ថ្នាំមានច្រើនប្រភេទ ឯរសជាតិក៏ផ្សេងគ្នា មានផ្អែម ហឹរ ល្វីងជាដើម។ បើផឹកចំថ្នាំល្វីង ក្មេងៗច្បាស់ជារាងចាល លើកក្រោយឃើញថ្នាំដឹងតែរត់គេចមិនខាន។ ចំពោះក្មេងមួយចំនួនដែលពិបាកលេប ឬផឹកថ្នាំនោះ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ចែករំលែកគន្លឹះល្អៗក្នុងការបញ្ចុកថ្នាំកូនមួយចំនួនខាងក្រោមនេះ។
– ត្រូវត្រៀមលក្ខណៈ
ពេលកូនឈឺយើងត្រូវត្រៀមលក្ខណៈជាមុន និងត្រូវដឹងពីចំណង់ចំណូលចិត្តរបស់កូន តើកូនចូលចិត្តញ៉ាំថ្នាំប្រភេទម្សៅ ឬក៏ប្រភេទទឹក? ចូលចិត្តរសជាតិបែបណា? នៅពេលទៅពេទ្យយើងអាចសួររកប្រភេទថ្នាំដែលកូនចូលចិត្ត នោះទើបមិនពិបាកបញ្ចុកថ្នាំកូន។
– ត្រូវចេះសម្រួលអារម្មណ៍
ពេលបញ្ចុកថ្នាំកូនត្រូវសម្រួលអារម្មណ៍ទាំងម្តាយទាំងកូន មិនត្រូវភ័យស្លន់ស្លោនោះទេ បើយើងភ័យធ្វើឲ្យកូនមានអារម្មណ៍ភ័យខ្លាចដូចគ្នា។ យើងមិនត្រូវចាត់ទុកការបញ្ចុកថ្នាំកូនជាកិច្ចការដ៏លំបាក ញ៉ាំទៅកូនឈ្លក់ ញ៉ាំទៅក្អួតចេញមកវិញនោះទេ ត្រូវសម្រួលអារម្មណ៍ បញ្ចុកថ្នាំកូនដោយសន្សឹមៗ។
ក្មេងដូចយើងមនុស្សចាស់ដែរ មិនចូលចិត្តបង្ខំទេ រឹតតែមិនចូលចិត្តឲ្យយើងចាប់បញ្ច្រកថ្នាំ ផ្ទុយទៅវិញក្មេងចូលចិត្តលេង ហើយចូលចិត្តអ្វីដែលសាមញ្ញៗ។ អ៊ីចឹងហើយយើងត្រូវនិយាយពាក្យផ្អែមល្ហែមទៅកូន ចៀសវាងការចាប់បង្ខំ ដូចជាចាប់ក្បាល ចាប់ច្របាច់ច្រមុះ ឬមាត់កូន។
– តិចនិកនៃការជ្រើសរើស និងឲ្យថ្នាំទៅកូន
បើកូននៅជាទារក អាយុក្រោម១ឆ្នាំ យើងត្រូវប្រើសឺរ៉ាំងបញ្ចុកថ្នាំកូនដែលមានទំហំតូចបំផុត ដោយបីកូន រួចបាញ់ថ្នាំបញ្ចូល ធ្វើយ៉ាងណាឲ្យថ្នាំនៅចន្លោះថ្ពាល់ និងអញ្ចាញធ្មេញរបស់កូន ដើម្បីកុំឲ្យកូនឈ្លក់ ឬខ្ពុលថ្នាំចេញមកក្រៅ។ ចំណែកឯការបាញ់ថ្នាំវិញ យើងត្រូវបាញ់ថ្នាំម្តងបន្តិចៗ មិនត្រូវបាញ់ដោយបង្ខំនោះទេ។ចំណែកវិធីមួយទៀត ម៉ាក់ៗអាចប្រើក្បាលដោះដបទឹកដោះគោចេញពីកំប៉ុង ដាក់ឲ្យកូនជញ្ជក់ រួចយកសឺរ៉ាំងបាញ់បញ្ចូលក្នុងក្បាលដោះម្តងបន្តិចៗ។ ចំពោះក្មេងធំ យើងអាចប្រើសឺរ៉ាំងបញ្ចុកថ្នាំដូចក្មេងតូចក៏បាន ឬប្រើស្លាបព្រា។
ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច? ឱសថការី គីម កាណែល បកស្រាយថា មានជម្រើស ២ បើសិនកូនក្អួតក្រោយលេបថ្នាំ ទី១ ត្រូវបញ្ចុកថ្នាំម្តងទៀត ទី២ អាចមិនបញ្ចុក អាស្រ័យទៅលើលក្ខខណ្ឌ។
– ករណីត្រូវបញ្ចុកថ្នាំកូនឡើងវិញ
បន្ទាប់ពីញ៉ាំថ្នាំរួច កូនក្អួតភ្លាមៗក្នុងបរិមាណច្រើន មានន័យថាបញ្ចុកថ្នាំប៉ុន្មានទៅ កូនក្អួតមកវិញទាំងអស់ ឬក៏ក្អួតលើសពី៥០%ឡើងទៅ ម៉ាក់ប៉ាត្រូវបញ្ចុកថ្នាំកូនឡើងវិញ ទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំក្នុងវេជ្ជបញ្ជា ។ ហេតុអីត្រូវបញ្ចុកថ្នាំកូនឡើងវិញទាំងអស់? នេះក៏ដោយសារតែការក្អួតមកវិញភ្លាម ជាតិថ្នាំមិនបានជ្រាបចូលក្នុងខ្លួនកូននោះទេ។
ប្រការគួរប្រុងប្រយ័ត្ននោះ បើកូននៅតែក្អួតម្តងទៀតបន្ទាប់ពីបញ្ចុកកម្រិតថ្នាំថ្មីនេះ ត្រូវពន្យារពេល ៤-៥នាទី បន្ទាប់ពីកូនក្អួតអស់ ចាំបញ្ចុកថ្នាំកម្រិតដដែលសារជាថ្មី។ តែលើកនេះ បើកូននៅតែក្អួតទៀតនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីសាកសួរពីប្រភេទថ្នាំផ្សេងទៀតដែលល្អចំពោះកូន។
– ករណីមិនបាច់បញ្ចុកថ្នាំកូនឡើងវិញ
បើលេបថ្នាំរួច កូនក្អួតភ្លាម តែក្អួតតិចតួច ក៏ម៉ាក់ប៉ាមិនបាច់បញ្ចុកថ្នាំកូនឡើងវិញទេ។ ម្យ៉ាងវិញទៀត ប្រសិនម៉ាក់ប៉ាបញ្ចុកថ្នាំកូនរួច តែបែរ៣០ នាទីក្រោយ បានកូនក្អួតចេញមកវិញ ករណីនេះមិនបាច់បញ្ចុកថ្នាំកូនឡើងវិញឡើយ ព្រោះរយៈពេលចាប់ពីកន្លះម៉ោងឡើងទៅ ជាតិថ្នាំបានជ្រាបចូលរាងកាយកូនហើយ។
[embed-health-tool-vaccination-tool]