ស្វែងយល់ពីការប្រើប្រាស់
តើវីតាមីនCប្រើប្រាស់ដើម្បីអ្វី?
វីតាមីនCគឺជាវីតាមីនដែលនៅក្នុងរាងកាយរបស់សត្វមួយចំនួនអាចបង្កើតបានដោយខ្លួនឯង ប៉ុន្ដែសម្រាប់មនុស្សវិញយើងអាចទទួលវីតាមីននេះបានរយៈអាហារ បន្លែ ផ្លែឈើស្រស់ជាពិសេសផ្លែឈើដែលមានជាតិជូរ ។ វីតាមីន C ក៏អាចផលិតបានតាមការសំយោគក្នុងមន្ទីរពិសោធន៍ផងដែរ។ តាំងពីបុរាណកាលមក វីតាមីនCត្រូវបានប្រើប្រាស់សម្រាប់បង្ការនិងព្យាបាលជំងឺscurvy ។
នៅបច្ចុប្បន្នវិញ វីតាមីនCត្រូវបានប្រើប្រាស់សម្រាប់បង្ការនិងព្យាបាលជំងឺគ្រុនផ្ដាសាយ។ មនុស្សមួយចំនួនប្រើវាដើម្បីព្យាបាលការបង្ករោគផ្សេងទៀតដូចជា ជំងឺអញ្ចាញធ្មេញ មុន និងជំងឺបង្ករោគលើស្បែកផ្សេងៗទៀត ជំងឺរលាកទងសួត ជំងឺអេដស៍ ដំបៅក្រពះបង្កដោយបាក់តេរីឈ្មោះ Helecobacter Pylori ជំងឺរបេង ជំងឺ Dysentery (ការបង្ករោគផ្នែកខាងក្រោមរបស់ពោះវៀន) និងការបង្ករោគលើស្បែកដែលបង្កអោយក្លាយជាបូស (furunculosis)។ ម្យ៉ាងទៀតវាក៏ប្រើដើម្បីព្យាបាលការបង្ករោគលើប្លោកនោមនិងក្រពេញប្រូស្តាតផងដែរ។
ក្រៅពីនេះទៀត មនុស្សមួយចំនួនក៏បានប្រើវិតាមីនC សម្រាប់ព្យាបាលបញ្ហាសតិអារម្មណ៍ដូចជា ការបាក់ទឹកចិត្ត គិតច្រើន ជំងឺ Dementia ជំងឺAlzheimer ស្រ្តេសលើរាងកាយ និងផ្លូវចិត្ត អស់កម្លាំង និង ជំងឺ ADHD (Attention deficit hyeractivity disorder)។
ការប្រើប្រាស់ផ្សេងទៀតរួមមាន បង្កើនការស្រូបជាតិដែកពីចំណីអាហារ និងកែតម្រូវកម្រិតអតុល្យភាពប្រូតេអ៊ីននៅក្នុងទារកទើបនឹងកើត (tyrosinemia)។
មានមតិខ្លះយល់ថា វីតាមីន C អាចជួយដល់បេះដូងនិងប្រព័ន្ធសរសៃឈាម។ គេប្រើវាដើម្បីពង្រឹងសរសៃអាក់ទែរ ការពារពីកំណកឈាមក្នុងសរសៃវ៉ែន និងអាក់ទែរ ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមបេះដូង ឡើងសម្ពាធឈាម និងលើសជាតិខ្លាញ់កូលេស្តេរ៉ូល។
វីតាមីន C ក៏ត្រូវប្រើសម្រាប់ជំងឺ ទឹកដក់ក្នុងភ្នែក (Glaucoma) ការពារពីជំងឺភ្នែក Catacract ការពារពីជំងឺផ្លោកនោម ដង្កូវស៊ីធ្មេញ (Dental cavities) ទល់លាមក ជំងឺ Lyme បង្កើនប្រព័ន្ធភាពស៊ាំ ស្រ្តូកដោយសារកំដៅ ជំងឺ Hey fever ជំងឺហឺត ជំងឺរលាកទងសួត ជំងឺ Cystic fibrosis អសមត្ថភាពបង្កកំណើត (infetility) បណ្ដុំរោគសញ្ញា CFS (Chronic fatigue syndrome) ជំងឺអូទីស៊ឹម ជំងឺលើឆ្អឹងខ្ចី (Collagen disorder) រលាកសន្លាក់និងរលាក Bursa (ថង់សារធាតុរាវមួយនៅក្រោមស្បែកនៅលើសន្លាក់ឆ្អឹង) ឈឺខ្នង និងហើមសន្ទះឆ្អឹង មហារីកនិង ជំងឺ Osteoporosis។
ការប្រើប្រាស់ផ្សេងទៀតរួមមាន បង្កើនកំលាំងរាងកាយ និងបន្ថយភាពចាស់ ក៏ដូចជា ប្រឆាំងនិងផលរំខានរបស់ថ្នាំ គរទីកូអ៊ីត (Cortisone) និងថ្នាំដែលពាក់ព័ន្ធនឹងថ្នាំគរទីកូអ៊ីត និងជួយកុំឲ្យមានផលរំខាននៃការញៀនថ្នាំ។
ពេលខ្លះ វីតាមីន C ត្រូវប្រើសម្រាប់លាបនៅលើស្បែកដើម្បីការពារពីពន្លឺព្រះអាទិត្យ សារធាតុពុល និងគ្រោះថ្នាក់ជុំវិញបរិស្ថានផ្សេងៗទៀត។ វីតាមីន C ក៏ត្រូវលាបនៅលើស្បែកដើម្បីជួយពីការខូចខាងពីការព្យាបាលដោយជាតិវិទ្យុសកម្មផងដែរ។
តើវីតាមីន C មានមុខងារយ៉ាងដូចម្ដេច?
មិនទាន់មានការសិក្សាគ្រុបជ្រុងជ្រោយណាមួយសម្រាប់បញ្ជាក់អំពីមុខងាររបស់វីតាមីនCនោះទេ។ ដូច្នេះសូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ដោយគ្រាន់តែដឹងថាវាគឺជាវីតាមីនដែលរាងកាយត្រូវការក្នុងការវិវត្តនិងផ្ដល់មុខងារទៅកាន់ផ្នែកផ្សេងៗ ហើយមុខងារដែលសំខាន់ជាងគេនោះគឺរក្សាប្រព័ន្ធភាពសាំឲ្យរឹងមាំ។
ស្វែងយល់ពីការហាមឃាត់ និងការប្រុងប្រយ័ត្ន
តើអ្នកគួរយល់ដឹងអ្វីខ្លះមុននឹងប្រើប្រាស់វីតាមីនC?
ជួបពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីប្រសិនបើ:
- អ្នកជាស្រ្ដីមានគភ៌ឬកំពុងបំបៅដោះកូន ព្រោះអំឡុងពេលនេះ អ្នកអាចប្រើថ្នាំបាន តាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។
- អ្នកប្រើប្រាស់ឱសថអ្វីផ្សេងទៀត
- អ្នកមានប្រតិកម្មជាមួយសារជាតិនៃវីតាមីនCឬឱសថពេទ្យឬឱសថរុក្ខជាតិផ្សេងៗ
- អ្នកមានជំងឺផ្សេងៗ
- អ្នកមានប្រតិកម្មជាមួយអាហារសារជាតិបន្ថែមពណ៌ និង សារជាតិរក្សាអាហារទុកឲ្យបានយូរ ឬ សត្វ
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ យើងគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ យើងត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
តើវីតាមីនCមានសុវត្ថិភាពកម្រិតណា?
វីតាមីនCគឺមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនដែលមានសុខភាពល្អនៅពេលដែលទទួលទានតាមមាត់ ប្រើប្រាស់លើស្បែក ចាក់សាច់ដុំ និងចាក់តាមសរសៃវ៉ែនបានត្រឹមត្រូវ។
សម្រាប់គ្នាយើងដែលធ្លាប់មានគ្រួសក្នុងតម្រងនោម ការទទួលទានក្នុងបរិមាណច្រើនជាង១០០០មិល្លីក្រាមក្នុងមួយថ្ងៃអាចធ្វើឲ្យមានហានិភ័យខ្ពស់ក្នុងការលាប់ជំងឺនេះ ឡើងវិញ។
ការព្រមាន និង ការប្រុងប្រយ័ត្នពិសេស
ស្ត្រីមានគភ៌ និងបំបៅដោះកូន៖ ការទទួលទានវីតាមីនC តាមមាត់មានសុវត្ថិភាពមិនឲ្យលើសពី ២០០០មិល្លីក្រាមសម្រាប់ស្រ្ដីអាយុច្រើនជាង១៩ឆ្នាំ និង ១៨០០មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់ស្រ្ដីអាយុពី១៤ទៅ១៨ឆ្នាំ ឬតាមការចាក់សាច់ដុំនិងសរសៃវ៉ែន។ ម៉្យាងទៀតការទទួលទានវីតាមីនCហួសកម្រិតអាចបង្កបញ្ហាប៉ះពាល់ដល់ទារកផងដែរ។
សម្រាប់ទារក និង កុមារ៖ វីតាមីន C គឺមានសុវត្ថិភាពក្នុងកាប្រើតាមកម្រិតត្រឹមត្រូវ តែអាចមានគ្រោះថ្នាក់ប្រសិនប្រើលើសកម្រិតក្នុងបរិមាណច្រើនជាង ៤០០មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់កុមារពី១ទៅ៣ឆ្នាំ ៦៥០មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់កុមារពី៤ទៅ៨ឆ្នាំ ១២០០មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់កុមារពី៩ទៅ១៣ឆ្នាំ និង ១៨០០មិល្លីក្រាមក្នុងមួយថ្ងៃសម្រាប់ក្មេងជំទង់ពី១៤ទៅ១៨ឆ្នាំ
គ្នាយើងណដែលមានស៊កបន្ទះដែកក្នុងសរសៃបេះដូងAngioplasty ចៀសវាងប្រើប្រាស់វីតាមីនC ឬពពួកវីតាមីន antioxidant (beta-carotene វីតាមីន E) ជាបន្ទាន់មុន និង ក្រោយការធ្វើangioplastyដោយគ្មានការតាមដានពីគ្រូពេទ្យ ព្រោះវីតាមីនទាំងនេះអាចបង្អាក់ក្នុងការជាសះស្បើយ។
អ្នកជំងឺមហារីក៖ ដោយសារតែកោសិកាមហារីកស្រូបយកវីតាមីនCក្នុងកំហាប់ខ្ពស់ ដូចនេះមុននឹងមានការដឹងច្បាស់ គ្នាយើងត្រូវប្រើវីតាមីននេះបាន តាមការណែនាំរបស់គ្រូពេទ្យជំនាញមហារីកប៉ុណ្ណោះ។
អ្នកជំងឺទឹកនោមផ្អែម៖ វីតាមីន C អាចធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង។ ចំពោះមនុស្សស្រីវ័យចំណាស់ដែលមានជំងឺទឹកនោមផ្អែម ការប្រើកម្រិតវីតាមីន C ធំជាង ៣០០មិល្លីក្រាមក្នុងមួយថ្ងៃ អាចបង្កើនគ្រោះថ្នាក់ដល់ជីវិតដោយសារជំងឺបេះដូង។ យើងមិនត្រូវប្រើវីតាមីន C ក្នុងកម្រិតដែលច្រើនជាងអ្វីដែលបានសរសេរនេះទេ។
បើសិនជាយើងមានជំងឺទាក់ទងជាតិដែកក្នុងឈាមដែលរួមមានជំងឺមួយដែលហៅថា Thalassemia និង hemochromatosis វីតាមីន C អាចបង្កើនការស្រូបជាតិដែក ដែលអាចធ្វើឲ្យជំងឺទាំងនេះកាន់តែធ្ងន់ធ្ងរ។ សូមចៀសវាងប្រើប្រាស់វីតាមីន C ក្នុងកម្រិតខ្ពស់។
ចំពោះគ្នាយើងណាមានគ្រួសក្នុងតម្រងនោម ឬធ្លាប់មានគ្រួសក្នុងតម្រងនោម ប្រើវីតាមីន C ក្នុងកម្រិតខ្ពស់ អាចបង្កើនឱកាសឲ្យមានគ្រួសក្នុងតម្រងនោមជាថ្មី។ យើងមិនត្រូវប្រើវីតាមីន C ក្នុងកម្រិតខ្ពស់ជាងអ្វីដែលណែនាំក្នុងថ្នាំ Multivitamin ទេ។
បើសិនជាយើងជំងឺគាំងបេះដូង កម្រិតវីតាមីន C នឹងធ្លាក់ចុះនៅពេលដែលគាំងបេះដូង តែកម្រិតវិតាមីន C ទាបមិនជាប់ទាក់ទងនឹងការកើនឡើងគ្រោះថ្នាក់នៃជំងឺគាំងបេះដូងនោះទេ។
ក្នុងរណីគ្នាយើងបញ្ហាមេតាបូលិកធ្លាក់ចុះ ដែលហៅថា ‘ glucose-6-phosphate dehydrogenase” (G6PD) deficiency ការប្រើវិតាមីន C ក្នុងកម្រិតខ្ពស់អាចបណ្ដាលអោយកោសិកាឈាមក្រហមបែក និងសូមជៀសវាងការប្រើវីតាមីន C ក្នុងកម្រិតខ្ពស់។
បើយើងជាអ្នកជក់បារី និងចុកថ្នាំ គួរញ៉ាំវីតាមីន C ពីក្នុងចំណីអាហារអោយបានច្រើន ព្រោះថាការជក់បារី និង ចុកថ្នាំធ្វើឲ្យកម្រិតវីតាមីនCក្នុងរាងកាយធ្លាក់ចុះ។
បើគ្នាយើងមានជំងឺ Sicklecell វីតាមីន C អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ជៀសវាងប្រើប្រាស់វីតាមីនCក្នុងបរិមាណច្រើន។
ស្វែងយល់ពីផលរំខាន
តើផលប៉ះពាល់នៃវីតាមីនCមានអ្វីខ្លះ?
សម្រាប់គ្នាយើងមួយចំនួនការប្រើវីតាមីន C អាចបណ្ដាលឲ្យចង់ក្អួតចង្អោរ ក្រហាយចុងដង្ហើម រមួលពោះ ឈឺក្បាល និងផលប៉ះពាល់ផ្សេងទៀត ហើយឱកាសមានផលរំខានទាំងនេះនឹងកើនឡើង បើទទួលទានវីតាមីន C ក្នុងកម្រិតកាន់ច្រើន។ កម្រិតច្រើនជាង២០០០មិល្លីក្រាមក្នុងមួយថ្ងៃអាចធ្វើឲ្យមានគ្រោះថ្នាក់ និង ធ្វើឲ្យមានផលរំខានជាច្រើនទៀត រួមមានគ្រួសក្នុងតម្រងនោមនិង រាកធ្ងន់ធ្ងរ។
មិនមែនគ្នាយើងគ្រប់គ្នាសុទ្ធតែមានផលរំខានដូចនេះទេ ហើយនៅមានផលរំខានផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ។ ដូចនេះ ប្រសិនបើមានការបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
តើវីតាមីនCអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
វីតាមីនCអាចមានអន្តរកម្មជាមួយឱសថដែលយើងកំពុងប្រើប្រាស់ឬស្ថានភាពជំងឺរបស់យើងដែលកំពុងកើតមាន។ ដូច្នេះសូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញមុននឹងប្រើប្រាស់។
ផលិតផលដែលអាចមានអន្តរកម្មជាមួយវីតាមីនCរួមមាន៖
–អាលុយមីញ៉ូម
អាលុយមីញ៉ូម អាចរកឃើញភាគច្រើនក្នុងថ្នាំប្រឆាំងអាស៊ីដ (Antacids) ហើយវីតាមីន C អាចបង្កើនការស្រូបរបស់ អាលុយមីញ៉ូម ចូលក្នុងរាងកាយ។ ប៉ុន្តែនៅមិនទាន់ច្បាស់ថាអន្តរកម្មនេះជាអ្វីដែលគួរឲ្យព្រួយបារម្ភនៅឡើយទេ។ សូមលេបវីតាមីន C ពីរម៉ោងមុន ឬបួនម៉ោងក្រោយលេប ថ្នាំប្រឆាំងជាតិអាស៊ីដ។
–ថ្នាំអ័រម៉ូនអឺស្រ្ដូហ្សែន
រាងកាយត្រូវបំបែកនិងបញ្ចេញចោលថ្នាំប្រភេទនេះ តែវីតាមីន C ពន្យឺតសកម្មភាពបញ្ចេញចោលថ្នាំទាំងនេះ។ ការលេបវីតាមីន C និង ថ្នាំអ័រម៉ូនអឺស្រ្ដូហ្សែន នឹងធ្វើឲ្យកើនឥទ្ធិពលនិងផលរំខានរបស់ថ្នាំអ័រម៉ូនអឺស្រ្ដូហ្សែន។
–ថ្នាំFluphenazine (Prolixin)
កម្រិតខ្ពស់នៃវីតាមីន C អាចបន្ថយ កម្រិតថ្នាំ Fluphenazine (Prolixin) នៅក្នុងរាងកាយ។ ការលេបថ្នាំទាំងពីររួមគ្នា អាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំ Fluphenazine (Prolixin)។
–ថ្នាំសម្រាប់ជំងឺមហារីក (ការព្យាបាលបែបគីមី)
វីតាមីន C ជាពពួក Antioxidants ហើយមានការព្រួយបារម្ភថាពពួកAntioxidants នេះអាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំខ្លះដែលដែលប្រើព្យាបាលជំងឺមហារីក។ ទោះយ៉ាងណាបញ្ហានេះ នៅមិនទាន់ដឹងអន្តរកម្មច្បាស់នៅឡើយទេ។
–ថ្នាំសម្រាប់ជំងឺអេដស៍ (Protease Inhibitors)
លេបវីតាមីន C ក្នុងកម្រិតច្រើន អាចបន្ថយកម្រិតថ្នាំខ្លះសម្រាប់ព្យាបាលជំងឺអេដស៍នៅក្នុងរាងកាយ ដែលជាហេតុនាំអោយបាត់បង់ប្រសិទ្ធភាពនៃថ្នាំ ទាំងនោះ។
ថ្នាំមួយចំនួនសម្រាប់អ្នកឃំងឺអេដស៍រួមមាន amprenavir (Agenerase), nelfinavir (Viracept), ritonavir (Norvir), និង saquinavir (Fortovase, Invirase)។
–ថ្នាំសម្រាប់បន្ថយជាតិលេស្ដេរ៉ូល (Statins)
លេប វិតាមីន C ពពួគ Beta-carotene សេលេនីញ៉ូម និង វីតាមីន E រួមជាមួយគ្នា អាចធ្វើឲ្យបន្ថយប្រសិទ្ធភាពរបស់ថ្នាំបញ្ចុះជាតិខ្លាញ់ កូលេស្តេរ៉ូល។ ទោះយ៉ាងណា អ្នកស្រាវជ្រាវនៅមិនទាន់ដឹងនៅឡើយទេថាវីតាមីន C តែឯងអាចធ្វើឲ្យថយប្រសិទ្ធភាពថ្នាំបញ្ចុះជាតិខ្លាញ់នេះ ឬអត់នោះទេ។
ថ្នាំទាំងនោះរួមមានatorvastatin (Lipitor), fluvastatin (Lescol), lovastatin (Mevacor), និង pravastatin (Pravachol)។
–ថ្នាំNiacin
ការលេប វិតាមីន C ពពួគ Beta-carotene សេលេនីញ៉ូម និង វីតាមីន E រួមជាមួយគ្នា អាចធ្វើឲ្យបន្ថយប្រសិទ្ធភាពរបស់ថ្នាំNiacine។ ថ្នាំ Niacine អាចបង្កើនជាតិខ្លាញ់កូលេស្តេរ៉ូល ហើយ ពពួកវីតាមីនទាំងអស់នេះអាចធ្វើឲ្យថយចុះប្រសិទ្ធភាពរបស់ថ្នាំ Niacine នេះ។
–ថ្នាំWarfarin (Coumadin)
ថ្នាំនេះប្រើសម្រាប់បន្ថយកំណកឈាម។ កម្រិតវីតាមីន C ច្រើន អាចធ្វើឲ្យថយចុះប្រសិទ្ធភាពរបស់ថ្នាំ Warfarin នេះ ដែលនាំឲ្យកើនឡើងហានិភ័យនៃកំណកឈាម។ យើងត្រូវប្រាកដថាយើងបានពិនិត្យឈាមទៀងទាត់ ហើយកម្រិតថ្នាំ warfarin ក៏អាចនឹងត្រូវកែតម្រូវផងដែរ។
–ថ្នាំAcetaminophen (Tylenol, others)
រាងកាយរបស់យើងត្រូវបំបែកនិងបញ្ចេញចោលថ្នាំប្រភេទនេះ តែកម្រិតវីតាមីន C ខ្ពស់ អាចពន្យឺតសកម្មភាពបំបែកបញ្ចេញចោលថ្នាំនេះបាន។ នៅមិនទាន់ដឹងច្បាស់ថាពេលណាឬអន្តរកម្មនេះជាការព្រួយបារម្ភធំនៅឡើយទេ។
–ថ្នាំAspirin
រាងកាយយើងត្រូវបំបែកនិងបញ្ចេញចោលថ្នាំប្រភេទនេះ តែកម្រិតវីតាមីន C ខ្ពស់ អាចពន្យឺតសកម្មភាពបំបែកបញ្ចេញចោលថ្នាំនេះបាន។ ការបញ្ចេញចោលយឺត អាចធ្វើឲ្យកើនឡើងប្រសិទ្ធភាព និងផលរំខានរបស់ថ្នាំ Aspirin។ យើងមិនត្រូវប្រើវីតាមីន C ក្នុងកម្រិតខ្ពស់ នៅពេលដែលប្រើថ្នាំ Aspirin ក្នុងកម្រិតខ្ពស់នោះទេ។
–ថ្នាំ Choline Magnesium Trisalicylate (Trilisate)
វីតាមីន C អាចពន្យឺតកម្រិតបញ្ចេញចោលរបស់ថ្នាំនេះចេញពីរាងកាយ។ ប៉ុន្តែនៅមិនទាន់ដឹងថាអន្តរកម្មនេះជាអ្វីដែលគួរឲ្យបារម្ភខ្លាំងនៅឡើយទេ។
–ថ្នាំNicardipine (Cardene)
វីតាមីន C ត្រូវបានស្រូបចូលក្នុងកោសិកា។ ការលេបថ្នាំ Nicardipine ជាមួយនឹងថ្នាំ វីតាមីន C អាចបន្ថយកម្រិតថ្នាំវីតាមីន C ស្រូបចូលក្នុងកោសិកា។ អន្តរកម្មនេះ មិនទាន់ដឹងច្បាស់ជាក់លាក់នៅឡើយទេ។
–ថ្នាំNifedipine
វីតាមីន C ត្រូវបានស្រូបចូលក្នុងកោសិកា។ លេបថ្នាំ Nifedipine ជាមួយនឹងថ្នាំ វីតាមីន C អាចបន្ថយកម្រិតថ្នាំវីតាមីន C ស្រូបចូលក្នុងកោសិកា។ អន្តរកម្មនេះ មិនទាន់ដឹងច្បាស់ជាក់លាក់នៅឡើយទេ។
–ថ្នាំSalsalate (Disalcid)
វីតាមីន C អាចពន្យឺតការបញ្ចេញចោលថ្នាំ Salsalate ចេញពីរាងកាយ។ ការលេបថ្នាំ ទាំងពីរនេះជាមួយគ្នាអាចបណ្ដាលអោយកម្រិតថ្នាំ Salsalate ក្នុងរាងកាយខ្ពស់ និងបង្កើនប្រសិទ្ធភាពថ្នាំ និងផលរំខានរបស់ ថ្នាំ Salsalate។
ស្វែងយល់ពីកម្រិតថ្នាំ
ពត័មានដែលផ្ដល់ឲ្យនេះមិនមែនជានៃការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានពត័មានបន្ថែម។
របៀបប្រើប្រាស់វីតាមីនC
កម្រិតប្រើប្រាស់ខាងក្រោមដែលបានសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ៖
តាមមាត់៖
+សម្រាប់ជំងឺហូរឈាមscurvy៖ ១០០–២៥០មិល្លីក្រាមម្ដងឬពីរដង/ថ្ងៃ សម្រាប់រយៈពេលប៉ុន្មានពីរបីថ្ងៃ
+សម្រាប់គ្រុនផ្ដាសាយ៖ ១–៣ក្រាម/ថ្ងៃ
+សម្រាប់បង្ការការខូចខាតតម្រងនោមទាក់ទងនឹង contrast Media ដែលប្រើកំឡុងពេលធ្វើតេស្តរោគវិនិច្ឆ័យ៖ ទទួលទាន៣ក្រាមមុននឹងធ្វើ Coronary angiography និងបន្ទាប់មក ២ក្រាមបន្ថែមក្រោយធ្វើរួចរាល់នៅពេលល្ងាច និងម្ដងទៀតនៅ ពេលព្រឹកបន្ទាប់។
+សម្រាប់បន្ថយការឡើងរឹងសរសៃអាកទែ៖ ទទួលទានវីតាមីនCដែលមានការសាយភាយយឺតកម្រិត ២៥០មិល្លីក្រាម លាយជាមួយវីតាមីនE ៩១មិល្លីក្រាម (១៣៦IU) ពីរដង/ថ្ងៃរហូតដល់៦ឆ្នាំ
+សម្រាប់ទារកកើតមុនខែដែលមានរបបអាហារសំបូរប្រូតេអ៊ីនហើយមានជំងឺtyrosinemia៖ ១០០មិល្លីក្រាម។
+សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ក្នុងការកាត់បន្ថយជាតិប្រូតេអ៊ីនក្នុងទឹកនោម៖ វីតាមីនC
១២៥០ មិល្លីក្រាម ជាមួយនឹងវីតាមីនE ៦៨០ IU/ថ្ងៃ រយៈពេល៤សប្ដាហ៍។
+ដើម្បីការពារបណ្ដុំរោគសញ្ញា Complex regional Pain ចំពោះអ្នកជំងឺ បាក់ឆ្អឹងកដៃ៖ កម្រិតវីតាមីន C ៥០០មិល្លីក្រាម/ថ្ងៃ រយៈពេល ៥០ថ្ងៃ។
ការទទួលទានវីតាមីនCឲ្យបានគ្រប់គ្រាន់ប្រចាំ (RDAs) ថ្ងៃត្រូវបានណែនាំដូចជា៖
- ទារក អាយុ០–១២ខែតាមរយៈទឹកដោះម្ដាយ ៣០–៣៥ មិល្លីក្រាម។
- កូនក្មេង អាយុ១–៣ឆ្នាំ ប្រើ១៥ មិល្លីក្រាម។
- អាយុ៤–៨ឆ្នាំ ប្រើ២៥ មិល្លីក្រាម។
- អាយុ៩–១៣ឆ្នាំ ប្រើ៤៥ មិល្លីក្រាម។
- ក្មេងជំទង់ អាយុ១៤–១៨ឆ្នាំ ប្រើ៧៥ មិល្លីក្រាមសម្រាប់ក្មេងប្រុស និង ប្រើ៦៥ មិល្លីក្រាមសម្រាប់ក្មេងស្រី។
- យុវវ័យ អាយុ១៩ឆ្នាំនិងលើសហ្នឹង ប្រើ៩០ មិល្លីក្រាមសម្រាប់បុរស និង ប្រើ៧៥មិល្លីក្រាមសម្រាប់ស្រ្ដី។
- ស្រ្ដីមានគភ៌ និង បំបៅដោះ អាយុ១៨ឆ្នាំឬតិចជាង ប្រើ១១៥មិល្លីក្រាម និង អាយុ១៩–៥០ឆ្នាំ ប្រើ១២០មីលីក្រាម។ សម្រាប់មនុស្សដែលប្រើប្រាស់ថ្នាំជក់ គួរប្រើបន្ថែមលើកម្រិតខាងលើនេះ ៣៥មិល្លីក្រាមក្នុងមួយថ្ងៃ។
មិនត្រូវប្រើច្រើនជាងកម្រិតដែលបានណែនាំខាងក្រោមនេះទេ៖
–៤០០មិល្លីក្រាម/មួយថ្ងៃសម្រាប់កុមារអាយុពី ១ដល់៣ឆ្នាំ។
–៦៥០មិល្លីក្រាម/មួយថ្ងៃសម្រាប់កុមារអាយុពី ៤ដល់៨ឆ្នាំ។
–១២០០មិល្លីក្រាម/មួយថ្ងៃសម្រាប់កុមារអាយុពី ៩ដល់១៣ឆ្នាំ។
–១៨០០មិល្លីក្រាម/មួយថ្ងៃសម្រាប់មនុស្សវ័យជំទង់ ស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន អាយុពី ១៤ ដល់១៨ឆ្នាំ។
–២០០០មិល្លីក្រាម/មួយថ្ងៃសម្រាប់ មនុស្សពេញវ័យ ស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន។
លាបស្បែក៖
+ភាគច្រើនត្រូវប្រើលើស្បែកដែលចាស់ ឬជ្រីវជ្រួញជាប្រចាំថ្ងៃ។ ក្នុងការសិក្សាជាច្រើន ប្រើក្រែម វីតាមីន C ដែលមានកម្រិត ៥ភាគរយ ទៅ ១០ភាគរយ។ នៅក្នុងការសិក្សាមួយ កម្រិតវីតាមីន C ត្រូវបានកំណត់ដោយជាក់លាក់ (Cellex-C High Potency Serum) ដោយប្រើ ៣ដំណក់ លាបប្រចាំថ្ងៃ នៅលើស្បែកមុខ។ មិនត្រូវលាបពពួកថ្នាំវីតាមីន C លើភ្នែកឬត្របកភ្នែកនោះទេ។ ហើយក៏ត្រូវចៀសវាងកុំ ឲ្យប៉ះជាមួយសក់ ឬសំលៀកបំពាក់ផងដែរ ព្រោះវាអាចធ្វើអោយប្ដូរពណ៌បាន។
កម្រិតនៃការទទួលទានវីតាមីន C អាចមានភាពខុសគ្នារាល់អ្នកជំងឺម្នាក់ៗ ដែលវាអាស្រ័យទៅលើអាយុ សុខភាពរាងកាយ និង ស្ថានភាពផ្សេងទៀតនៃអ្នកជំងឺ។ ការប្រើប្រាស់អាហារបំប៉នមិនមែនតែងតែមានសុវត្ថិភាពនោះទេ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានកម្រិតប្រើប្រាស់សមស្រប។
តើវីតាមីនCមានទម្រង់ប្រភេទយ៉ាងដូចម្ដេច?
វីតាមីនC អាចរកជាវបានក្នុងទម្រង់ប្រភេទជា :
- មានស្រាប់ក្នុងអាហារមួយចំនួន
- កាប់ស៊ុល
- គ្រាប់ទឹកពុះ
- ស្ករgummies
- ម្ស៉ៅ
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]