ឈឺចុកចាប់ឆ្អឹងខ្នង សាកល្បងធ្វើតាមក្បួនបំបាត់ការឈឺចាប់ប៉ុន្មានខាងក្រោមនេះ
ការឈឺចុកចាប់នៅឆ្អឹងខ្នង ជាបញ្ហាទូទៅមួយអាចរំខានទៅដល់ការបំពេញការងារ និងអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង។ បញ្ហាចុកខ្នងនេះ អាចកើតឡើងបានទាំងផ្នែកខាងលើ កណ្ដាល និងផ្នែកក្រោមខ្នង។ ម៉្យាងវិញទៀត សាច់ដុំខ្នង និងឆ្អឹងខ្នងជួយទប់ទម្ងន់មួយផ្នែកធំរបស់រាងកាយ ហើយយើងប្រើសាច់ដុំខ្នងរាល់ថ្ងៃនៅពេលធ្វើសកម្មភាពប្រចាំថ្ងៃរួមមាន អង្គុយ ឈរ ឬដើរជាដើម។ ជាធម្មតា បញ្ហាឈឺឆ្អឹងខ្នង អាចអន់ថយក្នុងរយៈពេល២-៣ សប្ដាហ៍ ជាមួយតិចនិកសាមញ្ញជាច្រើន មិនចាំបាច់ចំណាយលុយច្រើន ដោយគ្នាយើងអាចសាកល្បងជាមួយតិចនិកប៉ុន្មានខាងក្រោមនេះបានដូចជា៖ ១.រក្សាកាយវិការពេលអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់ទៅលើរបៀបដែលយើងទប់ខ្នងនៅពេលដែលអង្គុយ ឈរ ដើរ គេង ឬពេលធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗ។ ពេលដែលឆ្អឹងទាំងអស់នៃឆ្អឹងខ្នងយើង ត្រង់ស្មើត្រូវជួរគ្នា នោះគឺឥរិយាបថត្រឹមត្រូវ ប៉ុន្តែបើឥរិយាបថយើងមិនល្អ អាចបណ្ដាលឲ្យជាប់ខ្នង ឬរឹង តឹងខ្នង ជាហេតុបណ្ដាលឲ្យឈឺខ្នង។ ២.ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ លំហាត់ប្រាណឆ្អឹងខ្នង និងការពត់ខ្លួនសាមញ្ញៗ អាចជួយកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង។ ការហាត់ប្រាណ បូកជាមួយនឹងក្បាច់ពត់ខ្លួនខ្លះៗ ជួយឲ្យខ្នងយើងរឹងមាំ និងមានសុខភាពល្អ។ សកម្មភាពពេញនិយមដែលគេនិយមធ្វើដើម្បីឲ្យខ្នងមានសុខភាពល្អនោះគឺ ហែលទឹក ដើរ ហាត់យូហ្កា និង Pilates។ល។ ៣.យូហ្កា និងសមាធិ យូហ្កាជាលំហាត់ប្រាណមួយបែបដែលធ្វើចលនាមួយៗ គ្រប់គ្រងលំនឹង ដើម្បីពត់ និងពង្រឹងរាងកាយ។ លំហាត់ប្រាណនេះក៏ជួយដល់ការរំសាយស្ត្រេស អាចកាត់បន្ថយភាពតានតឹងដែលយើងមាននៅពេលយើងប្រើសាច់ដុំខ្នងម្ដងៗ។ ៤.ម៉ាស្សាថ្នមៗ ការម៉ាស្សាជាតិចនិកមួយ ជួយសម្រួលដល់បញ្ហាឈឺចុកចាប់ឆ្អឹងខ្នងបាន និងជួយឲ្យខ្នងត្រឡប់ទៅសភាពដើមវិញបានលឿនទៀតផង។ […]