backup og meta

រឿង ៥យ៉ាង ប៉ាម៉ាក់មិនគួរនិយាយ​ទៅ​កាន់​កូនឡើយ

រឿង ៥យ៉ាង ប៉ាម៉ាក់មិនគួរនិយាយ​ទៅ​កាន់​កូនឡើយ

ដូច​ដែល​យើង​បាន​​ដឹង​ស្រាប់​ហើយ​ថា​ កូនៗ​តែងតែ​សង្កេត​មើល​ប៉ា​ម៉ាក់​របស់​ខ្លួន​ ហើយ​ពួកគេ​នឹង​រៀន​ពី​​យើង​​ ក៏​ដូចជា​ចាប់​យក​នូវ​​ទម្លាប់​ទាំង​នោះ​​មក​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​​របស់​កូនៗ​។ ដូចនេះ​ ​ប៉ា​ម៉ាក់​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​រាល់​ទង្វើ​ និង​ពាក្យ​សំដី​​របស់​ខ្លួន​។

ជា​ការ​ពិត​ពាក្យ​សម្ដី​​ខ្លះ​ នឹង​នៅ​ដិតដាម​ជាប់​នឹង​អារម្មណ៍​របស់​កូន​ៗ ​ព្រម​ទាំង​​​អាច​ផ្លាស់ប្ដូរ​​គំនិត​របស់​ពួកគេ​ចំពោះ​យើង​ជា​ប៉ា​ម៉ាក់​ថែម​ទៀត​ផង​។ ​យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យើង​ប្រើ​ពាក្យ​សម្ដី​​ល្អៗ​ ឬ​អប់រំ​កូន​ដោយ​ការ​ប្រៀន​ប្រដៅ​ មិន​មែន​ជា​ការ​ស្តី​បន្ទោស​នោះ​ កូន​ៗ​ក៏​អាច​ទទួល​បាន​នូវ​អារម្មណ៍​កក់ក្តៅ​ និង​​​​យល់​ថា​ខ្លួន​មាន​ប៉ា​ម៉ាក់​ដែល​ចាំ​ជួយ​​លើក​ទឹកចិត្ត​ពួកគេ​ជា​រៀង​រហូត​។

ហេតុដូច្នេះ​ហើយ​ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​កូនៗ​ ​​ព្រមទាំង​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​គិត​វិជ្ជមាន​ក្នុង​ជីវិត​ ប៉ា​ម៉ាក់​ដាច់ខាត​កុំ​និយាយ​ពាក្យ​ទាំងនេះ​ទៅ​កាន់​កូន​ៗ​ឲ្យ​សោះ​។

. កូន​គេ​​ពូកែ​​ជាង​កូន​ខ្លួន​ឯង

ការ​ប្រៀបធៀប​គឺ​ជា​រឿង​​អាក្រក់​បំផុត​ ដែល​ប៉ា​ម៉ាក់​តែងតែ​ធ្វើ​ជា​ប្រចាំ​។ ជា​ទូទៅ​ ប៉ា​ម៉ាក់​ខ្លះ​ចូលចិត្ត​ប្រៀបធៀប​កូន​ខ្លួន​ឯង​ជាមួយ​នឹង​កូន​អ្នក​ដទៃ​​ ហើយ​ឲ្យ​កូនៗ​រៀន​ពី​ក្មេង​ទាំងនោះ។ ​ទង្វើ​នេះ​ ​មិន​ត្រឹម​តែ​​គ្មាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ​​ទេ​ តែ​វា​​ក៏​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ការ​គោរព​ខ្លួន​ឯង​របស់​ក្មេងៗ​​ផង​ដែរ​​។

មួយវិញទៀត​ កូន​ៗ​នឹង​បាត់បង់​នូវ​ទំនុក​ចិត្ត​​ចំពោះ​ខ្លួន​ឯង​ ព្រម​ទាំង​ចាប់​ផ្ដើម​សង្ស័យ​អំពី​សមត្ថភាព​របស់​ពួកគេ​ថែម​ទៀត​ផង​។ ​ជា​ជាង​ការ​ប្រៀបធៀប​កូន​ទៅ​នឹង​ក្មេង​ដទៃ ប៉ា​ម៉ាក់​គួរ​តែ​ព្យាយាម​បង្រៀន​ដល់​ពួក​គេ​​​អំពី​របៀប​កសាង​ខ្លួន​ឲ្យ​រីកចម្រើន​ និង​ឲ្យ​កូនៗ​ជឿជាក់​លើ​ទេពកោសល្យ​របស់​ខ្លួន​វិញ​​ ទើប​ជា​ការ​ប្រសើរ​។

ហាមនិយាយដាក់កូន

. កូន​នៅ​ក្មេង​ណាស់​ កុំ​ចង់​ដឹង​អី

នៅ​ពេល​ដែល​ប៉ា​ម៉ាក់​និយាយ​ពាក្យ​នេះ​ទៅ​កាន់​កូន ​មាន​​ន័យ​ថា​ ប៉ា​ម៉ាក់​កំពុង​តែ​ដាក់​កំហិត​លើ​សមត្ថភាព​គិត​របស់​ក្មេង​។ ចូរ​ព្យាយាម​ឆ្លើយ​​សំណួរ​​របស់​ពួកគេ​ឲ្យ​​បាន​ល្អ​បំផុត​ ​និង​​មាន​លក្ខណៈ​ជា​​ព័ត៌មាន​ដើម្បីឲ្យ​កូន​ៗ​អស់​ចម្ងល់​។ ប្រសិនបើ​កូនៗ​ សួរ​​សំណួរ​​ដែល​មិន​សមរម្យ​ ចូរ​ព្យាយាម​ឆ្លើយតប​ដោយ​វិធី​ផ្សេង​ ជា​ជាង​មិន​​រវីរវល់​នឹង​ពួកគេ​ ពី​ព្រោះ​​បើ​ទោះ​បី​ជា​យើង​​មិន​ឆ្លើយ​ ក៏​ពួកគេ​អាច​រក​ចម្លើយ​ពី​ប្រភព​ផ្សេង​បាន​ដែរ​។

​​. ប៉ា​ម៉ាក់​មិន​ជឿ​កូន​ទេ​

ប្រសិន​បើ​កូន​ៗ​​​ហ៊ាន​​បើកចំហ​ចិត្ត​​របស់​ពួកគេ​ ដោយ​ប្រាប់​រឿង​អ្វី​មួយ​ដល់​យើង​ ប៉ា​ម៉ាក់​គួរ​តែ​ទទួល​យក​ និង​ជឿ​ជាក់​លើ​កូន​។ ​​ការ​ដែល​ប៉ា​ម៉ាក់​មិន​ជឿ​ជាក់​​លើ​កូន​ខ្លួន​ឯង​ ​ដោយ​គិត​​ថា​ក្មេង​និយាយ​កុហក​ ​វា​អាច​នឹង​បំផ្លាញ​ទំនាក់ទំនង​​​រវាង​​ប៉ា​ម៉ាក់​ជាមួយ​​នឹង​កូន​យ៉ាង​ធ្ងន់ធ្ងរ​។ ​

ជា​លទ្ធផល​ កូន​នឹង​រៀន​ចេះ​​បិទបាំង​នូវ​ទង្វើ​របស់​ខ្លួន​​​ជាមួយ​នឹង​យើង​ ដោយ​សារ​តែ​ពួកគេ​​លែង​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​បើក​ចំហ​ចិត្ត​​ចំពោះ​យើង​​ត​ទៅ​ទៀត​។ ដូចនេះ​ ប៉ា​ម៉ាក់​គួរ​តែ​ស្នើសុំ​ឲ្យ​កូន​​រៀបរាប់​​ឲ្យ​​លម្អិត​ពី​អ្វី​ដែល​​បាន​កើត​ឡើង​ ​ដើម្បី​កុំ​ឲ្យ​ធ្វើ​ការ​វិនិច្ឆ័យ​ខុស​​ទៅ​លើ​​កូន​ៗ។​

. កូន​គួរ​តែ​​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ

​​​​​​​​​​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ដែល​ប៉ា​ម៉ាក់​ចង់​ឲ្យ​កូន​ទទួល​បាន​និទ្ទេសAជំនួស​ឲ្យ​និទ្ទេស​B នៅ​ពេល​មាន​ការ​ប្រឡង​ប្រជែង​។ ​ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​ប្រាប់​កូន​ៗ​ថា​ អ្វី​ដែល​ពួកគេ​ខិតខំ​​ប្រឹងប្រែង​​​ទាំងនេះ​ គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទៀត​នោះ​ ពួក​គេ​នឹង​ចាប់ផ្ដើម​អន់​ចិត្ត​នឹង​សមត្ថភាព​របស់​ខ្លួន​ ព្រម​ទាំង​មាន​អារម្មណ៍​ថា​រង​សម្ពាធ​​យ៉ាង​ធ្ងន់ធ្ងរ​។​ ​ប៉ា​ម៉ាក់​គួរ​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​កូន​ ហើយ​ជឿ​ជាក់​ថា​ ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ហើយ។ ទង្វើ​នេះ​ នឹង​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​មាន​ទឹក​ចិត្ត​នៅ​ក្នុង​ការ​​អភិវឌ្ឍ​​ខ្លួន​​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​។

. ​ម៉ាក់​មិន​គួរ​បង្កើត​កូន​​មក​ទេ

ទោះ​បី​​ជា​ប៉ា​ម៉ាក់​​ខឹង​កូន​យ៉ាង​ណា​ក៏​ដោយ​ ក៏​​មិន​គួរ​និយាយ​ពាក្យ​ទាំង​​នេះ​ចេញ​មក​​ដែរ​ ព្រោះ​សំដី​តែ​ប៉ុន្មាន​ម៉ាត់​នេះ​ នឹង​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ក្មេង​អស់​មួយ​ជីវិត​​ ​ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​ឈឺចាប់​ ថែម​ទាំង​យល់​​ថា​ខ្លួន​​ឯង​មិន​គួរ​កើត​មក​​លើ​ផែន​ដី​នេះ​ឡើយ។​ ​ហេតុ​ដូច​នេះ​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ខឹង​ខ្លាំង​​ និង​មិន​អាច​ទប់​អារម្មណ៍​បាន​ ចូរ​ចាកចេញ​ពី​ស្ថានភាព​នោះ​ជា​មុន​សិន​ និង​រង់ចាំ​រហូត​ដល់​យើង​ត្រជាក់​ចិត្ត​សិន​ ចាំ​ឆ្លើយតប​ជាមួយ​នឹង​កូន​ៗ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://bestlifeonline.com/phrases-no-parent-should-use/

https://www.onlymyhealth.com/5-things-you-should-never-say-to-your-child-1542197909

កំណែ​ប្រែបច្ចុប្បន្ន

11/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធម៌ត្រជាក់ បង្រៀនកូនពីខុសមកត្រូវ ដោយមិនធ្វើឲ្យកូនខ្លាចប៉ាម៉ាក់

ប៉ាម៉ាក់មានកូនវ័យជំទង់កំពុងកើតមុន គួរណែនាំកូនវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម