ម៉ាក់ៗប្រាកដជាដឹងហើយថា ការឲ្យកូនបៅទឹកដោះគោមិនសូវល្អដូចទឹកដោះរបស់យើងឡើយ តែព្រោះកត្តាជាច្រើនទើបយើងគ្មានជម្រើសណាក្រៅពីនោះទៀត។
វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ម្សៅទឹកដោះគោមិនសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចទឹកដោះម្ដាយ និងដបទឹកដោះគោគ្មានគុណភាព ជាមូលហេតុបណ្ដាលឲ្យកូនតូចប្រឈមមុខនឹងជំងឺជាច្រើនដូចជាផ្នែកប្រព័ន្ធរំលាយអាហារ ពោះវៀន ពិសេសគឺជំងឺធាត់ ឬលើសទម្ងន់។ ក្នុងនោះកូនដែលប្រើដបទឹកដោះគោ មានគុណវិបត្តិធំៗដូចខាងក្រោមនេះ៖
១- ប៉ះពាល់ដល់ទម្រង់មាត់ទារក
កូនដែលប្រឹងមៀម ឬបឺតជញ្ជក់ក្បាលដោះជ័ររបស់ដបទឹកដោះគោយូរ អាចធ្វើឲ្យធ្មេញពយមកមុខ ហើយសាច់ដុំមុខកូនបែរជាលូតលាស់មិនត្រឹមត្រូវ។ មួយវិញទៀតទារកបៅទឹកដោះគោភាគច្រើនមានជំនួយក្បាលដោះជ័រ ហើយកូនភាគច្រើនចូលចិត្តមៀម ដែលនោះហើយជាមូលហេតុខូចទម្រង់មុខ។
២- មានការឆ្លងមេរោគ
ការឆ្លងរោគដោយសារការបៅទឹកដោះគោ ភាគច្រើនមកពីបញ្ហាដបនេះតែម្ដង ព្រោះតែការសម្អាតមិនបានសព្វល្អ។ ការលាងសម្អាតជាមួយសាប៊ូតែមួយមុខមិននាំឲ្យដបស្អាតល្អឡើយត្រូវលាងនឹងទឹកក្ដៅ ហើយរលាស់ទឹកឲ្យស្ងួតល្អ ហើយយកទៅទុកដាក់ក្នុងប្រអប់បិទជិតមិនឲ្យមានធូលី ឬសត្វល្អិតទុំលើ ទើបបានត្រឹមត្រូវល្អ។
៣- ផ្ដល់អាហារច្រើនជ្រុល
ទារកដែលបៅដោះម្ដាយពេលឆ្អែត វានឹងឈប់បៅ ដោយទុកឲ្យទឹកដោះហៀរចោល តែអ្នកឲ្យកូនបៅទឹកដោះគោ គឺត្រូវធ្វើតាមកម្រិតណែនាំ។ ឧទាហរណ៍ថា បើកូនមួយថ្ងៃបៅ ៣២ លេខ ម្ដង ៦ លេខ គឺយើងធ្វើតាមនោះគ្មានហ៊ានប្រកែកគ្នា ហើយបើកូនឆ្អែតមិនចង់បៅ ក៏បង្ខំរហូតបៅអស់ ព្រោះស្ដាយទឹកដោះគោទាំងថ្លៃ ទាំងពិបាករកទិញ មិនហ៊ានខ្ជះខ្ជាយ។
[embed-health-tool-vaccination-tool]