំឡើង ២០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេល ២០ ថ្ងៃ។ បើលាប់ឡើងវិញត្រូវធ្វើការព្យាបាលរយៈពេលយូរជាងនេះ។
លើក្មេងកើត Filariasis
– ក្មេងមានអាយុ ២ ឆ្នាំឡើង៖ ១០០មិល្លីក្រាម លេបតែម្តង។ លេបម្តងទៀតនៅ ២ សប្តាហ៍ក្រោយ។ ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ត្រូវធ្វើការពិនិត្យរាងកាយដូចគ្នា។
– ជំងឺ Mansonella perstans infection៖ ប្រើ ១០០មិល្លីក្រាម ២ ដងក្នុងមួយថ្ងៃ រយៈពេល ៣០ ថ្ងៃ។
លើក្មេងមានការចម្លងរោគពីព្រូនតម្ពក់ (Necator or Ancylostoma)
ក្មេងមានអាយុ ២ ឆ្នាំឡើង ១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេល ៣ ថ្ងៃ។
លើក្មេងមានការចម្លងរោគពីព្រូន Whipworm (Trichuris trichiura)
ក្មេងមានអាយុ ២ ឆ្នាំឡើង ១០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេល ៣ ថ្ងៃ។
លើក្មេងមានការចម្លងរោគពីព្រូនអៀន (Enterobius vermicularis)
ក្មេងមានអាយុ ២ ឆ្នាំឡើង ១០០មិល្លីក្រាម លេបតែម្តង។ លេបម្តងទៀតនៅ ២ សប្តាហ៍ក្រោយ។ ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ត្រូវធ្វើការពិនិត្យរកមេរោគដូចគ្នា។
លើក្មេងកើត Trichinosis
ក្មេងមានអាយុ ២ ឆ្នាំឡើង ២០០-៤០០ មិល្លីក្រាម លេប ៣ ដង/ថ្ងៃ រយៈពេល ៣ ថ្ងៃ។ បន្ទាប់មក ៤០០-៥០០ មិល្លីក្រាម លេប ៣ ដង/ថ្ងៃ រយៈពេល ១០ ថ្ងៃ។ បើក្មេងនៅបន្តមានរោគសញ្ញាត្រូវលេបជាមួយថ្នាំស្តេរ៉ូអ៊ីត (ថ្នាំប្រឆាំងរលាក)។
ករណីសិក្សាលើក្មេងមានជំងឺ Trichinellanativa infection ២៣នាក់
អាយុ ១-១៤ ឆ្នាំ ប្រើ ២០០មិល្លីក្រាម លេប ៣ ដង/ថ្ងៃ សម្រាប់ ៣ ថ្ងៃដំបូង បន្ទាប់មកលេប ៤០០មិល្លីក្រាម លេប ៣ ដង/ថ្ងៃ រយៈពេល ១១ ថ្ងៃ។ បើក្មេងនៅបន្តមានរោគសញ្ញាត្រូវលេបជាមួយថ្នាំស្តេរ៉ូអ៊ីត។
លើក្មេងកើត Visceral Larva Migrans (Toxicariasis)
ក្មេងមានអាយុ ២ ឆ្នាំឡើង ១០០-២០០ មិល្លីក្រាម លេប ២ ដង/ថ្ងៃ រយៈពេល ៥ ថ្ងៃ។ អាចប្រើជាមួយថ្នាំប្រឆាំងការរលាក។
ប្រុងប្រយ័ត្ន
ដើម្បីសុវត្តិភាពហាមប្រើថ្នាំ Mebendazole ចំពោះក្មេងក្រោមអាយុ ២ ឆ្នាំ។
១២- ទម្រង់ថ្នាំដូចម្ដេចខ្លះ?
Mebendazole អាចមានក្នុងទម្រង់ដូចជា៖
– ថ្នាំគ្រាប់សម្រាប់លេប ឬទំពា
– ប្រភេទជាម្សៅ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]