ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Methotrimeprazine ព្យាបាលជំងឺអីខ្លះ?
Methotrimeprazine ហៅម្យ៉ាងទៀត Levomepromazine ជាថ្នាំសម្រាប់ព្យាបាលបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត ដូចជា វិកលចរិត ជំងឺ Manic-depressive syndromes និងជំងឺផ្លូវចិត្តផ្សេងទៀត។ គេក៏អាចប្រើថ្នាំនេះព្យាបាលជំងឺថប់បារម្ភ និងតើតួជាថ្នាំបំបាត់ការឈឺចាប់ សណ្តំ បំបាត់ក្អួត ចង្អោរ ក្នុងស្ថានភាពមួយចំនួនផងដែរ។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេបថ្នាំនេះតាមការណែនាំពីគ្រូពេទ្យ។ បើមានផលរំខាន ដូចជា ឈឺក្រពះ គួរលេបថ្នាំជាមួយអាហារ។ សូមធ្វើតាមវេជ្ជបញ្ជាលើសំបកថ្នាំ កុំប្រើថ្នាំលើស ឬតិចជាងកម្រិត ដូចមានណែនាំ និងកុំប្រើយូរអង្វែងពេក។
បើមិនទាន់បានពិគ្រោះជាមួយគ្រូពេទ្យ ឬមិនច្បាស់ពីមូលហេតុលេបថ្នាំនេះ សូមពិភាក្សាជាមួយគ្រូពេទ្យជាមុន។ សូមកុំឈប់ប្រើថ្នាំដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យ។
ទោះបីសាច់ញាតិ មិត្តភក្តិ ឬនរណាម្នាក់យើងស្គាល់ មានរោគសញ្ញាដូចយើងក្តី កុំឲ្យថ្នាំនេះទៅគាត់ប្រើឲ្យសោះ ព្រោះអាចមានគ្រោះថ្នាក់ បើយើងប្រើដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Methotrimeprazine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Methotrimeprazine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
សូមកុំទាន់ប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖
– មានជំងឺទាក់ទងបញ្ហាឈាម
– ថ្លើមមានបញ្ហា
– ខួរក្បាលមានការខូចខាត
– កើត Pheochromocytoma (ដុំសាច់ក្នុងក្រពេញលើតម្រងនោម)
– កំពុងទទួលការព្យាបាលបន្ថយការឈឺឆ្អឹងខ្នង (Epidural infusion)
– ធ្លាប់មានសម្ពាធឈាមធ្លាក់ចុះខ្លាំង ឬមានជំងឺបេះដូងធ្ងន់ធ្ងរ
– មានប្រតិកម្មជាមួយ Methotrimeprazine ឬធាតុផ្សំផ្សេងទៀតនៅក្នុងថ្នាំ
– មានប្រតិកម្មជាមួយពពួកថ្នាំ Phenothiazines (Chlorpromazine)
– ផឹកស្រាច្រើន លេបថ្នាំងងុយដេក ថ្នាំបំបាត់ការឈឺចាប់ ថ្នាំមានជាតិ ណាកូទិក ជាដើម។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
– ស្រ្តីមានផ្ទៃពោះ៖ មានផ្ទៃពោះមិនគួរប្រើថ្នាំនេះទេ លើកលែងតែផលប្រយោជន៍ថ្នាំ ច្រើនជាងហានិភ័យ។ ក្មេងសម្រាលចេញពីម្តាយដែលប្រើប្រាស់ថ្នាំនេះ អាចមានចលនាសាច់ដុំមិនប្រក្រតី និងមានសញ្ញាខ្សោយដូចជា សាច់ដុំទន់ ងងុយដេក ពិបាកបញ្ចុកអាហារ ពិបាកដកដង្ហើមធ្ងន់ធ្ងរក្រោយសម្រាល។ សញ្ញាទាំងនេះអាចគ្រោះថ្នាក់ខ្លាំង និងត្រូវការព្យាបាលជាបន្តបន្ទាប់។ ប្រសិនជាយើងមានផ្ទៃពោះពេលកំពុងប្រើថ្នាំនេះ សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
– ការបំបៅដោះកូន៖ ថ្នាំ Methotrimeprazine អាចឆ្លងតាមទឹកដោះ។ បើម៉ាក់ៗ ប្រើថ្នាំនេះអំឡុងពេលកំពុងបំបៅដោះបេប៊ី អាចឆ្លង និងប៉ះពាល់ដល់បេប៊ីបាន។ សូមពិភាក្សាជាមួយគ្រូពេទ្យអំពីបញ្ហានេះ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ផលរំខាន អាចមានសញ្ញាដូចជា ងងុយដេក ស្ងួតមាត់ ទល់លាមក ដោយសារតែរាងកាយកំពុងសម្របជាមួយថ្នាំ។ តែបើសញ្ញាទាំងនេះនៅតែបន្ត ឬរំខានកាន់តែខ្លាំង ត្រូវប្រញាប់ប្រាប់គ្រូពេទ្យ។
ត្រូវប្រាប់ពេទ្យជាបន្ទាន់ បើមានកន្ទួលស្បែក បេះដូងលោតញាប់ ពិបាកនោម មានចលនាចម្លែកៗ លឿងនៅលើស្បែក ឬភ្នែក វង្វេងវង្វាន់ ខ្សោយកម្លាំងខុសធម្មតា។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំ Methotrimeprazine ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំអាចមានប្រតិកម្មជាមួយ Methotrimeprazine មានដូចជា៖
– ថ្នាំប្រកាច់
– ថ្នាំងងុយដេក
– ថ្នាំរំងាប់អារម្មណ៍
– ថ្នាំអាលែកហ្ស៊ី
– ថ្នាំបន្ថយការឈឺចាប់មានជាតិញៀន (Narcotic pain relievers)។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតប្រើថ្នាំ អាស្រ័យលើស្ថានភាពជំងឺកំពុងព្យាបាល មជ្ឈដ្ឋានជុំវិញ និងកត្តាអាយុ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនប្រើ។ ដើម្បីដឹងព័ត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបាន។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Methotrimeprazine មានច្រើនទម្រង់ដូចជា៖
– Methotrimeprazine ថ្នាំគ្រាប់ ៥មិល្លីក្រាម
– Methotrimeprazine ថ្នាំគ្រាប់ ២៥មិល្លីក្រាម
– Methotrimeprazine ថ្នាំគ្រាប់ ៥០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕