ស្បែកទារកនៅខ្ចីខ្លាំងណាស់ ងាយនឹងប្រតិកម្មនឹងសារធាតុផ្សេងៗ បើសិនជាយើងមិនសម្អាតមិនដិតដល់ ឬក៏ប្រើផលិតផលផ្តេសផ្តាស។ ក្នុងនោះស្បែកក្មេងអាចមានបញ្ហាញឹកញាប់ ដោយសារតែចំណុច ៣ ខាងក្រោមនេះ។
១. ប្រតិកម្មនឹងជាតិម្សៅ ឬឡេ
ក្មេងតូច ម៉ាក់ៗតែងតែទិញម្សៅហុយ ឬឡេលាប ដើម្បីផ្តល់សំណើមដល់ស្បែកកូន ការពារកន្ទួលរមាស់ តែផ្ទុយទៅវិញ ការលាបម្សៅ ឬឡេមិនបានត្រឹមត្រូវ ហើយទិញផលិតផលមិនសូវមានគុណភាព មិនសមស្របនឹងស្បែកកូន ធ្វើឲ្យស្បែកជួបបញ្ហាលើសដើម។ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Media Center បានបញ្ជាក់ថា ទាំងម្សៅ និងឡេជាផលិតផលធ្វើឡើងបន្ទាប់បន្សំប៉ុណ្ណោះ វាមិនចាំបាច់ខ្លាំងចំពោះកូនឡើយ ពោលលាបក៏បាន មិនលាបក៏គ្មានបញ្ហា។
ចំពោះម្សៅហុយ គ្រូពេទ្យមិនតម្រូវឲ្យប្រើចំពោះកូនតូចទេ ព្រោះរបស់ហុយចូលទៅប្រព័ន្ធផ្លូវដង្ហើមក្មេងអាចបង្កើតទៅជាស្លេស្ម ស្លេស្មបង្កើតទៅជាសម្បោរ ធ្វើឲ្យកណ្ដាស់ ក្អក រហូតបណ្ដាលឲ្យមានបញ្ហារលាកផ្លូវដង្ហើមជាដើម។
២. ប្រតិកម្មនឹងខោទឹកនោម
ខោទឹកនោម យើងគួរតែជ្រើសប្រភេទដែលផ្តល់ផាសុកភាពដល់ស្បែកកូន ស្លៀកទៅមិនស្កៀប រមាស់ ហើយកាលណាកូននោមដាក់សើម ឬជុះរួចនោះ មិនត្រូវផ្អាប់ទុកយូរឡើយ ព្រោះមេរោគចូលក្នុងផ្លូវទឹកនោមរបស់កូនតូច ដែលបណ្ដាលមកពីមានការរលោកនៅតាមផ្លូវបង្ហួរនោមចូលដល់បង្ហូរនោម ផ្លោកនោម និងដល់តម្រងនោម។ ជម្រើសល្អគួរស្លៀកឲ្យកូនត្រឹម ៣-៤ ម៉ោង បានហើយ កុំឲ្យលើសរហូតដល់ ៦-១០ ម៉ោង ព្រោះជាហេតុបង្ករោគឆ្លង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា បើនិយាយពីទារកទើបតែកើត និងក្មេងអាយុក្រោម ១ឆ្នាំ វិញជួបបញ្ហាសើស្បែកដូចជា រលាកស្បែកគូទទារកដោយសារខោទឹកនោម ជួបច្រើនជាងគេក្នុងចំណោមរោគសើស្បែកដទៃ។ ខោទឹកនោមអាចបណ្ដាលឲ្យស្បែកឡើងក្រហម កន្ទួល សង្កៀរស្បែក ។
៣. ប្រតិកម្មនឹងទឹកដោះ
ស្បែកមុខក្មេងទៅជារោល ហើយមានរលាកតាមគន្លាក់កនោះ គឺបណ្ដាលមកពីពេលបៅដោះម្ដាយ ឬទឹកដោះគោ មានហៀរទៅគន្លាក់ក សម្អាតមិនបានល្អ បែកញើសសើម ងូតទឹករួចជូតអត់ស្ងួត ទើបធ្វើឲ្យកកិតផ្អាប់ជាប់ក យូរៗក៏រលាកស្បែកកូនទៅ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ។
ក្នុងនោះយើងត្រូវសម្អាតទឹកដោះគោ ឬទឹកដោះដែលកំពប់សើមកដោយទឹកស្អាត (ចៀសវាងប្រើកន្សែងសើម ព្រោះវាសម្អាតមិនស្អាតល្អ និងនាំឲ្យកកិត)។ បើកូនបែកញើសច្រើន ត្រូវងូតទឹកពេលថ្ងៃឲ្យកូនម្ដងទៀត និងផ្ដល់បរិយាកាសត្រជាក់ឲ្យកូន កុំឲ្យកូនបែកញើសខ្លាំងពេក។ ពេលងូតទឹកហើយត្រូវជូតឲ្យស្ងួត ដើម្បីជូតសម្អាតកូនឲ្យបានល្អ គឺត្រូវប្រើកន្សែងដែលជក់ទឹកល្អ និងជូតរបៀបផ្ដិតៗបានថែទាំស្បែកកូនបានល្អទន់ល្មើយ (ពេលជូតគួរដាក់កង្ហារបានឆាប់ស្ងួត)។
[embed-health-tool-vaccination-tool]