ទារក និងក្មេងតូចៗមិនអាចប្រាប់យើងបានទេថា ពួកគេមិនស្រួលខ្លួន។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីសង្កេតមើលសញ្ញា និងរោគសញ្ញាមួយចំនួន ដែលអាចបញ្ជាក់ថា ពួកគេកំពុងស្ថិតក្នុងហានិភ័យខ្ពស់នៃការកើតជំងឺធ្ងន់ធ្ងរ។
សញ្ញាទាំងនេះ បង្ហាញថាក្មេងអាចមានសញ្ញាសុខភាពធ្ងន់ធ្ងរ
- ងងុយគេង ឬមិនមានការឆ្លើយតប
- យំខ្លាំងៗ ខ្សោយ ឬយំមិនបាត់
- ពិបាកដកដង្ហើម ឬដកដង្ហើមខុសប្រក្រតី
- ស្លេកស្លាំង មានស្នាមដុំៗលើស្បែក ឬស្បែកពណ៌ខៀវ
- ប្រកាច់ ឬឆ្កួតជ្រូក
- កន្ទួលដែលមិនបាត់ទៅវិញ នៅពេលដែលយើងចុចលើស្បែករបស់ក្មេង
ខាងក្រោមជាព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងសញ្ញាគ្រោះថ្នាក់ទាំងនេះ៖
ងងុយគេង ឬមិនមានការឆ្លើយតប
វាជារឿងធម្មតាប៉ុណ្ណោះនៅពេលដែលក្មេងងងុយគេងនៅពេលខ្លះ។ ប៉ុន្តែប្រសិនបើក្មេងមានអាការៈងងុយគេងខុសប្រក្រតី នេះអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដែលកើតចំពោះក្មេង។ ប្រសិនបើម៉ាក់ៗព្យាយាមដាស់កូនឲ្យភ្ញាក់ជាច្រើនដងហើយនៅតែមិនមានប្រតិកម្មទាល់តែសោះ ចូរប្រញាប់បញ្ជូនកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ អាការៈនេះ អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ រួមមានជាតិស្ករក្នុងឈាមទាប ឬការឆ្លងមេរោគខួរក្បាលដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់ក្មេង។
យំមានសម្លេងខ្លាំងៗ ខ្សោយ ឬយំមិនបាត់
រាល់ទារក និងក្មេងតូចៗគឺតែងតែយំជាធម្មតា។ ប៉ុន្តែបើកូនយំខុសប្លែកពីរាល់ដង ដោយយំមិនបាត់សោះ ម៉ា់ក់ៗគប្បីតាមដានសភាពក្មេងឲ្យបានដិតដល់។
ពិបាកក្នុងការដកដង្ហើម ឬដកដង្ហើមខុសប្រក្រតី
ប្រសិនបើក្មេងមានអាការៈពិបាកក្នុងការដកដង្ហើម ម៉ាក់ៗអាចសម្គាល់ឃើញសញ្ញាដូចតទៅ៖
- ព្យាយាមដកដង្ហើមខ្លាំង ដើម្បីឲ្យខ្យល់ចូលទៅក្នុងសួត
- ក្អកជាប់រហូត
- សាច់ដុំរវាងឆ្អឹងជំនីទាញចូលក្នុង នៅពេលដែលក្មេងព្យាយាមដកដង្ហើម
- មិនអាចនិយាយ ឬបញ្ចេញសំឡេងបាន
នៅក្នុងករណីធ្ងន់ធ្ងរ ទារក ឬក្មេងតូចៗអាចមើលទៅហត់ខ្លាំង និងស្ងៀមស្ងាត់ ឬអាចបញ្ចេញសំឡេងសង្កៀតធ្មេញ នៅពេលដកដង្ហើមម្តងៗ។ រោគសញ្ញានេះ អាចបណ្ដាលមកពីជំងឺរលាកសួត ឬជំងឺហឺតធ្ងន់ធ្ងរ។
ស្បែកស្លេកស្លាំង មានស្នាមដុំៗនៅលើស្បែក ឬស្បែកពណ៌ខៀវ
ជាក់ស្ដែង អាការៈនេះអាចបណ្ដាលមកពីចរន្តឈាមខ្សោយ ឬកម្រិតទាបនៃអុកស៊ីហ្សែនក្នុងរាងកាយ។
ប្រកាច់ ឬឆ្កួតជ្រូក
ក្នុងករណីដែលក្មេងមានអាការៈប្រកាច់ ឬឆ្កួតជ្រូក ភ្នែករបស់ពួកគេនឹងបញ្ឈរឡើងលើ។ បន្ថែមពីនេះ ក្មេងអាចមិនដឹងខ្លួន ឬញ័រអវយវៈទាំងអស់ ក្នុងរយៈពេលខ្លី ព្រមទាំងដកដង្ហើមខុសប្រក្រតី។
កន្ទួល
ស្នាមក្រហមនៃស្បែក ដែលមិនបាត់ទៅវិញ បន្ទាប់ពីយើងសង្កត់ស្បែករបស់ក្មេង វាអាចជាសញ្ញាដំបូងនៃជំងឺរលាកស្រោមខួរ ដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់ក្មេងផងដែរ។
សញ្ញាគ្រោះថ្នាក់ដទៃទៀតដែលប៉ាម៉ាក់មិនត្រូវប្រហែស
- អាការៈក្ដៅខ្លួនចំពោះទារកដែលមានអាយុតិចជាង៣ខែ
- នោមតិចជាងធម្មតា
- មិនឃ្លានអាហារ
- ក្អួតញឹកញាប់
[embed-health-tool-vaccination-tool]