backup og meta

Infant Jaundice (ជំងឺខាន់លឿងលើទារក)

Infant Jaundice (ជំងឺខាន់លឿងលើទារក)

និយមន័យ

១- អ្វី​​ជា​ខាន់​លឿង​លើ​ទារក?

ជំងឺ​ខាន់​លឿង​លើ​ទារក សំដៅ​នៅ​ពេល​ស្បែក ​និង​ភ្នែកទារកទើប​សម្រាល មាន​សភាព​លឿង។

២- ជំងឺ​ខាន់​លឿង​លើ​ទារក​កើត​ឡើង​ញឹក​ញាប់​ដែរទេ?

ជំងឺ​ខាន់​លឿង​លើ​ទារក គឺ​​ឧស្សាហ៍​ជួប​ប្រទះ​ញឹកញាប់​ ជាពិសេស​ចំពោះ​ទារក កើត​មុន ​៣៨​សប្ដាហ៍ ​និងទារក​​បៅទឹក​​ដោះម៉ាក់ៗ។

រោគសញ្ញា

៣- ជំងឺ​ខាន់​លឿង​លើ​ទារក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

ជំងឺ​ខាន់​លឿង​លើ​ទារក បង្ក​ឲ្យ​មាន​ឡើង​លឿង​លើ​ស្បែក​ និង​ភ្នែក ដែល​​ជា​សញ្ញា​បញ្ជាក់​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ ហើយ​​ជា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ថ្ងៃ​ទី ​២-៤ ​ក្រោយសម្រាល។

ដើម្បី​ចង់​ដឹង​ថា​ទារក​មាន​ខាន់​លឿង ​ឬ​អត់ ត្រូវ​​សង្កត់​ថ្នម​ៗ​ទៅ​លើ​ថ្ងាស​ ឬ​ច្រមុះ​។ បើ​កន្លែង​សង្កត់ មាន​ឡើង​លឿង មាន​​ន័យ​ថា ទារក​​មាន​ជំងឺ​ខាន់​លឿង​នេះ​កម្រិត​ស្រាល។ ​បើ​សង្កត់​ទៅ​មិន​មាន​ការ​ប្ដូរ​ពណ៌​ទេ ​​ឬ​គ្រាន់​តែ​ស្លេក​ មាន​​ន័យ​ថា ទារក​​គ្មាន​ជំងឺ​ខាន់​លឿង​​ទេ។

ពិនិត្យ​មើល​ទារក​នៅ​ក្រោម​ពន្លឺ​ស្រាល​ៗ​ ឬ​កក្រោម​កម្ដៅ​ថ្ងៃ ​បើ​​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ​ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។

៤- ​ត្រូវ​ទៅ​ជួប​ពេទ្យ​នៅ​ពេលណា?

ករណី​ភាគ​ច្រើន​ មិន​បង្ក​ជា​បញ្ហា​នោះ​ទេ​ តែ​ក្នុង​ករណី​ខ្លះ​វា​អាច​ជា​ជំងឺ​។ អាការៈ​ឡើង​លឿង​ធ្ងន់ធ្ងរ​ បង្កើន​ហានិភ័យ​ឲ្យ​ជាតិ​ប៊ីលីរូប៊ីន ​ជ្រៀត​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​ពេល​ បើ​ទារក​មាន​សញ្ញា​ដូចជា​៖

– ស្បែក​ទារក​ឡើង​លឿង​កាន់​តែ​ខ្លាំង

– ស្បែក​ទារក​ឡើង​លឿង​នៅ​តំបន់​ពោះ ដើមដៃ ​និង​ជើង​

– ភ្នែក​ឡើង​លឿង

– ទារក​ រក​កល់​ចង់​គ្រុន​ ឬ​គេង​មិន​ងាយ​ភ្ញាក់

– ទារក​មិន​ឡើង​ទម្ងន់​ ឬ​មិន​បៅដោះ

– ​យំ​ខ្លាំង

– ទារក​ចាប់​ផ្ដើម​មាន​សញ្ញា​ប្លែក​ៗ​គួរ​ឲ្យ​បារម្ភ

– ការ​ឡើង​លឿង​នេះ​អាច​មាន​រយះ​ពេល​លើស​ពី ​៣​ សប្តាហ៍។

មូលហេតុបង្ក

៥- អ្វី​ជាមូល​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​ខាន់​លឿង​លើ​ទារក?

មូលហេតុ​ចម្បង គឺ​មក​ពី​ចាល់​ជាតិ​ប៊ីលីរូប៊ីន​ច្រើន​ក្នុង​ឈាម​ នាំ​ឲ្យ​ស្បែក​ឡើង​លឿង។​ ប៊ីលីរូប៊ីន ​គឺ​ជា​សារធាតុ​ពណ៌​ដែល​ជា​សំណល់​ពីបំបែក​គ្រាប់​ឈាម​ក្រហម ហើយ​ជា​ទូទៅ​ថ្លើម​ជា​​ច្រោះ​សារធាតុ​នេះ​ពី​ឈាម​ និង​បញ្ចេញ​ទៅ​ក្នុង​ពោះវៀន​។ ថ្លើម​ទារកទើប​​កើត ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​មុខងារ​នេះ​ទេ​ ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ចាល់​ជាតិ​ប៊ីលីរូប៊ីន​នេះ​ឯង។ ជំងឺ​ខាន់​លឿង​ បង្ក​ឡើង​ដោយ​ករណី​នេះ​ គេ​ហៅ​ថា ​ខាន់​លឿង​​ធម្មជាតិ​ ដែល​ចេញ​លឿង​នៅ​ថ្ងៃ​ទី​៣ ​ក្រោយ​សម្រាល។

មូលហេតុ​ផ្សេង​ទៀត

នៅ​មាន​មូលហេតុ​ច្រើន​ផ្សេង​ទៀត​ អាច​បង្ក​ឲ្យទារក​​មានជំងឺ​ខាន់​លឿង​ ​នៅ​ពេល​វា​លេច​ឡើង​លឿន​ពេក​ ឬ​ក្រ​ឡើង​លឿង​ពេក​ ​ផ្ទុយ​ពី​ខាន់​លឿង​បែប​ធម្មជាតិ ខណៈ​បញ្ហា​សុខភាព បង្ក​ឲ្យ​មានជំងឺ​ខាន់​លឿងលើ​ទារក​មាន​ដូច​ជា៖

– ហូរ​ឈាម​ក្នុង​ពោះ

– មាន​ការ​ក​រោគ​ក្នុង​ឈាម

– មាន​ការ​ក​រោគ​ដោយ​បាក់តេរី ​ឬ​វីរុស

– ឈាម​ម៉ាក់ៗ ​និង​ឈាម​ទារក​​ប្រឆាំង​គ្នា

– ថ្លើម​មិន​ប្រក្រតី

– កង្វះ​អង់ស៊ីម

– មាន​វិបត្តិ​គ្រាប់​ឈាម​ក្រហម​លើ​ទារក ​ធ្វើ​ឲ្យ​បែក​គ្រាប់​ឈាម។

កត្តា​ប្រឈម

៦- ​កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​ខាន់​លឿង​លើ​ទារក​មាន​អ្វី​ខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​ នាំ​ឲ្យ​ទារក​ងាយ​នឹង​កើត​ជំងឺ​ខាន់​លឿង ដូចជា​៖

– ទារក​កើត​មិន​គ្រប់​ខែ​ ឬ​កើត​មុន​សប្ដាហ៍ទី ៣៧

– មាន​ការ​ប៉ះ​ទង្គិច​ពេល​កើត ​ពិសេស​ទារក​កើត​មក​មាន​ស្នាម​ជាំ នោះ​ជាតិ​ប៊ីលីរូប៊ីន​នឹង​កើន​ឡើង​ច្រើន បណ្តាល​មក​ពី​ការ​បែក​គ្រាប់​ឈាម​ក្រហម។

– ទារក​មិន​បាន​បៅ​ទឹក​ដោះ​ ​ឬ​ទឹក​ដោះ​គោ​គ្រប់​គ្រាន់​ ដោយសារ​តែ​ពួក​គាត់​មិន​ព្រម​បៅ​ ឬ​ទឹក​ដោះម៉ាក់ៗ​​មិន​ចេញ និង​មាន​​ឈាម​មិន​ដូច​ម៉ាក់ៗ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគវិនិច្ឆ័យ ​និង​ការព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ជាទូទៅទាំង​ម៉ាក់ៗ ​និង​ទារក​ អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ក្រោយសម្រាល​រយៈពេល​ ៧២ ​ម៉ោង។ អ្វី​ដែល​​ចាំ​បាច់​ ប៉ាម៉ាក់ ត្រូវ​នាំ​ទារក​មក​ពិនិត្យ​ជា​ថ្មី នៅ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ព្រោះ​ជាតិ​ប៊ីលីរូប៊ីន​ នឹង​​ឡើង​ខ្ពស់​នៅ​ចន្លោះ​​ថ្ងៃ​ទី ​៣-​៧។

អាការៈ​ឡើង​លឿង​គួរ​ឲ្យ​កត់​សម្គាល់ ​បញ្ជាក់​ថា ទារក​​មាន​ខាន់​លឿង​ហើយ​ តែ​មាន​តេស្ត​ជា​ច្រើន​ដើម្បី​កំណត់​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​។

ទារក​ឡើង​លឿង​​អំឡុង​ពេល​ ២៤​ ម៉ោង​ដំបូង​ ​ត្រូវ​វាស់​ជាតិ​ប៊ីលីរូប៊ីន​ឲ្យ​បាន​លឿន​ ដើម្បី​កំណត់​ពី​ស្ថាន​ភាព​ជំងឺ។

តេស្ត​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ នឹង​ត្រូវ​ធ្វើ​ឡើង ដើម្បី​រក​មើល​មូលហេតុ​អា​ការៈ​ឡើង​លឿង​នេះ ​ដូចជា​ តេស្ត​រាប់​គ្រាប់​ឈាម​ក្រហម​ រក​មើល​ប្រភេទ​ក្រុម​ឈាម តេស្ត​រ៉េស៊ីស​ នឹង Combs តេស្ត​ ដែល​អាច​វិជ្ជមាន​ នៅ​ពេល​មាន​ករណី​​បែក​គ្រាប់​ឈាម​ច្រើន។

៨- គួរ​ព្យាបាល​ដោយ​វិធីណា?

ជំងឺខាន់​លឿង​លើទារក ក្នុង​កម្រិត​ស្រាល ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​នៅ​ពេល​ថ្លើម​ទារក​បំពេញ​មុខងារ​បានត្រឹម​ត្រូវ​។ ការ​បំបៅ​ដោះ​គ្រប់​គ្រាន់ ​ពី ​៨-១២ ​ដង/ថ្ងៃ ​អាច​ជួយ​ឲ្យ​ទារក​បញ្ចេញ​ជាតិ​ប៊ីលីរូប៊ីន​ចេញ​​ពី​រាង​កាយបាន។

ករណី​ធ្ងន់ធ្ងរ​វិញ​ អាច​ត្រូវ​ការ​ការ​ព្យាបាល ដូច​ជា ​ព្យាបាល​ដោយ​ពន្លឺ ​ត្រូវ​ពេទ្យ​ឧស្សាហ៍​អនុវត្ត​ជាង​គេ​ ព្រោះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដោយ​ប្រើ​កាំ​រស្មី​ពន្លឺ ​ដើម្បី​បំបែក​ជាតិ​ប៊ីលីរូប៊ីន​ឲ្យ​អស់​ពី​រាងកាយ​ទារក។ វិធី​ព្យាបាល​ដោយ​ពន្លឺ​នេះ ទារក​ត្រូវ​ដាក់​ឲ្យ​ដេក​ក្រោម​កម្រាល​ពិសេស​ មាន​ពណ៌​ខៀវ ​​ព្រម​ទាំង​ឲ្យ​ពាក់​លើ​ទារក​តែ​កន្ទប​ និង​វ៉ែន​តា​ការពារ​តែ​ប៉ុណ្ណោះ ខណៈ​ភួយ​ហ្វាយប័រ​អុប​ទិក​ត្រូវ​បាន​ដាក់​ពី​ក្រោម​ទារក។

ក្នុង​ករណី​ធ្ងន់ធ្ងរ​ ការ​បញ្ចូល​ឈាម នឹង​​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ចាំ​បាច់ ដើម្បី​ប្ដូរ​ឈាម​ខូចខាត​ចេញ​ ជំនួស​ដោយ​ឈាម​ល្អ​វិញ ​ក៏​ដូចជា​ជំនួយ​ដល់​ការ​កើន​គ្រាប់​ឈាម​ក្រហម​សម្រាប់​ទារក​ និង​បន្ថយ​ជាតិ​ប៊ីលីរូប៊ីន​ផង​ដែរ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ថែទាំទារក​មាន​ជំងឺ​ខាន់​លឿង​ដោយ​វិធី​ណា?

ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ ម៉ាក់​ប៉ា ​អាច​យក​ទៅ​អនុវត្ត ដើម្បី​បង្ការ ឬថែទាំ នៅ​ពេល​ទារក​កើត​មាន​ជំងឺ​ខាន់​លឿង៖

– ពេល​មាន​ផ្ទៃ​ពោះ គួរ​តែ​ធ្វើ​តេស្ត​រក​ប្រភេទ​ក្រុម​ឈាម។ បន្ទាប់​ពី​សម្រាល​​រួច ​ឈាម​​ទារក​ត្រូវ​យក​ទៅ​ពិនិត្យ​ដើម្បី​រក​មើល​ការ​ប្រឆាំង​គ្នា​រវាងម៉ាក់ៗ និង​ទារក ​ដែល​អាច​បង្ក​ជា​ខាន់​លឿង​បាន។ ​បើ​ទារក​មាន​ជំងឺ​ខាន់​លឿង​ហើយនោះ ​យើង​នៅ​មាន​វិធាន​ការ​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ​បាន។​

– ត្រូវ​បំ​បៅ​ដោះ​កូន​ឲ្យ​បាន​គ្រប់គ្រាន់ ពី​ ៨-១២​ ដង/​ថ្ងៃ ​ដើម្បី​ធានា​ថា​ទារក ​មិន​ទទួល​រង​ការ​ខ្វះ​ជាតិ​ទឹក​ ដែល​អាច​ជួយ​ឲ្យ​ជាតិ​ប៊ីលីរូប៊ីន​ងាយ​បញ្ចេញ​ចោលពីរាងកាយ​​បាន​លឿន។

– ​បើ​ទឹក​ដោះ​មិន​ចេញ​ ម៉ាក់ៗ​​អាច​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​បាន ​ដោយ​ប្រើ​ ៣០-៦០​ មិល្លីលីត្រ រៀងរាល់​ ២-៣​ ម៉ោង​ម្ដង​អំឡុង​សប្តាហ៍ទី ១ ក្រោយ​សម្រាល។ ចំពោះ​ទារក​កើត​មិន​គ្រប់​ខែ​ និងមិន​គ្រប់​គីឡូ អាច​ប្រើ​ក្នុង​កម្រិត​តិចតួច​ដោយ​ហេតុ​ថា​ ទារក​​អាច​នៅ​បៅ​ដោះម៉ាក់ៗ​បាន។

– ជួប​ជាមួយ​គ្រូពេទ្យ​ ​បើ​ទារក​មិន​បៅ ​ឬ​មិន​ព្រម​ភ្ញាក់​មក​បៅ​ ឲ្យ​បានយ៉ាង​ហោច​​​ណាស់ ​៨ ​ដង/ថ្ងៃ។

– តាមដាន​ឲ្យ​បាន​ម៉ត់ចត់អំឡុង ​៥​ ថ្ងៃ​ដំបូង​ លើ​ទារក​ទើប​កើត​ ពី​រោគសញ្ញា​ការ​ឡើង​លឿង​លើ​ស្បែក​ និង​គ្រាប់​ភ្នែក។​បើ​ឃើញ​ថា ទារក​មាន​សញ្ញា​ឡើង​លឿង​ ​គួរ​ប្រញាប់​មក​ជួប​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Understanding Newborn Jaundice  https://www.healthline.com/health/newborn-jaundice#overview1 Accessed October 25, 2017

Newborn jaundice https://medlineplus.gov/ency/article/001559.htm Accessed October 25, 2017

Infant jaundice https://www.mayoclinic.org/diseases-conditions/infant-jaundice/basics/complications/con-20019637 Accessed October 25, 2017

កំណែ​ប្រែបច្ចុប្បន្ន

20/08/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Aug 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម