ទារកទើបកើតបើស្បែក និងភ្នែកលឿងពេទ្យនឹងប្រាប់ឲ្យយកទៅហាលថ្ងៃរាល់ព្រឹកយ៉ាងហោចណាស់ ១០-២០ នាទី ដែលកម្ដៅថ្ងៃល្អ គឺចាប់ពីម៉ោង ៦-៨ ព្រឹក ហើយបើពេលល្ងាចវិញចាប់ពីម៉ោង ៤ ល្ងាចទៅ។ ធ្វើបែបនេះដើម្បីឲ្យពន្លឺថ្ងៃមានកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ជួយឲ្យជាតិប៊ីលីរុយប៊ីនចេញតាមទឹកនោម និងកាត់បន្ថយជាតិលឿងរបស់ទារក។ តែម៉ាក់ៗមួយចំនួនកូនគ្មានបញ្ហាលឿង មានចម្ងល់ថា តើអាចយកទៅអាំងថ្ងៃបានអត់?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ទោះជាទារកគ្មានកើតលឿងក៏អាចយកទៅហាលថ្ងៃបានដែរ ដោយសារពន្លឺថ្ងៃល្អចំពោះសុខភាព ព្រោះសម្បូរជាតិវីតាមីន D ហើយវីតាមីន D នេះមានតួនាទីសំខាន់សម្រាប់ភ្ជាប់ជាមួយការស្រូបកាល់ស្យូមទៅក្នុងពោះវៀន។ ករណីដែលគ្មានវីតាមីន D កាល់ស្យូមអាចស្រូបបានតិចតួច។ ដូចយើងដឹងហើយថា កាល់ស្យូមមានតួនាទីចាំបាច់ចំពោះក្មេងក្នុងការលូតលាស់ និងធ្វើឲ្យឆ្អឹងរឹងមាំ។
ដូចនេះហើយលោកវេជ្ជបណ្ឌិតឲ្យដំបូន្មានថា បើអាកាសធាតុល្អ រួមនឹងមានពេលវេលាគ្រប់គ្រាន់ ត្បិតកូនមិនកើតលឿងក៏ឧស្សាហ៍យកទៅហាលថ្ងៃបានដែរ ដើម្បីឲ្យកូនស្រូបវីតាមីន D ពីពន្លឺព្រះអាទិត្យបានច្រើន។ មួយវិញទៀតសម្រាប់ក្មេងធម្មតា ក៏អាចឲ្យពួកគេហាលថ្ងៃបានដែរ ដើម្បីឲ្យឆ្អឹងរឹងមាំល្អ។
ដើម្បីស្រូបយកវីតាមីន D បានល្អ ការដាក់កូនហាលថ្ងៃដោយគ្មានសម្លៀកបំពាក់ ទើបជាវិធីត្រឹមត្រូវ តែបើកូនហាលថ្ងៃទាំងសម្លៀកបំពាក់ ពន្លឺព្រះអាទិត្យមិនអាចជ្រាបចូលទៅស្បែកកូនបានល្អទេ។
អត្ថបទពាក់ព័ន្ធ៖ របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]