ស្វែងយល់ពីការប្រើប្រាស់
១- ទំពាំងបាយជូរប្រើដើម្បីអ្វី?
ទំពាំងបាយជូរ (Grape) អាចប្រើសម្រាប់បញ្ហាសុខភាពមួយចំនួន អាស្រ័យលើផ្នែកផ្សេងៗរបស់រុក្ខជាតិ រួមមាន៖
– គ្រាប់៖ ប្រើលើផលវិបាកដោយសារជំងឺទឹកនោមផ្អែម ដូចជា បញ្ហាភ្នែក និងប្រព័ន្ធប្រសាទ បង្កើនការជាសះស្បើយពីរបួសផ្សេងៗ ការពារកុំឲ្យពុកធ្មេញ ការពារជំងឺមហារីក ជំងឺខូចស្រទាប់ Macular ដោយសារអាយុ (AMD- age-related macular degeneration) ពិបាកមើលឃើញនៅពេលយប់ ជំងឺថ្លើម និងជំងឺគ្រុន Hey (Hey fever)។
– ផ្លែស្ងួត៖ ព្យាបាលបញ្ហាក្អក។
– ស្លឹក៖ ប្រើសម្រាប់ជំងឺពិបាកផ្ចង់អារម្មណ៍ ធ្វើនេះធ្វើនោះមិនចេះចប់ និងធ្វើអ្វីមួយដោយមិនគិតពីលទ្ធផលនៅពេលខាងមុខ (ADHD – attention deficit-hyperactivity disorder) បណ្ដុំរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ (CFS) ជំងឺរាក ហូរឈាមច្រើនពេលមករដូវ ហូរឈាមតាមបង្ហួរនោម និងដំបៅមាត់។
– ផ្លែ៖ ប្រើដើម្បីការពារជំងឺបេះដូង និងសរសៃឈាមបេះដូង ជំងឺហើមសរសៃវ៉ែននៅជើង (Varicose veins) ឫសដូងបាត ក្រិនសរសៃឈាម (Atherosclerosis) ឡើងសម្ពាធឈាម ហើមបន្ទាប់ពីរងរបួស ឬវះកាត់ គាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
២- ទំពាំងបាយជូរមានសកម្មភាពម៉េចខ្លះ?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ ពីសកម្មភាពព្យាបាលរបស់រុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យដើម្បីដឹងព័ត៌មានបន្ថែម។ ទោះជាយ៉ាងណា មានការសិក្សាខ្លះបង្ហាញថា រុក្ខជាតិនេះ មានសារធាតុ Flavonoids អាចមានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្ម បញ្ចុះកម្រិតខ្លាញ់អាក្រក់ LDL (low density lipoproteins) សម្រួលសរសៃឈាម និងបន្ថយគ្រោះថ្នាក់ជំងឺសរសៃឈាមបេះដូង។
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទំពាំងបាយជូរ អាចជួយការពារពីជំងឺបេះដូង និងមានប្រសិទ្ធិភាព ក៏ដូចជាគុណប្រយោជន៍ផ្សេងទៀត។ ប្រភេទទំពាំងបាយជូរក្រហម ផ្ដល់សារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងប្រភេទ ពណ៌ ស ឬក្រហមស្រាល។
ស្លឹកទំពាំងបាយជូរ អាចកាត់បន្ថយការរលាក និងមានប្រសិទ្ធភាពទប់ឈាម (Astringent effect) មានន័យថាស្លឹកទំពាំងបាយជូរ អាចមានប្រសិទ្ធភាពទាញជាលិកាចូលគ្នា ធ្វើឲ្យឈប់ហូរឈាម និងឈប់រាក។ ហើយស្លឹកពណ៌ក្រហម គឺមានគុណប្រយោជន៍ច្រើនជាងគេ។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនប្រើទំពាំងបាយជូរជាថ្នាំ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះនៅពេល កំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំ ណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយទំពាំងបាយជូរ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- ទំពាំងបាយជូរមានសុវត្ថិភាពកម្រិតណា?
ទំពាំងបាយជូរ (Grape) មានសុវត្ថិភាព បើយើងញ៉ាំក្នុងកម្រិតជាអាហារ ហើយក៏អាចមានប្រសិទ្ធភាពពេលលេបក្នុងកម្រិតជាថ្នាំផងដែរ។ សារធាតុចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ តាមការសិក្សាបង្ហាញថា អាចប្រើដោយសុវត្ថិភាពរហូតដល់ ១៤ សប្ដាហ៍ឯណោះ។
៥- គួរប្រុងប្រយ័ត្ន
– ស្រីៗពពោះ និងបំបៅដោះកូន៖ មិនមានព័ត៌មានគ្រប់គ្រាន់ពាក់ព័ន្ធការប្រើទំពាំងបាយជូរជាថ្នាំ (កម្រិតមានក្នុងថ្នាំបំប៉ន និងច្រើនជាងកម្រិតអាហារ) ចំពោះស្រីៗពពោះ និងបំបៅដោះកូននៅឡើយទេ។ ដើម្បីសុវត្ថិភាព សូមចៀសវាងញ៉ាំក្នុងកម្រិតជាថ្នាំ។
– បញ្ហាហូរឈាម៖ រុក្ខជាតិនេះ អាចនឹងធ្វើឲ្យឈាមក្រកក។ ញ៉ាំទំពាំងបាយជូរ អាចបណ្ដាលឲ្យកើនឡើងការរបួសនិងហូរឈាម ចំពោះគ្នាមានបញ្ហាហូរឈាម។ តែទោះជាយ៉ាងនេះក្ដី មិនមានរបាយការណ៍ កើតមានបញ្ហាដូចនេះ ចំពោះមនុស្សឡើយ។
– ការវះកាត់៖ រុក្ខជាតិនេះ អាចនឹងធ្វើឲ្យឈាមក្រកក អាចបណ្ដាលឲ្យការហូរឈាមកាន់តែខ្លាំង ទាំងអំឡុងពេល និងក្រោយពេលវះកាត់។ ត្រូវឈប់ ញ៉ាំក្នុងកម្រិតជាថ្នាំ យ៉ាងតិច ២សប្ដាហ៍ មុនពេលវះកាត់។
ស្វែងយល់ពីផលរំខាន
៦- ទំពាំងបាយជូរមានផលរំខានអ្វីខ្លះ?
ញ៉ាំទំពាំងបាយជូរក្នុងបរិមាណច្រើនពេក ទាំងទំពាំងបាយជូរ ស្រស់ និងក្រៀម អាចបណ្ដាលឲ្យរាកបាន។ គ្នាយើងខ្លះអាច មានប្រតិកម្មនឹងរុក្ខជាតិនេះ និងផលិតផលចម្រាញ់ពីទំពាំងបាយជូរ ខ្លះទៀតអាចមានផលរំខានខ្លាំង ដូចជា ឈឺក្រពះ ពិបាករំលាយអាហារ ចង្អោរ ក្អួត ក្អក ស្ងួតមាត់ ឈឺក មានការបង្ករោគ ឈឺក្បាល និងមានបញ្ហាសាច់ដុំ។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ទំពាំងបាយជូរមានអន្តរកម្មជាមួយអ្វីខ្លះ?
រុក្ខជាតិនេះ អាចនឹងមានអន្តរកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ។
ថ្នាំពេទ្យអាចមានអន្តរកម្មនឹងទំពាំងបាយជូររួមមាន៖
– ថ្នាំផ្លាស់ប្ដូរដោយសារថ្លើម (Cytochrome P450 1A2 (CYP1A2) substrates)៖ ថ្នាំខ្លះផ្លាស់ប្ដូរសកម្មភាព និងបំបែកដោយសារថ្លើម។ ទឹកទំពាំងបាយជូរ អាចបង្កើនសកម្មភាពថ្លើមបំបែកថ្នាំទាំងនោះ ញ៉ាំទំពាំងបាយជូរជាមួយថ្នាំពេទ្យប្រភេទនេះ អាចធ្វើឲ្យប្រសិទ្ធភាពថ្នាំធ្លាក់ចុះ ដូចនេះ មុននឹងញ៉ាំទំពាំងបាយជូរ ជាមួយថ្នាំពេទ្យ ត្រូវសួរគ្រូពេទ្យសិនថាថ្នាំទាំងនោះផ្លាស់ប្ដូររូបរាងដោយសារថ្លើម ឬអត់។ ថ្នាំពេទ្យមួយចំនួនបំបែកដោយថ្លើម រួមមាន ថ្នាំ Clozapine (Clozaril) ថ្នាំ Cyclobenzaprine (Flexeril) ថ្នាំ Fluvoxamine (Luvox) ថ្នាំ Haloperidol (Haldol) ថ្នាំ Imipramine (Tofranil) ថ្នាំ Mexiletine (Mexitil) ថ្នាំ Olanzapine (Zyprexa) ថ្នាំ Pentazocine (Talwin) ថ្នាំ Propranolol (Inderal) ថ្នាំ Tacrine (Cognex) ថ្នាំ Theophylline, Zileuton (Zyflo), ថ្នាំ Zolmitriptan (Zomig) និងថ្នាំផ្សេងៗទៀត។
– សារធាតុថ្នាំ Phenacetin៖ រាងកាយត្រូវការបំបែកថ្នាំនេះដើម្បីបញ្ចេញវាចោល។ ការញ៉ាំទឹកទំពាំងបាយជូរ អាចនឹងបង្កើនការបញ្ចេញសារធាតុថ្នាំចេញពីខ្លួន។ ញ៉ាំថ្នាំនេះ និងទឹកទំពាំងបាយជូរ អាចធ្វើឲ្យប្រសិទ្ធភាពរបស់ថ្នាំថយចុះ។
– ថ្នាំ Warfarin (Coumadin)៖ ថ្នាំ Warfarin (Coumadin) ប្រើដើម្បីពន្យឺតកំណកឈាម។ គ្រាប់ទំពាំងបាយជូរ ក៏បន្ថយកំណកឈាមដូចគ្នាដែរ។ ដូចនេះ ញ៉ាំថ្នាំនេះជាមួយគ្រាប់ទំពាំងបាយជូរ អាចធ្វើឲ្យកើនឡើងការមានរបួស និងហូរឈាម។ ត្រូវប្រាកដថា បានពិនិត្យឈាមទៀងទាត់ ហើយកម្រិតថ្នាំ Warfarin ក៏អាចនឹងផ្លាស់ប្ដូរផងដែរ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតការប្រើប្រាស់ឱសថរុក្ខជាតិនេះ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដូសប្រើប្រាស់ អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ ដើម្បីអាចប្រើកម្រិតដូសឲ្យបានត្រឹមត្រូវ។
៩- ទម្រង់ជាថ្នាំរបស់ទំពាំងបាយជូរ
ទំពាំងបាយជូរ អាចមានជាទម្រង់ និងកម្រិត ដូចខាងក្រោម៖
– ស្តង់ដារសារធាតុចម្រាញ់ទំពាំងបាយជូរក្រហម ៣៦០ មិល្លីក្រាម ឬ ៧២០ មិល្លីក្រាម។
– សារធាតុចម្រាញ់ពីគ្រាប់ទំពាំងបាយជូរ ជាថ្នាំគ្រាប់ ឬថ្នាំមានសម្បក ៧៥-៣០០ មិល្លីក្រាម។
– សារធាតុចម្រាញ់ Proanthocyanidin សុទ្ធ ពីគ្រាប់ទំពាំងបាយជូរ កម្រិត ១៥០-៣០០ មិល្លីក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]