ការប្រើប្រាស់
១- តើប្រើស័ង្កសីដើម្បីអ្វី?
ស័ង្កសី គឺសាធាតុលោហៈ គេហៅបានថា “Essential Trace Element’ មានន័យថា សារធាតុពិសេសកម្រ ព្រោះចំនួនដ៏តិចតួចរបស់សារធាតុរ៉ែនេះ មានសារប្រយោជន៍ណាស់សម្រាប់សុខភាពមនុស្ស។
គេប្រើស័ង្កសី សម្រាប់ព្យាបាល និងការពារកង្វះជាតិស័ង្កសី រួមទាំងផលវិបាករបស់វា ដូចជា ក្រិន និងជំងឺរាគស្រួចស្រាវចំពោះក្មេង និងរបួសមិនងាយជា។
គេក៏ប្រើស័ង្កសី ដើម្បីជំរុញប្រព័ន្ធភាពស៊ាំ ព្យាបាលជំងឺផ្ដាសាយ ការឆ្លងមេរោគនៅត្រចៀក ការពារការចម្លងមេរោគផ្លូវដង្ហើម ក៏ដូចជាជំងឺគ្រុនឈាម និងជំងឺបង្កដោយពពួកប៉ារ៉ាស៊ីត។
ខ្លះប្រើស័ង្កសី ព្យាបាលជំងឺភ្នែក ហៅថា Macular Degeneration មានដូចជា ខ្វាក់មាន់ និងភ្នែកឡើងបាយ។ គេក៏អាចប្រើសម្រាប់ជំងឺហឺត ទឹកនោមផ្អែម លើសឈាម អេដស៍ និងជំងឺស្បែក ដូចជា រលាកស្បែករ៉ាំរ៉ៃ ត្រអក និងជំងឺមុន។
ប្រើប្រាស់ផ្សេងទៀត រួមមាន ជំងឺ ADHD (Attention deficit-hyperactivity disorder) ខ្សោយរសវិញ្ញាណ (Hypogeusia) ជំងឺហឹងត្រចៀក (Tinnitus) របួសក្បាលធ្ងន់ធ្ងរ ជំងឺ Cronh’s disease ជំងឺវង្វែងរវង្វាន់លើមនុស្សចាស់ (Alzheimer) រោគសញ្ញាវិបត្តិបញ្ញាស្មារី (Down syndrome) និង Hansen’s disease រលាកពោះវៀនធំ ដំបៅក្រពះ ក៏ដូចជាឡើងទម្ងន់ខ្លាំង ដូចជាជំងឺ Anorexia Nervosa ជាដើម។
មនុស្សខ្លះប្រើស័ង្កសីដើម្បីព្យាបាល ជំងឺ BPH (Benign prostatic hyperplasia) បញ្ហាមិនអាចបង្កដោយសារលិង្គមិនឡើងរឹង (ED) ជំងឺខ្សោយឆ្អឹង (Osteoporosis) ជំងឺរលាកសន្លាក់ (Rheumatoid Arthritis) និងរមួលសាច់ដុំ អមជាមួយជំងឺថ្លើម។ ស័ង្កសី ក៏ត្រូវបានប្រើព្យាបាលជំងឺ Sickle cell (ជំងឺកោសិកាឈាមក្រហមរាងដូចកណ្ដៀវ) និងជំងឺតំណពូជ ដូចជា Acrodermatitis Enteropathica ជំងឺ Thalassemia និងជំងឺ Wilson។
អត្តពលិកខ្លះវិញ ប្រើវាសម្រាប់ជួយដល់ការហាត់កីឡា និងកង្កើនកម្លាំង។
គេក៏អាចយកស័ង្កសី មកលាបលើស្បែកដើម្បីព្យាបាលមុន ស្បែកចាស់ៗ ជំងឺរើម (Herpes simplex infection) និងធ្វើឲ្យរបួសជាសះស្បើយលឿន។ ម្យ៉ាងទៀតគេប្រើ ជាស្ព្រាយបាញ់ច្រមុះ សម្រាប់ព្យាបាលជំងឺផ្ដាសាយ ខណៈស័ង្កសីស៊ុលផាត ប្រើសម្រាប់ព្យាបាលក្រហាយភ្នែក ឯស័ង្កសីស៊ីដ្រាត ប្រើសម្រាប់ធ្វើជាថ្នាំដុះធ្មេញ និងទឹកខ្ពុលមាត់ដើម្បីកម្ចាស់កាកសំណល់ និងព្យាបាលរលាកអញ្ចាញធ្មេញ។
២- ស័ង្កសីដំណើរការយ៉ាងម៉េច?
មិនមានការសិក្សាគ្រប់គ្រាន់នៅឡើយទេ ទៅលើសកម្មភាពរបស់ស័ង្កសី។ សូមពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។
ទោះយ៉ាងនេះក្ដី គេអាចដឹងថា រាងកាយយើងត្រូវការស័ង្កសី សម្រាប់ការលូតលាស់ និងជួសជុលរាងកាយ។ ស័ង្កសី ត្រូវគេរកឃើញនៅក្នុងប្រព័ន្ធរាងកាយ និងប្រតិកម្មជីវសាស្រ្តមួយចំនួន។ រាងកាយត្រូវការស័ង្កសី សម្រាប់មុខងារប្រព័ន្ធភាពស៊ាំ ជំរុញឲ្យរបួសឆាប់ជា ជំនួយកំណកឈាម មុខងារក្រពេញទីរ៉ូអ៊ីត និងផ្នែកជាច្រើនទៀត។ ប្រភពអាហារសម្បូរស័ង្កសី រួមមាន សាច់ អាហារសមុទ្រ ផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងបន្លែ។
កង្វះស័ង្កសី មិនមែនជារឿងចម្លែកទេ ដោយរោគសញ្ញាមានដូចជា លូតលាស់យឺត អាំងស៊ុយលីនថយចុះ មិនសូវញ៉ាំ ឆេវឆាវ ជ្រុះសក់ ស្បែកក្រហម និងស្ងួត របួសក្រជា បាត់បង់រស និងឃានវិញ្ញាណ រាក និងចង្អោរ។ បញ្ហាពោះវៀន រំខានដល់ការស្រូបអាហារ (Malabsorption syndromes) ញៀនស្រា ខ្សោយតម្រងនោមរ៉ាំរ៉ៃ និងជំងឺអសកម្មរ៉ាំរ៉ៃ (Chronic debilitating disease) ជាមូលហេតុ នាំឲ្យកង្វះស័ង្កសីកម្រិតមធ្យម។
ស័ង្កសី មានតួនាទីសំខាន់ក្នុងការទ្រទ្រង់គំហើញ ហេតុនេះកង្វះស័ង្កសី អាចប៉ះពាល់ដល់គំហើញ និងកង្វះធ្ងន់ធ្ងរអាចធ្វើឲ្យមានការប្រែប្រួលស្រទាប់រ៉េទីន។
ស័ង្កសី ក៏អាចប្រឆាំងនឹងវីរុសដូចគ្នា អាចកាត់បន្ថយរោគសញ្ញាប្រភេទវីរុស Rhinovirus ប៉ុន្តែការស្រាវជ្រាវមិនទាន់ពន្យល់ច្បាស់ពីដំណើរការវានៅឡើយ។ មានភស្តុតាងខ្លះបង្ហាញថា ស័ង្កសីមានសកម្មភាពប្រឆាំងនឹងវីរុស Herpes (មេរោគបង្កឲ្យកើតជំងឺរើម)។
ពេលណាជាតិស័ង្កសីថយចុះ អាចធ្វើឲ្យប្រុសៗមិនមានកូន កោសិកាឈាមក្រហមរាងកណ្ដៀវ ជំងឺអេដស៍ ជំងឺថប់បារម្ភ ទឹកនោមផ្អែមប្រភេទ ២ តែអាចព្យាបាលបានដោយការលេបបង្គ្រប់ជាតិស័ង្កសី។
កត្តាគួរប្រុងប្រយ័ត្ន
៣- ត្រូវដឹងអ្វីខ្លះមុននឹងប្រើស័ង្កសី?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយស័ង្កសី ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ស័ង្កសីមានសុវត្ថិភាពកម្រិតណា?
ស័ង្កសី មានសុវត្ថិភាពចំពោះមនុស្សពេញវ័យ បើប្រើវាលាបលើស្បែក ឬលេបមិនលើសពី ៤០មិល្លីក្រាម ជាប្រចាំ។ ជាធម្មតា ស័ង្កសី មិនត្រូវបានណែនាំឲ្យប្រើដោយគ្មានវេជ្ជបញ្ជានោះទេ។
ស័ង្កសី ក៏អាចមានសុវត្ថិភាព បើលេបច្រើនជាង ៤០មិល្លីក្រាម ជាប្រចាំ។ តែក៏មានផលប៉ះពាល់ខ្លះ បើលេបលើសពី ៤០មិល្លីក្រាម អាចធ្វើឲ្យថយចុះការស្រូបជាតិទង់ដែងក្នុងខ្លួន ហើយខ្វះជាតិទង់ដែង នាំឲ្យខ្វះគ្រាប់ឈាមទៀតផង។
ស័ង្កសី មិនមានសុវត្ថិភាពទេ ពេលស្រូបតាមច្រមុះ ដោយសារវាអាចធ្វើឲ្យបាត់បង់សមត្ថភាពឃានវិញ្ញាន។
ញ៉ាំជាតិស័ង្កសីច្រើនពេក មិនមានសុវត្ថិភាពទេ ពិសេសបើលើស ១០០ មិល្លីក្រាម ជាប្រចាំ ឬប្រើជាអាហារបំប៉ន រយៈពេល ១០ឆ្នាំ ឬច្រើនជាងនេះ ធ្វើឲ្យកើនឡើងទ្វេរដង នូវហានិភ័យមហារីកក្រពេញប្រូស្តាត។
ញ៉ាំជាតិស័ង្កសីចាប់ពី ៤៥០មិល្លីក្រាម ឬច្រើនជាងនេះជាប្រចាំ អាចបណ្ដាលឲ្យមានបញ្ហាអ៊ីយ៉ុងក្នុងឈាម។ ហើយបើញ៉ាំម្តងពី ១០-៣០ ក្រាម អាចបណ្តាលឲ្យស្លាប់តែម្តង។
៥- គួរប្រុងប្រយ័ត្ន
– ចំពោះទារក និងក្មេងតូចៗ៖ ស័ង្កសី មានសុវត្ថិភាពពេលញ៉ាំក្នុងកម្រិតត្រឹមត្រូវដែលបានណែនាំ។ ហើយមិនមានសុវត្ថិភាពទេ បើប្រើក្នុងកម្រិតខ្ពស់។
– ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន៖ ស៍ង្កសី មានសុវត្ថិភាព បើប្រើក្នុងការណែនាំជាប្រចាំ។ យ៉ាងណា អាចមិនមានសុវត្ថិភាពបើលេបច្រើនពេក។ ស្រីៗមានផ្ទៃពោះអាយុលើស ១៨ឆ្នាំ មិនគួរលេបលើស ៤០ មិល្លីក្រាម/ថ្ងៃ ទេ ហើយបើអាយុពី ១៤-១៨ ឆ្នាំ ក៏មិនគួរលេបលើស ៣៤ មិល្លីក្រាម/ថ្ងៃ ដែរ។ ស្រីៗកំពុងបំបៅដោះកូន អាយុលើសពី ១៨ឆ្នាំ មិនគួរលេបលើស ៣៤ មិល្លីក្រាម/ថ្ងៃ អាយុពី ១៤-១៨ ឆ្នាំ មិល្លីក្រាម/ថ្ងៃ។
– ញៀនស្រា៖ ផឹកស្រារយៈពេលយូរ និងហួសកម្រិត ធ្វើឲ្យថយចុះការស្រូបស័ង្កសីក្នុងខ្លួន។
– ទឹកនោមផ្អែម៖ កម្រិតស័ង្កសីច្រើនពេក ធ្វើឲ្យជាតិស្ករក្នុងឈាមទាបចំពោះអ្នកជំងឺទឹកនោមផ្អែម។
– លាងឈាម៖ អ្នកជំងឺត្រូវការលាងឈាមប្រឈមខ្វះជាតិស័ង្កសី ទាមទារប្រើស័ង្កសីបន្ថែម។
– ជំងឺអេដស៍៖ សូមប្រើដោយប្រុងប្រយ័ត្ន បើយើងមានជំងឺអេដស៍។
– បញ្ហាក្រពះ ពោះវៀន៖ ពិបាកស្រូបសារធាតុចិញ្ចឹមក្នុងខ្លួន អាចមកពីខ្វះស័ង្កសី។
– ជំងឺរលាកសន្លាក់ច្រើន៖ អាចស្រូបយកស័ង្កសីបានតិច។
ស្វែងយល់ពីផលរំខាន
៦- ស័ង្កសីមានផលរំខានអ្វីខ្លះ?
គ្នាយើងមួយចំនួន អាចរងផលរំខានពីជាតិស័ង្កសី នាំឲ្យចង្អោរ ក្អួត រាក ខូចតម្រងនោម និងក្រពះ ល្វីងមាត់ និងផលប៉ះពាល់ផ្សេងទៀត។ ប្រើស័ង្កសីលើស្បែកដែលខូច អាចបណ្ដាលឲ្យរលាក រមាស់ ឈឺចាប់ ឈឺចាក់ៗ។
ប្រើស័ង្កសីកម្រិតខ្ពស់ជាងការណែនាំអា ចបណ្ដាលឲ្យក្ដៅខ្លួន ក្អក ឈឺពោះ អស់កម្លាំង និងបញ្ហាដទៃទៀត។
ក៏មានការប៉ះពាល់ផងដែរ ពេលលេបវីតាមីនចម្រុះ ជាមួយអាហារបំប៉នស័ង្កសី ធ្វើឲ្យអត្រាប្រឈមស្លាប់ដោយសារជំងឺមហារីកក្រពេញប្រូស្តាត។
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់បន្ថែម សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។ ម្យ៉ាងទៀតមនុស្សគ្រប់រូប ពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីដែលល្អ ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ស័ង្កសីអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
ស័ង្កសី អាចមានប្រតិកម្មជាមួយថ្នាំយើងកំពុងលេប និងស្ថានភាពជំងឺយើងកំពុងមាន។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ។ ខណៈថ្នាំអាចមានប្រតិកម្មជាមួយស័ង្កសី រួមមាន៖
– ថ្នាំផ្សះ៖ កម្រិតស័ង្កសីអាចថយចុះ ពេលរាង្គកាយស្រូបថ្នាំទាំងនេះ។ ការលេបស័ង្កសីជាមួយថ្នាំផ្សះ ធ្វើឲ្យឥទ្ធិពលនៃថ្នាំផ្សះខ្លះថយចុះ។ ដើម្បីចៀសវាងប្រតិកម្ម ចូរលេបស័ង្កសីមួយម៉ោង មុនថ្នាំផ្សះ។ ថ្នាំផ្សះទាំងនោះ រួមមាន Ciprofloxacin (Cipro), Enoxacin (Penetrex), Norfloxacin (Chibroxin, Noroxin), Sparfloxacin (Zagam), Trovafloxacin (Trovan) និងថ្នាំ អrepafloxacin (Raxar)។
– ថ្នាំ Tetracyclines៖ ស័ង្កសី អាចមានប្រតិកម្មជាមួយថ្នាំ Tetracyclines ក្នុងក្រពះ ធ្វើឲ្យការស្រូបថ្នាំ Tetracyclines ថយចុះ និងបន្ថយឥទ្ធិពលថ្នាំ។ ដើម្បីចៀសវាងប្រតិកម្ម ត្រូវលេបស័ង្កសីមុន ២-៤ ម៉ោង។ ថ្នាំទាំងនោះរួមមាន Demeclocycline (Declomycin), Minocycline (Minocin) និងថ្នាំ Tetracycline (Achromycin)។
– ថ្នាំ Cisplatin៖ Cisplatin (Platinol-AQ) ប្រើដើម្បីព្យាបាលមហារីក ខណៈលេបស័ង្កសីជាមួយ EDTA និង Cisplatin (platinol-AQ) អាចធ្វើឲ្យកើនឡើងនៅឥទ្ធិពល និងផលរំខានរបស់ថ្នាំ Cisplatin(platinol-AQ)។
– ថ្នាំ Penicillamine៖ Penicillamine ប្រើសម្រាប់ព្យាបាលជំងឺ Wilson’s disease និងរលាកសន្លាក់។ ស័ង្កសីអាចធ្វើឲ្យថយចុះការស្រូបរបស់ថ្នាំ Penicillamine និងបន្ថយឥទ្ធិពលរបស់វា។
– ថ្នាំ Amiloride៖ Amiloride (Midamor) ដូចជាថ្នាំបញ្ចុះទឹកនោម ថ្នាំនេះ គេប្រើដើម្បីជួយបញ្ចេញជាតិទឹកពីរាង្គកាយ។ ឥទ្ធិពលផ្សេងទៀត ធ្វើឲ្យកើនឡើងស័ង្កសីក្នុងខ្លួន ហេតុនេះបើលេបស័ង្កសីជាមួយថ្នាំ Amiloride អាចបណ្ដាលឲ្យចំនួនស័ង្កសីលើសក្នុងខ្លួន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
គេណែនាំឲ្យប្រើកម្រិតស័ង្កសីក្នុងកម្រិតដូចខាងក្រោម៖
លេប
– ព្យាបាលផ្ដាសាយ៖ លេបជាតិស័ង្កសី ដូចជា Zinc gluconate ឬ Acetate lozenge មួយគ្រាប់ ៩-២៤ មិល្លីក្រាម ដាក់រលាយក្នុងមាត់រៀងរាល់ ២ ម៉ោងម្តង។
– ព្យាបាលការកង្វះអាហារូបត្ថម្ភ ឬខ្វះស័ង្កសីចំពោះក្មេង៖ ១០-៤០ មិល្លីក្រាម រៀងរាល់ថ្ងៃ។
– ការពារ និងព្យាបាលរលាកសួតចំពោះក្មេងខ្វះជីវជាតិ៖ ១០-៧០ មិល្លីក្រាម/ថ្ងៃ។
– ព្យាបាលបញ្ហាបាត់បង់រសវិញ្ញាណ៖ ២៥-១០០ មិល្លីក្រាម។
– មិនឃ្លានអាហារ៖ ១០០ មិល្លីក្រាម នៃស័ង្កសីគ្លុយកូណាត ជាប្រចាំ។
– ព្យាបាលដំបៅក្រពះ៖ ប្រើស័ង្កសីសុលផាត ២០០មិល្លីក្រាម ៣ ដង/ថ្ងៃ។
– ខ្សោយសាច់ដុំដោយសារខ្វះជាតិស័ង្កសី និងជំងឺថ្លើម៖ ស័ង្កសីសុលផាត ២២០មិល្លីក្រាម ២ ដង/ថ្ងៃ។
– ជំងឺពុកឆ្អឹង៖ ១៥មិល្លីក្រាម ស័ង្កសីជាមួយម៉ង់ហ្គាណែស ៥មិល្លីក្រាម កាល់ស្យូម ១០០០មិល្លីក្រាម និងទង់ដែង ២,៥ មិល្លីក្រាម។
– ជំងឺកោសិកាឈាមក្រហមមានរាងកណ្ដៀវ៖ ស័ង្កសីស៊ុលផាត ២២០មិល្លីក្រាម ៣ដង ជាប្រចាំ។
– ក្មេងដមានកោសិកាឈាមរាងកណ្ដៀវ និងក្រពេញវ័យឲ្យលូតសាស់ និងឡើងទំងន់៖ ប្រើ ១០ មិល្លីក្រាម/ថ្ងៃ។
– សម្រាប់ក្មេងមានជំងឺផ្លូវចិត្ត៖ ស័ង្កសីស៊ុលផាត ៥៥-១៥០ មិល្លីក្រាម (១៥-៤០ មិល្លីក្រាម ចំពោះស័ង្កសី) ប្រើជាប្រចាំ។
– ព្យាបាលមុន៖ ៣០-១៣៥ មិល្លីក្រាម ប្រើជាប្រចាំ។
– ជំងឺមនុស្សចាស់ Macular degeneration (AMD)៖ ស័ង្កសី ៨០មិល្លីក្រាម ជាមួយវីតាមីន C ៥០០មិល្លីក្រាម វីតាមីន E ៤០០ អាយយូ និង Beta-carotence ១៥ មិល្លីក្រាមជាប្រចាំ។
– វិទ្យាស្ថានវេជ្ជសាស្រ្ត បង្កើតកម្រិតញ៉ាំអាហារជាតិស័ង្កសីចំពោះក្មេងទើបកើតដល់ ៦ខែ ២ មិល្លីក្រាម/ថ្ងៃ ។
– ទារក និងក្មេង៖ អាយុពី ៧ខែ ដល់ ៣ឆ្នាំ៣ មិល្លីក្រាម/ថ្ងៃ។ ក្មេងអាយុពី ៤-៨ ឆ្នាំ ៥ មិល្លីក្រាម/ថ្ងៃងៃ។ ៩-១៣ ឆ្នាំ ៨ មិល្លីក្រាម/ថ្ងៃ។ ក្មេងស្រី ១៤-១៨ ឆ្នាំ មិល្លីក្រាម/ថ្ងៃ។ ក្មេងប្រុសអាយុពី ១៣ ឆ្នាំឡើងទៅ ១១ មិល្លីក្រាម/ថ្ងៃ។ ស្រីៗអាយុពី ១៩ឆ្នាំឡើង ៨ មិល្លីក្រាម/ថ្ងៃ។ ស្ត្រីមានផ្ទៃពោះអាយុពី ១៤-១៨ឆ្នាំ ១៣ មិល្លីក្រាម/ថ្ងៃ។ ស្រីៗមានផ្ទៃពោះអាយុ ១៩ឆ្នាំឡើង ១១ មិល្លីក្រាម/ថ្ងៃ។ បំបៅដោះកូនអាយុ ១៤-១៨ ឆ្នាំ ១៤ មិល្លីក្រាម/ថ្ងៃ។ បំបៅដោះកូនអាយុ ១៩ ឆ្នាំឡើង ១២ មិល្លីក្រាម/ថ្ងៃ។
លាបលើស្បែក
-ព្យាបាលមុន៖ ស័ង្កសីអាសេតាត ១,២% ជាមួយ Erythromycin ៤% ប្រើដូចលេលាប ២ដង ជាប្រចាំ។
– ជំងឺរើម (Herpes simplex)៖ ស័ង្កសីស៊ុលផាត ០,២៥% លាប ៨-១០ ដងជាប្រចាំ ឬស័ង្កសីអុកស៊ីត ០,៣% ជាមួយគ្លីស៊ីនលាប រាល់ ២ ម៉ោង/ម្ដង។
កម្រិតប្រើខុសៗគ្នាអាស្រ័យលើកត្តាអាយុ សុខភាព និងជំងឺ។ អាហារបំប៉ន ធ្វើពីស័ង្កសី មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់នោះទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ។
៩- មានជាទម្រង់អ្វីខ្លះ?
ស័ង្កសី មានទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់ស័ង្កសី ៣០មិល្លីក្រាម និង ៥០មិល្លីក្រាម
– ថ្នាំគ្រាប់ កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]