ការបំបៅកូនដោយទឹកដោះ គឺជារឿងសំខាន់ៗដែលសំខាន់បំផុតម៉ាក់គ្រប់រូបត្រូវតែបំពេញ ដើម្បីឲ្យកូនមានសុខភាពល្អ។ ទោះជាម៉ាក់ៗមួយចំនួនធំបានឲ្យកូនបៅទឹកដោះហើយក៏ដោយ នៅតែធ្វើមិនបានល្អ និងគ្រប់ជ្រុងជ្រោយដដែល។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការបំបៅកូនដោយត្រឹមត្រូវ គឺបំបៅទាំងសងខាង បូករួមនឹងឥរិយាបថបំបៅសមស្របទៀតនោះ ទើបកូនអាចទទួលបានជីវជាតិ និងទឹកដោះគ្រប់គ្រាន់ពីយើង ហើយការលូតលាស់ធំធាត់ត្រូវតាមស្តង់ដារ សុខភាពរឹងមាំល្អ និងមានភាពឈ្លាសវៃ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បន្តទៀតថា ម៉ាក់ៗមួយចំនួនតែងនៅធ្វើខុសត្រង់ឲ្កូនបៅតែដោះ តែ ១ ចំហៀង ឬកូនកំពុងតែបៅដោះម្ខាងមិនទាន់អស់ទឹកដោះផង ស្រាប់តែផ្ដាច់យកមកដាក់ឲ្យបៅ ១ ចំហៀងទៀត។ កាយវិការបែបនេះ គឺធ្វើឲ្យកូនបាត់បង់សារធាតុចិញ្ចឹមដ៏សម្បូរបែបនៅក្នុងទឹកដោះម្ដាយដែលកូនកំពុងតែបៅមិនទាន់អស់ចេញពីដោះ ១ ចំហៀងៗ។
ម៉ាក់ៗដែលចូលចិត្តផ្ដាច់ដោះកូនកំពុងបៅម្ខាងចេញបានបន្តិច ហើយបង្វែរក្បាលកូនមកបៅម្ខាងទៀតដែលកំពុងតែបាញ់ចេញឆ្វាចៗពិតជាខុសធ្ងន់ណាស់។ ធ្វើបែបនេះវាមិនត្រូវទេ ព្រោះទឹកដោះដែលទារកទើបបៅនោះមិនទាន់ដល់ចំណុចជីវជាតិសម្បូរបែបទេ ហើយខ្លះទៀតគិតដោយខ្លួនឯងថាកូនបៅតែមួយចំហៀងក៏ឆ្អែតដែរ។
ការយល់ឃើញទាំងនោះអាច មិនត្រឹមតែកូនមិនអាចទទួលបានជីវជាតិគ្រប់គ្រាន់ឡើយ យើងខ្លួនឯងក៏អាចជួបផលប៉ះពាល់មួយចំនួនដែរដូចជា៖ ដោះឡើងរឹង ១ ចំហៀង ឈឺចុកចាប់ព្រោះដោះឡើងពេក ហើយទៅថ្ងៃមុខអាចជួបបញ្ហាស្ទះព្រោះកំណទឹកដោះនោះខកខះ ដែលអាចបង្កជាមហារីកដោះថែមទៀតផង។ ក្រោយបំបៅដោះកូនមួយចំហៀងអស់ទឹកដោះ ទើបបង្វែរក្បាលកូនមកបៅ ១ ចំហៀងទៀត ហើយបំបៅឲ្យស្មើគ្នារហូត។
ដូចនេះដើម្បីឲ្យកូនបៅបានគ្រប់គ្រាន់ ម៉ាក់ៗត្រូវអង្គុយទប់លំនឹងឲ្យត្រង់រួច៖
– លើកទារកឱប ឬបីឲ្យបានជិតទ្រូង
– បង្វែរខ្លួនទារកឲ្យបែរមកចំហៀងកៀកនឹងដើមទ្រូង ហើយធ្វើយ៉ាងណាឲ្យមាត់ និងច្រមុះរបស់ទារកនៅកម្ពស់ប្រហែលនឹងក្បាលដោះយើង
– ត្រូវប្រាកដថាទារកហាមាត់ និងស៊កក្បាលដោះចូលមាត់ទារក
– ក្នុងមាត់កូនត្រូវតែគ្មានរបស់ ឬកំហាក ស្លេស្ម
សញ្ញាបញ្ជាក់ថាទារកបៅឆ្អែត
– ចង្កាកូនស្ថិតនៅកៀកដោះ ហើយមាត់បើកធំ ដោយបបូរមាត់ខាងក្រោមកោងទៅក្រោយ
– ច្រមុះរបស់ទារកមិនមានអ្វីបាំងបិទ ឬរាំងស្ទះ
– ថ្ពាល់កូនមិនកៀកជាប់ដោះ ហើយក៏មិនគួរមានសំឡេងប្លែកពេលបៅ
– កូនមិនស្រែកយំក្រោយបៅ
– កូនមានភាពស្រស់ស្រាយក្រោយពេលបៅ។
[embed-health-tool-vaccination-tool]