បើនិយាយពីរឿងឈឺ គ្មានអ្នកណាងាយឈឺជាងកូនក្មេងនោះទេ ងាកៗក្ដៅខ្លួន ងាកៗហៀរសម្បោរ នេះក៏ព្រោះតែក្មេងមានប្រព័ន្ធការពាររាងកាយមិនរឹងម៉ាំដូចយើងមនុស្សធំពេញវ័យទេ។ ជាទូទៅ ពេលដែលកូនឈឺ ម៉ាក់ប៉ាក៏ពិបាកមើលថែទាំកូនដែរ ព្រោះត្រូវចំណាយពេលរកស៊ីផង ត្រូវខ្វល់ខ្វាយពីសុខភាពកូនទៀត ពិសេសគឺកូនអាយុក្រោម ៦ខែតែម្ដង។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នះ
ជុំវិញបញ្ហាថែទាំកូនអាយុក្រោម ៦ខែពេលឈឺ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយឲ្យដឹងថា ត្រូវឲ្យទារកបៅដោះម្ដាយឲ្យបានញឹកញាប់ជាងធម្មតាអំឡុងពេលឈឺ និងពេលទើបងើបពីឈឺដូចជាជំងឺរាកជាដើម។ ការបំបៅដោះកូនឲ្យបានញឹកញាប់ អាចកាត់បន្ថយជំងឺរាកធ្ងន់ធ្ងរ ហើយវាជួយការពារបញ្ហាខ្សោះជាតិទឹក បញ្ហាកង្វះអាហារូបត្ថម្ភ និងជួយបំពេញជាតិទឹកក្នុងខ្លួនកូនផងដែរ។
ក្នុងករណីកូនឈឺរហូតជួបបញ្ហាខ្សោះជាតិទឹកខ្លាំង ទារកអាចចេញសញ្ញាដូចជា ភ្នែកខូង បបូរមាត់ និងអណ្ដាតស្ងួត និងទារកមិននោម។ បន្ថែមពីនេះ កង្វះអាហារូបត្ថម្ភក៏ចោទជាបញ្ហាធំមួយដល់ការលូតលាស់ទាំងរាងកាយ និងប្រព័ន្ធសរសៃប្រសាទរបស់ក្មេងដែរ។
ជួនកាល ម៉ាក់ៗ ត្រូវបានគេណែនាំឲ្យបំបៅដោះកូនតិចតួចនៅពេលដែលទារកមានជំងឺរាក ប៉ុន្តែក្រសួងសុខាភិបាលបដិសេធទាំងស្រុងថា ការណែនាំបែបនេះគឺខុសស្រឡះ។ ទារកដែលឈឺ គឺត្រូវការចាំបាច់ក្នុងការបំបៅដោះម្ដាយឲ្យបានច្រើនទើបល្អ ព្រោះទឹកដោះម្ដាយមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ងាយស្រួលក្នុងការរំលាយ ហើយជួយទារកក្នុងការប្រឆាំងនឹងជំងឺ និងការបង្ករោគផ្សេងៗ។
ក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា ការបំបៅកូនដោយទឹកដោះម្ដាយ អាចធ្វើឲ្យទារកដែលមានអារម្មណ៍អាប់អួ អាចប្រែជាសប្បាយរីករាយក្នុងចិត្តបាន។ នៅក្នុងករណីដែលទារកមានជំងឺរាកធ្ងន់ធ្ងរ ដូចជាបង្ហាញនូវសញ្ញាគ្រោះថ្នាក់ ម៉ាក់ប៉ាគួរនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យ និងយកចិត្តទុកដាក់ថែទាំកូនឲ្យបានល្អតាមការណែនាំរបស់អ្នកជំនាញ។
[embed-health-tool-vaccination-tool]