តាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្រោយសម្រាលកូនរួច ស្ត្រីត្រូវលេបថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីកុំឲ្យមានភាពស្លេកស្លាំង។ ការញ៉ាំថ្នាំជាតិដែក និងអាហារដែលសម្បូរជាតិដែក មិនត្រឹមបង្ការភាពសេ្លកស្លាំងរបស់ម្តាយប៉ុណ្ណោះទេ ធ្វើឲ្យម៉ាក់ៗបំបៅដោះកូនអាចបំពេញជាតិដែកគ្រប់គ្រាន់ទៅឲ្យកូន។
ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល បានឲ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយ កូនទទួលបានកម្រិតជាតិដែកទាប (ចាប់ពីអាយុ ៤ ខែទៅ ចំពោះក្មេងកើតគ្រប់ខែ)។ ចំពោះក្មេងមិនគ្រប់ខែវិញ ការខ្វះជាតិដែកបម្រុងដែលម្តាយផ្តល់ឲ្យកូនពេលនៅក្នុងផ្ទៃយកមកប្រើប្រាស់ឆាប់អស់ណាស់ គឺអស់មុនរយៈពេល ៤ ខែ ក្រោយកូនកើតមកទៅទៀត។ បែបនេះម្តាយត្រូវញ៉ាំជាតិដែកឲ្យជាប់ ទាំងថ្នាំជាតិដែក ទាំងចំណីអាហារសម្បូរជាតិដែក ដើម្បីឲ្យកូនមានលទ្ធភាពទទួលយកជាតិដែកគ្រប់គ្រាន់ នោះការប្រឈមរបស់កូននឹងការខ្វះជាតិដែកមិនមាននោះទេ។
ដ្បិតទឹកដោះម្តាយមានបរិមាណជាតិដែកតិច តែលោកវេជ្ជបណ្ឌិតថា កូនដែលម៉ឹមទឹកដោះម្តាយអាចស្រូបយកជាតិដែកបានល្អជាងការស្រូបជាតិដែកដែលមាននៅក្នុងម្សៅទឹកដោះគោ។ ម្យ៉ាងវិញទៀត ទឹកដោះម្តាយងាយរលាយទឹកដោះគោ កូនម៉ឹមទៅមិនសូវឈឺ។
លោកវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបន្ថែមទៀតថា កង្វះជាតិដែកលើកុមាររួមមាន ស្លេកស្លាំង ហើយបើបន្តទៅយូរទៅ ក្មេងនឹងខ្សោយ ថយសកម្មភាព រាងកាយមិនរឹងប៉ឹង ការវិវត្តខួរក្បាល និងរាងកាយយឺត។
“នៅពេលដែលស្លេកស្លាំង គ្រាប់ឈាមក្រហមធ្លាក់ទាប ការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំ ខួរក្បាលធ្លាក់ចុះ ពេលនោះហើយធ្វើឲ្យសកម្មភាពក្មេងធ្លាក់ចុះ ទោះក្មេងតូចក៏ដោយក្មេងធំក៏ដោយ ហើយសិនជាស្លេកស្លាំងដោយសារខ្វះជាតិដែកយូរអង្វែង ប្រឈមនឹងការលូតលាស់ផ្នែកខួរក្បាល ការធ្លាក់ចុះនូវសមត្ថភាពក្នុងការសិក្សា”។
[embed-health-tool-vaccination-tool]