ជាធម្មតា ម៉ាក់ប៉ាម្នាក់ៗតែងតែមានរបៀបផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូន ប៉ុន្តែមិនថាវិធីចិញ្ចឹមកូនបែបណានោះទេ គឺសុទ្ធតែចង់ឲ្យកូនលូតលាស់ប្រកបដោយសុខភាពល្អ និងចរិតសមរម្យទាំងអស់។ បើនិយាយពីការចិញ្ចឹមកូន ក៏មានម៉ាក់ប៉ាមួយចំនួនមានរបៀបចិញ្ចឹមកូនដូចខ្លាដែរ។
តើអ្វីទៅជាការ “ចិញ្ចឹមកូនដូចខ្លា’?
ការចិញ្ចឹមកូនដូចខ្លា សំដៅលើវិធីសាស្ត្រដ៏តឹងរ៉ឹង និងដាច់អហង្ការក្នុងការចិញ្ចឹមកូន ចង់ឲ្យកូនទទួលបានជោគជ័យខ្ពស់ក្នុងគ្រប់ផ្នែកនៃជីវិតកូន (ពិសេសរំពឹងឲ្យកូនរៀនជាប់លេខល្អគ្រប់ពេល)។ នេះមានន័យថា មិនអនុញ្ញាតឲ្យកូនចូលរួមការជប់លៀង ឬសកម្មភាពកម្សាន្តផ្សេងទៀត ដើម្បីទុកពេលផ្ដោតលើការសិក្សារបស់ពួកគេមួយមុខគត់។
អត្ថប្រយោជន៍នៃការចិញ្ចឹមកូនដូចខ្លា
ម៉ាក់ប៉ាដែលអនុវត្តវិធីសាស្ត្រចិញ្ចឹមកូនដូចខ្លានេះ ភាគច្រើនជឿថាវិធីសាស្ត្រចិញ្ចឹមកូនដ៏តឹងរ៉ឹងផ្ដល់អត្ថប្រយោជន៍ដល់កូន ដោយអាចជួយឲ្យពួកគេទទួលបានភាពជោគជ័យនាពេលអនាគត។ លើសពីនេះ មនុស្សដែលប្រើវិធីនេះចិញ្ចឹមកូន មានអារម្មណ៍ថា តាមរយៈការកំណត់ស្តង់ដារខ្ពស់ក្នុងជីវិត ប្រៀបបាននឹងកំពុងបណ្ដុះក្រមសីលធម៌ការងារដ៏រឹងមាំដល់កូន និងលត់ដំកូនឲ្យរឹងមាំរហូតដល់ពួកគេពេញវ័យ។ កុមារដែលលូតលាស់ក្រោមការចិញ្ចឹមតាមវិធីសាស្ត្រនេះ ត្រូវបានបង្រៀនឲ្យមានការខិតខំប្រឹងប្រែងតាំងពីតូច។
ឥទ្ធិពលមិនល្អនៃការចិញ្ចឹមកូនដូចខ្លា
ដ្បិតតែការចិញ្ចឹមកូនដូចខ្លា អាចឲ្យកូនមានការខិតខំប្រឹងប្រែងខ្ពស់មែន ក៏ប៉ុន្តែមានមតិជាច្រើនរិះគន់នឹងការចិញ្ចឹមកូនបែបនេះព្រោះថាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កូន។ ក្មេងៗដែលលូតលាស់ឡើងក្រោមវិធីសាស្ត្រនេះ អាចជួបប្រទះនឹងបញ្ហាជឿជាក់លើខ្លួនឯងដោយសារតែសម្ពាធពួកគេទទួលបានពីការរំពឹងទុកដ៏ខ្ពស់របស់ម៉ាក់ប៉ា។ ម៉្យាងវិញទៀត ពួកគេក៏មានភាពភ័យខ្លាចនៅពេលមានកំហុស ឬធ្វើឲ្យម៉ាក់ប៉ាខកចិត្តផងដែរ ប្រសិនបើពួកគេគិតថាខ្លួនធ្វើអ្វីមួយមិនបានល្អតាមការគិតរបស់ម៉ាក់ប៉ា។
[embed-health-tool-vaccination-tool]