ស្វែងយល់ពីការប្រើប្រាស់
តើវីតាមីនAប្រើប្រាស់ដើម្បីអ្វី?
វីតាមីន A គឺជាវីតាមីនដែលមានផ្ទុកនៅក្នុងបន្លែ ផ្លែឈើ ស៊ុត ទឹកដោះគោ បឺរ បឺរម៉ាហ្គារីន សាច់និង ប្រេងរបស់ត្រីទឹកប្រៃ។ ម្យ៉ាងទៀតវាក៏អាចផលិតបាននៅក្នុងមន្ទីរពិសោធន៍ផងដែរ។
វីតាមីន A ប្រើដើម្បីព្យាបាលជំងឺខ្វះវីតាមីន A ។ គេក៏ប្រើវាដើម្បីបន្ថយផលវិបាកនៃជំងឺផ្សេងៗ ដូចជា គ្រុនចាញ់ អេដស៍ កញ្រ្ជិល និងកុមាររាករូសដោយសារខ្វះវីតាមីន A ។
ចំពោះស្រ្តី គេប្រើវីតាមីន A ដើម្បីព្យាបាលបញ្ហា មករដូវច្រើន (Heavy menstrual periods) បណ្ដុំរោគសញ្ញាមុនមករដូវ (PMS) ការបង្ករោគនៅទ្វារមាស ការបង្ករោគដោយពពួកផ្សិត ជំងឺ Fibrocystic breast (ដុំពកក្នុងសុដន់) និងការពារពីជំងឺមហារីកសុដន់។ ចំពោះស្រ្តីដែលមានជំងឺអេដស៍ ប្រើវីតាមីនA ដើម្បីបន្ថយហានិភ័យនៃការចម្លងជំងឺនេះ ទៅទារកនៅពេលពរពោះ នៅពេលសម្រាល និងពេលបំបៅដោះ។
ចំពោះមនុស្សប្រុស ការប្រើវិតាមីន A គឺដើម្បីបង្កើនចំនួនទឹកកាម។ អ្នកខ្លះ ប្រើវីតាមីន A ដើម្បីបង្កើនការមើលឃើញ និងព្យាបាលជំងឺភ្នែក ដូចជា ជំងឺ AMD (age-related macular degeneration) ជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) និងជំងឺ Cataracts ។
វីតាមីន A ក៏ត្រូវប្រើដើម្បីព្យាបាលបញ្ហាស្បែក ដូចជាមុន រមាស់ស្បែក (eczema) ជំងឺ Psoriasis ជំងឺដំបៅមាត់ (Cold sore) របួស រលាក រលាកដោយសារពន្លឺថ្ងៃ ជំងឺ Darier (Keratosis follicularis) ជំងឺ Ichthyosis (បញ្ហាចេញស្រកានៅស្បែកដែលមិនរលាក– noninflammatory skin scaling) ជំងឺ Lichen planus pigmentosus និងជំងឺ Pityriasis rubra pilaris។
គេក៏ប្រើវាដើម្បីព្យាបាលជំងឺដំបៅក្រពះពោះវៀន ជំងឺCronh (Cronh’s disease) ជំងឺលើអញ្ចាញធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបណ្ដុំរោគសញ្ញា Hurler (mucopolysaccharidosis) ការបង្ករោគនៅរន្ធប្រហោងច្រមុះ (sinus infections) ជំងឺ hay fever និង ការបង្ករោគនៅបំពង់បង្ហួរនោម។
វីតាមីន A ក៏ប្រើដើម្បីព្យាបាល ជំងឺ Shigellosis ជំងឺលើប្រព័ន្ធសរសៃប្រសាទ ការបង្ករោគនៅច្រមុះ បាត់បង់ឃានវិញ្ញាណ ជំងឺហឺត ឈឺក្បាលជាប់ជាប្រចាំ គ្រួសតម្រងនោម ក្រពេញទីរ៉ូអ៊ីតសកម្មខ្លាំង ជាតិដែកក្នុងឈាមទាប (Anemia) ភាពថ្លង់ (Deafness) ហឹងត្រចៀក និង ជំងឺឈឺមាត់ដែលត្រៀមនឹងមហារីក (Leukoplakia)។
ការប្រើប្រាស់ផ្សេងទៀត រួមមាន ការការពារនិងព្យាបាល ជំងឺមហារីក ការពារបេះដូងនិងប្រព័ន្ធសរសៃឈាមបេះដូង បន្ថយការចាស់ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ វីតាមីន A ក៏ប្រើលាបលើស្បែកដើម្បីអោយរបួសឆាប់ជា បន្ថយស្នាមជ្រីវជ្រួញ និងការពារស្បែកពីពន្លឺកាំរស្មី UV។
តើវាមានមុខងារយ៉ាងដូចម្ដេច?
មិនទាន់មានការសិក្សាណាមួយគ្រប់គ្រាន់សម្រាប់ប្រាប់អំពីមុខងារធ្វើការនៃវីតាមីនAនោះទេ ដូច្នេះសូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ប៉ុន្តែគេគ្រាន់តែដឹងថាវាគឺជាវីតាមីនមានសារៈសំខាន់ដែលត្រូវការសម្រាប់វិវត្តន៍និងផ្ដល់តួនាទីឲ្យកែវភ្នែក ស្បែក ប្រព័ន្ធភាពស៊ាំ និង ផ្នែកផ្សេងៗជាច្រើនទៀតនៅក្នុងរាងកាយ។
ស្វែងយល់ពីការហាមឃាត់ និងបម្រុងប្រយ័ត្ន
តើវីតាមីន A ប្រើប្រាស់ដើម្បីអ្វី?
ជួបពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីប្រសិនបើ:
- អ្នកជាស្រ្ដីមានគភ៌ឬកំពុងបំបៅដោះកូន ព្រោះអំឡុងពេលនេះ អ្នកអាចប្រើថ្នាំបាន តាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។
- អ្នកប្រើប្រាស់ឱសថអ្វីផ្សេងទៀត
- អ្នកមានប្រតិកម្មជាមួយសារជាតិនៃវីតាមីនCឬឱសថពេទ្យឬឱសថរុក្ខជាតិផ្សេងៗ
- អ្នកមានជំងឺផ្សេងៗ
- អ្នកមានប្រតិកម្មជាមួយអាហារសារជាតិបន្ថែមពណ៌ និង សារជាតិរក្សាអាហារទុកឲ្យបានយូរ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
តើវីតាមីនAមានសុវត្ថិភាពកម្រិតណា?
វីតាមីន A គឺតែងតែមានសុវត្ថិភាពសម្រាប់មនុស្សជាច្រើនដែលទទួលទានតាមមាត់ឬចាក់សាច់ដុំដែលមានបិរមាណតិចជាង ១០០០០IU ក្នុងមួយថ្ងៃ។
តែផ្ទុយទៅវិញ វីតាមីន A ក៏អាចមានគ្រោះថ្នាក់ផងដែរនៅពេលដែលអ្នកទទួលទានតាមមាត់ក្នុងកម្រិតចំនួនខ្ពស់។ ការស្រាវជ្រាវបែបវិទ្យាសាស្រ្តបានបង្ហាញថា កម្រិតកាន់តែខ្ពស់ អាចបង្កអោយប្រឈមនឹងគ្រោះថ្នាក់នៃជំងឺពុកឆ្អឹង (osteoporosis) និងបាក់ឆ្អឹងត្រគាក ជាពិសេសចំពោះមនុស្សចាស់។ មនុស្សពេញវ័យដែលញ៉ាំផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប ដែលបន្ថែមវីតាមីន A និងបន្លែ ផ្លែឈើច្រើន មិនចាំបាច់លេបថ្នាំបំប៉ន វីតាមីន A ឬពពួក multivitamin ដែលមានវីតាមីន A នោះទេ។
+វីតាមីន A គឺមានសុវត្ថិភាពចំពោះក្មេង បើប្រើទៅតាមកម្រិតដែលណែនាំ។ កម្រិតអតិបរមាដែលមានសុវត្ថិភាពក្នុងការប្រើវីតាមីនA ចំពោះកុមារគឺអាស្រ័យលើអាយុរបស់ពួកគេ ៖
– តិចជាង ២០០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុដល់៣ឆ្នាំ
– តិចជាង ៣០០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុចន្លោះពី៤ទៅ៨ឆ្នាំ
– តិចជាង ៥៧០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុចន្លោះពី៩ទៅ១៣ឆ្នាំ
– តិចជាង ៩៣០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុចន្លោះពី១៤ទៅ១៨ឆ្នាំ
វីតាមីន A និងមិនមានសុវត្ថិភាព បើលេបនៅកម្រិតដែលខ្ពស់។
ការព្រមាន និង ការប្រុងប្រយ័ត្នពិសេស:
ស្ដ្រីមានគភ៌ និង បំបៅដោះកូន៖ វីតាមីននេះនឹងមានសុវត្ថិភាព នៅពេលទទួលទានតាមចំនួនកម្រិតណែនាំដែលតិចជាង១០០០០IUក្នុងមួយថ្ងៃ។ កម្រិតច្រើនជាងនេះអាចនឹងមិនមានសុវត្ថិភាព។ ប្រសិនបើលើសវីតាមីន A អាចបណ្ដាលអោយក្មេងកើតមកមិនគ្រប់លក្ខណៈ។ ជាការសំខាន់ណាស់ ដែលស្ត្រីមានផ្ទៃពោះ ត្រូវតាមដានការទទួលទាន វីតាមីន A ពីប្រភពចំណីអាហារទាំងអស់កំឡុងត្រីមាសដំបូង។ ទម្រង់នៃវីតាមីន A អាចរកឃើញក្នុងចំណីអាហារមួយចំនួនរួមមាន ផលិតផលពីសត្វ ថ្លើម គ្រាប់ធញ្ញជាតិ និងអាហារបំប៉ន។
ផឹកគ្រឿងស្រវឹងហួសប្រមាណ៖ ផឹកស្រាច្រើន អាចធ្វើឲ្យបង្កើនផលប៉ះពាល់របស់វីតាមីន A ទៅដល់ថ្លើម។
មានបញ្ហារាងកាយពិបាកស្រូបយកជាតិខ្លាញ់៖ អ្នកដែលមានជំងឺទាំងនេះនឹងធ្វើឲ្យប៉ះពាល់ការស្រូបជាតិខ្លាញ់មានដូចជា៖ ជំងឺ Celiac បណ្ដុំរោគសញ្ញាពោះវៀនខ្លី (Short gut syndrome) ឡើងលឿង (Jaundice) ជំងឺ Cystic fibrosis ជំងឺលើលំពែង និងក្រិនថ្លើម ដែលជាហេតុធ្វើឲ្យការស្រូបវីតាមីន A មិនល្អ។ ដើម្បីឲ្យបង្កើនការស្រូបវីតាមីន A បាន អ្នកដែលមានបញ្ហាទាំងនេះគួរតែប្រើវីតាមីនA ដែលរលាយក្នុងទឹកដើម្បីឲ្យរាងកាយអាចស្រូបយកវីតាមីនបាន។
ប្រភេទមួយនៃការដែលមានកូលេស្តេរ៉ូលខ្ពស់ហៅថា “Type 5 hyperlipoproteinemia” ដែលបញ្ហានេះ ធ្វើឲ្យកម្រិតពុលរបស់វីតាមីន A កើនឡើង ដូចនេះ សូមកុំ ប្រើវីតាមីននេះ ឲ្យសោះប្រសិនបើអ្នកមានបញ្ហានេះ។
ការបង្ករោគនៅពោះវៀន ៖ ការបង្ករោគដូចជាព្រូនទំពក់ អាចធ្វើឲ្យការស្រូបរបស់វីតាមីន A ថយចុះ។
ជំងឺថ្លើម៖ ប្រើវីតាមីន A ក្នុងកម្រិតច្រើន អាចធ្វើឲ្យជំងឺថ្លើមកាន់តែធ្ងន់ធ្ងរ។ មិនត្រូវប្រើវីតាមីននេះ ទេបើអ្នកមានជំងឺថ្លើម។
ខ្វះអាហារូបត្ថម្ភ៖ ចំពោះអ្នកដែលបញ្ហាកង្វះអាហារូបត្ថម្ភជាតិប្រូតេអ៊ីនធ្ងន់ធ្ងរ អាចធ្វើឲ្យមានកម្រិតវិតាមីន A ច្រើនពេលលេបវីតាមីននេះ។
កង្វះជាតិស័ង្កសី ៖ ខ្វះជាតិស័ង្កសី អាចនឹងធ្វើឲ្យមានរោគសញ្ញាខ្វះវីតាមីន A ។ ដូចនេះអ្នកគួរទទួលទានវីតាមីនAជាមួយអាហារបំប៉នដែលមានសារជាតិស័ង្កសីដើម្បីឲ្យស្ថានភាពប្រសើរឡើងវិញ។
ស្វែងយល់ពីផលរំខាន
តើផលប៉ះពាល់នៃវីតាមីនAមានអ្វីខ្លះ?
ការប្រើប្រាស់វីតាមីន A ក្នុងបរិមាណច្រើនរយៈពេលយូរអាចបង្កឲ្យមានផលប៉ះពាល់ដូចជា អស់កម្លាំង ពិបាកក្នុងខ្លួន អារម្មណ៍វិលវល់ មិនឃ្លានអាហារ មិនស្រួលពោះ ចង់ក្អួតចង្អោរ ក្ដៅខ្លួនតិចតួច បែកញើសច្រើន និង បញ្ហាផ្សេងៗជាច្រើនទៀត។ ចំណែកឯស្រ្ដីដែលអស់រដូវហើយទទួលទានវីតាមីនA ច្រើនលើសកម្រិតទៀតនោះ នឹងអាចបង្កឲ្យមានហានិភ័យនៃជម្ងឺពុកឆ្អឹង និងបាក់ឆ្អឹងត្រគាក។ ចំពោះកុមារ ពេលដែលប្រើកម្រិតខ្ពស់ជាងកម្រិតដែលណែនាំ អាចបង្កមានផលប៉ះពាល់ដូចជា ពិបាកក្នុងខ្លួន គេងមិនលក់ ក្អួត រាករូស បាត់បង់ស្មារតី ឈឺក្បាល បញ្ហាគំហើញ របកស្បែក បង្កើនគ្រោះថ្នាក់ នៃជំងឺរលាកសួត និងបញ្ហាផ្សេងៗទៀត។
មានការបារម្ភថាការប្រើកម្រិតខ្ពស់នៃថ្នាំបំប៉នពពួក Antioxidants ដូចជា វីតាមីន A អាចផ្ដល់គ្រោះថ្នាក់ច្រើនជាងផលល្អ។ អ្នកស្រាវជ្រាវបង្ហាញថា ការលេបវីតាមីន A ច្រើនអាចបង្កើនឱកាសស្លាប់ដោយសារបញ្ហាជាច្រើន ហើយនិងអាចបង្កឲ្យមានផលរំខានធ្ងន់ធ្ងរផ្សេងៗទៀតជាច្រើន។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានដូចនេះទេ ហើយនៅមានផលរំខានផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ដូចនេះ ប្រសិនបើមានការបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
តើវីតាមីនAអាចមានអន្ដរកម្មមកលើរាងកាយអ្នកដូចម្ដេចខ្លះ?
វីតាមីន A អាចមានអន្តរកម្មជាមួយឱសថ និងស្ថានភាពជំងឺនៅពេលបច្ចុប្បន្នដែលអ្នកមាន ដូច្នេះសូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញមុននឹងប្រើប្រាស់។
ផលិតផលដែលអាចមានអន្តរកម្មជាមួយវីតាមីន A រួមមាន ៖
+ថ្នាំសសំរាប់បញ្ហាស្បែក (Retinoids)
ថ្នាំខ្លះដែលប្រើសម្រាប់បញ្ហាស្បែក គឺមានប្រសិទ្ធភាពដូចវីតាមីន A ដូចនេះបើប្រើថ្នាំទាំងនេះជាមួយនឹងវិតាមីន A អាចធ្វើឲ្យកើនប្រសិទ្ធភាពនិងផលរំខានរបស់វីតាមីន A ។
+ថ្នាំផ្សះ (ក្រុមថ្នាំTetracycline)
វីតាមីន A អាចមានអន្តរកម្មជាមួយនឹងថ្នាំផ្សះមួយចំនួន។ ការប្រើវីតាមីន A ក្នុងកម្រិតខ្ពស់អមជាមួយថ្នាំផ្សះខ្លះ អាចបណ្ដាលអោយកើនឡើងឱកាសមានផលរំខានធ្ងន់ធ្ងរមួយហៅថា Intracranial Hypertension ។ ប៉ុន្តែបើលេបកម្រិតធម្មតារបស់វីតាមីន A ជាមួយនឹងថ្នាំ Tetracycline អាចនិងមិនបណ្ដាលអោយមានបញ្ហានេះទេ ដូចនេះសូមកុំលេបវីតាមីនA ក្នុងកម្រិតខ្ពស់។
ថ្នាំផ្សះក្នុងក្រុមនេះមានដូចជា Demeclocycline (Declomycin) minocycline (Minocin) និង Tetracycline (Achromycin)។
+ថ្នាំដែលអាចប៉ះពាល់ដល់ថ្លើម (Hepatotoxic drugs)
ប្រើវីតាមីនA ក្នុងកម្រិតខ្ពស់អាចធ្វើឲ្យប៉ះពាល់ថ្លើម ហើយបើប្រើថ្នាំដែលអាចប៉ះពាល់ថ្លើមអមជាមួយដែរ នោះនឹងធ្វើឲ្យកើនឡើងគ្រោះថ្នាក់នៃការខូចថ្លើម។ មិនត្រូវប្រើវីតាមីន A ក្នុងកម្រិតខ្ពស់នោះទេ ប្រសិនបើអ្នកកំពុងប្រើថ្នាំដែលប៉ះពាល់ថ្លើម។
ថ្នាំដែលអាចប៉ះពាល់ថ្លើមរួមមាន acetaminophen (Tylenol and others) amiodarone (Cordarone) carbamazepine (Tegretol) isoniazid (INH) methotrexate (Rheumatrex) methyldopa (Aldomet) fluconazole (Diflucan) itraconazole (Sporanox) erythromycin (Erythrocin, Ilosone, others) phenytoin (Dilantin) lovastatin (Mevacor) pravastatin (Pravachol) simvastatin (Zocor) និងថ្នាំផ្សេងៗទៀត។
+ ថ្នាំ Warfarin (Coumadin)
ថ្នាំwarfarin ប្រើដើម្បីពន្យឺតកំណកឈាម ហើយកម្រិតវីតាមីនA ខ្ពស់ក៏អាចពន្យឺតកំណកឈាមដូចគ្នា។ ការប្រើថ្នាំទាំងពីររួមគ្នានឹងធ្វើឲ្យបង្កើនឱកាសនៃរបួសស្នាម និងហូរឈាម។ ត្រូវប្រាកដថាបានពិនិត្យឈាមទៀងទាត់ ហើយកម្រិតថ្នាំ Warfarin អាចនឹងត្រូវផ្លាស់ប្ដូរ។
កម្រិតប្រើប្រាស់
ព័ត៌មានដែលផ្ដល់ឲ្យនេះមិនមែនជានៃការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានពត័មានបន្ថែម។
របៀបកម្រិតនៃការប្រើប្រាស់វីតាមីនA
+កម្រិតAI (Adequate intake) ក្នុងការទទួលទានវីតាមីន A ត្រូវបានកំណត់សំរាប់ទារក៖
–មានអាយុ ០ ដល់ ៦ ខែ ៤០០មិក្រូក្រាមក្នុងមួយថ្ងៃ(១៣០០IU)
–អាយុពី៧ទៅ១២ខែ ៥០០មីក្រូក្រាមក្នុងមួយថ្ងៃ(១៧០០IU)
+កម្រិតណែនាំក្នុងរបបអាហារ (RDA) សម្រាប់កុមារនិងមនុស្សពេញវ័យ៖
–សម្រាប់កុមារ ៖
*អាយុពី១ទៅ៣ឆ្នាំ ៣០០មីក្រូក្រាមក្នុងមួយថ្ងៃ(១០០០IU)
*អាយុពី៤ទៅ៨ឆ្នាំ ៤០០មីក្រូក្រាមក្នុងមួយថ្ងៃ(១៣០០IU)
*អាយុពី៩ទៅ១៣ឆ្នាំ ៦០០មីក្រូក្រាមក្នុងមួយថ្ងៃ(២០០០IU)
–សម្រាប់បុរស៖ អាយុ១៤ឆ្នាំនិងលើសហ្នឹង ៩០០មីក្រូក្រាមក្នុងមួយថ្ងៃ(៣០០០IU)
–សម្រាប់ស្រ្ដី ៖ អាយុ១៤ឆ្នាំនិងលើសហ្នឹង ៧០០មីក្រូក្រាមក្នុងមួយថ្ងៃ(២៣០០IU)
–សម្រាបើស្ត្រីមានគភ៌៖
*អាយុពី១៤ទៅ១៨ឆ្នាំ ៧៥០មីក្រូក្រាមក្នុងមួយថ្ងៃ (២៥០០IU)
*អាយុ១៩ឆ្នាំនិងលើសហ្នឹង ៧៧០មីក្រូក្រាមក្នុងមួយថ្ងៃ (២៦០០IU)
–សម្រាប់ស្រ្ដីបំបៅដោះកូន ៖
*អាយុពី១៤ទៅ១៨ឆ្នាំ ១២០០មីក្រូក្រាមក្នុងមួយថ្ងៃ (៤០០០IU)
*អាយុឆ្នាំ១៩និងលើសហ្នឹង ១៣០០មីក្រូក្រាមក្នុងមួយថ្ងៃ (៤៣០០IU)
កម្រិតលេបដែលខ្ពស់បំផុតដែលមិនអាចបង្កជាគ្រោះថ្នាក់ (UL – Upper Intake Level) សម្រាប់វីតាមីន A ត្រូវបានគេកំនត់ដោយមិនបានបូកបញ្ចូលពពួក Provitamine A Carotenoids៖
–មានអាយុ ០ ដល់ ៣ ឆ្នាំ ៦០០មិក្រូក្រាមក្នុងមួយថ្ងៃ(២០០០IU)។
–អាយុ ៤ ដល់ ៨ឆ្នាំ ៩០០មិក្រូក្រាមក្នុងមួយថ្ងៃ(៣០០០IU)។
–អាយុ ៩ ដល់ ១៣ឆ្នាំ ១៧០០មិក្រូក្រាមក្នុងមួយថ្ងៃ(៦០០០IU)។
–អាយុ ១៤ ដល់ ១៨ឆ្នាំ (រួមទាំងអ្នកមានផ្ទៃពោះនិងបំបៅដោះកូន) ២៨០០មិក្រូក្រាមក្នុងមួយថ្ងៃ (៩០០០IU)។
–ចាប់ពីអាយុ១៩ឆ្នាំឡើង(រួមទាំងអ្នកមានផ្ទៃពោះនិងបំបៅដោះកូន) ៣០០០ មិក្រូក្រាមក្នុងមួយថ្ងៃ (២០០០IU)។
កម្រិតវីតាមីន A ភាគច្រើនបង្ហាញជា Unit (IU) ប៉ុន្តែកម្រិតជាមីក្រូក្រាម ពេលខ្លះក៏ប្រើដូចគ្នា។
ការញាំបន្លែផ្លែឈើ ៥ដងក្នុងមួយថ្ងៃ អាចផ្ដល់អោយប្រហែល ៥០ភាគរយ ទៅ ៦០ភាគរយ នៃកម្រិត RDA របស់វីតាមីន A សម្រាប់មនុស្សធំ។
កម្រិតនៃការទទួលទានវីតាមីន A អាចមានភាពខុសគ្នារាល់អ្នកជំងឺម្នាក់ៗ ដែលវាអាស្រ័យទៅលើអាយុ សុខភាពរាងកាយ និង ស្ថានភាពផ្សេងទៀតនៃអ្នកជំងឺ។ ការប្រើប្រាស់អាហារបំប៉នមិនមែនតែងតែមានសុវត្ថិភាពនោះទេ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានកម្រិតប្រើប្រាស់សមស្រប។
តើវីតាមីនAមានទម្រង់ប្រភេទយ៉ាងដូចម្ដេច?
វីតាមីនA អាចរកបានក្នុងទម្រង់ប្រភេទជា៖
–មានស្រាប់ក្នុងអាហារមួយចំនួន
–កាប់ស៊ុល
–គ្រាប់
–ជែលទន់
–កញ្ចប់ទឹក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]