បច្ចុប្បន្នម៉ាក់ៗសឹងតែគ្រប់គ្នាទៅហើយប្រើប្រាស់ខោទឹកនោម ដើម្បីកុំឲ្យនឿយហត់ក្នុងការបោកគក់កន្ទប និងខោ។ ប៉ុន្តែទារកខ្លះមានបញ្ហារោលរមាស់ ឬកន្ទួលដោយសារខោទឹកនោមនោះ តើយើងគួរធ្វើបែបណា?
អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ក្មេងអាយុក្រោម ២ ឆ្នាំមួយចំនួនជួបបញ្ហានេះ ហើយទារកទើបកើតច្រើនណាស់កើតរោល រមាស់ ព្រោះសាច់ខោមានសារជាតិគីមី ហើយសារជាតិគីមីនេះបានទៅប៉ះទឹកនោមធ្វើឲ្យមានប្រតិកម្មស្បែកជួបប្រទះក្រហម រោល ឬកន្ទួល។ មួយវិញទៀតអាចបណ្ដាលមកពីម៉ាក់ៗទុកយូរពេកមិនដូរ ជាពិសេសពេលយប់តែម្ដង ដោយសារតែអត់ងងុយ និងខ្ជិលនោះ ទើបម៉ាក់ៗខ្លះបណ្ដោយឲ្យកូនស្លៀកខោតែ១ ក្នុងមួយយប់។
ដូចនេះដើម្បីកុំឲ្យកូនជួបប្រទះបញ្ហារោល រមាស់ម៉ាក់ៗត្រូវធ្វើរឿងទាំងនេះ៖
– នៅពេលថ្ងៃមិនបាច់ស្លៀកខោទឹកនោមឲ្យកូនទេ
– ក្រោយកូនជុះ ឬនោមត្រូវលាងសម្អាតជាមួយទឹកក្ដៅឧណ្ហ៍ៗ ឬទឹកត្រជាក់ធម្មតា
– បន្ទាប់មកជូតសម្អាតគូទកូនដោយកំណាត់ស្ងួត ទន់
– ផ្លាស់ប្ដូរខោទឹកនោមឲ្យបានញឹកញាប់
– បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម
– ពេលកូនបត់ជើងធំ ត្រូវប្រញាប់ដូរភ្លាម កុំផ្អាប់ទុកយូរ
– ស្លៀកសម្លៀកបំពាក់ស្ដើងឲ្យមានខ្យល់ចេញចូល
– ជ្រើសរើសសម្លៀកបំពាក់ធ្វើពីកប្បាស ដែលទន់ មិនធ្វើឲ្យកកិតរលាកស្បែក
– ត្រូវបោកសម្លៀកបំពាក់កូនជាមួយនឹងសាប៊ូសម្រាប់ខោអាវក្មេង ព្រោះសាប៊ូអស់ទាំងនោះមិនសូវជាមានជាតិកាត់ខ្លាំង
– ត្រូវបោកសម្អាតសម្លៀកបំពាក់ជាមួយទឹកស្អាតឲ្យអស់ជាតិសាប៊ូ
ប្រសិនបើកូននៅតែទទួលរលាកស្បែកត្រង់បរិវេណគូទដដែល ត្រូវប្រញាប់នាំកូនទៅជួបជាមួយគ្រូពេទ្យជំនាញសើស្បែក ដើម្បីពិភាក្សាកត្តានាំឲ្យមានបញ្ហារលាកស្បែកនោះថាមកពីខោទឹកនោម ឬអ្វីឲ្យប្រាកដ បើមកពីខោទឹកនោមគួរតែដូរប្រភេទថ្មី។
[embed-health-tool-vaccination-tool]