ការឲ្យកូនបៅទឹកដោះគោពិតជាមិនល្អគ្រប់គ្រាន់ដូចទឹកដោះម៉ាក់ៗឡើយ តែដោយសារកត្តាជាច្រើនដូចជាត្រូវធ្វើការឆ្ងាយ ឬមានបញ្ហាសុខភាពផ្សេងទៀត ទើបតម្រូវឲ្យកូនបៅបែបនេះ។ តែមានកូនបៅទឹកដោះគោមួយចំនួន មិនឡើងគីឡូត្រូវតាមស្តង់ដារ ដូចនេះយើងគួរដូរម៉ាកទឹកដោះគោ ឬយ៉ាងណា?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ក្រោយសម្រាល ពេទ្យតែងតែណែនាំឲ្យម៉ាក់ៗបំបៅកូនដោយទឹកដោះតែមួយមុខគត់រហូតដល់អាយុ ៦ ខែ ទើបបន្ថែមអាហារូបត្ថម្ភដូចជាបបរខាប់គ្រប់គ្រឿងដែលផ្សំពីសាច់ ស៊ុត និងបន្លែគ្រប់មុខ។ បន្ថែមពីលើបបរខាប់គ្រប់គ្រឿង ម៉ាក់ៗអាចឲ្យកូនញ៉ាំផ្លែឈើមួយចំនួនទៀត ដោយយើងត្រូវកោស កិនឲ្យម៉ដ្ត ព្រោះកូនតូចមិនអាចទំពាបាន ហើយក្រពះក៏មិនទាន់ល្អ។
សម្រាប់កូនដែលបៅទឹកដោះវិញ ក៏ដូចគ្នាដែរពេលគ្រប់ ៦ ខែ ត្រូវតែបន្ថែមអាហារពីលើការបៅ តែបើរយៈពេល ៤ ខែ ទារកមានសភាពស្គមមិនគ្រប់គីឡូស្ដង់ដារ ជំហានដំបូងយើងត្រូវផ្លាស់ប្ដូររបៀបបំបៅ និងសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់កូន និងអ្នកបំបៅ។ ដោយឲ្យកូនបៅទៀងម៉ោង ពេលកូនបៅកុំប្រឡែងលេង ហើយការបំបៅត្រូវលើកទារក មិនមែនឲ្យដេកបៅឡើយ។
បន្ថែមពីលើនោះទៀតវេជ្ជបណ្ឌិតឯកទេសទូទៅណែនាំឲ្យយើង បង្កើនចំនួនបៅដល់កូនឲ្យបានញឹកញាប់ជាងមុន ហើយក៏បង្កើនចំនួនគេងផងដែរ ព្រោះបើកូនបៅរួច បានគេងជួយឲ្យក្មេងឆាប់ឡើងសាច់ ដោយសារការសម្រាកបានគ្រប់គ្រាន់។ អាយុពី ៦ ទៅ ៩ ខែ គួរតែគេងឲ្យបានពី ១៤ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ ហើយគួរណាស់តែគេង ៣-៤ ដងនៅពេលថ្ងៃ ដើម្បីឲ្យពួកមានសុខភាពល្អ និងឡើងទម្ងន់បានលឿន។ មួយវិញទៀតកូនក្រោម ១ ឆ្នាំ ក្រោយបៅ ត្រូវលួងឲ្យគេងភ្លាម ទើបល្អ ហើយការខកម៉ោងគេង ក៏ជាមូលហេតុនាំឲ្យមិនឡើងគីឡូដែរ។
បន្ទាប់ពីធ្វើបែបនេះ ២ អាទិត្យយើងនឹងសង្កេតឃើញកូនចាប់ផ្ដើមមានសាច់មានឈាមជាងមុន តែបើនៅតែដដែលអាចពិភាក្សាជាមួយគ្រូពេទ្យ ព្រោះប្រភេទទឹកដោះគោខ្លះខ្វះសារធាតុចិញ្ចឹម កូនបៅទៅមិនឡើងទម្ងន់ដែរ។ ប៉ុន្តែមុនដូរទឹកដោះត្រូវពិនិត្យសិនថា ទឹកដោះគោនោះបានធ្វើឲ្យរាក ក្អួត អាលែកហ្ស៊ី ចាំសម្រេចផ្លាស់ចេញ បើមិនមានសញ្ញាអស់ទាំងនោះទេ អាចមកពីកង្វះការថែទាំ និងយកចិត្តទុកដាក់ចំពោះកូន ព្រោះក្មេងខ្លះក៏ត្រូវការឲ្យម៉ាក់ប៉ានាំដើរលំហែ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬបរិយាកាសស្រស់បំព្រម អាចជួយជំរុញឲ្យកូនចង់បៅ។
[embed-health-tool-vaccination-tool]