backup og meta

ប៉ាម៉ាក់ចេះ ៥ក្បាច់ នេះ ជួយបង្កើន​សមត្ថភាព​អានដល់​កូន​

ប៉ាម៉ាក់ចេះ ៥ក្បាច់ នេះ ជួយបង្កើន​សមត្ថភាព​អានដល់​កូន​

ទោះ​មិន​និយាយ​ ក៏​ប៉ាម៉ាក់​ដឹង​ដែរ​ថា​ការ​អាន​មាន​សារៈ​សំខាន់​បែប​ណា​ដល់អូនៗ មិន​ថា​កូន​​​ជិត​ដល់​អាយុ​ចូល​រៀន ឬ​កំពុង​រៀន​នោះ​ទេ​។ ការ​អាន​​ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្នែក បញ្ញា និង​ស្មារតី​ដល់​កូនៗ​របស់​យើង​ ជួយ​ឲ្យ​អូនៗ​ចេះ​ពាក្យ​ថ្មី​ៗ ជួយ​អូន​ៗ​បាន​រៀន​សូត្រ​ពី​គំនិត​ថ្មីៗ និង​ជួយ​ឲ្យ​អូនៗ​មាន​ការ​ផ្ចង់​អារម្មណ៍ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​អ្វី​មួយ​ជាដើម​​។

តើ​ធ្វើ​ម៉េច​ទើប​ជួយ​កូនៗ​ឲ្យ​ចូល​ចិត្ត​អាន?

. បង្កើត​ទម្លាប់​អាន

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ការ​បង្កើត​ទម្លាប់​អាន មិន​ថា​កូន​ចេះ​អាន​ដោយ​ខ្លួន​ឯង ឬ​ប៉ាម៉ាក់​អាន​ឲ្យ​កូន​ស្ដាប់​នោះ​ទេ គឺ​សុទ្ធ​តែ​ជួយ​បង្កើត​សមត្ថ​ភាព​អាន​ដល់​កូន​នៅ​ថ្ងៃ​ខាង​មុខ។ ថ្វី​បើ​កូន​យើង​មិន​ទាន់​ចេះ​អាន​ក្ដី បើ​ប៉ា​ម៉ាក់​ទម្លាប់​អាន​រឿង​​ឲ្យ​កូន​ស្ដាប់ យូរ​ៗ​ទៅ​នឹង​ធ្វើ​ឲ្យ​កូន​ចង់​អាន​រឿង​ទាំង​នោះ​ដោយ​ខ្លួន​ឯង​​នៅ​ពេល​គេ​ចេះ​អាន​។

. រៀបចំ​សៀវភៅ​ឲ្យ​មាន​នៅ​ច្រើន​កន្លែង​

ថ្វី​បើ​កូន​យើង​នៅ​តូច​អាច​ថា​ចូល​ចិត្ត​លេង​ច្រើន​​​មែន តែ​យើង​ត្រូវ​រៀបចំ​ឲ្យ​កូន​រៀន​អាន រៀន​មើល​រូប​ភាព​ផ្សេងៗ​ដែរ។ ប៉ាម៉ាក់​អាច​ព្យាយាម​យក​សៀវ​ភៅ​រូបភាព ឬ​អត្ថបរឿង​ខ្លីៗ​(បើ​កូន​ចេះ​អាន)​ដាក់​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ផ្ទះ​ដូច​ជា​បន្ទប់​គេង​របស់​កូន កន្លែង​កូន​លេង តាម​ធ្នើរ​បន្ទប់​ទទួល​ភ្ញៀវ ក្បែរ​ទូរទស្សន៍​ ឬ​សូម្បី​តែ​ក្នុង​រថ​យន្ត​ក៏​គួរ​មាន​សៀវ​ភៅ​ដែរ។ ការ​ធ្វើ​ដូច​នេះ​ កូន​ងាយ​ស្រួល​ឃើញ និង​អាច​យក​អាន​បាន​គ្រប់​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​។

មួយ​វិញ​ទៀត​ ប៉ា​ម៉ាក់​កុំ​ភ្លេច​ធ្វើ​ជា​គំរូ​ឲ្យ​កូន​បាន​ឃើញ​ផង គឺ​ត្រូវ​អាន​សៀវភៅ​ដែរ។ ​បើ​កូន​បាន​ឃើញ​យើង​អាន​សៀវ​ភៅ​មុន​ចូល​គេង កូន​ក៏​ទំនង​ជា​ចង់​ធ្វើ​ដូច​យើង​ដែរ​។​

ក្មេងអាន

.​ផ្ដល់​ឱកាស​ឲ្យ​កូន​ជ្រើស​រើស​សៀវ​ភៅ​

ជួន​កាល​កូន​យើង​មិន​សូវ​អាន​សៀវ​ភៅ​ដែល​យើង​មាន​សម្រាប់​ពួក​គេ មិន​មែន​មាន​ន័យ​ថា​កូន​មិន​ចូល​ចិត្ត​អាន​នោះ​ទេ អាច​ថា​កូន​យើង​មិន​ចូល​ចិត្ត​សៀវ​ភៅ​ដែល​យើង​មាន​ទៅ​វិញ​ទេ។ ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​ជ្រើស​រើស​សៀវភៅ​ដែល​កូន​ចូល​ចិត្ត អាច​នាំ​កូន​ទៅ​កាន់​បណ្ណគារ ឲ្យ​កូន​ដើរ​មើល និង​ជ្រើស​រើស​សៀវ​ណា​មួយ​គេ​ពេញ​ចិត្ត​។ កាល​ណា​កូន​បាន​អ្វី​ដែល​គេ​ពេញ​ចិត្ត នោះ​គេ​នឹង​ចូល​ចិត្ត​អាន​ដូច​គ្នា​។​

. ឲ្យ​កូន​អាន​អ្វី​ផ្សេង​ក្រៅពី​សៀវ​ភៅ​

ជួន​កាល​កូន​ក៏​ខ្ជិល​អាន​សៀវភៅ​ដែរ ដូច​នេះ​ប៉ា​ម៉ាក់​ត្រូវ​មាន​វិធី​ផ្សេង​ដែរ។ ឧទាហរណ៍​ថា កូន​ចង់​ទៅ​មើល​ភាព​យន្ត ប៉ាម៉ាក់​ត្រូវ​ឲ្យ​កូន​មើល​តារាង​ពេល​វេលា​បញ្ចាំង​ភាពយន្ត​ដោយ​ខ្លួន​ឯង ជាជាង​យើង​មើល​ជំនួស​កូន។ ដូច​គ្នា​ដែរ បើ​កូន​ចូល​ចិត្ត​ជួយ​ការងារ​ចម្អិន​អាហារ យើង​អាច​ឲ្យ​កូន​អាន​ឈ្មោះ​គ្រឿង​ផ្សំ ឬ​គ្រឿង​ទេស​ផ្សេងៗ​។ ពេល​ខ្លះ​បើ​យើង​ទៅ​ដើរ​លេង​ក្រៅ​ផ្ទះ ប៉ា​ម៉ាក់​អាច​ណែ​នាំ​ឲ្យ​កូន​អានផ្លាក​សញ្ញា​ផ្សេងៗ ទីតាំង ឬ​ទិស​ដៅ​ជា​ដើម។ អ្វី​ទាំង​នេះ​សុទ្ធ​តែ​ជា​វិធី​ដែល​ប៉ា​ម៉ាក់​អាច​ឲ្យ​កូន​បាន​ឱកាស​អាន​ដែរ​។​​​​

. តាម​ដាន​ការ​សិក្សា​កូន

លោក​គ្រូ​ អ្នក​គ្រូមិន​​អាច​​ដឹង​​១០០​ភាគរយ​ថា​កូន​យើង​​អាច​ជួប​បញ្ហា​ក្នុង​ការ​អាន​នៅ​ពេល​ខាង​មុខ នោះទេ ដោយ​សារថា​ក្មេង​ខ្លះ​អាច​មិន​បញ្ចេញ​ភាព​លំបាក​ក្នុង​ការ​អាន​របស់​ពួក​គេ​ឲ្យ​គ្រូ​បាន​ដឹង​ឡើយ​។

ប៉ា​ម៉ាក់​កុំ​មើល​រំលង ប្រ​យ័ត្ន​ហួស​ពេល ត្រូវ​មាន​វិធាន​ការ​ភ្លាមៗ​ដែរ​។ ប៉ាម៉ាក់​ត្រូវ​តាម​ដាន​ការ​អាន​របស់​កូន​​ និង​ការ​រីក​ចម្រើន​នៃ​ការ​អាន​របស់​កូន​ឲ្យ​បាន​ជាប់​លាប់។ ការ​ធ្វើ​ដូច​នេះ យើង​នឹង​អាច​ជួយ​កូន​បាន​ទាន់​ពេល​វេលា និង​ដោះស្រាយ​បញ្ហា​លើ​ការ​អាន​របស់​កូន​បាន​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Effective Ways to Increase Your Child’s Reading Skills

កំណែ​ប្រែបច្ចុប្បន្ន

11/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះជាមុនសិន

ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម