ទារកដែលបៅដោះម្ដាយទទួលបានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ ទឹកដោះម្ដាយប្រៀបបានដូចជាថ្នាំការពារជំងឺផ្សេងៗ ក៏ដូចជាជួយឲ្យទារកលូតលាស់រឹងមាំ មិនងាយឈឺច្រើន ក៏ប៉ុន្តែទារកមួយចំនួនពេលបៅមានខ្យល់ក្នុងពោះ តើបញ្ហានេះបណ្ដាលមកពីការបៅទឹកដោះម្ដាយ ឬទឹកដោះគោ ឬយ៉ាងម៉េចវិញ?
ដើម្បីស្រាយចម្ងល់របស់ម៉ាក់ប៉ាដែលជួបកូនមានបញ្ហាខ្យល់នៅក្នុងពោះ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ បានឲ្យដឹងថា កាលណាទារកមានខ្យល់នៅក្នុងពោះ គឺដោយសារតែការបម្លែងរវាងមេរោគមួយចំនួនជាមួយនឹងទឹកដោះម្ដាយ ឬទឹកដោះគោ វាមិនអាចសុខៗ ទារកមានបញ្ហាខ្យល់ក្នុងពោះទេ។
ម៉្យាងវិញទៀត វាអាចបណ្ដាលមកពីទារកនោះអាលែកហ្ស៊ីនឹងទឹកដោះគោ៖“ករណីដែលទារកមានបញ្ហាមានខ្យល់នៅក្នុងពោះ ដោយសារអាលែកហ្ស៊ីជាមួយទឹកដោះគោ គឺខ្ញុំជួបញឹកញាប់។ កាលណាក្មេងអាលែកហ្ស៊ី វាធ្វើឲ្យមានបាតុភូតខុសប្រក្រតីនៅក្នុងពោះវៀនរបស់ក្មេង វាអាចបម្លែងទៅជាហ្គាស ឬរហូតអាចបណ្ដាលឲ្យរាកទៀតក៏មាន”។
វេជ្ជបណ្ឌិតរោគកុមាររូបនេះ បានបញ្ជាក់ថែមទៀតថា ប្រសិនបើក្មេងនោះបៅទឹកដោះម្ដាយ ភាគច្រើនវាមិនចោទជាបញ្ហាអីទេ លើកលែងតែទារកនោះដោយមេរោគអត់ស្អាតចូលទៅក្នុងពោះ នៅពេលដែលបៅដោះម្ដាយ វាក៏អាចបណ្ដាលឲ្យទារកហើមពោះបានដែរ។
ដូចនេះហើយ បើមិនចង់ឲ្យកូនជួបបញ្ហាមានខ្យល់នៅក្នុងពោះទេ ម៉ាក់ប៉ា គួរសម្អាតឧបករណ៍ដែលដាក់ចូលមាត់កូន ឬដាក់ចំណីអាហាររបស់កូនដូចជា សម្លាប់មេរោគលើដបទឹកដោះគោ ឬក្បាលដោះជ័រ ហើយចំពោះទារកដែលចេះបៀមដៃ ម៉ាក់ប៉ាត្រូវលាងដៃកូនឲ្យបានស្អាត ចៀសវាងមានមេរោគផ្សេងៗតោងលើដៃកូនចូលទៅក្នុងពោះ បណ្ដាលឲ្យហើមពោះ។
[embed-health-tool-vaccination-tool]