ម៉ាក់ៗដែលបំបៅដោះកូន ត្រូវញ៉ាំអីឲ្យចេះតម ព្រោះអាហារដែលម៉ាក់ញ៉ាំ នឹងក្លាយជាទឹកដោះដើម្បីបំបៅកូន ហើយបើម៉ាក់ញ៉ាំអាហារមិនល្អ អាចប៉ះពាល់ដល់កូនដូចជាហើមពោះ ឬរាកជាដើម។ ប្រសិនបើម៉ាក់ញ៉ាំភេសជ្ជៈដែលមានជាតិហ្គាស អាចបណ្ដាលឲ្យមានខ្យល់ក្នុងពោះកូនទេ ពេលកូនបៅដោះទៅ?
“ទេ! បើគ្រាន់តែម្ដាយញ៉ាំរបស់មានជាតិហ្គាសដូចជា ទឹកក្រូចអីនឹង មិនអាចឆ្លងទៅដល់កូនបានទេ ក៏ប៉ុន្តែបើម្ដាយបំបៅដោះកូន គ្រូពេទ្យគេតែងណែនាំប្រាប់ពីអាហារណាដែលគួរញ៉ាំ ឬមិនគួរញ៉ាំហើយ”។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធានមន្ទីរសម្រាកព្យាបាល MaxiCare។
ក្នុងករណីដែលកូនបៅដោះម្ដាយ ឬទឹកដោះគោ មានបញ្ហាខ្យល់ ឬហ្គាសនៅក្នុងពោះ លោកវេជ្ជបណ្ឌិតថា ដោយសារតែការបម្លែងរវាងមេរោគមួយចំនួនជាមួយនឹងទឹកដោះម្ដាយ ឬទឹកដោះគោ ឬទារកនោះអាលែកហ្ស៊ីនឹងទឹកដោះគោប៉ុណ្ណោះ។
លោកវេជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបញ្ជាក់ថា នៅក្នុងអំឡុងពេលបំបៅដោះកូន ម្ដាយគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យញ៉ាំដូចជាស្រា ជាតិអាល់កុល ពីព្រោះជាតិអាល់កុលអាចឆ្លងទៅដល់កូនបានធ្វើឲ្យមានផលប៉ះពាល់ដល់មិនល្អដល់កូន។
ជាពិសេស ពពួកស្រាថ្នាំ ឬថ្នាំឫសឈើបុរាណមួយចំនួនដែលស្ត្រីខ្មែរនិយមប្រើក្រោយពេលសម្រាលរួច ក៏ពេទ្យមិនណែនាំឲ្យម្ដាយញ៉ាំដាច់ខាតពេលបំបៅដោះកូន។ “ពីព្រោះមិនដឹងថា នៅក្នុងឈើនោះ វាមានផ្ទុកសារធាតុអីខ្លះទេ ហើយវាអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់កូន”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
ដូចនេះម៉ាក់ៗដែលបំបៅដោះកូន គួរញ៉ាំត្រី សាច់ បន្លែ ផ្លែឈើគ្រប់មុខទាំងអស់ ជាពិសេស ពពួកទឹកដោះគោឆៅ ស្រស់ ឬម្សៅទឹកដោះគោវិញ ដើម្បីផលិតជាទឹកដោះល្អឲ្យកូនបៅ។
[embed-health-tool-vaccination-tool]