ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ជំនាញជីវិត គឺជាដ៏មេរៀនមានតម្លៃដែលកូនៗនឹងត្រូវប្រើពេញមួយជីវិតរបស់កូន។ ប៉ុន្តែក្មេងភាគច្រើនមិនបានរៀនពីវិធីដោះស្រាយស្ថានការណ៍ក្នុងពិភពពិតរហូតទាល់តែចូលរៀននៅវិទ្យាល័យ តែម៉ាក់មិនត្រូវចាំទាល់តែពេលកូនធំទើបចាប់ផ្ដើមបង្រៀនពីជំនាញជីវិតឲ្យកូនដឹងនោះទេ ត្រូវបង្រៀនកូនតាំងពីនៅតូច។
១.ការសម្រេចចិត្ត
ការសម្រេចចិត្តត្រឹមត្រូវគឺជាជំនាញជីវិតមួយដែលក្មេងគ្រប់រូបគួររៀនតាំងពីវ័យតូចៗ។ យើងជាម៉ាក់ប៉ាគួរឲ្យកូនដឹងពីជំហាននីមួយៗមុនពេលសម្រេចចិត្តរឿងអ្វីមួយ។ យើងជួយថ្លឹងថ្លែងពីការសម្រេចចិត្តរបស់កូនៗ រកគុណសម្បត្តិ និងគុណវិបត្តិរួចបណ្ដោយឲ្យកូនជ្រើសរើសការសម្រេចចិត្តចុងក្រោយ ដើម្បីឲ្យគេដឹងពីលទ្ធផលនៃការសម្រេចចិត្តខ្លួនឯងនឹងទទួលបានយ៉ាងណា។
២.សុខភាព និង អនាម័យ
ពន្យល់កូនៗឲ្យដឹងថា សុខភាព និងអនាម័យមានសារៈសំខាន់ប៉ុនណានៅក្នុងការរស់នៅប្រចាំរបស់មនុស្សយើងម្នាក់ៗ។ ដូចនេះ ពេលធំទៅៗ កូនៗចេះថែសុខភាពខ្លួនបានល្អ ចៀសផុតពីជំងឺដែលធ្វើឲ្យយើងមានសុខភាពទ្រុឌទ្រោមបាន។
៣.ការគ្រប់គ្រងពេលវេលា
ការបង្រៀនកូនឲ្យចេះចែកពេលវេលាបានល្អមិនត្រឹមតែអាចឲ្យកូនធ្វើអ្វីៗទាន់ពេល ហើយសម្រួលដល់យើងជាម៉ាក់ប៉ាទេ ការដែលឲ្យកូនចេះជំនាញនេះតាំងពីក្មេង ជួយឲ្យកូនមានទម្លាប់ល្អ ហើយពេលដែលចូលវ័យធំទៅ កូនអាចក្លាយជាបុគ្គលម្នាក់ដែលគោរពពេលវេលាបានល្អ។
៤.ការចេះទុកដាក់លុយកាក់
មនុស្សធំៗ ស្ទើរគ្រប់រូបមានបញ្ហាទាក់ទងនឹងការគ្រប់គ្រងលុយកាក់ដែលខ្លួនមាន។ យើងគួរបង្រៀនកូនពីរឿងនេះតាំងកូននៅតូច ឲ្យកូនដឹងថា ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងលុយគឺជាចំណែកសំខាន់មួយដែលយើងត្រូវការ។ វាសំខាន់ណាស់ ដែលយើងត្រូវឲ្យកូនចេះរឿងនេះ ដូចនេះពេលកូនៗមានប្រាក់ខែដំបូង ពួកគេអាចចេះទុកដាក់លុយដោយខ្លួនឯង។
ស្របគ្នានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ជំនាញជំងឺកុមារ ឲ្យដឹងថា ក្រៅពីរឿងរៀននៅក្នុងសាលារៀន នៅមានរឿងសំខាន់ៗជាច្រើនដែលកូនតូចៗត្រូវរៀន។ ក្រៅពីជំនាញជីវិតដែលបានរៀបរាប់ខាងលើ នៅមានជំនាញជីវិតមួយចំនួនទៀតដែលកូនត្រូវចេះពីតូច លុះធំឡើង កូនៗបានត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគតរួមមាន៖
– រៀនចម្អិនអាហារ
– រៀនធ្វើការជាមួយអ្នកដទៃ តាមរយៈការលេងជាមួយមិត្តភក្តិ
– រៀនស្លៀកពាក់ដោយខ្លួនឯង
– រៀនគោរពវិន័យ
– រៀនទទួលខុសត្រូវ
– ចូលរួមសម្អាតផ្ទះ។ល។
[embed-health-tool-vaccination-tool]