សម្រាប់ម៉ាក់ៗដែលមានកូន ហើយចូលចិត្តអ្វីមួយជាពិសេសដូចជាភួយ កន្សែង ឬតុក្កតា ហើយមិនអាចបាត់បានសោះ តែងឆ្ងល់ថានោះមកពីមូលហេតុអ្វីទៅ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា បញ្ហាកូនស្រលាញ់អ្វីមួយបាត់មិនបាននោះភាគច្រើនកើតឡើងលើគ្រួសារណាដែលឲ្យកូនបៅទឹកដោះគោច្រើនជាងអ្នកឲ្យកូនបៅទឹកដោះម្ដាយ។
លោកបន្តថា កាលណាកូនបៅទឹកដោះគោមិនសូវមានភាពជិតស្និទ្ធជាមួយម្ដាយឡើយ ជាពិសេសអ្នកមានមេដោះចាំថែទាំ កូនអាចទៅស្និទ្ធស្នាលជាងសាច់ឈាមខ្លួនឯង ព្រោះកាលគេនៅតូចពេលបើកភ្នែកឡើងឃើញនរណានៅក្បែរ ស្រលាញ់ ថ្នាក់ថ្នមបំបៅទឹកដោះ និងបញ្ចុកចំណីអាហារ គេក៏ស្រលាញ់អ្នកនោះហើយ។
ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់មែតរូបនោះបន្ថែមទៀតថា ពេលបំបៅដោះកូន ប៉ះស្បែកនឹងស្បែក ហើយម្ដាយឱបក្រសោបកូនជាប់ កែវភ្នែកបាញ់សម្លឹងរកគ្នាជាប់ ទើបធ្វើឲ្យកូនមានភាពកក់ក្ដៅ និងស្និទ្ធស្នាល។ ចំណែកកូនបៅកូនមើលមុខម្ដាយអត់ឃើញទេ ឃើញតែកំប៉ុងទឹកដោះគោ ហើយឲ្យតុក្កតានៅក្បែរ ឬដណ្ដប់ភួយរហូត ដូចនេះគិតថារបស់អស់ទាំងនោះ ជាអ្នកជិតស្និទ្ធនឹងគេ ក៏ស្រលាញ់មិនអាចខ្វះបាន។
លោកបន្ថែមទៀតថា ដោយសារតែម៉ាក់ប៉ាខ្លះគ្មានពេលវេលាគ្រប់គ្រាន់នៅក្បែរយូរ ដូចនេះហើយឆុងតែទឹកដោះគោរួច ក៏ទុកឲ្យកូននៅជាមួយរបស់អស់ទាំងនោះ។ បើសង្កេតទៅកូនខ្លះពេលបៅទឹកដោះគោបណ្ដើរលេងភួយបណ្ដើរ ច្បិចចុងថើបបណ្ដើរ ព្រោះក្មេងតូចប្រៀបដូចក្រដាសសស្អាត កាលណាឃើញអ្វី ដិតដាមជាប់ខួរក្បាល។
ដូចនេះជម្រើសល្អគួរតែបំបៅដោះកូនយ៉ាងហោចណាស់ ៦ ខែ ហើយបើរវល់អាចបន្ថែមដោយទឹកដោះគោ និងព្យាយាមជជែកលេងជាមួយកូនឲ្យបានច្រើន នៅក្បែរ និងកុំឲ្យកូនមានអារម្មណ៍ឯការ រហូតយករបស់ដទៃមកធ្វើជាសមាជិកគ្រួសារ។
[embed-health-tool-vaccination-tool]