ការឃ្លុំកូនហួសហេតុពេក កូនអត់សូវញ៉ាំទឹក ឬនៅក្រោមកម្តៅថ្ងៃយូរ កូនទើបចាក់វ៉ាក់សាំងហើយ កូនដុះធ្មេញ មូលហេតុទាំងនេះបណ្តាលឲ្យក្មេងឡើងកម្តៅក្នុងខ្លួនខ្ពស់ ឬទៅជាក្តៅខ្លួន។ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បានពន្យល់ថា អាការៈទាំងខ្លួនទាំងប៉ុន្មាននេះ មិនមែនជារោគសញ្ញា នៃជំងឺអ្វីមួយនោះទេ បច្ចេកទេសពេទ្យ គេហៅថា ក្តៅខ្លួនដោយសារមិនបង្ករោគ។
ចំណែកឯក្តៅខ្លួនដោយសារបង្ករោគវិញ វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានលើកឡើងថា អាចមកពីពពួកវីរុស បាក់តេរី អាមីម ប៉ារ៉ាស៊ីត។ ក្តៅខ្លួនដោយសារការបង្ករោគនេះ ក្មេងអាចរលាកនៅកន្លែងណាមួយនៃរាងកាយ បើសិនជារលាកផ្លូវដង្ហើម ក្មេងអាចរលាកច្រមុះ បំពង់ក សួត ទងសួត ត្រចៀក ឯបញ្ហាផ្លូវតម្រងនោម ក្មេងអាចរលាកប្លោកនោម បញ្ហាពោះវៀន អាចរលាកពោះវៀន បញ្ហាស្បែក អាចរលាកស្បែក ជាដើម។
ទោះយ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិតថា ក្តៅខ្លួនមិនមែនជាជំងឺនោះទេ ជារោគសញ្ញានៃជំងឺអ្វីមួយ ឬក៏បង្ករោគណាមួយ ហើយមិនមែនឲ្យតែកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវតែភ័យស្លន់ស្លោរត់ទៅពេទ្យនោះដែរ។
កូនក្តៅខ្លួនក្នុងលក្ខខណ្ឌបែបណា ត្រូវទៅជួបពេទ្យ?
ទី១ ៖ កូនអាយុក្រោម៦ខែក្តៅខ្លួន ព្រោះក្មេងអាយុប៉ុណ្ណេះអាចប្រឈមនឹងជំងឺធ្ងន់ច្រើន។
ទី២៖ កូនក្តៅខ្លួនមិនអាចគ្រប់គ្រងបាន ក្រោយឲ្យថ្នាំត្រជាក់រួច វាអាចជាសញ្ញាក្មេងមានបញ្ហាសុខភាពអ្វីផ្សេងទៀតក្រោយផ្តល់ថ្នាំហើយមិនត្រជាក់ខ្លួន។
ទី៣៖ ក្មេងមានអាការៈក្តៅខ្លួន អត់មាត់ អត់លេងច្រើន គិតតែពីគេងខុសប្លែកធម្មតា។
ទី៤៖ ក្មេងក្តៅខ្លួនខ្លាំងហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជា ប្រកាច់ មានបញ្ហាផ្លូវដង្ហើម ក្អួត។
តាមក្បួនពេទ្យក្មេងដែលឡើងកម្តៅចាប់ ៣៧,៥ អង្សារសេឡើងទៅ ទើបហៅថាក្តៅខ្លួន។ លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា កាលបើទៅពិគ្រោះជាមួយពេទ្យកុមារទាន់ពេលវេលា ក្មេងក្តៅខ្លួន កម្រមានបញ្ហាធ្ងន់ធ្ងរ ឈានដល់ស្លាប់ណាស់។
[embed-health-tool-vaccination-tool]