បទពិសោធន៍ និងទំនាក់ទំនងដំបូង អាចធ្វើឲ្យទារកមានរំញោចខួរក្បាល ដែលធ្វើឲ្យទារកមើលឃើញ និងឆ្លើយតបទៅកាន់ពិភពលោក។ នៅពេលការយល់ដឹងរបស់ទារកអំពីពិភពលោកមានការរីកចម្រើនតាមរយៈបទពិសោធន៍ទាំងនេះ ទារកនឹងមានការវិវត្ត ព្រមទាំងរៀនសូត្រ ហើយប៉ាម៉ាក់អាចមើលឃើញការផ្លាស់ប្ដូរឥរិយាបថជាច្រើន។ ម្យ៉ាងវិញទៀត ទារកនឹងរៀនសូត្របានច្រើនអំពីរបៀបប្រព្រឹត្តដោយសង្កេតមើលទង្វើរបស់ប៉ាម៉ាក់។
អ្វីធ្វើឲ្យទារករីករាយ?
ទារកនឹងអភិវឌ្ឍការផ្សារភ្ជាប់ដ៏រឹងមាំចំពោះមនុស្សសំខាន់បំផុតនៅក្នុងពិភពរបស់ពួកគេ។ មនុស្សទាំងនេះ គឺជាអ្នកដែលធ្វើឲ្យក្មេងៗមានអារម្មណ៍ស្រលាញ់ សុវត្ថិភាព និងទុកចិត្ត។ ប្រសិនបើប៉ាម៉ាក់យកចិត្តទុកដាក់ចំពោះកូនស្ទើរតែគ្រប់ពេល កូននឹងស្រលាញ់ប៉ាម៉ាក់ជាងអ្នកណាទាំងអស់។ បន្ថែមពីនេះ កូនតូចអាចស្រលាញ់របស់លេងមួយ ខ្លាំងជាងរបស់លេងផ្សេងទៀត។ ដូច្នេះហើយ ការលេងជាមួយនឹងវត្ថុដែលខ្លួនពេញចិត្ត និងជាមួយមនុស្សដែលខ្លួនស្រលាញ់ នឹងធ្វើឲ្យទារករីករាយ ហើយប៉ាម៉ាក់នឹងអាចមើលឃើញតាមរយៈឥរិយាបថរបស់ក្មេង។ នៅពេលដែលទារករីករាយ ពួកគេនឹងញញឹម ព្រមទាំងបញ្ចេញសំឡេងរីករាយ។ ជាមួយគ្នានេះដែរ កូនតូចអាចគ្រវី ឬទះដៃនៅពេលដែលឃើញមនុស្សដែលខ្លួនចូលចិត្ត។
អ្វីធ្វើឲ្យក្មេងថប់បារម្ភ?
ទារកអាចនឹងខ្លាចទម្លាប់ជាក់លាក់មួយចំនួន ដូចជាការងូតទឹក។ ដូចគ្នានេះដែរ ពួកគេអាចចាប់ផ្ដើមខ្លាចមនុស្សដែលខ្លួនមិនស្គាល់ ឬថប់បារម្ភ ឬខកចិត្តចំពោះមនុស្សដែលមិនសំខាន់ ឬមិនធ្លាប់ជួបពីមុន។ លើសពីនេះ នៅពេលដែលកូនដឹងថាប៉ាម៉ាក់ត្រូវទៅទីណាមួយ ពួកគេនឹងពិបាកចិត្ត ឬយំ ពីព្រោះពួកគេមិនដឹងថាពេលណាដែលប៉ាម៉ាក់នឹងត្រលប់មកវិញ។
ការភ័យខ្លាចចំពោះមនុស្សមិនស្គាល់ និងការថប់បារម្ភ គឺកើតឡើងជាទូទៅចំពោះក្មេងតូចៗ ហើយវានឹងបាត់ទៅវិញបន្តិចម្តងៗ នៅពេលដែលទារកកាន់តែធំឡើង។
អ្វីធ្វើឲ្យកូនតូចចាប់អារម្មណ៍?
មានរឿងជាច្រើនដែលធ្វើឲ្យកូនកើតមានចំណាប់អារម្មណ៍ ពីព្រោះក្មេងត្រូវរៀនសូត្រជាច្រើនអំពីពិភពលោក។ កូនៗអាចនឹងចាប់ផ្ដើមពិសោធជាមួយនឹងវត្ថុផ្សេងៗ ដោយការប៉ះពាល់ ឬលេបវត្ថុទាំងនោះ។ ជាងនេះទៅទៀត ទារកអាចខាំ ឬទាញសក់ ដើម្បីដឹងថានឹងមានអ្វីកើតឡើង។ នៅចន្លោះអាយុ៦ខែ ដល់១២ខែ គឺជាពេលវេលាដ៏ល្អក្នុងការបង្កើតមូលដ្ឋាននៃការបង្រៀនអំពីឥរិយាបថល្អៗដល់កូន។ ប្រសិនបើកូនទៅជិតចង្ក្រាន ប៉ាម៉ាក់អាចនិយាយណែនាំកូន និងយកកូនទៅកាន់កន្លែងមានសុវត្ថិភាព។ ពិតណាស់ កូនតូចមិនទាន់យល់អំពីគ្រោះថ្នាក់ឡើយ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានដិតដល់ ជាពិសេស គឺនៅពេលដែលទារកចេះផ្លាស់ទី។
[embed-health-tool-vaccination-tool]