ក្រោយកើតភ្លាមទារកគ្រប់រូបនឹងទទួលបានវ៉ាក់សាំង បង្ការរោគរបេង និងជំងឺរលាកថ្លើមB ហើយក្រោយចាក់ភ្លាមមិនមានដំបៅអ្វីទេ។ តែមួយរយៈក្រោយកន្លែងចាក់វ៉ាក់សាំងនោះ បែរជាមានស្នាមក្រហម និងកន្ទួល ហើយខ្លះទៀតបង្កជាខ្ទុះ។
ដើម្បីឲ្យអស់ចម្ងល់ពីបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា នោះជារឿងធម្មតាទៅហើយ តែបញ្ហាស្នាមកន្លែងចាក់វ៉ាក់សាំងទៅជាខ្ទុះ មកពីម៉ាក់ៗមិនបានថែរក្សាអនាម័យកូនឲ្យបានដិតដល់។
លោកក៏បានបន្តទៀតថា ជាធម្មតាចាក់ហើយគ្មានឃើញបញ្ហាអ្វីទេ តែក្រោយប៉ុន្មានថ្ងៃទើបមុខរបួសកន្លែងចាក់វ៉ាក់សាំងនោះ ប្រែជាកន្ទួលក្រហម ឡើងស្នាមលើស្មានេះដោយសារប្រតិកម្មរបស់វ៉ាក់សាំងដែលបានដកមេរោគចេញ។ តែនៅពេលស្បែកទារកប្រែជាកើតខ្ទុះ ម៉ាក់ៗទាំងអស់គួរតែយកចិត្តទុកដាក់ផ្នែកអនាម័យ ដោយជូតសម្អាតស្បែកឲ្យស្រួតពេលងូតទឹក ហើយជូតនឹងអាល់កុលបន្ថែមទៀត ដើម្បីសម្លាប់មេរោគដែលនៅជាប់មុខរបួសនោះ។
“ជាធម្មតាទារកតែងមានស្នាមបែបនេះទាំងអស់គ្នា ទាស់ត្រង់ថាអ្នកខ្លះស្នាមតូច ឬធំប៉ុណ្ណោះ ហើយមួយទៀតវាអាស្រ័យលើការថែរក្សា បើក្រោយមានស្នាមម៉ាក់ៗយកចិត្តទុកដាក់ថែទាំ ជូតសម្អាតដិតដល់វាមិនបង្កទៅជាខ្ទុះទេ។ តែបើបណ្ដោយឲ្យកន្លែងចាក់វ៉ាក់សាំងនោះសើម និងឧស្សាហ៍កកិតច្រើន ទើបវាទៅជាចេញហើមខ្លាំង ខ្ទុះ “។
អត្ថបទពាក់ព័ន្ធ៖ ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?
មួយវិញទៀតក្រោយចាក់វ៉ាក់សាំងរួច ពេលខ្លះកន្លែងមុខរបួសនោះអាចប្រែទៅជារឹង ដូចនេះកុំយកអ្វីទៅលាបពីលើនោះឲ្យសោះដូចជា ប្រេងកូឡា ស្អំទឹកកក ទឹកក្ដៅ ឬយកដៃទៅអង្អែល ព្រោះវានាំឲ្យក្លាយ។
ក្រោយពេលជូតទឹកអាល់កុលជាប្រចាំ រយៈពេលប្រហែល ២ សប្ដាហ៍ស្នាមកន្ទួលខ្ទុះនោះនឹងក្រៀម ហើយស្ងួតម្ដងបន្តិចៗ។ បន្ទាប់មកទៀតស្បែកកន្លែងចាក់វ៉ាក់សាំងនោះនឹងទៅជាស្នាមក្រហូងប៉ុនចុងធូប។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]