ស្វែងយល់ពីការប្រើប្រាស់
១- គេប្រើខ្លាញ់ត្រីប្រើប្រាស់ដើម្បីអ្វី?
យើងអាចទទួលបានខ្លាញ់ត្រី ពីការញ៉ាំសាច់ត្រី ឬញ៉ាំអាហារបំប៉នមានជាតិខ្លាញ់ត្រី។ ត្រីសម្បូរទៅដោយខ្លាញ់មានប្រយោជន៍ ដែលគេនិយមហៅថា អាស៊ីដខ្លាញ់អូមេហ្កា ៣ សម្បូរក្នុងពពួកត្រីស្ទើរតែគ្រប់ប្រភេទ ពិសេស ត្រីស្បៃកា ត្រីធូណា ត្រីសាល់ម៉ុន ត្រីសារឌីន និងពពួកត្រីជាច្រើនទៀត។
អាហារបំប៉នខ្លាញ់ត្រី ច្រើនតែយកចេញពី ត្រីស្បៃកា ត្រីធូណា ត្រីសាល់ម៉ុន ថ្លើមត្រីម័ររុយ ត្រីបាឡែន ឬឆ្មាទឹក។ ជាញឹកញាប់អាហារបំប៉នខ្លាញ់ត្រី តែងតែមានវីតាមីន E ក្នុងបរិមាណតិចតួច ដើម្បីបង្ការកុំឲ្យស្អុយរលួយ។ វាក៏អាចផ្សំជាមួយកាល់ស្យូម ជាតិដែក ឬវីតាមីន A វីតាមីន B1, B2, B3 វីតាមីន C ឬវិតាមីន D ជាដើម។
ខ្លាញ់ត្រី ត្រូវប្រើប្រាស់យា៉ងទូលំទូលាយគ្រប់លក្ខខណ្ឌ ហើយជាញឹកញាប់ ត្រូវបានប្រើប្រាស់លើលក្ខខណ្ឌទាក់ទងទៅនឹងប្រព័ន្ធរបត់ឈាម និងបេះដូង។ គ្នាយើងមួយចំនួន ប្រើប្រាស់ខ្លាញ់ត្រី ដើម្បីបន្ថយសម្ពាធឈាម ឬកម្រិតខ្លាញ់អាក្រក់ទ្រីគ្លីសេរីត (ខ្លាញ់ដែលទាក់ទងនឹងកូលេស្តេរ៉ូល)។ ខ្លាញ់ត្រី ក៏ប្រើប្រាស់សម្រាប់បង្ការ ជំងឺបេះដូង ឬ ដាច់សរសៃឈាមខួរក្បាល។ ភស្តុតាងបែបវិទ្យាសាស្ត្រ បានណែនាំថា ខ្លាញ់ត្រី ពិតជាកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីតដែលខ្ពស់ និងជួយបង្ការជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល នៅពេលយើងប្រើប្រាស់ក្នុងកម្រិតណែនាំ។ យ៉ាងណា បើញ៉ាំខ្លាញ់ត្រីហួសកម្រិត បែរជាអាចបង្កើនហានិភ័យ ជំងឺដាច់សរសៃឈាមខួរក្បាល។
ខ្លាញ់ត្រី គួរតែទទួលបានឈ្មោះ ជា “អាហារខួរក្បាល” ព្រោះដោយសារគ្នាយើងខ្លះញ៉ាំសាច់ត្រី ដើម្បីបំបាត់ជំងឺបាក់ទឹកចិត្ត ជំងឺសរសៃប្រសាទ (ឆ្កួត) ជំងឺពិបាកផ្ចង់អារម្មណ៍ ADHD ជំងឺបាត់បង់ការចងចាំ (Alzheimer) និងវិបត្តិសតិអារម្មណ៍ផ្សេងទៀត។
គ្នាយើងខ្លះ ប្រើប្រាស់ខ្លាញ់ត្រី ដើម្បីព្យាបាលអាការៈស្ងួតភ្នែក ជំងឺឡើងសម្ពាធភ្នែក និងជំងឺបាត់បង់គំហើញ (AMD) ដែលច្រើនកើតឡើងនៅលើមនុស្សចាស់ បណ្ដាលឲ្យមានបញ្ហាភ្នែកធ្ងន់ធ្ងរ។
សម្រាប់ស្រីៗវិញ ញ៉ាំខ្លាញ់ត្រី ដើម្បីបង្ការការឈឺចាប់ពេលមករដូវ ឈឺសុដន់ និងផលវិបាកទាក់ទងនឹងការមានផ្ទៃពោះ ដូចជា រលូតកូន ឡើងសម្ពាធឈាមអំឡុងពេលពពោះត្រីមាសចុងក្រោយ និងករណីសម្រាលមុនខែ។
ខ្លាញ់ត្រី ប្រើប្រាស់សម្រាប់ ជំងឺទឹកនោមផ្អែម ជំងឺហឺត ជំងឺវិបត្តិទាក់ទងនឹងចលនា ជំងឺពិបាកបញ្ចេញសំឡេងធាត់លើសទម្ងន់ ជំងឺតម្រងនោម ជំងឺពុកឆ្អឹង និងជំងឺមួយចំនួនទៀត ទាក់ទងនឹងការឈឺចាប់ និងហើម ដូចជាជំងឺស្បែក (Psoriasis) និងបង្ការការស្រកទម្ងន់ដោយសារប្រើថ្នាំប្រឆាំងមហារីក។
ជួនកាលខ្លាញ់ត្រី ក៏ត្រូវបានប្រើប្រាស់ក្រោយការវះកាត់ប្ដូរបេះដូង ដើម្បីបង្ការជំងឺលើសឈាម និងខូចខាតតម្រងនោមដែលបណ្ដាលមកពីការវះកាត់ ឬថ្នាំប្រើទប់ទល់ប្រព័ន្ធភាពស៊ាំកុំឲ្យប្រឆាំងជាមួយនឹងបេះដូងថ្មី។ ខ្លាញ់ត្រី ជួនកាល ក៏ត្រូវបានប្រើប្រាស់ក្រោយការ វះកាត់បើកផ្លូវសរសៃអាកទែកូរូណារីថ្មី ដើម្បីជួយរក្សាសរសៃឈាមដែលបង្កើតផ្លូវថ្មី ពីការកកស្ទះ។
២- ខ្លាញ់ត្រីដំណើរការម៉េចខ្លះ?
សារៈសំខាន់របស់ខ្លាញ់ត្រី ច្រើនតែបានមកពីអាស៊ីដខ្លាញ់អូមេហ្កា ៣ ហើយអ្វីយើងត្រូវដឹង គឺរាងកាយយើងមិនអាចផលិតអាស៊ីដខ្លាញ់អូមេហ្កា ៣ ដោយខ្លួនឯងនោះឡើយក៏ មិនអាចបង្កើតអាស៊ីដខ្លាញ់អូមេហ្កា ៣ ចេញពីអាស៊ីដខ្លាញ់អូមេហ្កា ៦ បានដែរ ព្រោះវាជារបបអាហារទូទៅនៅលោកខាងលិច។ ការស្រាវជ្រាវជាច្រើន បានធ្វើនៅលើសារធាតិ EPA និង DHA ជាប្រភេទនៃអាស៊ីដខ្លាញ់អូមេហ្កា ៣ ជួនកាលមាននៅក្នុងអាហារបំប៉នខ្លាញ់ត្រី។
អាស៊ីដខ្លាញ់អូមេហ្កា ៣ អាចកាត់បន្ថយការឈឺចាប់ និងអាការៈហើម ដែលអាចបកស្រាយបានថា វាមានប្រសិទ្ធភាពសម្រាប់ជំងឺស្បែក និងជំងឺស្ងួតភ្នែក។អា ស៊ីដខ្លាញ់ទាំងនេះ ក៏បង្ការបញ្ហាកំណកឈាមឆាប់រហ័ស ហើយខ្លាញ់ត្រី ក៏ជួយក្នុងស្ថានភាពជំងឺបេះដូងមួយចំនួនទៀតផង។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនប្រើខ្លាញ់ត្រីថ្នាំបុរាណ?
រក្សាខ្លាញ់ត្រីនៅស្ងួត និងឲ្យឆ្ងាយពីពន្លឺព្រះអាទិត្យ។ បើយើងមានប្រើប្រាស់ថ្នាំពង្រាវឈាម គួរតែកុំលេបថ្នាំនេះជាមួយ ផលិតផលខ្លាញ់ត្រី។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ខ្លាញ់ត្រីមានសុវត្ថិភាពកម្រិតណា?
ខ្លាញ់ត្រី ច្រើនតែមានសុវត្ថិភាពសម្រាប់គ្នាយើងភាគច្រើន រួមទាំងស្រីៗកំពុងពពោះ និងបំបៅដោះកូន នៅពេលលេបក្នុងកម្រិតទាប (៣ក្រាម ឬតិចជាងនេះក្នុងមួយថ្ងៃ)។ ខ្លាញ់ត្រីមិនគួរប្រើប្រាស់ចំពោះក្មេង ឬគ្នាយើង ដែលងាយប្រតិកម្ម ឬមានជំងឺមហារីកសុដន់ មហារីក្រពេញប្រូស្តាត ឬជំងឺបេះដូង ឡើយ។
ស្វែងយល់ពីផលរំខាន
៥- ខ្លាញ់ត្រីអាចមានផលរំខានអ្វីខ្លះ?
ខ្លាញ់ត្រី អាចបង្កផលប៉ះពាល់មួយចំនួនដូចជា៖
– កាត់បន្ថយសកម្មភាពប្រព័ន្ធភាពស៊ាំ
– ភើ
– ក្លិនដង្ហើមមិនល្អ
– ចុកចុងដង្ហើម
– ចង្អោរ
– លាមករាវ
– រមាស់ស្បែក
– ឈាមច្រមុះ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ខ្លាញ់ត្រីអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
អាហារបំប៉នខ្លាញ់ត្រី អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់ ឬស្ថានភាពជំងឺយើងកំពុងមាន។ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ឱសថការី ឬគ្រូឱសថបុរាណ មុននឹងប្រើប្រាស់។
អត្ថបទពាក់ព័ន្ធ៖
- ថ្នាំខ្លាញ់ត្រីល្អ តើអាចជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា?
- អត់នឹកស្មាន ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ដល់ថ្នាក់ហ្នឹងសោះ
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនអាចរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ទូទៅសម្រាប់មនុស្សពេញវ័យ គឺថ្នាំកាប់ស៊ុល ឬថ្នាំទឹក លេប ៣-៩ ក្រាម/ថ្ងៃ។ គ្រប់ផលិតផល អាចមានការប្រែប្រួលកម្រិតប្រើប្រាស់ ហេតុនេះ សូមធ្វើតាមការណែនាំមានសរសេរលើកញ្ចប់ផលិតផល។
កម្រិតប្រើប្រាស់អាហារបំប៉នខ្លាញ់ត្រី លើមនុស្សម្នាក់ៗ អាចខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៨- ទម្រង់ខ្លាញ់ត្រីមានអ្វីខ្លះ?
អាហារបំប៉ននេះ អាចមានក្នុងទម្រង់ជា ថ្នាំគ្រាប់ និងថ្នាំទឹក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]