backup og meta

សម្គាល់ម៉េច ទើបដឹងថាឈឺ​ក្បាល​ធម្មតា ឬឈឺ​ក្បាល​ប្រកាំង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 27, 2021

    សម្គាល់ម៉េច ទើបដឹងថាឈឺ​ក្បាល​ធម្មតា ឬឈឺ​ក្បាល​ប្រកាំង?

    តាមពិត​ការ​ឈឺ​ក្បាល​ធម្មតា និង​ឈឺ​ក្បាល​ប្រកាំង ​គឺជា​ជំងឺ ២ ខុស​ពីគ្នា ថ្វីត្បិតតែ​​សុទ្ធ​តែ​ធ្វើ​ឱ្យ​យើង​ឈឺក្បាល​ដូចគ្នា។ ភាគច្រើន​យើង​មិន​ដឹង​ថា​​ឈឺក្បាល​ប្រកាំង​ទេ ដោយ​គិត​ថា​គ្រាន់​តែ​ឈឺ​ក្បាល​ធម្មតា​ប៉ុណ្ណោះ។ ឱសថការី​ ហម​ សេង​ហុង ​បានពន្យល់​ពី​លក្ខណៈ​ខុសគ្នា​មួយ​ចំ​នួន​រវាង​ការ​ឈឺ​ក្បាល​ធម្មតា និង​ការ​ឈឺ​ក្បាល​ប្រកាំង​ដូច​ខាង​ក្រោម​​៖

    ១. ឈឺ​ក្បាល​ធម្មតា

    ការ​ឈឺ​ក្បាល​ធម្មតា​មាន​សណ្ឋាន​ខុសៗគ្នា​ដូចជា ការ​ឈឺក្បាល​នៅ​ថ្ងាស​ខាង​មុខ​ដោយ​សារ​ស្រ្តេស​ គឺ​ឈឺ​ណែន​ពេញ​ខួរក្បាល​ខាងមុខ

    ការ​ឈឺ​ក្បាល​ចុក​រួយ​បែក​ពី​លើ​ក្បាល​រហូតដល់​ខាងក្រោយ​ ដោយសារ​តង់ស្យុង​សម្ពាធ​​ឈាម​​ខ្ពស់​ឡើង​ខ្ពស់។

    ២. ឈឺ​ក្បាល​ប្រកាំង

    ​ការ​ឈឺ​ក្បាល​ប្រកាំង​គឺ​មាន​លក្ខណៈ​ចុក​ពើត​ៗ​​ចំហៀង​ក្បាល​ខាង​ធ្វេង ឬ​​ខាង​ស្តាំ​ នៅ​ប្លុក​គ្រាប់ភ្នែក ​នៅ​ខាង​ក្រោយ​គ្រាប់ភ្នែក ឬ​អាច​ដល់​ត្រចៀក ហើយ​ពេល​ខ្លះ​ចុក​​ខ្លាំង​គឺ​ឈឺក្បាល​ទាំង​សង​ខាង​តែ​ម្តង។ ការ​ឈឺ​ក្បាល​ប្រកាំង​ គឺ​ឈឺ​ដូច​ដាក់ខែ ឬ​ដាក់​ពេល​ ដល់ពេល​ណា​ត្រូវ​ឈឺ​ គឺ​​ឈឺ​របៀប​ដូច​រៀបរាប់​ខាងលើ​​។ ការ​ឈឺ​ក្បាល​ប្រកាំង​ដែល​មាន​លក្ខណៈ​មធ្យម ​គឺ​មាន​រយៈ​ពេល ៣០​នាទី ឯ​ការ​ឈឺ​ក្បាល​ប្រកាំង​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​អាច​មាន​រយៈ​ពេល​រហូតដល់​ទៅ ៣ ថ្ងៃ។ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ចង់​ក្អួត ឬ​ក្អួត​តែ​ម្តង ។

    ហេតុអ្វី​បានជា​យើង​ឈឺក្បាល​ប្រកាំង?

    មូលហេតុ​ដែល​ធ្វើ​ឱ្យ​ឈឺ​ក្បាល​ប្រកាំង​មាន​ច្រើន​កត្តា​ដូចជា៖

    • ការ​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ពេក
    • ការ​គិត​ច្រើន
    • ការ​ធ្វើការ​ច្រើន
    • ការហាត់​កីឡា​ខ្លាំង​ពេក
    • ការ​មើល​អេក្រង់​​កុំព្យូទ័រ ឬ​ទូរស័ព្ទ​យូរ​​
    • ​កត្តា​អាហារ
    • កត្តា​ហ្សែន

    ហេតុអ្វី​បាន​ជា​ស្ត្រី​ឈឺ​ក្បាល​ប្រកាំង​ច្រើន​ជាង​បុរស?

    ស្ត្រី​ឈឺ​ក្បាល​ប្រកាំង​ច្រើន​ជាង​បុរស​គឺ​ដោយ​សារ​តែ៖​

    • កត្តា​អ័រម៉ូន៖ នៅ​ពេល​ដែល​អ័រម៉ូន​ភេទ​ស្ត្រី​ឡើង​ខ្ពស់ អាច​ឈឺក្បាល​ប្រកាំង។
    • ភាព​ហត់នឿយ៖ ពេល​ស្ត្រី​ធ្វើ​ការ​​ច្រើន ​អាច​ហត់ អស់កម្លាំង​ក៏​ធ្វើ​ឱ្យ​ឈឺ​ក្បាល​ប្រកាំង​ដែរ។
    • សុខភាព​ស្ត្រី​ខ្សោយ​ជាង​បុរស៖ បុរស​រឹង​ប៉ឹង​ជាង​ស្ត្រី ដូច្នេះ​បុរស​អាច​សុំា​នឹង​ការ​ឈឺក្បាល​ប្រកាំង​បាន។

    ​ឈឺ​ក្បាល​ប្រកាំង​អាច​ព្យាបាល​បានទេ?

    ការ​ឈឺក្បាល​ប្រកាំង​មិន​អាច​ជា​ដាច់​ទេ ប៉ុន្តែ​យើង​អាច​ចៀសវាង​បាន។ កា​រព្យា​បាល​ដែល​មាន​ប្រសិទ្ធភាព​គឺ​ការ​ការពារ​ខ្លួន។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់ៗ​ឈឺក្បាល​ប្រកាំង​គឺ​ខុស​ៗគ្នា​ដូច​បាន​រៀបរាប់​ខាងលើ ដូច្នេះ​បើ​យើង​គិត​ថា​យើង​ជិត​ឈឺ​ក្បាល​ប្រកាំង​ហើយ យើង​ត្រូវ​បញ្ឈប់​សកម្មភាព​ដែល​យើង​កំពុង​ធ្វើ​ភា្លម រួចឈ្លី​នៅ​ត្រង់​ក ឬ​ត្រង់​​កន្លែង​ឈឺ។ បន្ទាប់​មក​ទៅ​រក​កន្លែង​សម្រាក​ដែល​មាន​អុក​ស៊ី​សែន​គ្រប់​គ្រាន់ ស្ងាត់ និង​ងងឹត​ដើម្បី​ឱ្យ​ភ្នែក​យើង​កុំ​មាន​សកម្មភាព​តទៅទៀត។ រួច​អាច​ញុំា​ថ្នាំ​ដូចជា​ ពពួក​ប៉ា​រ៉ាសេតា​មុល ឬថ្នាំ​បំបាត់​ការឈឺចាប់ ១ គ្រាប់ ហើយគេង ពេល​យើង​ភ្ញាក់​មក​វិញ​នឹង​ស្រឡះ​ក្បាលលែង​ឈឺ​ហើយ។

    តើការ​ឈឺក្បាល​ប្រកាំង​អាច​ធ្វើប៉ះ​ពាល់​ដល់អាយុ​ជីវិត​ដែរឬទេ?

    ការឈឺ​ក្បាល​ប្រកាំង​មិន​ប៉ះពាល់​ដល់អាយុ​ជីវិតទេ​​ បើ​និយាយ​ពី​ភាគរយ ប៉ុន្តែ​ឱសថការី​រូប​នេះ​បាន​ដាស់តឿន​ដល់​អ្នក​ដែល​មានអា​កា​រៈឈឺ​ក្បាល​ប្រកាំង​ហើយ​មាន​ជំងឺលើសឈាម​ឱ្យប្រុង​ប្រយ័ត្នខ្ពស់ ព្រោះ​ពេល​​ឈឺ​ក្បាល​ប្រកាំង​សរសៃ​ឈាម​​រួម​តូច ហើយ​អាច​ដាច់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម