ការចិញ្ចឹមកូនមិនមែនជារឿងងាយស្រួលទេ ពេលខ្លះម៉ាក់ប៉ាអាចនឹងសួរខ្លួនឯងទៀតថាតើត្រូវចិញ្ចឹមកូនបែបណាដើម្បីឲ្យកូនឲ្យមានចរិតល្អ។ ដើម្បីចិញ្ចឹមកូនឲ្យមានចរិតល្អម៉ាក់ប៉ាគួរចៀសវាងប៉ុន្មានចំណុចខាងក្រោមនេះ។
១. មិនឲ្យកូនលេងជាមួយក្មេងដទៃ
ក្មេងនៅតែឯងអាចនឹងមិនសូវបានយល់ដឹងពីទំនាក់ទំនងខាងក្រៅ ឬអារម្មណ៍រាប់អានគ្នាទៅវិញទៅមកដូចទៅនឹងក្មេងដែលបានលេងជាមួយក្មេងដទៃនោះទេ។ នៅពេលកូនលេងជាមួយក្មេងដទៃ កូនតូចនឹងរៀនចេះចែករំលែក លេងដោយស្មើភាពគ្នា រាប់អានក្មេងដទៃដោយមិនប្រកាន់ និងចេះយកចិត្តទុកដាក់លើអ្នកដទៃទៀតផង។ កូនៗក៏អាចដឹងទៀតថាអារម្មណ៍ពួកគេអាចនឹងទទួលរងការឈឺចាប់ នៅពេលពួកគេធ្វើអ្វីមិនល្អទៅលើក្មេងដទៃ ដោយសារតែក្មេងដទៃអាចនឹងយំ ឬមិនសប្បាយចិត្ត។ ហេតុនេះហើយ កូនតូចនឹងយល់ច្បាស់ពីអារម្មណ៍ខ្លួន និងក្មេងដទៃនៅពេលចំណាយពេលលេងជាមួយគ្នា។
២. បណ្ដោយតាមចិត្តកូន
ការចង់បាននេះចង់បាននោះគឺខុសគ្នាពីតម្រូវការដែលចាំបាច់។ តម្រូវការមានដូចជាអាហារ ជម្រក សម្លៀកបំពាក់ដែលម៉ាក់ប៉ាត្រូវផ្តល់ឲ្យកូនតូច។ រីឯភាពចង់បានគឺជាចំណង់ទៅលើអ្វីមួយដូចជាប្រដាប់លេងផ្សេងៗជាដើម។ នៅពេលដែលម៉ាក់ប៉ាបំពេញភាពចង់បានរបស់កូនតូចភ្លាមៗដោយមិនពន្យារពេល ឬឲ្យកូនតូចបង្ហាញពីអាកប្បកិរិយាល្អជាមុនសិនមុននឹងទទួលបានរបស់ដែលគេចង់បាន នោះម៉ាក់ប៉ាអាចនឹងប្រឈមនឹងបញ្ហានៅពេលក្រោយ។ ប្រសិនជាម៉ាក់ប៉ាបន្តធ្វើបែបនេះ កូនតូចនឹងយល់ថាពួកគេអាចទទួលបានគ្រប់យ៉ាងដែលគេចង់បានភ្លាមៗ ហើយបើពួកគេមិនទទួលបានទេ កូនតូចនឹងបង្ហាញអត្តចរិតមិនល្អឡើងមកដើម្បីទទួលបានរបស់ដែលគេត្រូវការ។
៣. ម៉ាក់ប៉ាចំណាយពេលច្រើនលើទូរសព្ទ ឬកុំព្យូទ័រ
កូនតូចចូលចិត្តទទួលបានការចាប់អារម្មណ៍ពីម៉ាក់ប៉ា។ ប្រសិនជាពួកគេមិនទទួលបានការចាប់អារម្មណ៍នោះទេ ពួកគេនឹងចាប់ផ្ដើមធ្វើគ្រប់យ៉ាងដើម្បីទទួលបានការចាប់អារម្មណ៍ពីម៉ាក់ប៉ា។ ម៉្យាងទៀតបើកូនតូចតែងឃើញម៉ាក់ប៉ារវល់ជាមួយទូរសព្ទ ឬកុំព្យូទ័រច្រើនដោយមិនងាកមកចាប់អារម្មណ៍នឹងពួកគេ នោះពួកគេនឹងមិនធ្វើតាមការណែនាំរបស់ម៉ាក់ប៉ាដើម្បីទទួលបានការចាប់អារម្មណ៍ទេ។ ដូចនេះម៉ាក់ប៉ាយកល្អគួរលៃពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ការប្រើប្រាស់ទូរសព្ទ និងយកចិត្តទុកដាក់លើកូនតូច។
៤. មិនផ្តល់ជម្រើសដល់កូនតូច
កុំទម្លាប់ឲ្យរបស់លេង ឬរបស់អ្វីមួយដល់កូនតូចដោយមិនផ្តល់ជម្រើសផ្សេងៗ។ ទម្លាប់អាចនឹងធ្វើឲ្យកូនតូចមានភាពរឹងចចេស និងនៅពេលធំឡើងពួកគេចង់បានតែរបស់មួយប្រភេទប៉ុណ្ណោះ ហើយពួកគេនឹងធ្វើគ្រប់យ៉ាងដើម្បីបានរបស់នោះ។ យកល្អគួរឲ្យឱកាសកូនតូចក្នុងការជ្រើសរើសមិនថាជារឿងតូចតាចក៏ដោយ។ ម៉ាក់ប៉ាអាចកំណត់ត្រឹមតែជម្រើសពីរក៏បានដើម្បីឲ្យកូនតូចធ្វើការជ្រើសរើស។
៥. មិនពន្យល់ប្រាប់កូនតូចពីមូលហេតុដែលពួកគេទទួលពិន័យ
ប្រសិនជាម៉ាក់ប៉ាដាក់ពិន័យលើកូន ហើយមិនបានពន្យល់ពួកគេថាហេតុអ្វី កូននឹងមិនបញ្ចេញអត្តចរិតល្អតែបែរជាមានអត្តចរិតអាក្រក់ទៅវិញ។ ដូចនេះម៉ាក់ប៉ាគួរពន្យល់ពួកកូនថាហេតុអ្វីបានជាគេត្រូវទទួលពិន័យ និងប្រាប់ពីអ្វីដែលប៉ាម៉ាក់រំពឹងថាបានពីកូន។ បើមិនដូច្នោះទេ កូនៗនៅតែបន្តធ្វើសកម្មភាពនោះហាក់ដូចជាសមិទ្ធផលមួយរបស់ពួកគេដែលឃើញម៉ាក់ប៉ាមានអារម្មណ៍ច្របូកច្របល់ ឬមិនសប្បាយចិត្ត។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងៗក៏អាចមានបញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់ត្រូវចេះសំគាល់មើលចំណុចទាំងនេះ
- ៥ ចំណុច ជួយប៉ា់ម៉ាក់បង្កើតទម្លាប់គេងល្អដល់កូន
- តិចនិកសាមញ្ញាៗប្រដៅកូនឲ្យស្តាប់ ដោយមិនចាំបាច់ប្រើហឹង្សា
- ហេតុអ្វីកូនតូចចូលចិត្តសួរសំណួរមិនចេះអស់មិនចេះហើយ? ប៉ាម៉ាក់គួរឆ្លើយបែបណា?
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]