backup og meta

Methazolamide (ឱសថ Methazolamide)

ស្វែងយល់ពីការប្រើប្រាស់

១- ព្យាបាលជំងឺអី្វខ្លះ?

Methazolamide ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​មាន​សម្ពាធ​​ខ្ពស់​នៅ​ក្នុង​ភ្នែក​ ដោយ​សារ​​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក។ ការ​បន្ថយ​សម្ពាធ​​ខ្ពស់​ក្នុង​ភ្នែក ​អាច​ជួយ​ការ​ពារ​កុំ​ឲ្យ​ខ្វាក់​ភ្នែក មើល​ស្រវាំង និង​ខូច​ខាត​សរសៃ​ប្រសាទ​ភ្នែក។ ថ្នាំ Methazolamide ជា​ប្រភេទ​ថ្នាំ​ក្នុង​ក្រុម Carbonic Anhydraseinhibitors មាន​នាទី​បន្ថយ​ការ​ផលិត​សារធាតុ​រាវ​នៅ​ក្នុង​ភ្នែក។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវ​លេប​ថ្នាំ​នេះ​តាម​មាត់​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ជា​ធម្មតា​លេប ២-៣ ដង/​ថ្ងៃ។ ​ត្រូវ​លេប​ជាមួយ​អាហារ​ ប្រសិន​បើ​​មាន​បញ្ហា​ឈឺ​ក្រពះ។ ដើម្បី​បន្ថយ​ហានិភ័យ​ ​ផល​ប៉ះពាល់​មួយ​ចំនួន​របស់​ថ្នាំ (ក្រួស​ក្នុង​តម្រង​នោម) ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​លុះ​ត្រាអ្នក​មាន​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​មិន​ឲ្យ​ផឹក។ ហើយកម្រិត​ថ្នាំ​ត្រូវ​ផ្អែក​លើ​ស្ថាន​ភាព​សុខ​ភាព និង​ការ​ឆ្លើយ​តប​របស់​ថ្នាំ។

ប្រើ​ថ្នាំ​នេះឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​ឲ្យ​ថ្នាំ​មាន​ប្រសិទ្ធភាពខ្ពស់។ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចង​ចាំលេប​រួច ឬ​មិនទាន់​លេប​ថ្នាំ យើង​ត្រូវ​លេប​វា​ក្នុង​ពេល​តែ​មួយ​ជា​រៀង​រាល់​ថ្ងៃ ត្រូវ​បន្ត​លេប​ទោះ​ជា​បាន​ធូរ​ស្រាល​ក៏​ដោយ។ មនុស្ស​ភាគ​ច្រើន​​មាន​ជំងឺ​ទឹក​ដក់​ក្នុង​បាតភ្នែក ឬ​មាន​សម្ពាធ​ខ្ពស់​ក្នុង​ភ្នែក​ មិន​មាន​រង​ផល​រំ​ខាន​ក្រោយ​ប្រើ​ថ្នាំ​នេះ​ទេ។

៣- រក្សា​ទុកដោយ​វិធី​ណា?

អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Methazolamide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​លេប​ថ្នាំ Methazolamide ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី ក្នុង​ករណី​យើង​មាន​ប្រតិកម្ម​ ឬ​អាលែកហ្ស៊ី​នឹង​ថ្នាំ​ផ្សេង​ទៀត។ ថ្នាំ​នេះ​អាច​មាន​គ្រឿង​ផ្សំ​អសកម្ម​ ​បង្ក​ឲ្យមាន​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​បញ្ហា​ផ្សេងៗ។ សូម​ពិភាក្សា​ជា​មួយ​ឱសថការី​សម្រាប់​ព័ត៌មាន​លម្អិត។

មុន​ពេល​លេប​ថ្នាំ​នេះ ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត ឬ​ឱសថការី​អំពី​ប្រវត្តិ​ជំងឺ​របស់យើង ជា​ពិសេស មាន​បញ្ហា​ក្រពេញ​លើ​តម្រង់​នោម (​ជំងឺ Addison‘s disease) ជំងឺ​ថ្លើម (​ក្រិន​ថ្លើម) បញ្ហា​ក្នុង​ការ​ដក​ដង្ហើម (​​ស្ទះ​សួត​រ៉ាំរ៉ៃ COPD, Emphysema ការ​បង្ក​រោគ​លើ​សួត) ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​រលាក​សន្លាក់ បញ្ហា​តម្រង​នោម (ក្រួស​ក្នុង​តម្រង​នោម) អតុល្យភាព​នៃ​សារធាតុ​រ៉ែ​​មិន​បាន​ព្យាបាល (​ចុះ​ទាប​នៃ​ជាតិ​សូដ្យូម ប៉ូតាស្យូម អាស៊ីដ Hyperchloremic acidosis) ក្រពេញ​ទីរ៉ូអ៊ីត​ដំណើរ​ខ្លាំង​ពេក (ជំងឺ​ពក​ក) ជាដើម។

ថ្នាំ​នេះ​អាច​​ធ្វើ​ឲ្យ​អ្នក​វិល​មុខ ឬ​ងងុយ​ដេក។ សូម​កុំ​បើក​បរ ប្រើ​ម៉ាស៊ីន ឬ​ធ្វើ​សកម្ម​ភាព​ដែល​តម្រូវ​ឲ្យរ​ប្រុង​ប្រយ័ត្ន រហូត​ដល់​ប្រាកដ​ថា​ ​អាចមានសុវត្ថិភាព។ ត្រូវ​កាត់​បន្ថយ​ផឹក​គ្រឿង​ស្រវឹង​ដូច​គ្នា។

ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យមាន​ប្រតិកម្ម​ជាមួយ​ពន្លឺ​ព្រះអាទិត្យ។ ដូច្នេះ​ត្រូវ​កំណត់​ពី​ពេល​វេលា​​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យឲ្យបាន​ត្រឹម​ត្រូវ។ ចៀស​វាងហាល​ថ្ងៃ និង​ការ​ត្រូវ​អំពូល​ព្រះ​អាទិត្យ។ ត្រូវ​ប្រើ​ក្រែម​ និង​ពាក់​សំលៀក​បំពាក់​ការ​ពារ​កម្ដៅ​ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ។ ប្រាប់​គ្រូពេទ្យ​របស់​អ្នក​ភ្លាម​ៗ​ប្រសិន​បើ​​​មាន​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះ​អាទិត្យ ​មាន​ពង​បែក​លើ​ស្បែក ឬ​ឡើង​ក្រហម។

មុន​ពេល​ធ្វើ​ការ​វះ​កាត់​ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ពេទ្យ​ធ្មេញ​ពី​ប្រភេទ​ថ្នាំ​ទាំង​អស់​ដែល​អ្នក​​បាន​ប្រើ (ដូច​ជា​ឱសថ​តាម​វេជ្ជបញ្ជា ឱសថ​គ្មាន​វេជ្ជបញ្ជា និង​ថ្នាំ​រុក្ខជាតិ) ។

ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ អាច​ប្រើ​ថ្នាំ​នេះ​បាន​តែ​ពេល​ចាំ​បាច់​ប៉ុណ្ណោះ។ ត្រូវ​ពិភាក្សា​ពី​ហានិភ័យ និង​អត្ថប្រយោជន៍​របស់​ថ្នាំ​នេះ​ជា​មួយ​វេជ្ជបណ្ឌិត។

ថ្នាំ​នេះ​មិន​ត្រូវ​បាន​ដឹង​ទេ​ថា​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ឬ​អត់ ដូច្នេះ​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​មុន​ពេល​ធ្វើ​ការ​បំបៅ​ដោះ​កូន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ផល​រំខាន ​ដូច​ជា ​ក្អួត​ចង្អោរ ការ​បាត់​បង់​ចំណង់​អាហារ ការ​ផ្លាស់​ប្ដូរ​រស​ជាតិ ​ រាក នោម​ញឹក​​ វិល​មុខ ងងុយ​ដេក ឬ​អស់​កម្លាំង​ អាច​កើត​ឡើង​នៅ​ពេល​រាង​កាយ​យើង​ឆ្លើយ​តប​ទៅ​នឹង​ថ្នាំ។ ប្រសិន​បើ​ផល​ប៉ះពាល់​ទាំង​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី​ឲ្យបាន​ឆាប់។

ត្រូវ​ដឹង​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​នេះ​ដោយ​សារ ថ្នាំ​នេះ​មាន​ផល​ប្រយោជន៍ ​ច្រើន​ជាង​ហានិភ័យ ហើយ​មនុស្ស​ជា​ច្រើន​​ប្រើ​ថ្នាំ​នេះ​ ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ។

សូម​ប្រាប់​គ្រូពេទ្យ​ភ្លាម​ៗ បើ​​​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដូច​ជា៖ មាន​រោគ​សញ្ញា​ក្រួស​ក្នុង​តម្រង​នោម (​ឈឺ​ពេល​នោម ក្ដៅ​ខ្លួន ញាក់ ទឹក​នោម​ពណ៌​ផ្កា​ឈូក មាន​ឈាម) សញ្ញា​ឆ្លង​រោគ (​ឈឺ​បំពង់​ក​មិន​បាត់ ក្តៅ​ខ្លួន ញាក់) ងាយ​ហូរ​ឈាម ជាំ ស្ពឹក ឬ​ឈឺ​ចាក់​ៗ​នៅ​បាតដៃ​ ជើង និងហ៊ឹងត្រចៀក។

ត្រូវ​ទៅ​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ភ្លាម​ៗ បើ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ​ ដូច​ជា ក្អួត​ចង្អោរ ​មិន​បាត់ ការ​អស់​កម្លាំង ឈឺ​ក្រពះ ឈឺ​ពោះ ភ្នែក ស្បែក​ឡើង​លឿង ទឹក​នោម​ពណ៌​ក្រមៅ វង្វេង ចង្វាក់​បេះដូង​លោត​លឿន ញាក់​ប្រកាច់។

កម្រ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ដោយ​សារ​ថ្នាំ​នេះ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ ​ត្រូវ​ជួប​គ្រូ​ពេទ្យ​ភ្លាម​ៗ​ប្រសិន​បើឃើញ​មាន​រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ដូច​ជា កន្ទួល រមាស់​ហើម (ជា​ពិសេស​លើ​មុខ អណ្ដាត ឬ​បំពង់ក) វិល​មុខ​ធ្ងន់ធ្ងរ ពិបាក​ដក​ដង្ហើម។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​ដែល​អាច​មាន​អន្តរ​អំពើ​ជា​មួយ​ថ្នាំ​នេះ​មាន Memantine និង Methenamine។ ពិនិត្យ​ពី​ស្លាក​សញ្ញា​នៅ​លើ​ថ្នាំ​ទាំង​អស់​មុន​លេប ព្រោះ​វា​អាច​មាន​ផ្ទុក​ថ្នាំ​អាស្ពីរីន ឬ​ថ្នាំមានអំពើ​ដូច​ថ្នាំ​អាស្ពីរីន (salicylates) ​អាច​បណ្ដាលឲ្យមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ​បើ​សិន​ជា​យើង​​ប្រើ​ក្នុង​កម្រិត​ច្រើន។ បើ​គ្រូពេទ្យ​ណែនាំឱ្យ​ប្រើ​ថ្នាំ​អាស្ពីរីន ​ក្នុង​កម្រិត​ទាប​សម្រាប់​ជំងឺ​គាំង​បេះដូង ឬ​ការ​ពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជា​ធម្មតា​ត្រូវ​លេប​ក្នុង​កម្រិត ៨១-៣២៥ មិល្លីក្រាម/​ថ្ងៃ។ ​ត្រូវ​លេប​វា​រហូត​ទាល់​តែ​គ្រូពេទ្យ​​ប្រាប់​ឲ្យ​ឈប់។ សូម​សួរ​គ្រូពេទ្យ ឬ​ឱសថការី​សម្រាប់​ព័ត៌មាន​លម្អិត។

ថ្នាំ​នេះ​អាច​មាន​រំខាន​ដល់​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​មួយ​ចំនួន ​អាច​ធ្វើ​ឱ្យ​លទ្ធ​ផល​តេស្ត​ចេញ​មក​មិន​ត្រឹម​ត្រូវ។ ត្រូវ​ប្រាកដ​ថា​បុគ្គលិក​នៅ​មន្ទីរ​ពិសោធន៍ និង​គ្រូពេទ្យ​ទាំង​អស់​បាន​ដឹង​ថា​អ្នក​កំពុង​ប្រើ​ថ្នាំ​នេះ។

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

Methazolamide អាច​មាន​ការ​ប្រែ​ប្រួល​ដោយ​មាន​អន្តរ​អំពើ​ជាមួយ​អាហារ​ ឬ​ជាតិ​អាល់កុល ឬ​បង្កើន​ហានិភ័យ​នៃ​ផល​រំខាន​ធ្ងន់ធ្ងរ​ជា​ច្រើន។ ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថ​ការី​ពី​បញ្ហា​នេះ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​។

កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

– កម្រិតលើ​អ្នក​​ជំងឺ​ទឹក​ដក់​ក្នុង​បាត​ភ្នែក៖ ៥០-១០០ មិល្លីក្រាម លេ ២-៣ ដង​/​ថ្ងៃ។

– មតិយោបល់៖ អាច​ប្រើ​ជាមួយ Miotic និង Osmotic agents

– ការ​ប្រើ​ប្រាស់៖ ព្យាបាល​ស្ថាន​ភាព​ភ្នែក​ បន្ថយ​សម្ពាធ​ឈាម​ក្នុង​គ្រាប់​ភ្នែក​ គឺ​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​លើ​ជំងឺ​ដូច​ជា ជំងឺ​ទឹក​ដក់​បាត​ភ្នែក​រ៉ាំរ៉ៃ ជំងឺ​ទឹក​ដក់​បាត​ភ្នែក​បណ្ដាល​មក​ពី​ជំងឺ​ផ្សេង និង​ការ​ប្រើ​មុន​វះ​កាត់​លើ​ជំងឺ​ទឹក​ដក់បាត​ភ្នែក។

– កម្រិតលើបញ្ហា​​តម្រង់​នោម៖ ហាម​ប្រើ​លើ​អ្នក​ខ្សោយ​តម្រង់​នោម

– កម្រិតលើ​បញ្ហាថ្លើម៖ ហាម​ប្រើ​លើ​អ្នក​ខូច​ថ្លើម

យោបល់​ផ្សេង​ៗ​ទៀត

​ត្រួត​ពិនិត្យ៖

– ត្រូវ​ត្រួត​ពិនិត្យ​លើ​ប្រតិកម្ម​របស់​ឈាម ដូច​គ្នា ទៅ​នឹង​ពពួក​ថ្នាំ Sulfonamides ទាំង​អស់ ​រួម​មាន រាប់​ចំនួន​គ្រាប់​ឈាម (CBC) ​និង​រាប់​ចំនួន​ប្លាកែត មុន​ពេល​ចាប់​ផ្ដើម​ព្យាបាល​ និង​ត្រូវ​ធ្វើយ​តេស្ត​ទាំង​នេះ​ឲ្យ​ទៀង​ទាត់។

– ត្រួត​ពិនិត្យ​លើ​អេឡិចត្រូលីត​ជា​ប្រចាំ។

ដំបូន្មាន​ទៅ​លើ​អ្នក​ជំងឺ៖

– ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ភ្លាម​ៗ បើ​មាន​ប្រតិកម្ម Sulfonamide ដូច​ជា ប្រតិកម្ម​ដោយ​សារ​ការ​ចាក់​ថ្នាំ គ្រុន​ក្តៅ រមាស់ (ជំងឺ Erythema Multiforme, Stevens -Johnson syndrome, Toxic epidermal necrolysis) ទឹក​នោម​មាន​កំណក​គ្រីស្ទាល់ (Crystalluria) បញ្ហាតម្រងនោមមានគ្រួស(Renal calculus) ខូចខួរឆ្អឹងខ្នង (Bone marrow depression) ជំងឺ​​​ប្រព័ន្ធ​ការពារ​រាងកាយ​បំផ្លាញ​កោសិកា​ប្លាកែត (Thrombocytopenic purpura) ជំងឺស្លេក​ស្លាំង ខ្វះ​គ្រាប់​ឈាម​ស ជំងឺ​ខ្វះ​ឈាម និងជំងឺ​ធ្លាក់​ចុះ​កោសិកា​ឈាម​ស​ ពិសេស​ពពួក ណឺត្រូហ្វីល (Agranulocytosis)។

– ប្រាប់​អ្នក​ជំងឺ​ពី​កត្តា​ប្រឈម និង​គ្រោះថ្នាក់​ទាក់​ទង​ការ​ប្រើ​ថ្នាំ​នេះ ជាមួយថ្នាំ​អាស្ពីរីន​មាន​កម្រិត​ខ្ពស់ (លែងឃ្លាន​អាហារ ដក​ដង្ហើម​ញាប់ ខ្សោយ សន្លប់ និង​ស្លាប់) ។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

គ្មាន​កម្រិត​ថ្នាំ​ច្បាស់​លាស់​សម្រាប់​ក្មេង​ទេ ថ្នាំនេះ​​អាច​គ្មាន​សុវត្ថិភាពចំពោះ​ក្មេង។ សំខាន់​បំផុត​ ត្រូវ​ដឹង​របស់របៀប​​ប្រើប្រាស់​ថ្នាំ​។ សូម​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី​​សម្រាប់​ព័ត៌មាន​បន្ថែម។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

Methazolamide អាច​មាន​ទម្រង់​ជាថ្នាំ​គ្រាប់។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Methazolamide Dosage. https://www.drugs.com/dosage/methazolamide.html. Accessed March 15, 2018.

Methazolamide. https://www.webmd.com/drugs/2/drug-11642/methazolamide-oral/details. Accessed March 15, 2018.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម