ដូចរឿងជាច្រើនផ្សេងទៀតដែរ សេចក្ដីសប្បុរស ឬបើនិយាយសាមញ្ញៗ ថាចិត្តល្អ ជាគុណធម៌មួយដែលក្មេងៗរៀនតាមពេលវេលា និងតាមរយៈការអនុវត្ត។ និយាយដល់រឿងចិត្តល្អ ម៉ាក់ប៉ាគឺជាគ្រូបង្រៀនដំបូងបង្អស់របស់កូនៗ ហើយការបង្រៀនកូនឲ្យចេះយល់ចិត្តអ្នកដទៃ ជាវិធីសាស្ត្រមួយ ជួយឲ្យកូនមានភាពវ័យឆ្លាតផ្នែកផ្លូវអារម្មណ៍។ នេះបើតាមការឲ្យដឹងរបស់គ្រូពេទ្យជំនាញផ្នែកកុមារ។
ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារកទីនេះ
អ្វីទៅជាការបង្រៀនកូនយល់ចិត្តអ្នកដទៃ?
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីប្រទេសបារាំង ពន្យល់ថា ការយល់ចិត្តអ្នកដទៃជាការយល់ពីអ្វីដែលមនុស្សក្បែរខ្លួនកំពុងគិត ឬអារម្មណ៍របស់អ្នកដទៃ។ សម្រាប់មនុស្សពេញវ័យមួយចំនួនធំ យើងអាចដឹងបានថា មនុស្សក្បែរខ្លួនយើងកំពុងមានអារម្មណ៍បែបណាដោយគ្រាន់តែសង្កេតមើលកាយវិការ ឬសម្លឹងមើលកែវភ្នែកមួយសន្ទុះ។ ប៉ុន្តែចំពោះកូនក្មេង គឺមិនអាចយល់ដឹងពីការយល់ចិត្តអ្នកដទៃដូចមនុស្សធំនោះទេ ហេតុនេះហើយ យើងត្រូវបង្រៀនកូនពីរឿងនេះ។
ស្ថាបនិកគ្លីនិកកុមារ MommyDoctor រូបនេះបន្តថា ការបង្រៀនកូនពីការយល់ចិត្តអ្នកដទៃ យើងត្រូវលើកជាឧទាហរណ៍ជាក់ស្ដែងដែលកូនៗងាយយល់។ ឧទាហរណ៍ នៅពេលកូនយើងទៅដណ្ដើមរបស់លេងពីក្មេងដទៃ ធ្វើឲ្យក្មេងនោះយំ យើងគួរសួរនាំកូនថា “ប្រសិនបើរបស់លេងអូនត្រូវគេដណ្ដើមទៅវិញ តើអូនមានអារម្មណ៍បែបណា?”
ឧទាហរណ៍ទីពីរ នៅពេលដែលយើងអានសៀវភៅជាមួយកូន យើងអាចជ្រើសរើសជារឿង មានភាពសប្បាយរីករាយ និងភាពមិនសប្បាយរីករាយ។ ស្របពេលដែលកំពុងអាន ម៉ាក់ប៉ាអាចចោទជាសំណួរសួរទៅកាន់កូន ឬអាចវិភាគអារម្មណ៍តួអង្គនៅក្នុងសាច់រឿងបាន។
«ចាប់ផ្ដើមពីសកម្មភាពតូចតាចក្នុងការរស់នៅប្រចាំ ម៉ាក់ប៉ាគួរតែបង្កើតទម្លាប់ជាមួយកូនៗក្នុងការនិយាយ វែកញែក និងគិតអំពីអារម្មណ៍របស់អ្នកដទៃ។ ដូច្នេះ ពេលកូនធំពេញវ័យ អាអូននឹងក្លាយជាមនុស្សម្នាក់ដែលចេះគិត និងវិភាគពីអ្វីៗនៅជុំវិញខ្លួនពួកគេ»។
បន្ថែមពីលើនេះ លោកស្រីថា នៅពេលដែលកូនៗចេះយល់ពីចិត្តអ្នកដទៃ ទៅថ្ងៃអនាគតពេលកូនធំពេញវ័យ កូនច្បាស់ជាមានភាពជាអ្នកដឹកនាំ ងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនក្នុងការសម្រេចកិច្ចការអ្វីមួយ។
[embed-health-tool-vaccination-tool]