ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ក្មេងនៅពេលលូតលាស់ធំទៅៗ កូនអាចនឹងបង្ហាញពីអាកប្បកិរិយាមួយចំនួនដែលធ្វើឲ្យយើងជាម៉ាក់ប៉ាទាស់ចិត្ត ហើយបើយើងសង្កេតទៅ ទង្វើដែលប៉ាម៉ាក់ភាគច្រើនមិនចូលចិត្តពេលដែលកូនៗធ្វើនោះ គឺនិយាយមិនស្ដាប់បង្គាប់តាម។ ពេលដែលកូនមានចរិតបែបនេះ ធ្វើឲ្យម៉ាក់ប៉ាមួយចំនួនទ្រាំមិនបាន ទៅជាខឹង វាយកូន។ល។ បើកូនមិនស្ដាប់ យើងគួរតែប្រើវិធីអីដោះស្រាយទើបល្អ?
បើតាមដំណោះស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ យើងត្រូវដឹងថា ខួរក្បាលរបស់អាអូនតូចៗ អាយុក្រោម ៥-៦ឆ្នាំ គឺចាប់អារម្មណ៍តែរឿងមួយមុខតែប៉ុណ្ណោះនៅក្នុងពេលមួយ។ ដូចនេះបើយើងចង់ឲ្យកូនស្ដាប់បង្គាប់ យើងត្រូវទាញចំណាប់អារម្មណ៍ និងទំនាក់ទំនងជាមួយកូនជាមុនសិនដោយ៖
– ដើរទៅជិតកូន
– ដាក់ខ្លួនអង្គុយក្បែរកូន
– សួរនាំកូនពីអ្វីដែលកូនលេង (ឧ.កូនកំពុងលេងអ្វី ឬធ្វើអ្វី។ល។)
ឆ្លៀតឱកាសនេះ ម៉ាក់ប៉ាអាចបន្លប់កូនឲ្យធ្វើអ្វីដែលយើងចង់ឲ្យកូនធ្វើបានដោយនិយាយទៅកាន់កូនស្រួលបួល ឬប្រើពាក្យលួងលោមជាដើម។
“ឧទាហរណ៍ថា យើងចង់ហៅកូនមកញ៉ាំបាយ តែកូនមិនមក អ៊ីចឹងយើងគួរតែទៅលួងលោមកូន ឬអាចបង្កើតជាកិច្ចសន្ទនាខ្លីមួយជាមួយកូន រួចសឹមហៅកូនមកញ៉ាំដោយអាចនិយាយថា លេងតុក្កតានេះយូរ ឥឡូវតុក្កតាហត់ហើយឲ្យសម្រាកសិន យើងទៅញ៉ាំបាយសិនទៅ ចាំបន្តិចទៀតសឹមលេងបន្ត។ល។”
វេជ្ជបណ្ឌិតឯកទេសជំងឺកុមាររូបនេះបន្តថា យើងត្រូវទាញចំណាប់អារម្មណ៍កូនជាមុនសិន មុននឹងយើងចង់ឲ្យកូនមកចាប់អារម្មណ៍អ្វីដែលយើងចង់និយាយ។ ចៀសវាងការស្រែកគំហក ឬទាស់សម្ដីជាមួយកូនៗ ព្រោះអំពើវាយតប់ ស្រែកគំហកដាក់កូននេះ សុទ្ធតែផ្ដល់ភាពអវិជ្ជមានដល់កូន ថែមទាំងអាចឲ្យកូនខ្លាចយើងជាម៉ាក់ប៉ាមិនហ៊ាននៅជិតក៏ថាបាន។
មួយវិញទៀត ម៉ាក់ប៉ាក៏ត្រូវដឹងពីទង្វើដែលយើងធ្វើអាចបណ្ដាលឲ្យកូនចាប់ផ្ដើមមិនស្ដាប់បង្គាប់ដែរដូច៖
១. រអ៊ូដដែលៗឲ្យកូនឭ
២. ប្រើពាក្យរិះគន់ ឬគំរាមកូន(ឧ.កូនឯងគួរឲ្យធុញ ឬបើហៅមិនឮលើកក្រោយ ប្រយ័ត្នត្រូវធ្មោង។ល។)
៣. បញ្ជាកូនធ្វើនេះនោះតាមចិត្តចង់
៤. មិនចាប់អារម្មណ៍នឹងកូន។ល។
[embed-health-tool-vaccination-tool]