ពេលកូនឈឺ ពិសេសមានអាការៈក្តៅខ្លួន ម៉ាក់ប៉ាកម្រងូតទឹកឲ្យកូនណាស់ ត្រឹមតែជូតខ្លួនឲ្យប៉ុណ្ណោះ។ ការដែលមិនងូតទឹកឲ្យនេះ ព្រោះតែបារម្ភខ្លាចទឹកចូលសួត ឬធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ម្យ៉ាងក្មេងក្តៅខ្លួនចាញ់រងាផង។ តើការគិតឃើញបែបនេះត្រឹមត្រូវទេ?
តាមការបកស្រាយរបស់មន្ទីរពេទ្យកាល់ម៉ែត ងូតទឹក ជាពិសេសពេលក្ដៅខ្លួន ទឹកអាចចូលសួត ឬក៏ស្រោមសួតនេះ ការជាយល់ឃើញខុសទាំងស្រុង។ ជាទូទៅពេលក្ដៅខ្លួន យើងត្រូវព្យាយាមងូតទឹកឲ្យបានច្រើនដង ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួន។
ទាក់ទងនឹងបញ្ហានេះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីប្រទេសបារាំងពន្យល់ឲ្យដឹងថា នៅពេលអាអូនឈឺហើយមានអាការៈក្ដៅខ្លួនខ្លាំង ការដណ្ដប់កន្សែងសើម និងការងូតទឹកក្ដៅឧណ្ហៗ គឺជាមធ្យោបាយមួយដែលជួយបញ្ចុះកម្ដៅកូនបន្ទាប់ពីបានប្រើថ្នាំបញ្ចុះកម្ដៅរួចហើយ។
លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ការដែលរុំកន្សែងសើម ឬងូតទឹកឲ្យកូនពេលក្ដៅខ្លួនមិនមានអ្វីប៉ះពាល់ដល់កូនទេ ព្រោះជាតិទឹកមិនអាចជ្រាបចូលទៅក្នុងស្រោមសួត តាមរយៈរន្ធញើសដូចដែលម៉ាក់ប៉ាធ្លាប់បានគិតនោះទេ។ ចំណែកឯករណីទឹកចូលសួតកូននោះ អាចបណ្ដាលមកពីមូលហេតុច្រើន ដែលក្នុងនោះរួមមាន ជំងឺរលាកសួតធ្ងន់ធ្ងរ និងការព្យួរសេរ៉ូមច្រើនជ្រុលលើសពីតម្រូវការរាងកាយរបស់ក្មេងជាដើម។
[embed-health-tool-vaccination-tool]