នេះហើយ ជាមូលហេតុកូនចេះតែកើតជ្រាំងអណ្ដាត
ជំងឺជ្រាំងអណ្ដាតកើតឡើងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែការកើតជំងឺនេះចំពោះទារក អាចជារឿងឈឺក្បាលមួយសម្រាប់ប៉ាម៉ាក់ ព្រោះកូននៅតូចពិបាកបៅ និងញ៉ាំអាហារណាស់។ ដូចនេះយើងត្រូវចេះសង្កេត និងកំណត់សម្គាល់ចំណុចខ្លះៗ ដើម្បីឲ្យដឹងថាកូនមានជ្រាំងអណ្ដាត។

ចំពោះរោគសញ្ញាជំងឺជ្រាំងអណ្ដាតនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា អណ្ដាតកូនមានសភាពក្រហម ឬឡើងសក្ដាំងដែលអាចជូតចេញបាន និងក្រហាយឈឺចាប់នៅពេលដែលមានការដាច់រលាត់ ធ្វើឲ្យកូនឈឺ ហៀរទឹកមាត់ ក្ដៅខ្លួន យំច្រើន មិនចង់ញ៉ាំអាហារមិនចង់បៅជាដើម។ ជំងឺជ្រាំងអណ្ដាតនេះ ភាគច្រើនបង្កឡើងដោយមេរោគផ្សិត។
អត្ថបទពាក់ព័ន្ធ៖ បើកូនបៅ ឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអីខ្លះ?

ចំណែកមូលហេតុដែលនាំឲ្យកើតវិញ មកពីកត្តាជាច្រើនដូចជា៖
- ខ្វះវីតាមីន C B ជាតិស័ង្កសី ជាតិដែក អាស៊ីដហ្វូលិក
- ឧស្សាហ៍ប្រើថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិក អាចបង្កើតជាផ្សិតមួយចំនួនដុះសៗ
- ទារកឧស្សាហ៍បៀមរបស់មិនស្អាត
- ម្ដាយមិនលាងសម្អាតដោះឲ្យបានស្អាត មុនបំបៅកូន
- កូនបៅក្បាលដោះដបទឹកដោះគោទាំងគគ្រិច ឬក្ដៅ។
សម្រាប់វិធីព្យាបាលជំងឺជ្រាំងអណ្ដាតវិញ វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា ប្រើថ្នាំលាបប្រឆាំងពពួកផ្សិត ដែលមានលក្ខណៈជាពពួកក្រេមជាដើម។
អត្ថបទពាក់ព័ន្ធ៖របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មានដំបៅខ្ទុះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕